ភ្នំ​ពញៈ ​លោក​ សម​ រង្ស៊ី ​ប្រធាន​ស្ដី​ទី​អតីតគណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្រៅ​ប្រ​ទេស​បាន​ប្រាប់​ដល់​អន្តរ​ជាតិ​​​ដែល​គោរព​លទ្ធិ​​ប្រជា​ធិប​តេយ្យ​​ និង​សិទ្ធិ​មនុស្ស​កុំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ដីកា​ទាំង​ឡាយ​ចេញ​ដោយ​តុលាការ​​​កម្ពុជា​។​ ​អ្នក​វិភាគ​យល់​ថា ​លោក ​រង្ស៊ី គ្រាន់​តែ​ធ្វើ​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ប៉ុណ្ណោះ។

​​​លោក​ រង្ស៊ី អតី​ត​ប្រ​ធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលា​ការ​កំពូល​រំលាយ​កាល​ពី​ចុង​ឆ្នាំ​ ២០១៧​ បានសរ​សេរ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​សៅរ៍​ថា៖​ «ប្រ​ទេស​ដែល​គោ​រព​គោលការណ៍​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​ និង​សិទិ្ធ​មនុស្ស​សូម​កុំ​យក​ចិត្តទុក​ដាក់ចំ​ពោះ​​ដី​កា​ទាំងឡាយ​ចេញ​ដោយ​តុលា​ការ​អាយ៉​ង​នៅ​ក្រុង​ភ្នំ​ពេញ​ ដែល​ជា​ឧបករណ៍​នយោ​បាយ​របស់​របប​ផ្ដាច់ការ​​ ​ហ៊ុន​ ​សែន»។

ការ​ថ្លែង​របស់​លោក​ រង្ស៊ី ទំនង​មាន​ការ​ព្រួយ​បារម្ភ​ក្នុង​ការ​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដែល​មាន​បត្យាប័ន​ជា​មួយ​កម្ពុជា។

លោក​ រង្ស៊ី ថ្លែង​ថា៖ «ពី​ព្រោះ​ខ្ញុំ​ប្រ​ហែល​ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រ​ទេស​មិន​សូវ​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​មួយ​ចំនួន»។​

​លោក​ រង្ស៊ី ថ្លែង​​ក្នុង​សំណេរ​ជា​ភាសា​អង់​គ្លេស​ថា៖​ «​អង្គ​ការ​សហ​ប្រជា​ជាតិ​ សភា​អាមេរិក​ សភា​អឺរ៉ុប​ សភា​សិទ្ធិ​មនុស្ស​អាស៊ាន​ ​និង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ដូច​ជា​អង្គការ​លើក លែង​ទោស​អន្តរ​ជាតិ​ និង​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ អាច​បញ្ជាក់​បាន​ថា ​ដីកា​ទាំង​នេះ​ត្រូវ​បាន​ចេញ​ដោយ​មាន​ហេតុ​ផល​នយោ​បាយ​សុទ្ធ​សាធ​ ​ហើយ​បង្ហាញ​ពី​ការ​រឹត ត្បិត​កាន់​តែ​អាក្រក់​នៅ​កម្ពុជា​ ក្រោម​ការ​ដឹក​នាំ​ផ្ដាច់​ការ​ របស់​លោក​ ហ៊ុន សែន»។​

​លោក​ រង្ស៊ី បាន​ភ្ជាប់​ជា​មួយ​នូវ​រូប​ថត​ ១​ សន្លឹក​ដែល​មាន​មន្ត្រី​ជាន់​ខ្ពស់​អតី​ត​គណ​បក្ស​សង្គ្រោះ​ជាតិ ​៧​ នាក់​ផ្សេង​ទៀត​រួម​ទាំង​រូប​លោក​។​ ​មន្ត្រី​ទាំង​នេះ​រួម​មាន​លោក ​ឡុង​ រី​ លោក​ ​ម៉ែន​ ​សុថា​វរិន្ទ​ លោក​ អេង​ ឆៃអ៊ា​ង​ លោក​ស្រី​ ​មូរ​ ​សុខ​ហួរ ​លោក​ ​អ៊ូ ​ច័ន្ទ​ឫទ្ធិ ​លោក ​តុ វ៉ាន់​ចាន់ ​និង​លោក​ ​ហូរ​ វ៉ាន់។​ អ្នក​ទាំង​ ៨ ​នាក់​ត្រូវ​បាន​តុលា​ការ​ចេញ​ដីកា​ចាប់​ខ្លួន​កាល​ពី​ខែ​មីនា ​ដោយ​ជាប់​ចោទ​បទ​ «រួម​គំនិត​ក្បត់ ​និង​ញុះ​ញង់​​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»។​

​​ដី​កា​ចាប់​ខ្លួន​អ្នក​ទាំង ​៨ ​ធ្វើ​ឡើង​ក្រោយ​ពេល​លោក​ ​សម​ រង្ស៊ី​ និង​មន្ត្រី​ទាំង​ ៧ ​រូប​ទៀត​បាន​រៀប​ចំ​ការ​ប្រជុំ​មួយនៅ​​ទីក្រុ​ង​ Lowel​l រដ្ឋ​ Massachusetts​ ស​ហ​រដ្ឋ​អា​មេរិក​​ដើម្បី​រៀប​ចំ​ឲ្យ​មាន​ការ​វិល​​ត្រឡប់​មក​កម្ពុជា​​វិញ​​របស់​លោក ​សម​ រង្ស៊ី។​ ​កិច្ច​ប្រជុំ​នោះ​បាន​សម្រេច​នូវ​ផែនការ​មួយ​ចំនួន​ដូច​ជា​ ​ការ​រៃអង្គាស​ប្រាក់​​ដើម្បី​​សម្រាប់​ការ​វិល​ត្រ​ឡប់​​មក​វិញ​របស់ លោក ​សម​ រង្ស៊ី​ ​ការ​បង្កើត​បណ្តា​ញ​ស្វាគមន៍​លោក​ សម​ រង្ស៊ី ​​បង្កើន​ការ​ងារ​ការ​ទូត ​ផ្សព្វផ្សាយ​ព័ត៌​មាន​អំពី​បញ្ហា​ក្នុង​ប្រទេស​កម្ពុជា​ ​និង​ការ​សហការ​ជាមួយ​អ្នក​ប្រជា​ធិបតេយ្យ​ទាំង​អស់។

​​លោក ​គិន​ ​ភា​ ​ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ បាន​ថ្លែង​ថា​ ការ​លើក​ឡើង​របស់​លោក​ ​សម​ ​រង្ស៊ី​ ​គឺ​គ្រាន់​តែ​ជា​ការ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​អន្តរជាតិ​ប៉ុណ្ណោះ។​

​​លោក​ ​ភា ​ថ្លែង​ថា៖ ​«​ទី​១ ​គាត់​ ​(រង្ស៊ី)​ គ្រាន់​តែ​គោះ​​ទឹក​ឲ្យ​មាន​រលក​ ដើម្បី​ឲ្យ​មាន​ការចាប់​អារម្មណ៍​លើ​គាត់​។​ ទី២​ ​គាត់​ក៏​មាន​ការ​បារម្ភ​ដែរ​ខ្លាច​រដ្ឋាភិ​បាល​កម្ពុជា​ដែល​មាន​សន្ធិ​សញ្ញា​​បត្យា​ប័ន​ ឬ​​មួយ​ជាមួយ​ប៉ូលិស​អាំង​ទែរ​ប៉ូល​ ​ព្រោះ​អ្នក​ទោស​បើ​គាត់​ចូល​មក​ប្រទេស​ណា​ដែល​មាន​សន្ធិ​សញ្ញា​បត្យា​ប័ន​ជា​មួយ​ប្រទេស​ កម្ពុជា​ ​គេ​អាច​នឹង​ស្នើ​សុំ​ធ្វើ​បត្យាប័ន​ដើម្បី​ចាប់​បញ្ជូន​គាត់​មក​កម្ពុជា​បាន»។

លោក​ ​ភា​ ​បន្ត​ថា​ ការ​អំពាវ​នាវ​របស់លោក​ រង្ស៊ី មិន​មាន​ឥទ្ធិ​ពល​អ្វី​ទៅ​ដល់​ប្រទេស​ផ្សេងៗ​ ឬ​សហ​គមន៍​អន្តរ​ជាតិ​ទេ​ព្រោះ​គ្រាន់​តែ​ជា​ទស្សនៈ​របស់​បុគ្គលម្នាក់​ប៉ុណ្ណោះ ​ហើយ​អន្តរ​ជាតិ​មិន​អាច​ជួយ​បាន​ទេ។

​​អ្នក​វិភាគ​នយោ​បាយ​លោក​ ឡៅ​ ម៉ុង​ហៃ ​យល់​ឃើញ​ថា ​លោក​ សម​ រង្ស៊ី​ ព្យាយាម​ប្រើ​ព្រួញ ១​​​ បាញ់​បាន​សត្វ ២។

​​លោក​ ឡៅ​ ម៉ុង​ហៃ​ ថ្លែង​ថា ​ទី​​១​ គឺ​លោក​ រង្ស៊ី បាន​វាយប្រហារ​លើ​រដ្ឋាភិ​បាល ​ដោយ​លើក​ឡើង​ពី​ការ​រឹតត្បិត​ ដោយ​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​របស់​សាធារ​ណ​ជន​មក​លើ​រូប​លោក​ ​និង​សហ​ការី​ ហើយ​ទី​២ ​គឺ​ដើម្បី​បញ្ជាក់​ប្រាប់​ទៅ​សហ​គមន៍​អន្តរ​ជាតិ​ថា​ ​ការ​ចោទ​ប្រកាន់​លើ​ពួក​គេ​មាន​ចរិត​នយោ​បាយ​ ហើយ​សហគមន៍​អន្តរ​ជាតិ​គួរ​តែ​កុំ​យក​ចិត្ត​ទុក​ដាក់​លើ​ដីកា​ចាប់​ខ្លួន​ទាំង​នោះ។

លោក​បន្ត​ថា ​ការ​ធ្វើ​ដូច្នេះ​ប្រហែល​ជា​អាច​រារាំង​មិន​ឲ្យ​មាន​ការ​ធ្វើ​បត្យាប័ន​ណា​មួយ​ ​ប៉ុន្តែ​ការ​បារម្ភ​លើ​ការ​ធ្វើ​បត្យាប័ន​នេះ​ទំនង​ជា​ក្តី​បារម្ភ​ទី ​២ ​ប៉ុណ្ណោះ ​ពី​ព្រោះ​អ្នក​ដែល​ជាប់​ឈ្មោះ​ក្នុង​ដីកា​ចាប់​ខ្លួន​ខ្លះ​ជា​ព​ល​រដ្ឋ​ឬ​រស់​នៅ​ក្នុង​ប្រ​ទេស​ដែល​មិន​មាន​កិច្ច​ព្រម​ព្រៀង​បត្យាប័ន​ជា​មួយ​កម្ពុ​ជា​។​ ​

​លោក​បន្ត​ថា​៖​ ​«​អ្នក​ខ្លះ​ទៀត​ជា​ពល​រដ្ឋ​កម្ពុជា​ ប៉ុន្តែ​ដំណើរការ​នៃ​ការ​ធ្វើ​បត្យា​ប័ន​ត្រូវ​ការ​ចំណាយ​ពេល​វែង​ ហើយ​វា​អាច​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ខ្លាំង​អំពី​ភាព​ស្រប​ច្បាប់​នៃ​រដ្ឋាភិ​បាល​កម្ពុជា ​និង​ប្រព័ន្ធ​តុលាការ»៕​