ភ្នំពេញៈ ប្រធាន​ស្តីទី​នៃ​​គណ​បក្ស​សង្គ្រោះ​ជាតិ​​ដែល​​ត្រូវ​បា​ន​រំលាយ​ដោយ​តុលាការ​កំពូល​​ បាន​​សរសេរ​លិខិត​មួយ​​​ទៅ​គណៈកម្មការ​ អឺរ៉ុប​​ នៅ​មុន​​​ពេល​គណៈ​ប្រតិភូ​​នៃ​គម្រោង​​អនុគ្រោះ​ពន្ធ​​សម្រាប់​ការ​នាំ​ចូ​​ល​អ្វីៗគ្រប់​យ៉ាង​លើក​លែ​ង​​តែ​អាវុធ​ (EBA)​ របស់​ស្ថាប័ន​អន្តរជាតិ​ដែល​បណ្តុំ​ទៅ​ដោយ​ប្រទេស​ចំនួន​ ២៨​ នេះ​ មក​​​ទស្សនកិច្ច​​ប្រទេស​កម្ពុជា​ នា​​សប្តាហ៍​នេះ។

លោក សម រង្ស៊ី ​បាន​សរសេរ​លិខិត​ទៅ​លោក​ស្រី Federica Mogherini ​តំណាង​ជាន់​ខ្ពស់​ នៃ​សហភាព​អឺរ៉ុប​​សម្រាប់​​កិច្ចការ​បរទេស​​ និង​​គោល​នយោបាយ​សន្តិសុខ​​​ កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​រំឭក​​លោក​ស្រី​ថា ​សហ​​ភាព​​អឺរ៉ុប​ត្រូវ​តែ​ប្រកាន់ខ្ជាប់​ឲ្យ​បាន​ម៉ឺង​ម៉ាត់​​នូវ​ផែន​ការ​របស់​ខ្លួន​ ក្នុង​ការ​ជួយ​ស្តារ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​។

លោក សម រង្ស៊ី បាន​សរសេរ​ក្នុង​លិខិត​នេះ​ថា​៖ ​«​​ជា​ពិសេ​ស​ ​សហភាព​អឺរ៉ុប ​​ត្រូវ​តែ​ជំរុញ​ឲ្យ​មាន​​​​ការ​ទទួល​យកឡើង​វិញ ​​នូវ​​គណបក្ស​ប្រឆាំង​​​​ដ៏​ធំ​តែ​មួយ​គត់​ ដែល​អាច​ជឿ​ជាក់​បាន​​ គឺ​គណបក្ស​​សង្គ្រោះ​ជាតិ​ ​និង​ជំរុញ​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា»។

​កាល​ពី​ពេល​មុន លោក សម​ រង្ស៊ី ​បាន​ទាម​ទារ​ ៥ ចំណុច​ រួម​​ទាំង ​​២ ចំណុច​ខាង​លើ​ ​​និង​ការរៀប​ចំ​ការ​បោះ​​ឆ្នោត​​ឡើង​វិញ​ ​​​ការ​ផ្តល់​​សិទ្ធិ​នយោបាយ​ឡើង​វិញ​ ដល់​តំណាង​រាស្រ្ត​គណបក្ស​​ប្រឆាំង​ ១១៨​ នាក់​​​ដែល​ត្រូវ​បាន​ហាម​ប្រាម​ ​​ផ្តល់​តំណែ​ង​​​ឡើង​វិញ​ដល់​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​​ជាប់​ឆ្នោត។

​ក្រុម​មន្រ្តី​ជាន់​ខ្ពស់​​​មក​ពី​​​​ផ្នែក​​កិច្ច​ការ​ក្រៅ​ប្រទេស ​របស់​សហភាព​អឺរ៉ុប​ និង​​អគ្គ​នាយក​ដ្ឋាន​​​ពាណិជ្ជ​កម្ម​​របស់​សហ​ភាព​អឺរ៉ុប​ ​ត្រូវ​បាន​រំពឹង​​ថា ​នឹង​​​ធ្វើ​ទស្សនកិច្ច​រយៈ​ពេល​ ២ ​ថ្ងៃ​​មក​ប្រទេស ​កម្ពុជា ​​​នៅ​ថ្ងៃ​​អង្គារ​នេះ ​​និង​ថ្ងៃ​ពុធ​​ស្អែក ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ការ​​ពិនិត្យ​​និង​តាម​ដាន​​សម្រាប់​នីតិវិធី​​ដក​ EBA ​បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​ចាប់​ផ្តើម​នីតិវិធី​នេះ​ កាល​ពី​ខែ​មុន​។ ​ពួក​គេ​​បាន​និយាយ​ថា ​ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​​ ​និង​ការ​ធ្លាក់​ចុះ​​​នៃ​ប្រជា​ធិបតេយ្យ​​ បាន​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក សម រង្ស៊ី ក៏​បាន​សរ​សេរ​​​អំពី​យោបល់​​របស់​លោក​ នៅ​លើ​វេទិកា​​អន​ឡាញ​​ The Geopolitics ​កាល​ពី​ថ្ងៃ​សុក្រ​​​ដែរ​​ថា៖​ «​​ដំណោះ​ស្រាយ​ល្អ​បំផុត​​ សម្រាប់​កម្ពុជា​​គឺ​ត្រូវ​បញ្ចៀស​​ការ​បញ្ចប់​​លទ្ធ​ភាព​​ទទួល​បាន​ EBA និង​ការ​​ខូច​ខាត​​ធ្ងន់​ធ្ងរ​​ ចំពោះ​​សេដ្ឋ​កិច្ច​។ ដំណោះស្រាយ​នេះ ​​អាច​ធ្វើ​ឡើង​​ដោយ​ការ​ដោះ​លែង​លោក កឹម សុខា ​​ការ​ផ្តល់​សម្បទា​ឡើ​ង​វិញ​ ដល់​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ការចេញ​នូវ​​ពេល​វេលា​កំណត់​​សម្រា​ប់​ការ​បោះ​ឆ្នោត​​​​​មួយ​ ដែល​ត្រឹម​ត្រូវ​​​ និង​ទាន់​ពេល​វេលា»។

​លោក​ថ្លែង​ថា ​នៅ​​​មាន​ពេល​វេលា​​សម្រាប់​បញ្ចៀ​ស​​​ភាព​អាក្រក់​បំផុត​នេះ។

​លោក ឡៅ ម៉ុង​ហៃ អ្នក​វិភាគ​​នយោបាយ​​ បាន​ថ្លែង​ថា​៖ «​​ការ​ទាម​ទារ​ទាំង​ ៣ នឹង​មាន​ន័យ​ថា​ ជា​ការ​វិល​ត្រឡប់​ទៅ​រក​​ភាព​ដើម​វិញ​​ ​ហើយ​វា​ពិបាក​ណាស់​​ សម្រាប់​រដ្ឋា​ភិបាល​ទទួ​ល​យក​ទៅ​​ពិចារណា​។ ​រដ្ឋា​ភិបា​ល​អាច​ពិចារណា​ការ​ទាម​ទារ​​ទី​ ១​​ គឺ​​ការ​ដោះ​លែង​លោក កឹម សុខា»។

លោក សុខ សុគន្ធ អ្នក​វិភាគ​​ដែល​មាន​មូល​ដ្ឋាន​​នៅ​សហរដ្ឋ​អាមេរិកយល់​ឃើញ​ថា ​នៅ​មាន​លទ្ធ​ភាព ២ ​​រួម​មាន ការដោះ​លែង​លោក កឹម សុខា ​និង​​ការ​ស្តារ​សម្បទា​ដល់​​​មន្រ្តី​ ១១៨​ នាក់​ដែល​ត្រូវ​បានហាមប្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​។ ​ប៉ុន្តែ​ការ​ទាម​ទារ​ឲ្យ​មាន​​គណបក្ស​សង្គ្រោះ​ជាតិ​​ដំណើរ​ការ​ដូច​​ដើម​វិញ​​នឹង​មិន​អាច​ទេ។

លោកស្រី Cindy Cao អ្នកស្រាវ​ជ្រាវ​​នៅ​វិទ្យា​ស្ថាន​​អឺរ៉ុប​ សម្រាប់​ការ​សិក្សា​​អាស៊ី​ (EIA​​S) បាន​ថ្លែង​ថា ​មាន​ហានិភ័យ​​​ដែល​លិខិត​របស់​លោក សម រង្ស៊ី ផ្តល់​ចំណាប់​អារម្មណ៍​ថា សហភាព​អឺរ៉ុប​ គាំទ្រ​មេ​ដឹកនាំ​ណាមួយ​។

លោក​ស្រីបាន​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា ការ​គាំ​ទ្រ​លទ្ធិប្រជា​ធិបតេយ្យ​​​របស់​​​សហភាព​អឺរ៉ុប​​ គឺ​មិន​មែន​អំពី​ការ​គាំ​ទ្រ​​មេ​ដឹក​នាំ​​ណា​មួយ​​ ឬ​គណបក្ស​ណា​មួយ​ទេ ​ប៉ុន្តែ​គឺ​អំពី​ការលើក​កម្ពស់​​សិទ្ធិ​មនុស្ស​ និង​វិធាន​ស្ថាប័ន​អព្យា​ក្រឹត​»។

លោក​ស្រី​បាន​ថ្លែង​ថា នៅ​ក្នុង​ប្រទេស ​កម្ពុជា​ បញ្ហា​ហាក់​បី​ដូច​ជា​​​ការ​តស៊ូ​រវាង​បុគ្គល​ ដើម្បី​អំណាច​​ជា​ជាង​​ការ​ប្រកួតប្រជែង​​នយោបាយ ​រវាង​ក្រុម​​ និង​ក្រុម​ តាម​រយៈ​​ការ​បញ្ចេញ​គំនិត​ផ្សេង​គ្នា។

នៅ​ក្នុង​បរិបទ​នេះ​ ប្រសិន​បើ​​សហភាព​អឺរ៉ុប​​ជឿ​​ ហើយ​នៅ​​ខាង​គណ​ប​ក្ស​មួយ​ ឬ​នៅ​ខាង​គណបក្ស​មួយ​ទៀត​ វា​នឹង​ជា​ការ​រារាំង​​ផ្លូវ​ទៅ​រក​​ការ​សម្រេច​បាន​ដំណើរ​ការ​ប្រជា​ធិបតេយ្យ។

លោក​ស្រីបា​ន​​ថ្លែង​បន្ត​ថា​ ការ​ចៀស​វាង​ការ​បញ្ចប់​​លទ្ធ​ភាព​ទទួល​បាន ​EBA ​របស់​កម្ពុជា​ គួរ​​ជា​គោល​បំណង​​​រួម​​របស់​មេ​ដឹក​នាំ​កម្ពុជា​ ​ប្រសិន​បើ​ពួ​ក​គេ​​ គិត​គូរ​ពី​ប្រទេ​ស​និង​ប្រជា​ជន​​របស់​ពួក​គេ។ សហ​ភាព​អឺរ៉ុប​ស្វាគមន៍​​​​​ជំហា​ន​វិជ្ជ​មាន​មួយ​ចំនួន ​​រួម​មាន​ការ​ធ្វើ​វិសោធន​កម្ម​​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ។ ​

លោកស្រី​បាន​បន្ត​ថា​៖ «​​វិធី​សាស្រ្ត​ល្អ​បំផុត ​​សម្រាប់​លោក សម រង្ស៊ី​ ​គឺ​ត្រូវ​ផ្តល់​សម្បទា​ន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្នែក​នៃ​ការ​ចរចា​​ដើម្បី​ដោះ​ស្រាយ​ភាព​ជាប់​គាំង ​និង​ចៀស​វាង​​បញ្ហា​អាក្រ​ក់​បំផុត​ណា​មួយ​ដែល​អាច​កើត​ឡើង»៕