ភ្នំពេញៈ លោក សម រង្ស៊ី មិនបានចូលបំភ្លឺនៅចៅក្រមស៊ើបសួរទេករណីចោទប្រកាន់លោកថាប៉ុនប៉ងកាត់ទឹកដីឲ្យជនជាតិដើមភាគតិចម៉ុងតាញ៉ារស់នៅលើខេត្ត ៤ របស់កម្ពុជា។
តាមកាលកំណត់លោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិត្រូវចូលទៅតុលាការក្រុងភ្នំពេញនៅព្រឹកថ្ងៃទី ១៣ ខែសីហា ម្សិលមិញតាមការកោះហៅរបស់លោកចៅក្រមស៊ើបសួរ រស់ ពិសិដ្ឋ ដោយលោកត្រូវបានតុលាការចោទប្រកាន់ថាបាន «ប៉ុនប៉ងប្រគល់ឲ្យរដ្ឋបរទេសនូវដែនដីជាតិ ១ ផ្នែក» បទល្មើសដែលមានចែងក្នុងមាត្រា ២៧ និងមាត្រា ៤៤០ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះលោកប្រឈមជាប់ពន្ធនាគារមួយជីវិត បើសិនរកឃើញថាមានទោស។
លោក រស់ ពិសិដ្ឋ បានថ្លែងកាលពីម្សិលមិញថាលោក សម រង្ស៊ី មិនបានចូលខ្លួនបំភ្លឺឡើយ។ លោកថ្លែងថា៖ «គាត់អត់ឃើញមានការឆ្លើយតបផង។ ខ្ញុំមាននីតិវិធីបន្ត តែមិនអាចប្រាប់បាន»។
បណ្ដឹងលើលោក សម រង្ស៊ី កើតមានក្រោយពេលមានវីដេអូមួយ និងមានឯកសារចុះហត្ថលេខាបានបង្ហាញថាលោក សម រង្ស៊ី និងលោក កុក ស (Kok Ksor) មេដឹកនាំជនជាតិភាគតិច Degar (ម៉ុងតាញ៉ា) បានចុះហត្ថលេខាយល់ព្រមឲ្យជនជាតិម៉ុងតាញ៉ា និងជនជាតិភាគតិចផ្សេងទៀតរស់នៅលើខេត្ត ៤ របស់កម្ពុជារួមមានខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងក្រចេះ។ កិច្ចព្រមព្រៀងនោះបញ្ជាក់ថា ជនជាតិភាគតិចមាន «សិទ្ធិស្វ័យភាព» នៅក្នុងតំបន់ដែលពួកគេរស់នៅ។
ទោះយ៉ាងណាវីដេអូដែលត្រូវបានគេផ្សព្វផ្សាយនោះត្រូវបានថតតាំងពីឆ្នាំ ២០១៣។ លោក សម រង្ស៊ី ធ្លាប់បានថ្លែងថាការចុះហត្ថលេខានោះគឺធ្វើឡើងស្របតាមសិទ្ធិជនជាតិដើមភាគតិចរបស់សេចក្តីប្រកាសអង្គការសហប្រជាជាតិ។
កាលពីម្សិលមិញលោក សម រង្ស៊ី បានបញ្ជាក់ពីការចុះហត្ថលេខានោះម្តងទៀតដោយថ្លែងថាគឺធ្វើឡើងស្របតាមសេចក្តីប្រកាសរបស់ អ.ស.ប។
លោកនិយាយថាការចោទប្រកាន់ដោយសារតែការចុះកិច្ចព្រមព្រៀងនេះគឺជាការ «ល្ងង់ខ្លៅ និងគ្មានវិជ្ជាជីវៈ»។
លោកបានបញ្ជាក់ថា៖ «ពួកគេមិនដែលបានអានសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិអំពីសិទ្ធិរបស់ជនជាតិដើមដែលត្រូវបានអនុម័តដោយអង្គការពិភពលោកនេះកាលពីឆ្នាំ ២០០៧»។
លោកបន្ថែមថា៖ «ខ្ញុំគ្រាន់តែយោងទៅលើសេចក្តីប្រកាសនោះ នៅពេលធ្វើកិច្ចព្រមព្រៀងជាមួយជនជាតិដើមភាគតិចនៅភាគឦសានរបស់កម្ពុជា។ ដោយសារតែយោងទៅលើឯកសាររបស់ អ.ស.ប នេះ ពួកគេចោទខ្ញុំថាក្បត់ជាតិ»៕