ភ្នំពេញៈ លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិត្រូវបានដកឈ្មោះមិនឲ្យថ្លែងសុន្ទរកថាក្នុងមហាសន្និបាតសហភាពអន្តរសភាលើកទី ១៤១ (IPU) ពីថ្ងៃ ១៤ ដល់ថ្ងៃទី ១៦ តុលា នៅក្នុងទីក្រុងបែលក្រាដ ប្រទេស ស៊ែប៊ី ដែលការដកនេះ គឺជាការឆ្លើយតបតាមសំណើពីគណៈប្រតិភូសភាកម្ពុជានៅទីនោះ។
ក្នុងបញ្ជីឈ្មោះអ្នកដែលត្រូវថ្លែងសុន្ទរកថា ៨៣ រូប គឺពុំមានឈ្មោះលោក សម រង្ស៊ី ទេ។ កាលពីថ្ងៃទី ១៤ តុលា លោកស្រី ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភាដែលដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមក្នុងមហាសន្និបាតសហភាពអន្តរសភានៅប្រទេសស៊ែប៊ីបានផ្ញើលិខិត ២ ច្បាប់គឺ ១ ច្បាប់ទៅលោកស្រី Maja Gojkovic ប្រធានរដ្ឋសភាសាធារណរដ្ឋស៊ែប៊ី និង ១ ច្បាប់ទៀតទៅលោកស្រី Gabriela Cuevas Baron ប្រធានសហភាពអន្តរសភា (IPU) ដើម្បីសុំឱ្យហាមលោក សម រង្ស៊ី ដែលបានបន្លំជាអ្នកតំណាងមកពីអង្គការសេរីនិយមអន្តរជាតិ (Liberal International) ថ្លែងសុន្ទកថា។
នៅក្នុងលិខិតនោះសរសេរថា «សម រង្ស៊ី ត្រូវបានកាត់ទោសដោយតុលាការកម្ពុជាជាច្រើនករណី រួមទាំងការប្រមាថព្រះមហាក្សត្រ និងការរៀបចំធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលដែលត្រូវបានបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យដោយអ្នកមានសិទ្ធិបោះឆ្នោត ៨៣% ក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ ២០១៨។ គាត់ (សម រង្ស៊ី ក៏បានអំពាវនាវឱ្យកងកម្លាំងប៉ះបោរប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ ដែលជាការគំរាមកំហែងទៅដល់សន្ដិភាព និងស្ថិរភាពរបស់កម្ពុជាដែលរកបានដោយលំបាក»។
គណៈប្រតិភូកម្ពុជាក៏បានអះអាងដែរថា ទង្វើប្រឆាំងនឹងច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា និងវត្តមានរបស់លោក សម រង្ស៊ី នៅក្នុងមហាសន្និបាតនឹងធ្វើឱ្យប៉ះពាល់ដល់ភាពជឿជាក់ ភាពស្របច្បាប់ និងសេចក្ដីទុកចិត្តរបស់សហភាពអន្តរជាតិ។
កាលពីថ្ងៃម្សិលមិញលោក សម រង្ស៊ី មិនទាន់បានឆ្លើយតបមកភ្នំពេញប៉ុស្ដិ៍តាមអ៊ីមែលទេ។ ប៉ុន្តែក្នុងហ្វេសប៊ុករបស់លោកគឺលោក សម រង្ស៊ី បានអះអាងថាកាលពីថ្ងៃ ១៤ តុលា ស្របពេលសន្និសីទនៃសហភាពអន្តរសភាក្នុងទីក្រុងបែលក្រាដ គឺលោកបានជួបប្រជុំជាមួយតំណាងរាស្ដ្រសេរីនិយមមកពីប្រទេសមួយចំនួន។
នៅកិច្ចប្រជុំនោះលោក សម រង្ស៊ី បានប្រាប់តំណាងរាស្ដ្រទាំងនោះថា អតីតគណបក្សប្រឆាំងដែលមានសំឡេងគាំទ្រ ៤៥% នៃអ្នកមានសិទ្ធិបោះឆ្នោត និងកំពុងកើនឡើងប្រជាប្រិយភាព ប៉ុន្តែត្រូវបានគណបក្សកាន់អំណាចរំលាយចោលមិនឱ្យចូលរួមបោះឆ្នោត ហើយបានប្រមូលយកសំឡេងឆ្នោតទាំង ១០០% ដែលលោកថាជាការយកគំរូតាមរបបកុម្មុយនីស្ដតាមប្រព័ន្ធឯកបក្ស។
លោក សម រង្ស៊ី បន្តថាដើម្បីគោរពតាមឆន្ទៈរបស់ពលរដ្ឋកម្ពុជាភាគច្រើនដែលចង់បានលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព គឺលោកមានជម្រើសចុងក្រោយតែមួយគត់គឺការវិលត្រឡប់ចូលកម្ពុជាវិញតាមប្រទេសថៃជាមួយពលករជាច្រើនដែលចង់អមដំណើរលោក។
លោកថា៖ «ខ្ញុំចង់ចូលកម្ពុជាតាមរយៈប្រទេស ថៃ ដែលប្រទេសនេះមានពលករខ្មែរ ២ លាននាក់ ហើយភាគច្រើនគឺពួកគេនឹងចូលរួមជាមួយខ្ញុំដើម្បីដើរឆ្លងកាត់ព្រំដែនថៃចូលកម្ពុជា»។
ទោះជាយ៉ាងណាអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានថ្លែងថា ថ្វីដ្បិតលោក សម រង្ស៊ី ចង់ពឹងដល់ទេវតា ប៉ុន្តែរដ្ឋាភិបាលនឹងនៅតែអនុវត្តតាមចំណាត់ការតុលាការដើម្បីចាប់ខ្លួន ហើយបើលោក សម រង្ស៊ី បង្កើតកម្លាំងមហាជនដើម្បីធ្វើរដ្ឋប្រហារ រដ្ឋាភិបាលនឹងប្រើកម្លាំងកម្ទេចចោល។
លោកថា៖ «គេ (បរទេស) នឹងមិនយក រង្ស៊ី ជាធំទេ គេយករដ្ឋាភិបាលស្របច្បាប់ជាធំ ហើយប្រទេសណាដែលរួមដៃរួមជើងជាមួយ សម រង្ស៊ី គឺជាប្រទេសមួយនៅពីក្រោយរដ្ឋប្រហារ អាហ្នឹងជាការខូចដ៏ធំធេងសម្រាប់ប្រទេសទាំងនោះ»។
លោកស្រី ឃួន សុដារី អនុប្រធានទី ២ រដ្ឋសភាបានថ្លែងសុន្ទរកថាក្នុងមហាសន្និបាតលើកទី ១៤១ របស់សហភាពអន្តរសភាថា ទោះបីកម្ពុជាកំពុងរងសម្ពាធពីការគំរាមកំហែងតាមរយៈការប្រើលេសនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ជំហររួមជាមួយប្រជាជនកម្ពុជាគ្រប់កាលៈទេសៈទាំងអស់។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយបានលើកឡើងថា ការប្រកាសប្រឆាំងគ្នារវាងអ្នកនយោបាយ និងអ្នកនយោបាយបែបនេះ គឺមិនអាចរកដំណោះស្រាយឃើញទេ។
លោកថា៖ «បច្ចុប្បន្នសហភាពអឺរ៉ុបគេអំពាវនាវឱ្យកម្ពុជាពិចារណារឿងស្រុះស្រួលគ្នាដែរប៉ុន្តែខ្ញុំមើលទៅវាអត់មានយន្តការអីអាចត្រូវរ៉ូវគ្នាទេ៕