ភ្នំពេញៈ ប្រធានស្ដីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​កម្មករ​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ​ឲ្យ​លៃលក​ពេល​សុំច្បាប់​ដើម្បី​ត្រៀមខ្លួន​មក​ស្វាគមន៍​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​ ៩ វិច្ឆិកា ជា​អ្វីដែល​អតីតមន្ត្រី​គណបក្ស​ប្រឆាំង​នៅតែ​មិន​ទាន់​ជឿ ខណៈ​មាន​បណ្ដឹង​ ២ ​ប្រឆាំង​លោក​ទើប​ដាក់​នៅ​ប្រទេស​បារាំង​។

ការអំពាវនាវ​នេះ​បាន​ធ្វើឡើង​ក្នុង​ពេល​លោក​ផ្ដល់​បទ​សម្ភាស​ជាមួយ​វិទ្យុ VOA ​កាល​យប់​ថ្ងៃ​អង្គារ​ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ឌី វិជ្ជា ទៅ​តុលាការ​បារាំង​រឿង​ចោទថា​លោក ហ៊ុន សែន រៀប​គម្រោង​សម្លាប់​លោក ហុក ឡងឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ​។

លោក​បាន​ថ្លែង​ថា​ចំពោះ​អ្នកគាំទ្រ​នៅក្នុង​ប្រទេស​មាន​បណ្ដាញ​គណបក្ស​សង្គ្រោះជាតិ​ប្រាប់​អំពី​ព័ត៌មាន​ពី​ការវិលត្រឡប់​របស់​លោក និង​ទីកន្លែង​ដែល​ត្រូវ​ជួបជុំ​គ្នា​ដើម្បី​ទទួល​លោក​ហើយ​។

លោក​ថ្លែង​ថា​៖ «​ហើយ​បងប្អូន​នៅ​ប្រទេស​ ថៃ​ ក៏​អ៊ីចឹង​ដែរ គាត់​មាន​ចំនួន​ច្រើន​ណាស់​រាប់លាន​នាក់​នៅ​ប្រទេស ​ថៃ គាត់​អាច​លៃលក​រក​ថ្ងៃ​ឈប់​ប៉ុន្មាន​ថ្ងៃៗ​អ៊ីចឹង​ទៅ គ្រាន់តែ​ថា ធ្វើ​ម៉េច​ថ្ងៃ​ ៩ វិច្ឆិកា មក​ដល់​ប្រទេស ​កម្ពុជា​ទាំងអស់​គ្នា​»​។

កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​លោក សម រង្ស៊ី បាន​ប្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ថា លោក​បាន​ជ្រើសរើស​យក​ថ្ងៃ​ ៩ វិច្ឆិកា សម្រាប់​ការវិលត្រឡប់​ទៅ​កម្ពុជា ដោយ​មូលហេតុ​ ២ ​យ៉ាង​។ ​ទី​ ១ ​គឺ​ថ្ងៃទី​ ៩ ​វិច្ឆិកា​ជា​ថ្ងៃ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា​ពី​អាណានិគម​បារាំង​កាលពី​ឆ្នាំ​ ១៩៥៣​។ ដូច្នេះ​ការវិលត្រឡប់​របស់​លោក​គឺ​ដើម្បី​មក​ទាមទារ​ឯករាជ្យ​ប្រគល់​ជូន​ប្រជារាស្ត្រ​ខ្មែរ​វិញ​។ លោក​បាន​លើកឡើង​ថា ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើឲ្យ​កម្ពុជា​​បាត់បង់​ឯករាជភាព​។

ចំពោះ​ហេតុផល​ទី​ ២ លោក​លើក​ឡើង​អំពី​ការកម្ទេច​ជញ្ជាំង​ទីក្រុង​ប៊ែរឡាំង នៅ​ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃទី​ ៩ វិច្ឆិកា ដែល​ការកម្ទេច​នោះ​បាន​ផ្ដល់នូវ​សេរីភាព​សម្រាប់​ពលរដ្ឋ​អាល្លឺម៉ង់​ដែល​ស្ថិត​ក្រាម​ការត្រួតត្រា​របស់​សហភាព​សូវៀត​។

លោក​ថ្លែង​នៅ​អូស្ត្រាលី​ដូច្នេះ​ថា​៖ «​ខ្ញុំ​មាន​ជំនឿ​ថា បេសកកម្ម​របស់​យើង​ដណ្ដើម​យក​ប្រទេស​កម្ពុជា​មកវិញ មក​ប្រគល់​សង​ប្រជារាស្ត្រ​ខ្មែរ​ដែលជា​ម្ចាស់​ទឹក​ម្ចាស់​ដី​បេសកកម្ម​នេះ​ជា​បេសកកម្ម​ដ៏ត្រឹមត្រូវ​ជា​ប្រវត្តិសាស្ត្រ​ពីព្រោះ​ប្រទេស​យើង​ត្រូវ​បាន​របប​ផ្ដាច់ការ​របប​ក្បត់ជាតិ​របស់ ហ៊ុន សែន លួច​ប្លន់​ពី​យើង យើង​បាត់បង់​ប្រទេស​យើង​ហើយ​»​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​បារម្ភ​ថា​ការអំពាវនាវ​របស់​លោក សម រង្ស៊ី អាច​ធ្វើ​ឲ្យ​ពលករ​នៅ​ប្រទេស​កូរ៉េ និង​ថៃ​បាត់បង់​ការងារ ខណៈ​លោក​យល់​ថា​លោក សម រង្ស៊ី នឹង​មិន​វិល​មកវិញ​ទេ​។

លោក​ថា​៖ «​កន្លែង​ការងារ​របស់​ពួកគាត់​​ដូចជា​នៅ​រោងចក្រ​អីហ្នឹង មិន​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​សម្រាក​ភ្លាមៗ​ក្នុង​ចំនួន​ច្រើន​ថ្ងៃ​អ៊ីចឹង​ទេ​។ ប្រសិនបើ​គាត់​មក​ចូលរួម​ស្វាគមន៍ ពួកគាត់​ត្រូវការ​ពេលវេលា និង​ប្រាក់កាស​សម្រាប់​ការចំណាយ​ប្រចាំ​ថ្ងៃ​។

ដូច្នេះ​ថា តើ​គាត់​នឹង​តស៊ូ​មតិ​យូរ​ប៉ុនណា​​ហើយ​តើ​វា​ប៉ះពាល់​ដល់​គ្រួសារ​គាត់​យ៉ាងណា​ខ្លះ​?»​។ ​«​ខ្ញុំ​មើលឃើញ​លទ្ធភាព​នៃ​ការ​ត្រឡប់​មកវិញ​នោះ​វា​តិចតួច​ណាស់​ហើយ​​ ខ្ញុំ​នៅ​តែ​មិន​មាន​ជំនឿ​ថា​លោក​ សម រង្ស៊ី នឹង​វិល​ត្រឡប់មក​​វិញ​ទេ​»​។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាលជាតិ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​មាន​ចម្ងល់​ថា តើ​ពលករ​នៅ​បរទេស​នឹង​សុខចិត្ត​ខាត​ពេលវេលា និង​ផលប្រយោជន៍​ដើម្បី​មក​ស្វាគមន៍​លោក សម រង្ស៊ី ឬ​យ៉ាងណា​? ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ក្នុង​ប្រទេស​លោក​​ថា សមត្ថកិច្ច​បានប្រកាស​រួចហើយ​​ឲ្យ​នៅ​ឆ្ងាយ​ពី​លោក​ សម រង្ស៊ី​។

លោក​ថ្លែង​ថា​៖ «​បើ​គាត់​មក​ប្រឆាំង​នឹង​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច នោះ​មាន​ន័យ​ថា​គាត់​ប្រឆាំង​នឹង​សាលដីកា​តុលាការ គាត់​ប្រឈម​នឹង​ទោសទណ្ឌ​។ គាត់​អាច​អមដំណើរ​បាន តែ​មិន​អាច​ប្រឆាំង​នឹង​ការអនុវត្ត​សាលដីកា​តុលាការ​បាន​ទេ ពីព្រោះ​ការធ្វើ​បែប​នោះ​ជា​អំពើ​ខុសច្បាប់ ហើយ​បើ​ខុសច្បាប់ សមត្ថកិច្ច​នឹង​ចាត់វិធានការ​តាម​នីតិវិធី​»​។

អ្នកវិភាគ​នយោបាយ​លោក ​ឡៅ ម៉ុងហៃ យល់ឃើញ​ថា​លោក​ សម រង្ស៊ី បាន​ធ្វើអ្វី​គ្រប់​យ៉ាង​ជា​លើក​ចុងក្រោយ​ដោយ​កំណត់ពេល​វិលត្រឡប់​មកវិញ​ និង​អះអាង​ថា​មាន​ពលរដ្ឋ​ខ្មែរ​ ២ ​លាន​នាក់​នឹង​អមដំណើរ​លោក​។

លោក​ថា​៖ «​ឥឡូវ​នេះ​លោក​ (​រង្ស៊ី​) ​មាន​កាតព្វកិច្ច​សីលធម៌​ធំ​​មួយ​ក្នុង​ការត្រឡប់​ទៅ​រក​អាជីព​នយោបាយ កេរ្តិ៍ឈ្មោះ និង​ប្រជាប្រិយភាព​របស់​លោក ហើយ​ភាព​ជា​រដ្ឋបុរស​របស់​លោក​នឹង​ឈាន​ដល់​ចំណុចកំពូល​។ ​លោក​​នឹង​ត្រូវ​ប្រគល់​ដំបង​នោះ​ទៅ​កាន់​អ្នក​ផ្សេងទៀត​»​។

ប៉ុន្តែ​លោក ឡៅ ម៉ុងហៃ ថ្លែង​ថា​ប្រសិន​បើ​លោក សម រង្ស៊ី ត្រឡប់​មក​កម្ពុជា​មែន​នោះ រដ្ឋាភិបាល​នឹង​មាន​វិធានការ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មាន​ដូច​កាលពី​បាតុកម្ម​ថ្ងៃទី​ ១៩ កក្កដា ២០១៣ ​ដែល​មាន​មនុស្ស​ជាច្រើន​បាន​ទៅ​ស្វាគមន៍​គាត់​។ រដ្ឋាភិបាល​នឹង​ចាប់​ដោយ​ប្រើ​កម្លាំង​តិច​បំផុត​ឃុំឃាំង​គាត់​នៅ​ពន្ធនាគារ​ដូច​ទៅ​នឹង​បន្ទាយ​ដែល​មិន​អាច​មាន​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ ហើយ​ទុក​គាត់​នៅ​ឆ្ងាយ​ពី​ភ្នែក និង​ចិត្ត​គំនិត​របស់​សាធារណជន​។

លោក​ថ្លែង​ថា​៖ «​លោក សម រង្ស៊ី នឹង​ដូច​លោក​ ណែលសិន ម៉ាន់ដេឡា ដែល​របប​អាប៉ាថេត​អាហ្វ្រិក​ខាង​ត្បូង​បាន​ចាប់គាត់​ដាក់​ពន្ធនាគារ​ ២៦ ​ឆ្នាំ​»​។

ស្របពេល​ជាមួយ​គ្នា​នេះ​លោក សម រង្ស៊ី បាន​ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹង​គាត់​ទៅ​តុលាការ​បារាំង​ថែម​ទៀត​​ចំពោះ​ការអះអាង​របស់​លោក​​ដែល​ចោទ​លើ​លោក​នាយក​រដ្ឋមន្ត្រី ហុន សែន​។

លោក​បាន​សរសេរ​លើ​ហ្វេសប៊ុក​ពី​ថ្ងៃ​ពុធ​ថា​៖ «​ខ្ញុំ​ត្រូវ​បាន​ថ្កោលទោស​ជាច្រើន​ដងដោយ​ហេតុផល​នយោបាយ​ពី​សំណាក់​តុលាការ​កម្ពុជា​ក្រោម​បញ្ជា​ជន​ផ្ដាច់ការ ហ៊ុន សែន​។ ដូច្នេះ​ខ្ញុំ​ស្វាគមន៍​ឱកាស​ក្នុងការ​តទល់​ជាមួយ​លោក ហ៊ុន សែន នៅក្នុង​តុលាការ​បារាំង​»​។

ប៉ុន្តែ​បើ​តាម​លោក អ៊ូ ច័ន្ទរ័ត្ន ការប្ដឹង​របស់​លោក ហ៊ុន សែន និង​លោក ឌី វិជ្ជា ទៅ​តុលាការ​បារាំង​អាច​ក្លាយ​ជា​ហេតុផល​មួយ​ទៀត​ដែល​លោក សម រង្ស៊ី អាច​យក​ជា​លេស​មិន​វិល​មក​កម្ពុជា​នៅ​ថ្ងៃទី​ ៩ វិច្ឆិកា​។ លោក​ថា​លោក​គាំទ្រ​លោក សម រង្ស៊ី ក្នុងការ​តស៊ូ​មតិ​ឲ្យ​មាន​ការផ្លាស់ប្ដូរ ប៉ុន្តែ​លោក​មិន​គាំទ្រ​យុទ្ធសាស្ត្រ​បែប​នេះ​ទេ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​មិនឃើញ​មាន​ផលប្រយោជន៍​អ្វី​ពី​ការធ្វើ​នយោបាយ​បែបនេះ​ទេ ក្រៅតែ​ពី​ការប៉ះទង្គិច​គ្នា​មាន​ជម្លោះ​មិន​ចេះ​ចប់ ធ្វើឲ្យ​ពលរដ្ឋ​ភ័យខ្លាច ហើយ​សង្គម​បាត់បង់​សន្តិសុខ​។

វា​ធ្វើឲ្យ​អ្នកវិនិយោគ​មាន​ការបារម្ភ ហើយ​វា​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​»៕