ភ្នំពេញៈ ប្រធាន​ស្ដីទី​អតីត​បក្សប្រឆាំង​លោក​ សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ «​អំណាច​ពលរដ្ឋ​» ​ក្នុង​ការចូលរួម​ទទួល​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក និង​អំពាវនាវ​ឲ្យ​ប្រទេស​ហត្ថលេខី​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​លើ​ពលរដ្ឋ ដែល​ប្រើប្រាស់​សិទ្ធិសេរីភាព​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ចាត់ទុក​ទង្វើ​នេះ​ជាការ​ប្រឆាំង​នឹង​មនសិការ​ពលរដ្ឋ ឯ​អ្នកវិភាគ​ថា​ «​អំណាច​ពលរដ្ឋ​» ​មិន​អាច​ទៅរួច​ទេ​នៅ​កម្ពុជា​។

តាម​អ៊ីមែល​ដែល​បាន​ផ្ញើ​ទៅ​កាន់​សារព័ត៌មាន​រួមទាំង​ភ្នំពេញ​​ប៉ុស្តិ៍​ផង កាលពី​ថ្ងៃ​សៅរ៍​លោក សម រង្ស៊ី ថ្លែង​ថា​ការវិលត្រឡប់​របស់​លោក​មក​កម្ពុជា​នៅ​ថ្ងៃទី​ ៩ វិច្ឆិកា គឺ​ដើម្បី​បន្ត​ការតស៊ូ​របស់​លោក​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ប្រឆាំង​នឹង​ «​របប​ផ្ដាច់​ការដឹកនាំ​ដោយ​សមាជិក​ខ្មែរក្រហម​»​។

មេដឹកនាំ​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​ហ៊ុមព័ទ្ធ​ដោយ​ពាក្យបណ្តឹង​ច្រើន​ករណី​រូបនេះ​ថ្លែង​ថា ក្នុង​ជីវិត​ជា​អ្នក​នយោបាយ​លោក​បាន​សម្រេច​នូវ​ការចាប់ផ្ដើម​បង្កើត​គណបក្ស​ប្រឆាំង​បាន​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​មហាជន​ដើម្បី​សេរីភាព និង​យុត្តិធម៌​សង្គម​បាន​រៀបចំ​ការធ្វើ​កូដកម្ម​ក្នុង​វិស័យ​ឧស្សាហកម្ម​បាន​បង្កើត​សហជីព​ពាណិជ្ជកម្ម​កម្មករ​លើក​ដំបូង និង​បង្កើត​នូវ​គណបក្ស​នយោបាយ​ប្រឆាំង​ដំបូង​នៅ​រដ្ឋសភា​។

លោក​ថ្លែងថា​៖ «​តែ​ដើម្បី​ធ្វើឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​រស់​ឡើងវិញ​ដោយ​ត្រូវ​ប្រឈម​ជន​ផ្តាច់ការ​ដ៏ងងឹតងងល់​ដែល​មិន​ព្រម​និយាយ​រក ហើយ​ចង់តែ​កម្ចាត់​គណបក្ស​ប្រឆាំង​នោះ ខ្ញុំ​មាន​ជម្រើស​តែមួយ​គត់ ដើម្បី​សម្រេច​គោលដៅ​របស់​ខ្ញុំ​គឺ​ការអំពាវនាវ​ផ្ទាល់​ទៅ​កាន់​ប្រជារាស្ត្រ ដើម្បី​រៀបចំ​អំណាច​ប្រជាពលរដ្ឋ​ (People Power) ​ដូច​នៅ​ប្រទេស​ ហ្វីលីពីន​ ក្នុង​ឆ្នាំ​ ១៩៨៦»​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​ជឿជាក់​ថា​ប្រជារាស្ត្រ​ខ្មែរ​ដែល​មាន​ការឈឺចាប់ ហើយ​ត្រូវគេ​បំបិទមាត់​យូរហើយ​នឹង​ក្រោកឈរ​ឡើង​ជា​ធ្លុង​មួយ​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​ការផ្លាស់ប្តូរ​តាម​បែបបទ​ប្រជាធិបតេយ្យ​។ ប្រជារាស្ត្រ​ខ្មែរ​នឹង​ទាមទារ​ការផ្លាស់ប្តូរ​នេះ​ឲ្យ​ទាល់តែ​បាន​ក្នុង​ឱកាស​មាតុភូមិនិវត្តន៍​របស់ខ្ញុំ ពីព្រោះ​លោក​មិនអាច​រំពឹង​លើ​ការបោះឆ្នោត​បានទេ ដោយសារ​តែ​របប​ផ្តាច់ការ​សព្វថ្ងៃ មិន​ព្រម​រៀបចំ​ការបោះឆ្នោត​ពិតប្រាកដ​ណា​មួយ​ដែល​មាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​»​។

លោក​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា និង​ប្រទេស​ហត្ថលេខី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឲ្យ​ធ្វើ​អ្វី​គ្រប់​យ៉ាង​តាម​អំណាច​របស់​ពួកគេ​ដើម្បី​ព្រមាន​រដ្ឋអំណាច​ទីក្រុង​ភ្នំពេញ​កុំ​ឲ្យ​ប្រើ​អំពើ​ហិង្សា​មកលើ​ប្រជាពលរដ្ឋ​ស្លូតត្រង់ ដែល​គ្រាន់តែ​ទាមទារ​ឲ្យ​មាន​ការគោរព​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ដូច​មាន​ធានា​ដោយ​សន្ធិសញ្ញា​អន្តរជាតិ​មួយ​គឺ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ថា អាទិភាព​របស់​កម្ពុជា​គឺ​ការពង្រឹង​អំណាច​ប្រជាពលរដ្ឋ​តាមរយៈ​នីតិរដ្ឋ សិទ្ធិសេរីភាព​បុគ្គល​គ្រប់រូប​។

លោក​ថ្លែង​ថា​៖ «​ទី​ ២ យើង​កំពុង​កសាង​អនាគត​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​។ យើង​មិន​ចង់​ធ្លាក់​ទៅ​ក្នុង​ភាព​មិន​ប្រក្រតី​ណាមួយ​ទេ​។ ប្រជាពលរដ្ឋ​លោក​បាន​ធ្វើការ​សម្រេចចិត្ត​រួចហើយ​តាមរយៈ​ការបោះឆ្នោត​ដែលជា​គ្រឹះ​សម្រាប់​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ដោយ​ឈរលើ​ស្ថិរភាព​នយោបាយ​»​។

លោក​បន្តថា​៖ «​សេចក្ដី​ត្រូវការ​របស់​ សម រង្ស៊ី ប្រឆាំងនឹង​មនសិការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ត្រូវការ​សន្តិភាព ស្ថិរភាព និង​ការរីកចម្រើន​»​។

អ្នកវិភាគ​យល់ថា​ «​អំណាច​ពលរដ្ឋ​» នឹងមិន​អាច​ទៅ​រួច​ទេ​នៅក្នុង​ស្ថានការណ៍​បច្ចុប្បន្ន​របស់​ប្រទេស​កម្ពុជា​។

លោក​ សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែង​ថា «​អំណាច​ពលរដ្ឋ​» អាច​កើត​មាន​បាន​លុះត្រាតែ​កម្ពុជា​មាន​វិបត្តិ​សេដ្ឋកិច្ច មាន​ចំនួន​អ្នក​អត់​ការងារ​ធ្វើ​ច្រើន ហើយ​មាន​ទុរ្ភឹក្ស​កើត​ចេញ​ពី​គ្រោះធម្មជាតិ​ណាមួយ​។

លោក​ថ្លែងថា​៖ «​ប៉ុន្តែ​សម្រាប់​ស្ថានការណ៍​បច្ចុប្បន្ននេះ ពលរដ្ឋ​កម្ពុជា​មិន​ធ្វើ​តាម​ការអំពាវនាវ​របស់​លោក​ សម រង្ស៊ី ទេ​។ អ្នកខ្លះ​ទិញ​ដីឡូត៍ លក់​ដីឡូត៍​ខ្លះ​មាន​ប្រាក់ខែ ហើយ​ចិញ្ចឹម​កូន ខ្លះ​កំពុង​ធ្វើ​ផ្ទះ​។ ពួកគេ​មិន​យក​សាំង​ទៅ​ចាក់​លើ​ផ្ទះ​ដែល​ខ្លួន​កំពុង​សាងសង់​ដោយ​ប្រាក់​សន្សំ​ទាំង​បែកញើស​ហូរ​ញើស​នោះទេ​»​។

លោក​បន្តថា ប្រសិន​បើ​ «​អំណាច​ពលរដ្ឋ​» របស់​លោក សម រង្ស៊ី អាច​កើត​មាន​មែន​នោះ​រដ្ឋាភិបាល​នឹង​ប្រើ​សិទ្ធិ​គ្រប់យ៉ាង​ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ និង​សេចក្ដី​ទុក​ចិត្ត​របស់​ពលរដ្ឋ​ដែល​ផ្ដល់​ឲ្យ​តាមរយៈ​ការបោះឆ្នោត​។

លោក​បន្ថែម​ថា​៖ «​អ្វី​ដែល​លោក​ សម រង្ស៊ី អំពាវនាវ​អាច​បញ្ជាក់​ពី​ល្បែង​នយោបាយ​ចុងក្រោយ​របស់​គាត់​ដែល​គាត់​លេង​នៅក្នុង​ជីវិត​នយោបាយ​របស់គាត់ ពីព្រោះ​គាត់​មិន​មាន​យុទ្ធសាស្ត្រ​អ្វី​ផ្សេង​ទេ​។ គាត់​ជ្រើសរើស​យក​អ្វីដែល​គេ​ហៅថា​នយោបាយ​បើក​ឈាម នៅពេល​ដែល​លោក​មាន​អាយុ​​ ៧០ ​ឆ្នាំ​ទៅ​ហើយ​»​។

លោក​ សុខ ទូច អំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំ​យកចិត្ត​ទុកដាក់​លើ​ការស្នើ​របស់​លោក​ សម រង្ស៊ី ដោយ​លោក​ថ្លែង​ថា ការធ្វើ​តាម​នោះ​នឹង​មិន​នាំមក​ផល​ល្អ​នោះទេ​។

លោក​ថ្លែង​ថា​៖ «​គ្មាន​អ្វី​ធ្លាក់​ពី​លើ​មេឃ​ទេ សូម្បី​តែ​មេមាន់​ក៏​ខំប្រឹង​ដែរ​ដើម្បី​បាន​ពងមាន់​។ មាន់​ប្រឹង​រកស៊ី​សូម្បី​តែ​ដើម្បី​តែ​មួយ​គែ​ក៏ដោយ​។ ចំណែក​មនុស្ស​មាន​កូន​ត្រូវ​មើលថែ មាន​ប្រវត្តិសាស្ត្រ​ត្រូវ​រក្សា ហេតុអ្វី​យើង​មិន​មើល​ទៅមុខ​? អ្វីៗ​នឹង​រលាយ​អស់​បើ​យើង​សម្រេចចិត្ត​ខុស​»​។

លោក Paul Chambers អ្នកវិភាគ​នយោបាយ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ ថៃ ថ្លែង​ពី​ម្សិលមិញ​តាម​អ៊ីមែល​ថា អំណាច​ពលរដ្ឋ​ដែល​បាន​កើតឡើង​នៅ​ហ្វីលីពីន​កាលពី​ឆ្នាំ​ ១៩៨៦ បាន​ចូលរួម​ដល់​ការទម្លាក់​ជន​ផ្ដាច់ការ Ferdinand Marcos​។ ប៉ុន្តែ​ស្ថានភាព​របស់​ហ្វីលីពីន​ខុស​ពី​នៅ​កម្ពុជា​ត្រង់​ថា ហ្វីលីពីន​ ឆ្នាំ​ ១៩៨៦ មាន​ការបែកខ្ញែក​នៃ​ក្រុម​យោធា​ដែល​គាំទ្រ​លោក Marcos​។ ចំណែក​នៅ​កម្ពុជា​លោក​ថា​ លោក ហ៊ុន សែន ហាក់​ដូចជា​មាន​អំណាច​គ្របដណ្ដប់​លើ​ភាគច្រើន​នៃ​កងយោធពល​ខេមរភូមិន្ទ​។

លោក​បន្តថា​៖ «​បើ​លោក​ ហ៊ុន សែន ស្ដាប់​ជំហរ​របស់​លោក​ខាងលិច និង​ជប៉ុន​ក្នុង​ការប្រឆាំង​នឹង​ការប្រើប្រាស់​អំពើហិង្សា​ដោយ​រដ្ឋ​ទៅលើ​បាតុករ​នោះ ការប្រឆាំង​ពី​អន្តរជាតិ​អាច​បង្ខំ​មិន​ឲ្យ​លោក​ ហ៊ុន សែន ធ្វើ​អ្វី​ធ្ងន់ធ្ងរ​លើ​បាតុករ​នៅលើ​ដងផ្លូវ​»​។ លោក​យល់​ថា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទំនង​ជា​ពឹង​លើ​ទីក្រុង​ប៉េកាំង​ដើម្បី​ជួយ​លោក​ក្នុងការ​រក្សា​អំណាច «​ដោយ​មិន​ខ្វល់​ពី​ការរំលោភ​សិទ្ធិមនុស្ស​»​។

អ្នកវិភាគ​នយោបាយ​លោក ឡៅ ម៉ុងហៃ បាន​ថ្លែង​ថា​យោង​តាម​បដិវត្តន៍​កាលពី​អតីតកាល​នៅ​ទ្វីប​អាមេរិក បារាំង រុស្ស៊ី ចិន និង​វៀតណាម​ ក៏​ដូចជា​ប្រទេស​ផ្សេងទៀត បើ​លោក​ សម រង្ស៊ី យល់​ថា​ស្ថានភាព​នៅ​កម្ពុជា​ដូច​ប្រទេស​ទាំងនោះ​លោក សម រង្ស៊ី ប្រហែល​ជា​មាន​ហេតុផល​ក្នុង​ការអំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រើ​អំណាច​របស់​ពួកគេ​ដើម្បី​ផ្លាស់ប្ដូរ​៕