ភ្នំពេញៈ សហភាព​អឺរ៉ុប​អាច​នឹង​បញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា​មែន​ឬ​យ៉ាង​ណា ក្រោយ​ពី​មាន​ការ​រិះគន់​ថា​ប្រទេស​មួយ​នេះ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្សប្រឆាំង​ដ៏ធំ​នោះ​ ព្រោះ​បើ​តាម​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​នេះ អះអាង​ថា​សហភាព​អឺរ៉ុប​នឹង​ផ្តាច់​ទំនាក់ទំនង​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា​។

នៅ​លើ​បណ្តាញ​សង្គម​ដែល​បាន​បង្ហោះ​កាលពី​ថ្ងៃទី​ ៥ ខែ​មិថុនា​លោក​ សម រង្ស៊ី ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​បាន​ថ្លែង​ពី​សភា​អឺរ៉ុប​នៅ​ទីក្រុង​ប្រ៊ុចសែល​ប្រទេស​បែលហ្ស៊ិក​ទី​ដែល​លោក​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​សហភាព​អឺរ៉ុប​នៅ​ទី​នោះ​ថា​ថ្នាក់ដឹកនាំ​នៃ​សហភាព​អឺរ៉ុប​បាន​ប្រាប់​លោក​ថា របប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើឲ្យ​ដាច់​ទំនាក់ទំនង​កិច្ចព្រមព្រៀង​ជាមួយ​សហភាព​អឺរ៉ុប ដោយសារ​ថា​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឲ្យ​ចូលរួម​ការបោះឆ្នោត ហើយ​រៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ​។

ថ្លែង​ផ្ទាល់​ពី​សភាអឺរ៉ុប​តាមរយៈ​វីដេអូឃ្លីប​ជិត​​ ២ ​នាទី​លោក​ សម រង្ស៊ី អះអាង​ថា​៖​ «​នៅ​សភា​អឺរ៉ុប​នេះ ខ្ញុំ​ទើប​តែ​បាន​ជួប​ថ្នាក់ដឹកនាំ​នៃ​សហភាព​អឺរ៉ុប​ដែល​គេ​បាន​ប្រាប់​ខ្ញុំ​ថា របប​លោក​ ហ៊ុន សែន បាន​ធ្វើឲ្យ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​សហភាព​អឺរ៉ុប​ និង​ប្រទេស​កម្ពុជា​ត្រូវ​ផ្តាច់​។ ពីព្រោះ​កិច្ចព្រមព្រៀង​នេះ​តម្រូវ​ឲ្យ​ប្រទេស​កម្ពុជា​ដើរ​តាម​ផ្លូវ​ប្រជាធិបតេយ្យ​តែ​របប​លោក​ ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​មិន​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​ក្នុង​ការ​បោះឆ្នោត ហើយ​រៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ​លេងសើច​»​។

លោក​បន្ត​ថា​៖ «​គឺ​លោក​ ហ៊ុន សែន បាន​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដូច្នេះ​លោក​ ហ៊ុន សែន គាត់​ដាក់​ខ្លួន​គាត់​ក្រៅ​ច្បាប់​របប​គាត់​ក្រៅ​ច្បាប់​នៃ​សហភាព​អឺរ៉ុប​។ សហភាព​អឺរ៉ុប​មិន​អាច​បន្ត​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​បាន​ដូច​មុន​ទៀត​ទេ​។ កំហុស​គឺ​ដោយសារ​លោក​ ហ៊ុន សែន ប្រើ​អំណាច​ផ្តាច់ការ​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​»​។

ប៉ុន្តែ​លោក​ សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​មិន​ទាន់​ជឿ​ថា​សហភាព​អឺរ៉ុប​បញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា​នោះ​ទេ ហើយ​ថា​នេះ​គ្រាន់​តែ​ជា​ការកុហក​ពលរដ្ឋ​ពី​សំណាក់​លោក​ សម រង្ស៊ី​។ ទោះ​ជា​យ៉ាងណា​លោក​ថា​សហភាព​អឺរ៉ុប​នឹង​មាន​ការលំបាក​ក្នុង​ការ​ផ្តាច់​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា ដោយសារ​ថា​មាន​ប្រទេស​មួយ​ចំនួន​ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប​មិន​គាំទ្រ​ការសម្រេច​បែប​នេះ​។

លោក​ថ្លែង​ថា​៖ «​ទោះបី​មាន​មតិ​យ៉ាង​ណា​ដែល​ជា​ជំហរ​របស់​សហគមន៍​អឺរ៉ុប ខ្ញុំ​យល់​ថា​ជា​សិទ្ធិ​របស់​គាត់​ក្នុង​ការ​សម្តែង​មតិ​ដែល​ពាក់ព័ន្ធ​នឹង​សភាពការណ៍​នៅ​កម្ពុជា​។ ក៏ប៉ុន្តែ​ខ្លឹមសារ​នៃ​ការសម្តែង​មតិ​ដូច​ដែល​ទណ្ឌិត​ សម រង្ស៊ី និយាយ​នោះ​ខ្ញុំ​យល់​ថា មិន​ស្រប​តាម​សភាពការណ៍​ពិត​ជាក់ស្តែង​ដែល​កំពុង​កើត​មាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទេ​»​។

លោក​បន្ថែម​ថា​៖ «​ខ្ញុំ​យល់​ថា​អាហ្នឹង​ជា​សិទ្ធិ​របស់​សហគមន៍​អឺរ៉ុប ក៏​ប៉ុន្តែ​ខ្ញុំ​យល់​ថា​វា​មានការ​លំបាក​បន្តិច​ដោយសារ​ថា​សហគមន៍​អឺរ៉ុប​មាន​គោលការណ៍​កុងសង់ស៊ីស​។ ក្នុង​នេះ​យើង​ឃើញ​ថា​មាន​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​សហគមន៍​អឺរ៉ុប​ហ្នឹង​នៅ​តែ​មាន​ជំហរ​គាំទ្រ​ទង្វើ​ដ៏ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​»​។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង​លោក​ ហង្ស វិទូ ថ្លែង​ថា​លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ផ្លូវការ​ណា​មួយ​អំពី​ការ​ផ្តាច់​ទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​សហគមន៍​អឺរ៉ុប​នោះ​ទេ ប៉ុន្តែ​ថា​ប្រសិន​បើ​មាន​ការ​សម្រេច​បែប​ហ្នឹង​មែន គឺ​នឹង​មាន​បញ្ហា​ធ្ងន់ធ្ងរ​សម្រាប់​មុខមាត់​កម្ពុជា​ដូចជា​ការមិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត និង​ការដាក់​ទណ្ឌកម្ម​ក្រោយ​ការបោះឆ្នោត ព្រោះ​ថា​អឺរ៉ុប​បាន​ជួយ​កម្ពុជា​តាំងពី​ឆ្នាំ ​១៩៩៣ ​ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​។

លោក​ថា​៖ «​ព្រោះ​យើង​ដឹង​ហើយ​អឺរ៉ុប​តែ​គេ​ធ្វើការ​សម្រេច​ចិត្ត​ទៅ​លើ​រឿង​អី​មួយ​គេ​មិនមែន​សម្រេច​ចិត្ត​តែមួយ​ប្រទេស​ទេ​គេ​មាន​សហគមន៍​អឺរ៉ុប​គេ​ហ្នឹង​ធំ​។ អ៊ីចឹង​បើ​សិន​ជា​មាន​ការ​រើរុះ​មែន​អាហ្នឹង​ជា​រឿង​មួយ​ដែល​រដ្ឋាភិបាល​ត្រូវតែ​ព្យាយាម​ក្នុង​ការ​ដោះស្រាយ​បើ​មិន​អ៊ីចឹង​ទេ​វា​អាច​ប៉ះពាល់​ធំ​មែនទែន​»​។

សហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា ម្សិលមិញ​នៅ​មិន​ទាន់​មាន​ការបញ្ជាក់​យ៉ាង​ណា​នៅ​ឡើយ​ទេ​៕