ព្រះសីហនុៈ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​មកពី​គណបក្ស​ខ្មែរ​ក្រោក​ចាត់ទុក​តំបន់​មួយ​ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ជា​តំបន់​អបគមន៍ ក្រោយពី​ក្រុម​សន្តិសុខ​ឯកជន និង​មន្ត្រី​ដែលមាន​ឯកសណ្ឋាន​អនុរក្ស​នៃ​ក្រសួងបរិស្ថាន​បាន​រារាំង​​ដំណើរ​ចូល​ទៅក្នុង​តំបន់​នោះ​ដោយ​សង្ស័យ​ថា​មាន​ការបង្ខាំង​មនុស្ស​។

លោក សាប៊ុង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា កាលពី​ថ្ងៃ​សៅរ៍ លោក​បាន​ដឹកនាំ​ក្រុមការងារ ១ ​ក្រុម​ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ហើយ​ក៏មាន​លិខិត​បេសកកម្ម​ចេញ​ដោយ​រដ្ឋាភិបាល​ត្រឹមត្រូវ ដើម្បី​ចុះ​ទៅ​ដល់​ទីតាំង​កើតហេតុ​ ១ ​កន្លែង​ដែល​ពលរដ្ឋ​រាយការណ៍​មក​ថា អាជ្ញាធរ​បាន​ប្រើប្រាស់​ហិង្សា និង​បង្ខាំង​ពលរដ្ឋ​ចន្លោះ​ពី ៣០ ទៅ​ ៥០ ​នាក់​ស្ថិត​នៅ​ភូមិ​ស្មាច់ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

លោក សុវណ្ណវឌ្ឍនាសាប៊ុង ថ្លែងថា​៖ «​ហេតុការណ៍​ដែល​ពលរដ្ឋ​បាន​រាយការណ៍​មកនេះ ខ្ញុំ​មិនដឹង​ច្បាស់​ថា ពិត ឬ​មិន​ពិត​យ៉ាងណា​ទេ ដែលជា​ហេតុ​នាំឲ្យ​ខ្ញុំ​ត្រូវ​ចុះទៅ​ដល់​ទីតាំង​ដែល​ប្រជាពលរដ្ឋ​អះអាង​ដើម្បី​ឲ្យ​បានដឹង​ការពិត​»​។

លោក​បញ្ជាក់ថា ប៉ុន្តែ​មន្ត្រី​បរិស្ថាន​ថា ដី​ខាង​ក្នុង​នេះ​ជា​តំបន់​ឧទ្យាន​ជាតិ​រាម មិន​ឲ្យ​ចូល​ទេ គឺ​សន្តិសុខ​តំណាង​ក្រុមហ៊ុន​គេ​ថា​ដី​នេះ​ជា​ដី​របស់​ក្រុមហ៊ុន មិន​ឲ្យ​ចូល​ទេ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​និយាយថា ខ្ញុំ​មាន​លិខិត​បេសកកម្ម​ពី​ថ្នាក់ជាតិ ហេតុអ្វី​ខ្ញុំ​ចូល​មិន​បាន​? នេះ​ជា​ទង្វើ​បំពាន​ដោយ​ចេតនា​របស់​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ការព្យាយាម​បិទបាំង​ការពិត និង​បង្កើត​ចលនា​អបគមន៍​នៅទីនេះ​។ ខ្ញុំ​ផ្តោត​ជាងគេ​គឺ​រឿង​អបគមន៍ ព្រោះ​ថា​ក្នុង​ហ្នឹង​ធ្វើ​អី​ខ្លះ​? ផលិត​អី ធ្វើ​អ្វី ប្រព្រឹត្ត​បទល្មើស​អ្វី​? បាន​មិន​ឲ្យ​មន្ត្រី​ថ្នាក់ជាតិ​ចូល​»​។

លោក សុវណ្ណវឌ្ឍនាសាប៊ុង បាន​អះអាង​ថា​លោក​នឹង​រៀបចំ​ឯកសារ​ចំនួន​ ២ ​ច្បាប់​ដាក់​ជូន​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ពិនិត្យ​ជុំវិញ​ហេតុការណ៍​ទាំងនោះ​។

លោក ជួន វឿន តំណាង​ពលរដ្ឋ​ដែល​ត្រូវបាន​គេ​បង្ខាំង​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​កាលពី​ថ្ងៃទី​ ៣ មករា កន្លង​ទៅ​អាជ្ញាធរ​ក្នុង​តំបន់​នេះ​បាន​ប្រើប្រាស់​គ្រឿងចក្រ និង​កម្លាំង​ជាច្រើន​មក​វាយកម្ទេច​ផ្ទះ និង​ដំណាំ​របស់​ប្រជាពលរដ្ឋ​ចំនួន ១៣៤ គ្រួសារ​ក្នុង​ចេតនា​លុបបំបាត់​ភ័ស្តុតាង​ដែល​ប្រជាពលរដ្ឋ​បាន​កាន់កាប់​ដី​នេះ​ចន្លោះ​ពី ៥ ​ឆ្នាំ ទៅ​ ១០ ឆ្នាំ មកហើយ​។ ក្នុងនោះ​ពួកគេ​ក៏​បាន​ប្រើ​ហិង្សា និង​បង្ខាំង​បិទ​សិទ្ធិសេរីភាព​ពួកគេ​ដោយ​មិនអាច​ចេញ​ចូល និង​ធ្វើដំណើរ​បានឡើយ​។

លោក វឿន ថ្លែង​ថា​៖ «​អាជ្ញាធរ​វាយកម្ទេច​ផ្ទះ​របស់​ពួកយើង ហើយ​មិន​ឲ្យ​ពួកយើង​ចេញ​មិន​ឲ្យ​ពួកយើង​ចូល​ទៅ​អាស្រ័យផល​លើ​ទីតាំង​ដែលមាន​ដំណាំ​មាន​អី​នោះទេ​។ ប្រជាពលរដ្ឋ​យើង ខែ​នេះ​យើង​ត្រូវការ​បង្កបង្កើនផល ដំណាំ​របស់​យើង តែ​គេ​មិន​ឲ្យ​យើង​ចូលទៅ​ទេ​តាំងពី​ដើម​ខែ​មករា​មក​»​។

លោក ជួន វឿន បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃ​ម្សិលមិញ ក្រៅពី​បង្ខាំង​ពលរដ្ឋ​មិន​ឲ្យ​ចូល​ចេញ​ក្នុង​តំបន់​មាន​ជម្លោះ​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​ចំនួន ៣ ​នាក់​ត្រូវ​បាន​អាជ្ញាធរ​ឃាត់ខ្លួន​ផងដែរ ដែល​លោក​មិនដឹង​ថា ពួកគេ​មាន​សេរីភាព​ឬ​នៅ​ទេ​?

ក្រសួង​បរិស្ថាន​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ម្សិលមិញ​ដោយបាន​អះអាង​ថា ក្រសួង​តែង​បើកចំហ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ទាំងអស់​ដល់​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​។ ប៉ុន្តែ​កិច្ចសហការ​ត្រូវមាន​ការជូន​ដំណឹង និង​កំណត់​ពី​ពេលវេលា​ជាក់លាក់ ទើប​បាន​អាច​ចុះទៅ​បាន មិនមែន​ធ្វើ​ឡើង​ភ្លាមៗ ដូច្នេះ​នោះ​ទេ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹងថា​៖ «​ក្រសួងបរិស្ថាន ពិតជា​មាន​ការសោកស្តាយ​ចំពោះ​ទង្វើ​គ្មាន​ការទទួល​ខុសត្រូវ និង​ភាពមិន​យល់ដឹង​អំពី​របៀបរបប និង​នីតិវិធី​នៃ​ការបំពេញ​ការងារ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការងាររដ្ឋបាល​របស់​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​រូបនេះ​ដែល​បង្ហាញ​ពី​ចរិត​ក្រអឺតក្រទម និង​ប្រើប្រាស់​ពាក្យសម្តី​ប្រមាថ មួលបង្កាច់ ដោយ​គ្មាន​ភ័ស្តុតាង​ជាដើម​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​អះអាង​ផងដែរ​ថា ដី​នៅ​តំបន់​នោះ​ត្រូវបាន​ចុះបញ្ជី​រដ្ឋ​រួចហើយ​។ កាលពី​ឆ្នាំ ២០១៦ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​បង្កើត​ក្រុមការងារ​ចម្រុះ ចុះ​វាស់វែង និង​កំណត់​អត្តសញ្ញាណ​ក្បាលដី​របស់​ប្រជាពលរដ្ឋ​ដែល​បាននិង​កំពុង​ស្នាក់នៅ និង​អាស្រ័យផល​លើដី​ដែល​​ប៉ះពាល់​ក្នុង​តំបន់​វិនិយោគ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន អេវើ ហ្គ្រីន និង​ក្រុមហ៊ុន យុះ ចៀ​។

លោក ឃាង ភារម្យ អ្នក​នាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​ថ្លែង​ពី​ម្សិលមិញ​ដោយបាន​បដិសេធ​ការចោទប្រកាន់​លើ​ការបង្ខាំង​មនុស្ស​ខុសច្បាប់​នេះ​។ «​បើ​មាន​ការបង្ខាំង អាជ្ញាធរ​ខេត្ត​ធ្វើ​មុន​គាត់​ទៀត​»៕