
ប្រធានគណបក្សខ្មែរ ក្រោក លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ចុះជួបពលរដ្ឋមានបញ្ហាដីធ្លីនៅខេត្តកណ្ដាល កាលពីថ្ងៃទី ២៧ កក្កដា។ Willian Guang Page
ភ្នំពេញៈ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ និងជាប្រធានគណបក្សខ្មែរ ក្រោក លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង នឹងរៀបចំពាក្យបណ្ដឹងមួយដាក់ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពិនិត្យនិងដោះស្រាយជូនពលរដ្ឋ ចំនួន ២២៤ គ្រួសារ ខណៈពលរដ្ឋទាំងនេះបានអះអាងថា ជាអ្នកគ្រោះដោយសារការទិញដីឡូត៍ពីសំណាក់ក្រុមហ៊ុន ជេម ខេម ដែលជាក្រុមហ៊ុនរបស់ឈ្មោះ ប៊ុណ្ណ ច័ន្ទគ្រឹស្នា។
លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង បានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា ប្រជាពលរដ្ឋចំនួន២២៤គ្រួសារបានប្ដឹងមកលោក ដោយអះអាងថា បានទិញដីឡូត៍មួយកន្លែងស្ថិតក្នុងខេត្តកណ្ដាលពីក្រុមហ៊ុន ជេម ខេម ដែលការទិញដូរនោះ បានធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់ដីត្រឹមត្រូវទទួលស្គាល់ពីអាជ្ញាធរភូមិឃុំ និងប្រធានក្រុមហ៊ុនឈ្មោះ ប៊ុណ្ណ ច័ន្ទគ្រឹស្នា ប៉ុន្តែក្រោយមក ដីនោះបែរជាមានម្ចាស់ផ្សេងចូលទៅហ៊ុមព័ទ្ធរបង និងគ្រប់គ្រងទៅវិញ និងថែមទាំងអះអាងថា ជាអ្នកមានប្លង់រឹងថែមទៀតផង។
លោកថា៖ «ខ្ញុំនឹងដាក់សំណើទៅកាន់នាយករដ្ឋមន្ត្រីនៅសប្ដាហ៍ក្រោយដើម្បីពិនិត្យ ដោយសារខ្ញុំមិនអាចរៀបចំពាក្យបណ្ដឹងនេះរួចរាល់ដើម្បីដាក់ទៅកាន់នាយករដ្ឋមន្ត្រីក្នុងកិច្ចប្រជុំរបស់ឧត្តមក្រុមប្រឹក្សានៅថ្ងៃស្អែកនេះ (ថ្ងៃទី ៣០ ខែ កក្កដា) ប៉ុន្តែខ្ញុំក៏នឹងលើកឡើងអំពីរឿងនេះ ក្នុងកិច្ចប្រជុំនេះដែរ»។
បើតាមលោក សាប៊ុង បានឲ្យដឹងថាលោកមិនទាន់ចោទប្រកាន់ថា ពលរដ្ឋទាំងនោះ ត្រូវបានក្រុមហ៊ុនលក់ដីបោកប្រាស់ឬយ៉ាងណាឡើយ ដោយគ្រាន់តែដឹងថា មូលហេតុដែលពួកគាត់ហ៊ានសម្រេចចិត្តទៅទិញ ដោយសារសំអាងថា ប្លង់រួមដែលក្រុមហ៊ុនបានប្រកាសដាក់លក់ជាសាធារណៈគឺមានប្រថាប់ត្រាទទួលស្គាល់ពីអាជ្ញាធរភូមិឃុំ។
លោកថា៖ «ទិញហើយ ពួកគាត់រឹតតែទុកចិត្តទៅទៀត ព្រោះផ្ទេរសិទ្ធិអីត្រឹមត្រូវ ដោយអាជ្ញាធរភូមិឃុំទទួលស្គាល់ និងសុទ្ធតែមានបោះត្រាទាំងអស់ ដល់ពេលអ៊ីចឹង! មិនថាគេមិនថាយើងទេ គឺទិញហើយ ប៉ុន្តែយើងអត់ដឹងថាផ្ទៃក្នុងវាយ៉ាងម៉េច តើមានអ្នករំលោភដីក្រុមហ៊ុនហ្នឹងត ឬក៏ក្រុមហ៊ុនលក់ដីខ្យល់ ប៉ុន្តែសំខាន់ ដីហ្នឹងអ្នកដទៃទៅព័ទ្ធរបងហើយគេថាមានប្លង់រឹង ដល់អ៊ីចឹងដីគេមានប្លង់រឹង ហេតុអីអ្នកឯង (អាជ្ញាធរ) បោះត្រា ឱ្យប្រជាពលរដ្ឋទៅទិញពីក្រុមហ៊ុនទៅវិញ?»។
លោក សាប៊ុង បានអះអាងនៅពេលលោកបានចុះទៅទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះថា ការទិញដីឡូត៍នេះ គឺបានធ្វើឱ្យពលរដ្ឋត្រូវខាតបង់ប្រាក់អស់ជិត ១ លានដុល្លារ។
បើតាមប្រជាពលរដ្ឋគឺកាលពីឆ្នាំ ២០០៨ ក្រុមហ៊ុន ជេម ខេម បានប្រកាសលក់ដីឡូត៍ដែលមានទំហំជាង ២០០ ហិកតា ដែលមានទីតាំងស្ថិតក្នុងឃុំកណ្ដោកស្រុកកណ្ដាលស្ទឹង និងស្ថិតក្នុងឃុំរកាខ្ពស់ ស្រុកស្អាង និងបើតាមកិច្ចសន្យាលក់ផ្ដាច់ដីដែលមានបោះត្រា និងស៊ីញ៉េទទួលស្គាល់ពីអាជ្ញាធរភូមិឃុំ គឺបានបង្ហាញថា ដីឡូត៍ដែលមានទទឹង ៥ ម៉ែត្រ និងបណ្ដោយ ២០ ម៉ែត្រ ត្រូវបានលក់ក្នុងតម្លៃ ១ ៦០០ ដុល្លារសហរដ្ឋអាមេរិក។
ពលរដ្ឋរស់នៅភ្នំពេញម្នាក់សុំមិនបញ្ចេញឈ្មោះនិងអះអាងថាជាគ្រូបង្រៀនដែលបានទិញដីពីក្រុមហ៊ុន ជេម ខេម ចំនួន ៤ ឡូត៍ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ដែរថា រូបគាត់បានទិញដីនេះដោយបង់លុយផ្ដាច់កាលពីឆ្នាំ ២០០៨ ហើយមុនមានការទិញដីនោះ គឺមានការទៅមើលដីផ្ទាល់ដែរ។
ពលរដ្ឋដដែលនេះបន្តថា លុះមកដល់ឆ្នាំ ២០១០ នៅពេលរូបគាត់បានចុះទៅមើលដីនោះដូចរាល់ដង ប៉ុន្តែបែរជាមានអ្នកយាមដីចេញមកហាមឃាត់មិនឱ្យចូលទៅមើលដីនោះឡើយ ព្រោះអ្នកយាមនោះបានអះអាងថា ដីនេះគឺមានម្ចាស់ដែលមានប្លង់រឹងត្រឹមត្រូវ លុះពេលទៅសួរខាងអាជ្ញាធរភូមិឃុំ បែរអាជ្ញាធរទាំងនោះមិនបកស្រាយ និងបានជំរុញឱ្យពលរដ្ឋទៅស្វែងរកដំណោះស្រាយពីអភិបាលខេត្តទៅវិញ។
ពលរដ្ឋនេះថា៖ «យើងមិនមែនទិញខ្យល់អីទេ ព្រោះយើងមានឯកសារអីត្រឹមត្រូវ ព្រោះខ្ញុំទិញស្របច្បាប់មិនមែនទិញខុសច្បាប់ទេ ហើយណាមួយមានអាជ្ញាធរដឹងឮដែរ បានខ្ញុំព្រមទទួលយកដី។ ពួកខ្ញុំសុំឱ្យរដ្ឋាភិបាលជួយដោះស្រាយ ព្រោះអាជ្ញាធរភូមិឃុំហ្នឹងរុញឱ្យពួកខ្ញុំទៅលើ ព្រោះគាត់ថានិយាយរឿងអត់កើតតែម្តង ហើយរុញឱ្យទៅខេត្ត មិនបាច់ទៅត្រឹមស្រុកអីទេ»។
លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាលបានថ្លែងថា ប្រជាពលរដ្ឋទាំងនេះគឺជាជនរងគ្រោះដោយសារការទិញឡូត៍ពីក្រុមហ៊ុនរបស់ឈ្មោះ ប៊ុណ្ណ ច័ន្ទគ្រឹស្នា ព្រោះដំបូងឡើយ ក្រុមហ៊ុននេះ បានទៅទិញដីចំនួនជាង ២ រយហិកតា ពីម្ចាស់ដីដែលមានប្លង់ត្រឹមត្រូវ ដើម្បីយកទៅពុះឡូត៍លក់ ដោយបានបង់លុយថ្លៃកក់មុនចំនួនប្រហែល ២០ ម៉ឺនដុល្លារ ប៉ុន្តែភាគីម្ចាស់ដីបានអះអាងថា ទាល់តែក្រុមហ៊ុនបង់លុយគ្រប់ ទើបមានការកាត់ប្លង់ឱ្យ និងអាចយកដីនោះទៅពុះឡូត៍លក់បាន។ ប៉ុន្តែលោកបន្តថា ក្រោយមកនេះ ក្រុមហ៊ុននេះ បែរជាយកដីនោះទៅពុះឡូត៍ទាំងមិនទាន់បង់លុយគ្រប់ ហើយម្ចាស់ដីបានប្ដឹងមកសាលាខេត្ត ដោយខេត្តបានសម្រេចឱ្យក្រុមហ៊ុនត្រូវប្រគល់ដីទៅឱ្យម្ចាស់ដីដើមវិញ ហើយឱ្យម្ចាស់ដីប្រគល់លុយកក់នោះទៅវិញ។
លោកថា៖ «តាមពិតគេត្រូវស៊ីប្រាក់ហ្នឹងដាច់ទៀតតាមគោលការណ៍ ប៉ុន្តែខ្ញុំថា ឱ្យប្រាក់កក់ហ្នឹងទៅវិញទៅ ហើយប្រគល់ដីឱ្យគេវិញ ប៉ុន្តែក្រុមហ៊ុនហ្នឹងមិនទាន់បង់លុយគ្រប់ផង ទៅពុះឡូត៍លក់ ហើយអ្នកដែលទិញដីពី ច័ន្ធគ្រឹស្នា ពួកគាត់ជាអ្នករងគ្រោះ»។
លោកបានណែនាំឱ្យពលរដ្ឋដាក់ពាក្យប្ដឹងទៅតុលាការហើយ៕