ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក សាយ សំអាល់ បាន​អះអាង​ថា ការរៀបចំ​ទីក្រុង​ឱ្យ​មាន​និរន្តរភាព​គឺ​ត្រូវ​រៀបចំ​បរិស្ថាន​ឱ្យបាន​ល្អ​ដោយ​​ថ្លែងថា​ការសាងសង់​អគារ​ដែល​បង្ក​លម្អង​នៅក្នុង​កំហាប់​ខ្យល់​ក៏​ជា​ការបំពុល​បរិស្ថាន​ ១ ​ផង​ដែរ ថ្វីបើ​កន្លងមក​ក្រសួង​នេះ​ធ្លាប់​បាន​បញ្ជាក់ថា​​ប្រភព​នៃ​ការបំពុល​បរិស្ថាន​កើត​ពី​ចំហេះ​ ឬ​កត្តា​ផ្សេងទៀត​ក៏ដោយ​។

ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​រថយន្ត​ត្រួតពិនិត្យ​គុណភាព​ខ្យល់​នៅ​ចំណត​រថយន្ត​ខាងត្បូង អគារ​មរតក​តេជោ​ពី​ម្សិលមិញ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក សាយ សំអាល់ បាន​លើកឡើង​ថា​៖ «​ដើម្បី​ប្រែក្លាយ​​ទីក្រុង​ឱ្យទៅ​ជា​ទីក្រុង​ឆ្លាតវៃ​ប្រកប​ដោយ​និរន្តរភាព យើង​ត្រូវ​រៀបចំ​បរិស្ថាន​ធ្វើយ៉ាង​ណា​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ ហើយ​យើង​ចង់​ដឹងថា តើ​នៅ​ភ្នំពេញ​ទីណា​មាន​ខ្យល់​ល្អ ទីណា​មាន​​ខ្យល់​មិនល្អ ហេតុនេះ​ទើប​យើង​បំពាក់​សម្ភារ​ត្រួតពិនិត្យ​គុណភាព​ខ្យល់​»​។

លោក​បាន​បញ្ជាក់ថា​៖ «​រាជធានី​ភ្នំពេញ​ក៏ដូចជា​ក្រុងព្រះសីហនុ​អ៊ីចឹង​ដែរ ខេត្ត​ព្រះសីហនុ​ឥឡូវ​ថយ​ច្រើន​ហើយ​ពាក់ព័ន្ធ​នឹង​ការបំពុល​ខ្យល់ ប៉ុន្តែ​​កាលពីមុន​អគារ​ច្រើន​ឡើង​ធ្វើឱ្យ​មាន​ការបង្ក​លម្អង​នៅក្នុង​កំហាប់​ខ្យល់​ដល់​ពេល​សាងសង់​ហើយ​វា​បាន​ធូរស្បើយ​មួយចំនួន​ក្នុង​ការបំពុល​ខ្យល់​ដោយ​ការធ្វើ​អគារ​»​។

រថយន្ត​ត្រួតពិនិត្យ​គុណភាព​ខ្យល់​ដែល​ក្រសួង​បរិស្ថាន​សម្ពោធ​ដាក់​​ឱ្យ​ប្រើបាស់​នេះ​ត្រូវ​បាន​លោក សាយ សំអាល់ ផ្តល់​ឈ្មោះថា វិស្ណុ ត្រួតពិនិត្យ​គុណភាព​ខ្យល់​។ បើតាម​លោក សំអាល់ ការដាក់​ឈ្មោះ​បែបនេះ​ដោយ​​យល់ឃើញ​ថា វិស្ណុ​ជា​អ្នកការពារ អ្នក​ឆ្មាំ អ្នក​ចាំ​យាម ចំណែក​មន្ត្រី​បរិស្ថាន​ជា​អ្នក​ការពារ និង​ចាំ​យាម​ក្នុង​រឿង​បរិស្ថាន​។

លោក ជា ស៊ីណា អគ្គនាយក​នៃ​​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​បានឱ្យ​ដឹងថា រថយន្ត​ត្រួតពិនិត្យ​គុណភាព​ខ្យល់​ថ្មី​នេះ​ជា​រថយន្ត​ចល័ត​ដំបូង​បង្អស់​របស់​ក្រសួងបរិស្ថាន​ទទួល​បាន​មកពី​រាជរដ្ឋាភិបាល​។ វា​មាន​សមត្ថភាព​អាច​ត្រួតពិនិត្យ​ចំនួន​ ១៦ ​ប៉ារ៉ាម៉ែត្រ​ និង​អាច​ត្រួតពិនិត្យ​ភាគល្អិត​នៃ​ខ្យល់​ដែលមាន​វិជ្ឈមាត្រ​ ១ ​មីក្រូ​ម៉ែត្រ ហៅថា PM.1 អាចឱ្យ​ក្រសួង​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការតាមដាន​ពិនិត្យ​គុណភាព​ខ្យល់​នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​សម្រាប់​ប្រមូល​ទិន្នន័យ​គុណភាព​ខ្យល់​ផ្សព្វផ្សាយ​ជូន​ដល់​សាធារណជន​ឱ្យ​កាន់តែ​សុក្រឹត និង​ទាន់ពេល​។

បើ​តាម​លោក ស៊ីណា តាមរយៈ​កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​បរិស្ថាន​កម្ពុជា និង​ក្រសួង​អេកូឡូស៊ី និង​បរិស្ថាន​របស់​ចិន​នា​ចុងឆ្នាំ​ ២០២០ ​នេះ កម្ពុជា​នឹង​ទទួល​បាន​ជំនួយ​ជា​ស្ថានីយ​ត្រួតពិនិត្យ​គុណភាព​ខ្យល់​ចំនួន​ ១០ ​គ្រឿង និង Air Quality Monitoring Center ដើម្បីឱ្យ​ក្រសួង​អាច​តាមដាន​​ និង​ព្យាករ​គុណភាព​ខ្យល់​នៅ​កម្ពុជា​ប្រកប​ដោយ​សុក្រឹតភាព​។

មន្ត្រី​ក្រសួងបរិស្ថាន​រូបនេះ​បានឱ្យ​ដឹងថា នៅក្នុង​អំឡុង​ដើមឆ្នាំ​ ២០២០ បញ្ហា​គុណភាព​ខ្យល់​សាធារណៈ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ធ្វើការ​តាមដាន​ដោយ​យកចិត្ត​ទុកដាក់​ពិសេស​បញ្ហា​កំណើន​ភាគល្អិត​នៃ​ខ្យល់ វិជ្ឈមាត្រ​តូច​ជាង​ ២,៥ ​មីក្រូ​ម៉ែត្រ​ដែល​ហៅថា PM2.5 នៅក្នុង​បរិយាកាស​ខ្យល់​។

លោក ស៊ីណា ថ្លែងថា​៖ «​ឆ្លើយតប​ការព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​បាន​យកចិត្ត​ទុកដាក់ បង្កើន​ការតាមដាន​គុណភាព​ខ្យល់​សាធារណៈ និង​កំណត់​វិធានការ​ទប់ស្កាត់ និង​កាត់បន្ថយ​ការបំពុល​ខ្យល់​ជា​លទ្ធផល​មកទល់​ពេល​នេះ យើង​បាន​បំពាក់​ឧបករណ៍​តាមដាន​គុណភាព​ខ្យល់​ស្វ័យប្រវត្តិ​ចំនួន​ ៤៩ ​គ្រឿង រាជធានី​ភ្នំពេញ​ ១១ ​គ្រឿង និង​ខេត្ត​ចំនួន​ ២៨ ​គ្រឿង ហើយនឹង​ត្រូវ​បំពាក់​បន្ត​បន្ថែម​ចំនួន ១០ ​គ្រឿង​»​។

តាម​លទ្ធផល​នៃ​ការអង្កេត​តាមដាន​​គុណភាព​ខ្យល់​ពី​ស្ថានីយ​ត្រួតពិនិត្យ គុណភាព​ខ្យល់​ដែល​ក្រសួងបរិស្ថាន​បាន​ដំឡើង​នៅតាម​បណ្តា​រាជធានី​ខេត្ត​ទូទាំងប្រទេស​បង្ហាញថា ស្ថានភាព​គុណភាព​ខ្យល់​មានការ​ធ្លាក់ចុះ គួរឱ្យ​​បារម្ភ ជាពិសេស​កំហាប់​ប៉ារ៉ាម៉ែត្រ​ ភាគល្អិត​និចល PM10 និង PM2.5 មានការ​កើនឡើង​លើស​កំណត់​ស្តង់ដា ដែល​ជា​ហានិភ័យ​បង្ក​ការប៉ះពាល់​ចំពោះ​សុខភាព​ប្រជាពលរដ្ឋ​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួងបរិស្ថាន​ពីថ្ងៃ​ ១៧ មករា ឆ្នាំនេះ​បានបញ្ជាក់​ថា ប្រភព និង​សកម្មភាព​សំខាន់ៗ​ដែល​បង្កឱ្យ​មាន​កំហាប់​ភាគល្អិត​និចល PM10 និង PM2.5 មាន​ការកើនឡើង​មាន​ជាអាទិ៍ ការបញ្ចេញ​ផ្សែង​ពី​រោងចក្រ​ឧស្សាហកម្ម​ពី​យានយន្ត​ប្រើប្រាស់​ប្រេងម៉ាស៊ូត និង​ពី​ចំហេះ​ឥន្ធនៈ​ផ្សេងទៀត ភ្លើង​ឆេះព្រៃ ការដុត​រាន​ព្រៃ ការដុត​វាលស្មៅ ការដុត​គល់​ជញ្ជ្រាំង ការដុត​សំរាម ការដុត​សំណល់​រឹង​នៅតាម​ទីវាល និង​ទីលាន​ចាក់​សំណល់​ការដ្ឋាន​សំណង់​ជាដើម​៕