មណ្ឌលគិរី: រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក សាយ សំអាល់ បាន​ជំរុញ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ឲ្យ​ចូលរួម​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ឲ្យ​បាន​គង់វង្ស ដែល​អាច​ទាញ​យក​ផលប្រយោជន៍​ពី​ការលក់​ឥណទាន​កាបូន​នៅតាម​ដែនជម្រក​សត្វព្រៃ​មួយចំនួន ដើម្បី​យក​ថវិកា​មក​ទ្រទ្រង់​ដល់​ការការពារ អភិរក្ស និង​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាសហគមន៍​មូលដ្ឋាន​។

លោក សាយ សំអាល់ បាន​ថ្លែង​ក្នុង​អំឡុងពេល​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្តមណ្ឌលគិរី​ចុះ​ពិនិត្យ​លើ​ការងារ​ការពារ​ និង​អភិរក្ស​តំបន់​ដែនជម្រក​សត្វព្រៃ​កែវសីមា​នៅ​ថ្ងៃទី​ ២៧ និង​ ២៨ ខែមេសា​ថា​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​តែ​ចូលរួម​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ឲ្យ​បាន​គង់វង្ស ដើម្បី​អាច​ឲ្យ​កម្ពុជា​លក់​តួនាទី​ព្រៃឈើ​ដូចជា​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​កាបូន ហើយ​ថវិកា​ដែល​បាន​មកពី​ការលក់​ឥណទាន​កាបូន​ត្រូវ​យក​ទៅ​គាំពារ​លើ​ការងារ​អភិរក្ស និង​ការបង្កើត​សេដ្ឋកិច្ច​សម្រាប់​ប្រជាសហគមន៍​នៅ​តំបន់​ការពារ​ធម្មជាតិ​ទាំងនោះ​។

លោក​បន្តថា ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​គ្រប់គ្រង និង​អភិរក្ស​តំបន់​ការពារ​ធម្មជាតិ​បាន​ល្អ​ប្រសើរ​កម្ពុជា​បាន​លក់​ឥណទាន​កាបូន​នៅក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីមា​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង​ និង​ដែនជម្រក​សត្វព្រៃ​តាតៃ​ក្នុង​ក្របខ័ណ្ឌ​ទីផ្សារ​ស្ម័គ្រចិត្ត​ទៅ​ឲ្យ​ក្រុមហ៊ុន Disney របស់​សហរដ្ឋអាមេរិក​បាន​ថវិកា​សរុប​ប្រមាណ ១១,៦ លាន​ដុល្លារ ​ចាប់​តាំងពី​ឆ្នាំ​ ២០១៦ មក​សម្រាប់​ទ្រទ្រង់​ដល់​ការការពារ និង​អភិរក្ស​ក៏ដូចជា​ជួយ​លើកកម្ពស់​ជីវភាព​របស់​ប្រជាសហគមន៍​មូលដ្ឋាន​ដែល​ឆ្លើយតប​ទៅ​នឹង​គោលការណ៍​ហិរញ្ញប្បទាន​និរន្តរភាព​។

លោក​ សាយ សំអាល់ បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ទិសដៅ​ធ្វើយ៉ាងណា​ឲ្យ​សហគមន៍​មាន​ចំណូល​បន្ថែម និង​បង្កើត​ជម្រើស​ថ្មី​សម្រាប់​ការប្រកប​មុខរបរ​ចិញ្ចឹមជីវិត ដើម្បី​កាត់ផ្តាច់​ពី​ការពឹង​អាស្រ័យ​លើ​អនុផល​ព្រៃឈើ​ដែល​ជា​ទម្លាប់​ជា​យូរលង់​របស់​ពួកគាត់​នៅតាម​សហគមន៍​មូលដ្ឋាន​ដោយ​បង្កើត​មុខរបរ​ថ្មី​បម្រើ​ឲ្យ​វិស័យ​អេកូ​ទេសចរណ៍ ព្រមទាំង​ការបណ្តុះបណ្តាល​សហគមន៍​ឲ្យ​ចេះ​គ្រប់គ្រង​ និង​ការចិញ្ចឹមសត្វ​ផ្គត់ផ្គង់​ទីផ្សារ​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ខ្លួនឯង និង​សម្រាប់​បម្រើសេវា​កម្ម​ដល់​ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​តំបន់​សហគមន៍​ពួកគាត់​ផង​»​។

លោក​ ព្រហ្ម វិបុលរតនៈ ​នាយ​ដែនជម្រក​សត្វព្រៃ​កែវសីមា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​រដ្ឋមន្ត្រី សាយ សំអាល់ បាន​ផ្ដាំផ្ញើ និង​លើកទឹកចិត្ត​ដល់​មន្ត្រី​ទាំងអស់​ដែល​កំពុងកាន់​ការងារ​រៀងៗ​ខ្លួន​នៅ​តាម​ដែនជម្រក​សត្វព្រៃ​នីមួយៗ ប៉ុន្ដែ​លោក​មិន​បាន​និយាយ​អ្វី​ផ្សេង​ក្រៅពី​ការងារ​ជំរុញ​ឲ្យ​មន្ត្រី​ខិតខំ​បំពេញ​ការងារ​អភិរក្ស​ព្រៃឈើ​ឲ្យ​បាន​គង់វង្ស​។

លោក​បន្តថា លោក សំអាល់ ក៏ដូចជា​មន្ត្រី​ដទៃទៀត​បាន​សន្យា​ខិតខំ​ប្រឹងប្រែង​ធ្វើការងារ​ឲ្យ​បាន​ល្អ ជាពិសេស​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​ក្នុង​កិច្ចអភិរក្ស​ធនធានធម្មជាតិ​។ ចំពោះ​ការងារ​កន្លងមក​ធ្លាប់​មាន​ឧបសគ្គ​ខ្លះៗ​ជុំវិញ​ការដើរ​ល្បាត និង​ការបង្ក្រាប​បទល្មើស ព្រោះ​កម្លាំង​មន្ត្រី​មាន​ចំនួន​តិច​រីឯ​ជនល្មើស​មាន​គ្នាច្រើន និង​មាន​អាវុធ​ក្នុង​ដៃ​ដែល​ជា​ហេតុ​ធ្វើឲ្យ​មាន​ការពិបាក​ក្នុង​ការ​ចាប់ខ្លួន​ជនល្មើស​មក​ផ្ដន្ទាទោស​តាមច្បាប់​។

លោក​ថា​៖ «​ករណី​បទល្មើស​ព្រៃឈើ​មាន​តិចតួច​ដែរ តែ​យើង​ចុះ​បង្ក្រាប​ជា​ហូរហែ ហើយ​ការទន្ទ្រាន​យក​ដី​ក៏​មិនមាន​ដែរ​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា​នេះ ព្រោះ​យើង​ចុះ​ល្បាត​ជាប្រចាំ ប៉ុន្ដែ​ពលរដ្ឋ​ដែល​មាន​ដី​នៅ​ជាប់​ដែនជម្រក​សត្វព្រៃ​បាន​មក​សុំ​ធ្វើ​របង​ព្រំដី​គាត់ ហើយ​យើង​ក៏បាន​អនុញ្ញាត​ដែរ​។ រឿង​ទន្ទ្រាន​ដីព្រៃ​គឺ​គ្មានទេ យើង​ការពារ​បានល្អ​»​។

លោក ថុត សុខា សមាជិក​សហគមន៍​ការពារ​ព្រៃឈើ​នៃ​ដែនជម្រក​សត្វព្រៃ​កែវសីមា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិន​បានដឹង​ពី​ការ​ផ្ដាំផ្ញើ​របស់​លោក សាយ សំអាល់ ទៅកាន់​មន្ត្រី​ជំនាញ​ដែនជម្រក​សត្វព្រៃ​កែវសីមា​ទេ ប៉ុន្ដែ​គ្រាន់តែ​ដឹងថា​មន្ត្រី​គ្រប់គ្រង​តំបន់​នោះ​មិន​សូវ​ប្រឹងប្រែង​ធ្វើ​ការងារ​ប៉ុន្មាន​ទេ ដោយ​ពួកគាត់​ធ្លាប់​បាន​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ និង​ការកាប់​ទន្ទ្រាន​ដីព្រៃ​នៅក្នុង​តំបន់​នោះ​។

លោក​បន្តថា បទល្មើស​ព្រៃឈើ​នា​បច្ចុប្បន្ន​នេះ​មិនសូវ​មាន​ច្រើន​ដូច​កាលពី​មុន​ទេ​ប៉ុន្ដែ​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី កំពុង​កើត​មាន​នៅក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​កែវសីមា​។ ជាក់ស្ដែង​កាលពី​ប៉ុន្មាន​ថ្ងៃមុន​មាន​គ្រឿងចក្រ​មក​ឈូសឆាយ​ធ្វើ​ផ្លូវ​ឡើង​ចុះ​ភ្នំ និង​មាន​ដាំ​បង្គោលរបង​ព័ទ្ធ​យក​ដី​ថែមទៀត​។ «​ខ្ញុំ​គិតថា ថ្នាក់ដឹកនាំ​គួរតែ​ចុះមក​ពិនិត្យ​ស្ថានភាព​ផ្ទាល់ៗ​បែបនេះ​ដើម្បី​បាន​ដឹង​ពី​ស្ថានភាព​ទីតាំង​ភូមិសាស្ត្រ​ជាក់ស្ដែង​បាន​ស្គាល់​ការងារ និង​ចរិត​មន្ត្រី ហើយ​​កុំ​ស្ដាប់​តាមតែ​របាយការណ៍​នៅលើ​ក្រដាស​ពេក ខ្ញុំ​គាំទ្រ​ដែល​លោក​រដ្ឋមន្ត្រី​ចុះមក​ពិនិត្យ​បែបនេះ​»៕