មណ្ឌលគិរីៈ លោក សាយ សំអាល់ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ជំរុញ​ឲ្យ​ទាំងអស់គ្នា​ត្រូវ​ចូលរួម​ថែរក្សា​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​មាន​ព្រៃឈើ និង​សត្វព្រៃ​ឱ្យបាន​គង់វង្ស ដើម្បី​កម្ពុជា​អាច​លក់​តួនាទី​ព្រៃឈើ ដែល​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី និង​ភពផែនដី​តាមរយៈ​ការលក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​។

លោក សាយ សំអាល់ បាន​ថ្លែង​បែបនេះ​កាលពី​ថ្ងៃទី​ ២១ ខែមករា​​ នៅពេល​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​ដែល​ទទួលបាន​ថវិកា​អភិវឌ្ឍន៍​ភូមិ​ដំណាក់កាល​ទី ២ ​នៃ​គម្រោង​រ៉េដបូក​នៅ​ដែនជម្រក​សត្វព្រៃ​កែវសីមា​ស្ថិត​ក្នុង​ភូមិ​ពូជូ ឃុំ​សែនមនោរម្យ ស្រុក​អូររាំង និង​ប្រជាសហគមន៍ និង​មន្ត្រី​ឧទ្យានុរក្ស​នៃ​ដែនជម្រក​សត្វព្រៃ​ភ្នំព្រេច និង​ស្រែពក​នៅ​ភូមិសាស្ត្រ​ខេត្ត​មណ្ឌលគិរី​។

ក្នុងជំនួប​នេះ​លោក​រដ្ឋមន្ដ្រី​ក៏បាន​ថ្លែង​អំណរគុណ​ចំពោះ​ភាគី​ពាក់ព័ន្ធ​នានា អង្គការ​ដៃគូ​រួមមាន​អង្គការ WCS និង WWF នៅ​កម្ពុជា​រួម​នឹង​ប្រជាសហគមន៍ ដែល​បាន​ចូលរួម​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ ហើយ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការគ្រប់គ្រង និង​អភិរក្ស​តំបន់​ការពារ​ធម្មជាតិ​កន្លងមក​បាន​ល្អ​ប្រសើរ​ដែល​អនុញ្ញាត​ឱ្យ​កម្ពុជា​អាច​លក់​ឥណទាន​កាបូន និង​ប្រើប្រាស់​ដើម្បី​ការងារ​អភិរក្ស​ធនធាន​ធម្មជាតិ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​។

លោក​ សាយ សំអាល់ បញ្ជាក់ថា​៖ «​ដោយ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការគ្រប់គ្រង និង​អភិរក្ស​តំបន់​ការពារធម្មជាតិ​បាន​ល្អ​ប្រសើរ​កម្ពុជា​បាន​លក់​ឥណទាន​កាបូន​នៅក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីមា​ដែនជម្រក​សត្វព្រៃ​ក្រវាញ​ខាងត្បូង និង​ដែនជម្រក​សត្វព្រៃ​តាតៃ​ក្នុង​ក្របខ័ណ្ឌ​ទីផ្សារ​ស្ម័គ្រចិត្ត​ដោយ​ទទួល​បាន​ថវិកា​សរុប​ប្រមាណ ១១ លាន​ដុល្លារ ​សម្រាប់​ទ្រទ្រង់​ដល់​ការការពារ និង​អភិរក្ស​ក៏ដូចជា​ជួយ​លើក​កម្ពស់​ជីវភាព​របស់​ប្រជាសហគមន៍​មូលដ្ឋាន​ដែល​ឆ្លើយតប​ទៅនឹង​គោលការណ៍​ហិរញ្ញប្បទាន​និរន្តរភាព​»​។

លោក​បាន​ថ្លែងថា ក្រុមមន្ត្រី​ជំនាញ​កំពុង​សិក្សា​បន្ថែម ដើម្បី​លក់​កាបូន​ក្នុង​ដែនជម្រក​សត្វព្រៃ ព្រៃឡង់ (​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ស្ទឹងត្រែង​) ​ផង​ដែរ ខណៈ​បច្ចុប្បន្ន​មាន​តែ​ប្រទេស​កម្ពុជា និង​ប្រទេស​ឥណ្ឌូនេស៊ី​ប៉ុណ្ណោះ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ដែល​បាន​លក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​។

ក្រសួង​បរិស្ថាន​ឱ្យដឹងថា​តាម​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​បាន​លើកទឹកចិត្ត​ដល់​ប្រទេស​សម្បូរ​ព្រៃឈើ​ត្រូវខិតខំ​ការពារ​ព្រៃឈើ​ឱ្យ​បាន​ល្អប្រសើរ​ដើម្បី​ទទួល​បាន​ថវិកា​ក្នុង​ទម្រង់​ជា​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​ (Voluntary Carbon Market) និង​ការទូទាត់​ផ្អែក​តាម​លទ្ធផល​ (Result-Based Payment)​។ ប្រទេស​ កម្ពុជា​ មាន​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​ដ៏​សម្បូរបែប​។ ព្រៃឈើ​គ្របដណ្តប់​ប្រមាណ​ ៥០ ​ភាគរយ​ នៃ​ផ្ទៃ​ប្រទេស​ កម្ពុជា​ ដែល​នេះ​ជា​អត្រា​ខ្ពស់បំផុត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ មកទល់​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​បាន​បង្កើន​ផ្ទៃដី​តំបន់​ការពារ​ធម្មជាតិ ដែល​ស្ថិត​នៅ​ក្រោម​យុត្តាធិការ​របស់​ក្រសួងបរិស្ថាន​រហូតដល់​ប្រមាណ​ ៤១ ​ភាគរយ​នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា​គឺ​ស្មើនឹង​ប្រមាណ​ ៧,២ លាន​ហិកតា​។

លោក​ សំអាល់ ​បញ្ជាក់​ថា​៖ «​ព្រៃឈើ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការធានា​ការផ្គត់ផ្គង់​ទឹក និង​ថាមពល​កាត់បន្ថយ​ផលប៉ះពាល់​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ និង​រួមចំណែក​ដល់​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ ទេសចរណ៍​ធម្មជាតិ និង​គម្រោង​ទូទាត់​សម្រាប់​សេវាកម្ម​អេកូឡូស៊ី​ក៏​អាច​ផ្តល់នូវ​ឱកាស​សម្រាប់​អភិវឌ្ឍ​សកម្មភាព​សេដ្ឋកិច្ច​នានា​ដោយ​ជាមួយ​គ្នា​នោះ​ជួយ​គាំទ្រ​ដល់​ការងារ​អភិរក្ស​ផងដែរ​។ រហូតមក​ទល់​នឹង​ឆ្នាំ​ ២០១៩ នេះ សហគមន៍​ការពារ​ធម្មជាតិ​ទាំងអស់​ដែល​ស្ថិត​នៅ​តំបន់​អភិរក្ស​ក្រសួងបរិស្ថាន​មាន​ចំនួន​ប្រមាណ ១៦៨ ​សហគមន៍​»​។

លោក​ សំអាល់ ថ្លែងថា រាជរដ្ឋាភិបាល​មាន​ទិសដៅ​ធ្វើ​យ៉ាងណា​ឱ្យ​សហគមន៍​មាន​ចំណូល​បន្ថែម និង​បង្កើត​ជម្រើស​ថ្មី​សម្រាប់​ការប្រកបមុខរបរ​ចិញ្ចឹមជីវិត ដើម្បី​កាត់ផ្តាច់​ពី​ការពឹងអាស្រ័យ​លើ​អនុផល​ព្រៃឈើ​ដែល​ជា​ទម្លាប់​មាន​ពី​យូរលង់​ណាស់​មកហើយ​របស់​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​មូលដ្ឋាន ដោយ​បង្កើត​មុខរបរ​ថ្មី បម្រើ​ឱ្យ​វិស័យ​អេកូទេសចរណ៍​ព្រមទាំង​ការបណ្តុះបណ្តាល​សហគមន៍​ឱ្យ​ចេះ​គ្រប់គ្រង និង​ការចិញ្ចឹម​សត្វ​ផ្គត់ផ្គង់​ទីផ្សារ ការដាំ​ដំណាំ​រួមផ្សំ​ផ្សេង​ទៀត​មាន​បន្លែបង្ការ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ខ្លួនឯង​ផង និង​សម្រាប់​បម្រើ​សេវាកម្ម​ដល់​ភ្ញៀវទេសចរ​ដែល​ទៅ​ទស្សនា​កម្សាន្ត​នៅក្នុង​តំបន់​សហគមន៍​របស់​ពលរដ្ឋ​ផងដែរ​។

លោក សំអាល់ បាន​ប្រាប់​ដល់​តំណាង​សហគមន៍​នានា​ថា ក្រសួង​បរិស្ថាន​មាន​មូលនិធិ​បរិស្ថាន និង​សង្គម​ដើម្បី​ផ្តល់​ការគាំទ្រ​លើ​ការងារ​អភិវឌ្ឍន៍​សហគមន៍​ដែល​ពួក​សហគមន៍​អាច​ដាក់​ពាក្យ​ស្នើសុំ​ដើម្បី​យក​ទៅ​ប្រើប្រាស់​សម្រាប់​ការពារ​សហគមន៍​ផងដែរ​។ លោក​បង្ហាញ​ក្តី​សង្ឃឹមថា តាមរយៈ​គោលនយោបាយ​ដ៏ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​ប្រជាសហគមន៍​នឹងមាន​ជីវភាព​រីកចម្រើន​នាពេល​អនាគត​។

ជាមួយ​គ្នា​នេះ​ក្រសួងបរិស្ថាន​នឹង​រៀបចំ​កម្មវិធី​បោះតង់​បរិស្ថាន និង​បំបួស​ដើមឈើ​នៅក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់​ពី​ថ្ងៃ​ទី​ ១៤-១៥ ខែ​​ កុម្ភៈ ឆ្នាំ ២០២០ ដោយ​គ្រោង​នឹង​មាន​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន ប្រជាសហគមន៍ និង​យុវជន​យុវនារី​នៃ​ក្រសួងបរិស្ថាន​សរុប​ប្រមាណ​ ៥០០ នាក់​ ដើម្បី​បង្កើន​សេចក្តីស្រឡាញ់ និង​ការចូលរួម​ការពារ​អភិរក្ស​ធនធាន​ធម្មជាតិ​ជា​ជីវចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី ជាពិសេស​នៅ​តំបន់​ព្រៃឡង់​។ នេះ​បើតាម​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​។

លោក ភក្ត្រា ថ្លែង​ពី​ម្សិលមិញ​ថា​៖ «​ក្រសួង​បរិស្ថាន​សូម​អញ្ជើញ​ដៃគូ​អភិវឌ្ឍន៍​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​សហគមន៍​មូលដ្ឋាន​នានា​ចូលរួម​ក្នុង​កម្មវិធី​នេះ​ទាំងអស់​គ្នា ដើម្បី​រួម​​សាមគ្គី​គ្នា​ក្នុង​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ ព្រៃឈើ សត្វព្រៃ​ដែល​ប្រទេស​កម្ពុជា​យើង​មាន​ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​»​។

លោក សេង ទៀក នាយក​អង្គការ WWF កម្ពុជា​ថ្លែងថា​៖ «​សហគមន៍​អាចបង្កើត​ និង​អនុវត្ត​ផែនការ​សម្រាប់​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​នៅក្នុង​សហគមន៍​របស់​ពួកគេ ហើយ​ពួកគេ​ក៏​អាច​ប្រមូល និង​កែច្នៃ​ផលអនុផល​ព្រៃឈើ (NTFPs) ​ប្រកប​ដោយ​និរន្តរភាព​ក៏ដូចជា​ផ្តួចផ្តើម​គំនិត​ក្នុង​ការបង្កើត​គម្រោង​អេកូ​ទេសចរណ៍ សត្វព្រៃ ដូចជា​ការផ្តល់សេវាកម្ម​បដិសណ្ឋារកិច្ច បែប​ផ្ទះ​ស្នាក់​សហគមន៍​ការផ្តល់​សេវាកម្ម​ជូន​ភ្ញៀវទេសចរ​មើល​សត្វព្រៃ​ក្នុង​តំបន់​ព្រៃ​សហគមន៍ ដើម្បី​ទទួល​បាន​ប្រាក់ចំណូល​ក្នុង​ការផ្គត់ផ្គង់​ជីវភាព​រស់នៅ​ឱ្យ​ប្រសើរឡើង​»​។

លោក វិល ប៊ុនធា ប្រធាន​បណ្តាញ​សហគមន៍​អភិរក្ស​ធនធាន​ធម្មជាតិ​ថ្នាក់​តំបន់​ភាគ​ខាងកើត​ទន្លេមេគង្គ​លើកឡើង​ថា ពលរដ្ឋ​ក្នុង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ក្នុង​គម្រោង​លើកកម្ពស់​ការចិញ្ចឹម​ជីវិត​បានទទួល​នូវ​ការអប់រំ​ស្តីពី​បរិស្ថាន​ការបណ្តុះបណ្តាល​ជំនាញ​អនុវត្ត​បច្ចេកទេស​កសិកម្ម​ប្រកប​ដោយ​និរន្តរភាព ជំរុញ​ការផលិត​ស្រូវ ម្រេច បន្លែ​ផ្សេងៗ​ឲ្យ​មាន​ផលិតភាព​ខ្ពស់​។

លោក​ថា​៖ «​សមាជិក​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​នីមួយៗ ក៏​រួមចំណែក​ក្នុង​ការដើរល្បាត​ព្រៃ​ជាប្រចាំ ដោយ​សហការ​ជាមួយ​ក្រុម​ការងារ​អនុវត្ត​ច្បាប់​របស់​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន​នៃ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​ដក​អន្ទាក់​ចេញពី​ព្រៃ​ក្នុង​តំបន់​ការពារ​»៕