ភ្នំពេញៈ ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​ ៤ ​ឧសភា​កាល​ម្សិលមិញ​ដែល​ចុះហត្ថលេខា​ដោយ​លោក សាយ ឈុំ ប្រមុខរដ្ឋស្ដីទី​បាន​ត្រាស់បង្គាប់​បញ្ចប់​មុខតំណែង​លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ពី​សមាជិក​ឧត្តមក្រុមប្រឹក្សា និង​​ពិគ្រោះ​យោបល់​ដែលមាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​តាម​ការស្នើសុំ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បាន​ថ្លែងថា លោក​មិន​បានដឹង​អំពី​មូលហេតុ​ដែល​លោក ហ៊ុន សែន បាន​ស្នើឱ្យ​ដកតំណែង​លោក​ពី​សមាជិក​ឧត្តមក្រុមប្រឹក្សា និង​ពិគ្រោះយោបល់​នេះ​ទេ ហើយ​មាន​តែ​លោក ហ៊ុន សែន ប៉ុណ្ណោះ​ដែល​អាច​ប្រាប់​ពី​មូលហេតុ​នេះ​បាន​។

លោក វឌ្ឍនាសាប៊ុង បាន​បន្តថា ការដកតំណែង​នេះ​គឺ​កើតឡើង​បន្ទាប់ពី​លោក​ចុះ​ទៅ​សិក្សា​ស្រាវជ្រាវ​អំពី​វិវាទ​ដីធ្លី​មួយកន្លែង​នៅ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ ហើយ​បាន​កើតមាន​បញ្ហា​ប្រទាំង​ប្រទើស​ជាមួយ​មន្ត្រី​នៅ​ខេត្ត​នោះ​។

លោក​ថា​៖ «​នេះ​គឺជា​សិទ្ធិ​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី គាត់​ឃើញ​ថា ខ្ញុំ​អត់​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​នាម​ជា​សមាជិក​ឧត្តមក្រុមប្រឹក្សា និង​ពិគ្រោះ​យោបល់ ហើយ​គាត់​ជា​អ្នក​ស្នើឱ្យ​តែងតាំង​ខ្ញុំ អ៊ីចឹង​គាត់​ឃើញ​យ៉ាង​ម៉េច អាហ្នឹង​គាត់​ក៏​អាច​ស្នើឱ្យ​បញ្ចប់​មុខតំណែង​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​បាន​ធ្វើ​ការងារ​តាមតែ​តួនាទី​ និង​ភារកិច្ច​របស់ខ្ញុំ​»​។

កាលពី​ថ្ងៃ​ម្សិលមិញ ភ្នំពេញ​ប៉ុស្ដិ៍​មិនអាច​សុំ​ការបញ្ជាក់​បន្ថែម​ពី​លោក ផៃ ស៊ីផាន បាន​ទេ​។

កាលពី​ថ្ងៃអាទិត្យ​លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បាន​ចាត់ទុក​តំបន់​មួយ​ក្នុងស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​ថា តំបន់​អបគមន៍ បន្ទាប់ពី​លោក​បាន​បញ្ជាក់​ថា មាន​មន្ត្រី​បរិស្ថាន និង​សន្ដិសុខ​ឯកជន​បាន​រារាំង​លោក​មិនឱ្យ​ចុះទៅ​ដល់​ទីតាំង​ផ្ទាល់​ដែល​មាន​សេចក្ដីរាយការណ៍​បាន​អះអាង​ថា មាន​ការបង្ខាំង​ពលរដ្ឋ​។

ប៉ុន្តែ​មន្ត្រីខេត្ត​ព្រះសីហនុ​បាន​បដិសេធថា គ្មាន​ករណី​បង្ខាំង​មនុស្ស​ឡើយ ចំណែក​​ក្រសួង​បរិស្ថាន​បានចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ចាត់ទុក​សកម្មភាព​របស់​លោក វឌ្ឍនាសារប៊ុង ថា​មិន​យល់​អំពី​របៀបរបប និង​នីធិវិធី​ធ្វើ​ការងារ ហើយ​បាន​បង្ហាញ​ពី​ចរិត​ក្រអឺតក្រទម​ និង​ពាក្យសម្ដី​ប្រមាថ​ដោយ​គ្មាន​ភ័ស្ដុតាង​។

លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧត្តមក្រុមប្រឹក្សា និង​ពិគ្រោះ​យោបល់​បាន​ថ្លែង​ថា លោក​មិនមាន​យោបល់​ចំពោះ​ការដក​តំណែង​របស់​លោក វឌ្ឍនាសាប៊ុង ឡើយ​ដោយសារ​តែ​ការដកតំណែង​នេះ គឺជា​ឆន្ទានុសិទ្ធិ​របស់​នាយករដ្ឋមន្ត្រី​មាន​ឆន្ទានុសិទ្ធិ​ដកតំណែង ដែល​អាច​យល់​ថា មាន​សមាជិក​ឧត្តមក្រុមប្រឹក្សា និង​ពិគ្រោះ​យោបល់​បាន​ប្រព្រឹត្ត​កំហុស​ ឬ​អសីលធម៌​។

លោក ស្រស់ បន្តថា ការដកតំណែង​នេះ​មិនមែន​ជា​សារ​ព្រមាន​ទៅដល់​សមាជិក​ទេ​៕