
លោក សុខ ទូច (បង់កក្រមា) ពេលចុះបង្ក្រាបការកាប់ឈើថ្មីៗនេះ។ រូប Sok Touch page
ព្រះវិហារៈ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាលោក សុខ ទូច បានដឹកនាំមន្ត្រីចុះបង្រាបបទល្មើសព្រៃឈើក្នុងតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបក្នុងស្រុកឆែបខេត្ត ព្រះវិហារ ដោយបានឃាត់ខ្លួនជនល្មើស ២ នាក់ និងប្រទះឃើញពលរដ្ឋ ៥ គ្រួសារ ព្រមទាំងរឹបអូសឈើបាន ៣ ម៉ែត្រគុប និងរថយន្តច្នៃ ១ គ្រឿង ខណៈឈើដែលគេកាប់មានច្រើន ។
លោក សុខ ទូច ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ការចុះបង្ក្រាបនេះមានការលំបាកដោយសារធ្វើនៅពេលយប់ថ្ងៃទី ១៣ វិច្ឆិកា ព្រោះបើចុះពេលថ្ងៃគឺមិនអាចឃាត់ខ្លួន ឬចាប់អ្នកកាប់ដើមឈើបានទេ ព្រោះមានអ្នកផ្ដល់ព័ត៌មានឱ្យពួកគេពេលដឹងថាលោកចេញទៅទីនោះ។ ករណីនេះបើលោកមិនចុះទៅទេ វានឹងអស់ព្រៃ ព្រោះឈើដែលនៅសល់មានទទឹង ១ ឱប ឬ ២ ឱប ឬ ៣ ឱបនៅមិនច្រើនទេ ។
យ៉ាងណាក្ដីលោក សុខ ទូច បានសម្តែងក្ដីបារម្ភពីសុវត្ថិភាព និងគ្រោះថ្នាក់នៅពេលចុះទៅបង្ក្រាបបទល្មើសព្រៃឈើម្តងៗ ព្រោះលោកគិតថា ជាការងារដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ ខណៈការកាប់ឈើនេះមានលក្ខណៈជាប្រព័ន្ធ ។
លោកថ្លែងថា៖ «ខ្ញុំក៏មានការបារម្ភពីបញ្ហាគ្រោះថ្នាក់ផងដែរចំពោះការចុះបង្ក្រាបនេះ ព្រោះពេលខ្ញុំចុះទៅគឺចាប់ ហើយធ្វើឱ្យបាត់បង់ផលប្រយោជន៍របស់ពួកគេ ប៉ុន្តែបើយើងមិនធ្វើ កូនខ្មែរថ្ងៃក្រោយ ប្រហែលលែងបានឃើញដើមឈើទៀតខណៈឈើដែលមានទំហំធំ ហើយព្រៃក្រាស់បែបនេះមានតែនៅក្នុងឧទ្យានឫស្សីត្រឹបទេ»។
លោកន្ថែមថា ដើម្បីកុំឱ្យពលរដ្ឋក្នុងមូលដ្ឋានបំផ្លាញព្រៃ បរបាញ់សត្វ ឬធ្វើអាជីវកម្មព្រៃឈើរាជបណ្ឌិត្យសភាកម្ពុជាបានបង្កើតការងារជូនពួកគាត់ឱ្យបានចំណូល ២៥ ០០០ រៀល ក្នុង ១ ថ្ងៃ តាមរយៈមើលថែសត្វពពែ និងគោដើម្បីគាបយកទឹកដោះ ខណៈពីមុនមានចំណូលត្រឹម ៨ ០០០ រៀល ក្នុង ១ ថ្ងៃ។
បើតាមលោក សុខ ទូច ក្នុង ១ យប់មានការកាប់ឈើធ្នង់ពី ៥០០ ដើម ឬ ១ ០០០ ដើម ហើយដើមផ្ចិក និងខ្លុងជាដើមមានទំហំចាប់ពី ២ ឱបឡើង ក៏មានការកាប់ដែរ ខណៈអ្នកការពារមានតែ ៣ នាក់ ហើយបើលោកមិនចុះទៅផ្ទាល់ទេ ពួកគេក៏មិនហ៊ានដែរ ព្រោះអ្នកស្រុកមានសុទ្ធតែកាំភ្លើងកែច្នៃ។
លោកបញ្ជាក់ថា៖ «សម្រាប់ឈើដែលត្រូវបានកាប់មានច្រើនដើម ប៉ុន្តែសម្រាប់ជនល្មើស និងឈើដែលបង្ក្រាបបានលើកនេះមាន ២-៣ ម៉ែត្រគុប ហើយកាលពីថ្ងៃមុនមានប្រមាណ ១០ ម៉ែត្រគុប ត្រូវបានប្រគល់ទៅឱ្យអាជ្ញាធរពាក់ព័ន្ធ (មេព្រៃ) យកទៅរក្សាទុក។ ចំណែកពលរដ្ឋ ៥ គ្រួសារដែលសង្ស័យ គឺមិនទាន់ទៅណាទេ...ក្នុងនាមលោកជាអ្នកស្រាវជ្រាវគឺមិនអាចធ្វើអ្វីបានទេ មានតែសមត្ថកិច្ចពាក់ព័ន្ធដែលធើ្វកិច្ចការនេះ»។
បើតាមលោក សុខ ទូច ក្រោយពីចាប់ឈើ និងរថយន្តដែលជនល្មើសប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសព្រៃឈើនៅយប់ថ្ងៃទី ១៣ ខែវិច្ឆិកា លោកក៏បានប្រគល់ទាំងជនល្មើសរថយន្ត និងឈើជាវត្ថុតាងជូនរដ្ឋបាលព្រៃឈើដើម្បីចាត់វិធានការតាមផ្លូវច្បាប់នៅថ្ងៃទី ១៤ ខែវិច្ឆិកា កន្លងមកនេះ។
លោក ជា សម្បត្តិ អនុប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបបានឲ្យដឹងដែរថា លោក បណ្ឌិត សុខ ទូច តែងដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសព្រៃឈើនៅទីនោះច្រើនលើកមកហើយដោយចាប់បានជនល្មើស និងវត្ថុតាងបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់។
លោកបន្តថា ជាក់ស្ដែងថ្មីៗនេះឃាត់ខ្លួនជនល្មើសបាន ២ នាក់ និងរថយន្តកាមរីកែច្នៃ ១ គ្រឿង និងឈើសរុបទាំងលើកនេះ និងលើកមុនប្រមាណជាង ១០ ម៉ែត្រគុបជាប្រភេទផ្ចិក។
ជាមួយគ្នានេះក៏បានប្រទះឃើញផ្ទះពលរដ្ឋ ៥ គ្រួសារ មានលាក់ទុកឈើបានមកពីឧទ្យាននេះក្នុងចំណោម ៣១ គ្រួសារ ដែលកំពុងរស់នៅទីនោះ ។
លោកបន្ថែមថា កន្លងមករាជបណ្ឌិត្យសភាកម្ពុជាធ្លាប់បានចុះណែនាំពលរដ្ឋកុំឱ្យកាប់ឈើ ប៉ុន្តែគាត់នៅប្រព្រឹត្តដដែល ហើយបច្ចុប្បន្នអាជ្ញាធរបានរកទីតាំងថ្មីសម្រាប់ពួកគាត់ ប៉ុន្តែមានមួយចំនួន មិនចង់ផ្លាស់ប្តូរទេ ។
លោក សុខ សាន្តតារា អភិបាលស្រុកឆែបបានឱ្យដឹងពីម្សិលមិញថា កន្លងមកនេះរដ្ឋបាលស្រុកតែងចុះធ្វើវេទិកាពន្យល់ពលរដ្ឋកុំឱ្យកាប់ឈើទាំងក្នុងដែនឧទ្យាន និងក្រៅតំបន់នេះ ប៉ុន្តែនៅតែមានបទល្មើសកើតឡើង។
លោកបន្តថា ចំពោះការផ្លាស់ប្តូរពលរដ្ឋប្រមាណ ៣១ គ្រួសារ ពីតំបន់ឧទ្យាននេះគឺអាជ្ញាធរបានរៀបចំទីតាំងថ្មីរួចរាល់អស់ហើយដើម្បីកុំឱ្យមានការកាប់ឈើបន្តទៀត ។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារឱ្យដឹងថា លោកក៏បានទទួលរបាយការណ៍ពីករណីកាប់ឈើនៅក្នុងឧទ្យានជាតិឫស្សីត្រឹបនេះ ដែរ ប៉ុន្តែលោកមិនបានអត្ថាធិប្បាយលម្អិតទេ។
លោកបន្តថា៖ «នៅពេលដែលមានបទល្មើសព្រៃឈើ ហើយឃាត់បានចំពោះអ្នកប្រព្រឹត្ត សមត្ថកិច្ចនឹងធ្វើទៅតាមនីតិវិធីច្បាប់ដោយផាកពិន័យជាប្រាក់តាមទំហំឈើដែលចាប់បាន ឬផ្តន្ទាទោសទៅតាមច្បាប់ដែលមានចែង»។
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹបត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត ០៤១៤/៤៣៦ ចុះថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៤ ដែលមានផ្ទៃក្រឡា ១១ ៤៣៥ ហិកតា ស្ថិតក្នុងឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ៕