ខេត្តព្រះវិហារៈ រាជបណ្ឌិត្យ​សភា​កម្ពុជា​នឹង​អភិរក្ស និង​​អភិវឌ្ឍ ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា តេជោសែន​ឫស្សីត្រឹប​ទៅ​ជា​ឧទ្យាន​ទេសចរណ៍​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ជា​កន្លែង​ផលិតផល​ដ៏ធំ​មួយ​នៅ​ប្រទេស​កម្ពុជា​។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ​ថា​៖ «​យើង​ចង់​ធ្វើ​ឧទ្យាន​នេះ​ទៅ​ជា​ឧទ្យាន​គំរូ​មួយ​នៅលើ​វិស័យ​​ចំនួន ៥ គឺជា​ទីកន្លែង​ទេសចរណ៍​វប្បធម៌​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ ២. ជា​ទីកន្លែង​អភិរក្ស​ព្រៃឈើ​បរិស្ថាន​ធម្មជាតិ ៣. ជា​កន្លែង​ជម្រក​សត្វ​គ្រប់​ប្រភេទ ៤. ជា​កន្លែង​ផលិត​ផលិតផល​មួយ​នៅ​កម្ពុជា និង ៥. ជា​កន្លែង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជូន​ប្រជាជន ពិសេស​គឺ​ប្រជាជន​ដែល​រស់នៅ​ក្នុង​ស្រុក​ឆែប ខេត្ត​ព្រះវិហារ​»​។

យោង​តាម​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ឲ្យ​ដឹងថា ឧទ្យាន​រាជបណ្ឌិត្យ​សភា កម្ពុជា តេជោសែន​ឫស្សីត្រឹប ត្រូវ​បាន​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​កាលពី​ខែមេសា ឆ្នាំ​ ២០១៤ មាន​ផ្ទៃដី​ចំនួន ១១ ៤៣៥ គីឡូម៉ែត្រ​ការ៉េ​មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​ឆែប​ ១ និង​ឃុំ​ឆែប​ ២ ស្រុក​ឆែប ខេត្តព្រះវិហារ​។ ឧទ្យាន​នេះ​មាន​តំបន់​ជីវចម្រុះ និង​មាន​សក្តានុពល​ជាច្រើន រួមមាន ធនធាន​ព្រៃឈើ សត្វព្រៃ កេរដំណែល​ប្រវត្តិសាស្ត្រ បុរាណវត្ថុ និង​ជាតិ​ពិន្ធុ ដែល​អាច​បម្រើ​ឱ្យ​មុខងារ​ក្នុង​វិស័យ​បរិស្ថាន ព្រៃឈើ វប្បធម៌​ប្រវត្តិសាស្ត្រ និង​ទេសចរណ៍​ច្រើនយ៉ាង​។

លោក ទូច ថ្លែង​ថា​៖ «​ប្រសិនបើ​យើង​កាប់បំផ្លាញ​ព្រៃឈើ​ពេល​នេះ យើង​ទទួល​បាន​ផលប្រយោជន៍​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​បើ​យើង​ចូលរួម​រក្សា​គម្រប​ព្រៃឈើ​ធម្មជាតិ យើង​នឹង​ទទួល​ផលប្រយោជន៍​យូរអង្វែង​រហូត​ដល់​កូនចៅ​បន្តវេន​ថែម​ទៀត​»៕