ភ្នំពេញ: ដោយសារ​តែ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​បាន​ធ្វើឲ្យ​ខេត្តកំពង់ធំ​កំពុង​ខ្វះ​កម្លាំង​ពលកម្ម​ជាង​ ១ ​ម៉ឺន​នាក់ ខណៈ​ដែល​មាន​ក្រុមហ៊ុន​ចំនួន ២៧ (​ក្រុមហ៊ុន​បរទេស​ ៧) បាននិង​កំពុង​ធ្វើការ​វិនិយោគ​ដាំដុះ​លើ​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​លើ​ផ្ទៃ​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ ១១ ​ម៉ឺន​ហិកតា​។ នេះ​បើតាម​អភិបាលខេត្ត​កំពង់ធំ​លោក សុខ លូ​។

លោក​ សុខ លូ បាន​ថ្លែង​បែបនេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ស្ដីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋបាល​ខេត្តកំពង់ធំ​កាលពី​ព្រឹក​ម្សិលមិញ​ថា ដំណាំ​ស្រូវ​ខេត្តកំពង់ធំ​មាន​ផ្ទៃដី​ដាំដុះ​ស្រូវ​សរុប​ជាង​ ២៩ ​ម៉ឺន​ហិកតា​ ក្នុង​នោះ​ស្រូវប្រាំង​សរុប​ចំនួន ៦ ម៉ឺន​ហិកតា​ ដែល​មាន​បរិមាណផល​សរុប​ចំនួន​ជាង ៨៦ ម៉ឺន​តោន​ដែល​ទិន្នផល​ជា​មធ្យម ៣ ​តោន​ក្នុង​ ១ ​ហិកតា​។ ជារួម​តុល្យភាព​ស្បៀង​ប្រចាំឆ្នាំ ២០១៩ ក្រោយ​កាត់​ទុក ១៣ ​ភាគរយ​សម្រាប់​ធ្វើ​ពូជ ចំណី​សត្វ និង​សម្រាប់​តម្រូវ​ការហូបចុក​ក្នុង​ខេត្ត​នៅសល់​ស្រូវ​ចំនួន ៥៨ ​ម៉ឺនតោន​គិត​ជា​អង្ករ​ស្មើនឹង ៣៧ ម៉ឺន​តោន​។

លោក​បញ្ជាក់ថា​៖ «​យើង​មាន​ការងារ​ជាច្រើន​ដែល​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ២៧ ក្រុមហ៊ុន​ (​ក្រុមហ៊ុន​បរទេស​ ៧) អ៊ីចឹង​មាន​តម្រូវការ​កម្លាំង​ពលកម្ម​បន្ថែម​ (​ទូទៅ​) ​ចំនួន​ជាង ១ ​ម៉ឺន​នាក់​។ ការផ្ដល់​សម្បទាន​សេដ្ឋកិច្ច​នេះ​បាន​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ខេត្ត​កំពង់ធំ​ទាំងមូល ប៉ុន្ដែ​ថ្មីៗ​នេះ​យើង​មិនមាន​ផ្ដល់​ដី​ជូនទៅ​ក្រុមហ៊ុន​បន្ថែមទៀត​ទេ​គឺ​រាជរដ្ឋាភិបាល​បាន​បិទ​ហើយ​»​។

លោក សុខ លូ បាន​បន្ថែម​ថា​៖ «​ដីសម្បទាន​ទាំងអស់​នៅ​ខេត្ត​កំពង់ធំ​មិន​មាន​ទុក​ទំនេរ​ចោល​ទេ ដោយ​បាន​ដាំ​កៅស៊ូ​រាប់ម៉ឺន​ហិកតា​។ បើ​យើង​គិត​គឺ​គ្រាន់តែ​កម្លាំង​ពលកម្ម​ធ្វើការ​តែ​នៅក្នុង​ចម្ការកៅស៊ូ គឺ​យើង​ខ្វះ​កម្លាំង​ចំនួន​ជាង​ ៦ ​ពាន់​នាក់ ហើយ​ឥឡូវ​នេះ​យើង​កំពុងតែ​ខ្វះ​កម្លាំង​ពលកម្ម ហើយ​បើ​មាន​រោងចក្រ​ត្រូវបង្កើត​ឡើង​ថ្មីៗ​ទៀត​គឺ​យើង​ខ្វះ​កម្លាំង​ពលកម្ម​កាន់តែ​ច្រើន​ថែមទៀត​»​។

លោក ប៉ែន វណ្ណរិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំ​ក៏បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​នេះដែរ​ថា នៅក្នុង​ខេត្ត​កំពង់ធំ​មាន​ផ្ទៃដី​ដាំដុះ​ដំណាំ​កៅស៊ូ​សរុប​ចំនួន​ជាង​ ៧០ ​ម៉ឺន​ហិកតា​ (​កៅស៊ូ​ក្រុមហ៊ុន​ចំនួន ៦១ ​ម៉ឺន​ហិកតា និង​កៅស៊ូ​គ្រួសារ ៩ ​ម៉ឺន​ហិកតា​)​។ ក្នុងនោះ​ផ្ទៃដី​កំពុង​ចៀរជ័រ​សរុប​ចំនួន ៤៥ ​ម៉ឺន​ហិកតា​ (​ក្រុមហ៊ុន ៤០ ​ម៉ឺន​ហិកតា និង​គ្រួសារ ៥ ​ម៉ឺន​ហិកតា​) ដោយ​ស្រូប​យក​កម្លាំង​ពលកម្ម​សរុប​ជិត ៦ ​ពាន់​នាក់​។

លោក​បន្តថា ជាមួយ​គ្នា​នេះ​ខេត្ត​កំពង់ធំ​មាន​រោងចក្រ​កែច្នៃ​ជ័រកៅស៊ូ​ចំនួន ៤ ​កន្លែង ខណៈ​គ្រោង​បង្កើត​ឲ្យ​មាន​រោងចក្រ​កែច្នៃ​ជ័រកៅស៊ូ​ចំនួន ៧ កន្លែង​ផ្សេងទៀត​។ លោក​បាន​បន្តថា វិស័យ​កសិកម្ម​នៅក្នុង​ខេត្ត​កំពង់ធំ​បាន​ដំណើរការ​ល្អប្រសើរ​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ ប៉ុន្ដែ​ក៏មាន​ឧបសគ្គ​ខ្លះ​ជុំវិញ​ការបង្ក​បង្កើន​ផល​ពោល​គឺ​នៅ​ខ្វះ​ប្រព័ន្ធ​ធារាសាស្ត្រ​ស្រោចស្រព​ដំណាំ​របស់​កសិករ​។ លើសពីនេះ​មិន​សូវ​មាន​ទីផ្សារ​សម្រាប់​លក់​ផលិតផល​កសិកម្ម​ដែល​ពលរដ្ឋ​ខិតខំ​ផលិត​។

លោក​បញ្ជាក់ថា​៖ «​នៅ​ខេត្តកំពង់ធំ​យើង​នេះ​គឺ​មាន​សក្ដានុពល​ខ្លាំង​ផ្នែក​វិស័យ​កសិកម្ម អ៊ីចឹង​បើ​មាន​ក្រុមហ៊ុន​មក​វិនិយោគ​បន្ថែមទៀត​គឺ​កាន់តែ​ល្អ ដោយសារ​មាន​ដំណាំ​ជាច្រើន​ដែល​កសិករ​កំពុង​ដាំ​ដូចជា ស្វាយចន្ទី កៅស៊ូ ពោត សណ្ដែក ដំឡូងមី ស្វាយ និង​ដំណាំ​ផ្សេងៗ​ជាច្រើន​ប្រភេទ​ទៀត​។ ម្យ៉ាងទៀត ខេត្តកំពង់ធំ ជា​ខេត្ត​ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​ប្រទេស​កម្ពុជា​ដែល​ងាយស្រួល​ក្នុង​ការដឹកជញ្ជូន​ទៅ​កាន់​ខេត្ត​ផ្សេងៗ​បាន​យ៉ាង​ឆាប់រហ័ស​»​។

លោក ប៉ែន វណ្ណរិទ្ធ បន្ថែម​ថា​នៅ​ខេត្តកំពង់ធំ​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ចំនួន ២៦១ (​បាន​ស្តារ ជួសជុល កែលម្អ​) ក្នុង​នោះ​ទើប​សាងសង់​ថ្មី​ចំនួន ៦៧ ​កន្លែង ដែល​អាច​ស្រោចស្រព​លើ​ផ្ទៃដី​កសិកម្ម​ស្រូវវស្សា​ជាង​ ១៣ ម៉ឺន​ហិកតា ស្មើនឹង ៦២ ​ភាគរយ ស្រូវប្រាំង​ជាង ២ ​ម៉ឺន​ហិកតា ស្មើនឹង​ ៦៣ ​ភាគរយ​។ ប្រភព​ទឹក​សំខាន់ៗ​រួមមាន ស្ទឹងសែន ហូរ​កាត់​ខេត្ត​កំពង់ធំ​ប្រវែង ២៦៥ គីឡូម៉ែត្រ ស្ទឹងស្ទោង​ប្រវែង​ ១៥៣ គីឡូម៉ែត្រ ស្ទឹង​តាំងក្រសាំង​ប្រវែង​ ១០៣ ​គីឡូម៉ែត្រ និង​ស្ទឹង​ជីនិត​ប្រវែង​ ២៩៣ ​គីឡូម៉ែត្រ​៕