ភ្នំពេញៈ អ្នក​នាំ​ពាក្យ​គណ​បក្ស​កាន់​អំណាច ​គឺ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ​លោក​ សុខ​ ឥសាន​ បា​ន​ថ្លែង​ថា​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន​ ​សែន​ ​នឹង​មិន​ចរចា​ជាមួយ​លោក​ សម​ រង្ស៊ី​​ ប្រធាន​ស្ដីទី​គណ​បក្ស​ប្រឆាំង​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្រៅ​ប្រ​ទេស​នោះ​​ទេ​ ព្រោះ​លោក​ សម​ រង្ស៊ី​ មិន​មាន​ឋានៈ​អ្វី​ដែល​មក​ចង់​ចរចា​ជា​មួយ​គណ​បក្ស​ប្រជា​ជន​ទេ ​ហើយ​ក៏មិន​មាន​អ្នក​ណា​ទទួល​ស្គាល់​ថា​លោក​ជា​ប្រធាន​ ​ឬ​មិន​ជា​ប្រធាន​គណបក្ស​ដែល​ត្រូវ​រំលាយ​ទៅ​ហើយ។​

លោក​ ​ឥសាន​ ​ថ្លែង​ថា​ ​លោក ​ស​ម​ រង្ស៊ី​ មាន​របៀប​នយោ​បាយ​កម្រិត​ខ្ពស់​ «​គឺ​ចាញ់​ដល់​សន្លប់​ហើយ​លើក​ដៃ​សុំ​ចរចា​»។​ លោក​បន្ត​ថា​៖​ ​«​សម្តេច​ ហ៊ុន​ សែន​ មិន​ហ៊ាន​ជួប​ចរចា​​ តាម​ការ​ពិត​សម្តេច​តេជោ​ខ្ពើម​ជួ​ប​ ​ហើយ​គ្មាន​អី​ត្រូវ​ជួប​អា​មនុស្ស​ក្រៅ​សង្គម​បែប​នេះ»។​

លោក​ សម​ រង្ស៊ី​ មិន​អាច​សុំ​ការអត្ថាធិ​ប្បាយ​បាន​ទេ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ។​ ប៉ុន្តែ​កាល​ពី​ថ្ងៃ​សៅរ៍​លោក​បាន​បង្ហោះ​វីដេ​អូ​ឃ្លីប​ដែល​ជា​បទ​សម្ភាស​របស់​លោក​ជា​មួយ​វិទ្យុ​អាស៊ី​សេរី។ ក្នុង​បទ​សម្ភាស​នោះ ​លោក​ ​សម​ រង្ស៊ី​ ត្រូវ​បាន​សួរ​អំពី​ការ​​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​ ហើយ​ថា​ តើ​នឹង​មាន​ការ​ចរចា​ជា​មួយ​បក្ស​កាន់​អំណាច​ដែរ​ឬ​ទេ?​ ឬ​មួយ​មាន​តែ​​ការ​​ធ្វើ​បាតុ​កម្ម​ប្រឆាំង​នឹង​បក្ស​កាន់​អំណាច?។​

​លោ​ក​ រង្ស៊ី ​ថ្លែង​ថា៖​ ​«​យើង​ត្រៀម​ខ្លួន​ យើង​ចង់​រក​ដំណោះ​ស្រាយ​សន្តិវិ​ធី​ ហើយ​យើង​ប្រើ​តែ​មធ្យោ​បាយ​អហិង្សា។​ ​តែ​យើង​មិន​អាច​នៅ​ស្ងៀម​ទាល់​តែ​គេ​ព្រម​ចរចា​ជា​មួយ​យើង ​ឥឡូវ​នេះ​គេ​អត់​ចរចា​ជាមួយ​យើង ​គេ​រំលាយ​យើង​​គេ​ចាប់​ពួក​យើង​ដាក់​គុក គេ​អត់​មាន​ចង់​ចរចា​ទេ​ គេ​មាន​តែ​ចង់​ធ្វើ​បាប​យើង​ថែម​ទៀត។ ​ដូច្នេះ​យើង​ត្រូវ​រក​ផ្លូវ​អី រក​វិធាន​ការ​ដើម្បី​ជំរុញ​ដោះ​ស្រាយ​ដោយ​សន្តិ​វិធី​ ទាល់​តែ​យើង​មាន​កម្លាំង​របស់​យើង​ខ្លាំង​ក្លា ឲ្យ​គេ​យក​ចិត្ត​ទុក​ដាក់ ឲ្យ​គេ​ព្រួយ​បារម្ភ​ខ្លះ​ទៅ​បាន​គេ​ចរចា​ជាមួយ​យើង»។​ ​

​លោក​ ​គិន​ ភា​ ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ថ្លែង​ថា​ តាម​យុទ្ធ​សាស្ត្រ​សង្គ្រាម​ ឬ​នយោ​បាយ​ ការ​ចរចា​កើត​ឡើង​លុះ​ត្រា​តែ​ភាគី​ទាំង​សង​ខាង​មាន​កម្លាំង​ស្មើគ្នា។​ ​

​លោក​​ថ្លែង​ថា​៖​ ​«​តើ​លោក ​សម​ រង្ស៊ី​ មាន​អំណាច​អី​ទៅ​ចរចាជា​មួយ​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ គឺ​គាត់​អត់​មាន។​ ​ដូច្នេះ​គ្មាន​លទ្ធ​ភាព​អី​ដែល​ចរចា​ទេ ​គាត់​មក​ក្នុង​នាម​ទណ្ឌិត​ តែ​មក​គឺ​គេ​ចាប់​ដាក់​គុក​ហើយ។​ ​អ៊ី​ចឹង​ការ​ចរចា​ណា​មួយ​ប្រហែល​អត់​មាន​ទេ»។​

លោក​បន្ត​ថា​៖​ ​«​បើ​គាត់​មាន​ឆន្ទៈ​ចរចា​ គាត់​មិន​ត្រូវ​ដើរ​ផ្លោង​ពាក្យ​សម្ដី​ សុទ្ធ​តែ​មក​ចាប់​ ហ៊ុន សែន​ ​មក​ផ្ដួល​រំលំ​ហ៊ុន ​សែន​ អំពាវ​នាវ​ឲ្យ​កង​ប្រដាប់​អាវុធ​ងាក​មក​ប្រឆាំង ​ហ៊ុន​ សែន​។​ អ៊ី​ចឹង​មាន​ន័យ​ថា​ គាត់​គ្មាន​គំនិត​ចរចា​ទេ​ គាត់​គ្រាន់​តែ​និយាយ​ដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍​ពី​មហា​ជន​ ​ឬ​ចង់​បង្ហាញ​ថា​គាត់​ជាអ្នក​សន្តិ​ភាព​ អ្នក​សន្តិ​វិធី ​តែ​តាម​ពិត​គាត់​ជា​មនុស្ស​ហិង្សា​ដោយ​ពាក្យ​សម្ដី​ ​បើ​ហិង្សា​ដោយ​ពាក្យ​សម្ដី​ ​គ្មាន​ការ​អង្គុយ​ចរចា​គ្នា​ទេ»​។​

​​លោក ​មាស​ ​នី ​អ្នក​វិភាគ​នយោ​បាយ​ថ្លែង​ថា​ ក្នុង​ស្ថាន​ភាព​បច្ចុ​ប្បន្ន​ដែល​បក្ស​ប្រឆាំង​ CNRP មិន​មាន​ឥទ្ធិ​ពល​នោះ ​មិន​មាន​ការ​ចរចា​ទេ​ព្រោះ​គណបក្ស​កាន់​អំណា​ច​ត្រូវ​ការ​ពេល​វេលា​រង់ចាំ​មើល​អតីត​បក្ស​ប្រឆាំង​សិន។​​​

​លោក​ថ្លែង​ថា​៖​ ​«រឿង​ចរចា​នោះ​ វា​អាច​មាន​នៅ​ខាង​មុខ​ឬ​មិន​មាន​ ខ្ញុំ​មិន​ទាន់​អាច​ទស្សន៍ទាយ​ទេ​ តែ​កាលៈ​ទេសៈ​​បច្ចុប្បន្ន​មិន​ទាន់​ទៅ​រួច​ទេ​ ព្រោះ​ក្នុង​ពេល​នេះ​ គណ​បក្ស​កាន់​អំណាច​ហាក់​មិន​ច្បាស់​លាស់​ខ្លួន​ឯង​នៅ​ឡើយ​ថា​តើ​ គណ​បក្ស​ប្រឆាំង​វា​ស្រុត​ទ្រុឌ​ទ្រោម​ដល់​ប៉ុនណា ហើយ​អាច​ឲ្យ​វិល​មក​វិញ​បាន​ទេ។ ​ហើយ​បើ​វិល​មក​វិញ ​ហើយ​ការ​បោះ​ឆ្នោត​មិន​អាច​ឈ្នះ ​នោះ​ទើប​អាច​ប្រថុយ​បាន។​ រឿង​សំខាន់​គឺ​ថា ការ​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​វិល​មក​វិញ មាន​ន័យ​ថា​ជា​ការ​ធ្វើ​អត្ត​ឃាត​ខ្លួន​ឯង​របស់​គណបក្ស​កាន់​អំណាច»។ ​​​

លោក​បញ្ជាក់​ថា​ រឿង​ដែល​សំខាន់​នា​ពេល​នេះ​គឺ​ពល​រដ្ឋ​រង់​ចាំ​មើល​ថា ​តើ​គណ​បក្ស​មួយ​​ណា​ដែល​គិត​រឿង​ជាតិ​ពិតប្រាកដ​ ​នោះ​គឺ​ការ​ព្យាយាម​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​បាត់​បង់ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កម្មករ​កម្មការិនី​ប្រមាណ ៨០ ម៉ឺន​នាក់។

លោក​ថ្លែង​ថា​៖​​ «​បើ​គណ​បក្ស​ណា​មួយ​មិន​ខ្វល់​រឿង​ការ​ព្យួរ​ EBA​ បាន​ន័យ​ថា​គណ​បក្ស​នោះ​មិន​បាន​គិត​ពី​រឿង​ជាតិ​ទេ ​គិត​តែ​ពី​ប្រយោជន៍​បក្ស​របស់​ខ្លួន​ឯង។ ​អ៊ីចឹង​ខ្ញុំ​គិត​ថា​ ពល​រដ្ឋ​ខ្មែរ​​កំ​ពុង​រង់​ចាំ​មើល​ជំហរ​របស់​គណបក្ស​នយោបាយ​នា​ពេល​នេះ»៕​