ភ្នំពេញៈ លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​អត្ថាធិប្បាយ​រិះគន់​ដល់​ក្រុម​អ្នក​វាយតម្លៃ​បញ្ហា​សិទ្ធិ​មនុស្ស​ថា​មាន​ស្តង់ដារ​ ២ បើ​ប្រៀបធៀប​ពី​ការបង្ក្រាប​ទៅ​លើ​ក្រុម​បាតុកម្ម​អាវកាក់​ពណ៌​លឿង​នៅក្នុង​ប្រទេស​បារាំង និង​ការបង្ក្រាប​លើ​ក្រុម​បាតុកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​កន្លង​មក​។

តាមរយៈ​ការសរសេរ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម​របស់ លោក​ សុខ ឥសាន ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ផង​ដែរ​នោះ​បាន​អះអាង​ថា នៅ​លើ​ពិភពលោក​នៅ​ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ ដើម្បី​ធានា​សណ្តាប់ធ្នាប់ របៀបរៀបរយ​សង្គម ជាពិសេស​ដើម្បី​ការពារ​រដ្ឋអំណាច​ដឹកនាំ និង​គ្រប់គ្រង​ប្រទេស គេ​មិន​អាច​បណ្តែតបណ្តោយ​ឲ្យ​មាន​អំពើ​បាតុកម្ម ឬ កុបកម្ម អនាធិបតេយ្យ ធ្វើឲ្យ​បាត់​សណ្តាប់ធ្នាប់​សាធារណ:​បាន​ជា​ដាច់ខាត​គឺ​ចាំបាច់​ត្រូវ​តែ​មាន​វិធានការ​ទប់ស្កាត់ បើ​មិន​ព្រម​ស្តាប់​ត្រូវតែ​ចាត់​វិធានការ​បង្ក្រាប​ដោយ​ខាន​មិន​បាន​។

លោក​ថ្លែង​ថា​៖ «​បញ្ហា​នេះ​ជា​រឿង​ធម្មតា​នៅ​គ្រប់​ប្រទេស​នៅលើ​ពិភពលោក​។ ប៉ុន្តែ​វា​ជា​រឿង​ចម្លែក​ណាស់​រឿង​កើតឡើង​ដូច​គ្នា តែ​ការវាយតម្លៃ​សន្និដ្ឋាន​មិន​ដូចគ្នា​ទេ អាស្រ័យ​លើ​អ្នក​វាយតម្លៃ ចង់​ថា​ឆ្វេង ឬ​ស្តាំ​ស្រេច​លើ​អ្នក​ថា ជាពិសេស​លើ​របស់​ដែល​ហៅថា​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ដែល​តាំងខ្លួន​ជា​អាទិទេព​ចាំ​ដាក់​ពិន្ទុ​ឲ្យ​គេឯង​»​។

ការប្រៀបធៀប​របស់​លោក​ សុខ ឥសាន ទោះបី​ជា​លោក​មិន​បាន​បញ្ចេញ​ឲ្យ​ចំឈ្មោះ​ប្រទេស​ តែ​សំដៅ​ដល់​ការបង្ក្រាប​ទៅ​លើ​បាតុករ​អាវ​កាក់​លឿង នៅក្នុង​ប្រទេស​បារាំង​ដែល​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​គម្រោង​ដំឡើង​ពន្ធ​លើ​ប្រេង​ឥន្ធនៈ ព្រម​ទាំង​ពន្ធអាករ​ផ្សេងៗ​ទៀត​ពី​សំណាក់​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង​។

យោងតាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន BBC ឲ្យ​ដឹងថា យ៉ាងហោច​ណាស់​មាន​បាតុករ​បារាំង​ចំនួន​ ១២៦ បាន​រងរបួស ខណៈ​បាតុករ​ជាង​ ១ ​ពាន់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ក្នុង​បាតុកម្ម​ដែល​ឈាន​ដល់​អំពើ​ហិង្សា​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នៅ​ប្រទេស​បារាំង​។ ក្រុម​អ្នត​តវ៉ា​ប្រមាណ​ ១២៥ ០០០ នាក់​បាន​ធ្វើការ​ប្រមូល​ផ្តុំ​តវ៉ា​នៅ​ទូទាំង​ប្រទេស​បារាំង និង​ប្រហែល​ ១ ​ម៉ឺន​នាក់​ក្នុង​ទីក្រុង​ប៉ារីស​។

លោក សុខ ឥសាន សរសេរ​ថា​៖ «​ឥឡូវ​ប្រទេស​ដែល​ហៅថា​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន​នៅ​អឺរ៉ុប​មួយ​កំពុង​តែ​ចាត់​វិធានការ​បង្ក្រាប​យ៉ាង​ចាស់ដៃ​លើ​ហ្វូង​បាតុករ​អាវកាក់​លឿង​មាន​ទាំង​ស្លាប់ របួស ចាប់​ខ្លួន​រាប់​ពាន់​នាក់ ប្រើ​ឧស្ម័ន​ពុល​បាញ់​ទឹក​និង ឧបករណ៍​បង្ក្រាប​ជាច្រើន​ទៀត​ដូចជា​មិន​ឮ​ពួក​សិទ្ធិមនុស្ស ជា​នរក ជា​ប្រេត ស្រែក​ ១ ​ម៉ាត់​នៅ​ឡើយ​ទេ​»​។

លោក​សង្កត់​ធ្ងន់​ថា​៖ «​ប៉ុន្តែ​បើ​នៅ​កម្ពុជា​វិញ​ពួកវា​ពូកែ​មើល​ឃើញ​ណាស់ ហើយ​និយាយ​ដាក់​កំហុស​មក​លើ​រាជរដ្ឋាភិបាល​ភ្លាម​ដោយ​មិន​បង្អង់ ថ្កោលទោស​ថា​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​រំលោភ​លើ​បាតុករ​ស្លូតត្រង់​អហិង្សា​។ នេះ​ជា​លក្ខណ:​ស្តង់ដារ​ ២ ​របស់​ពួក​អ្នក​វាយតម្លៃ​បញ្ហា​សិទ្ធិមនុស្ស​នៅលើ​លោក​ដែល​គ្មាន​យុត្តិធម៌​»​។

ទោះ​យ៉ាង​ណា​ក៏ដោយ​លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​សមាគម សិទ្ធិមនុស្ស​អាដហុក​ថ្លែង​ថា​ការអនុវត្ត​ច្បាប់​ចំពោះ​បាតុកម្ម​នៅ​ក្នុង​បណ្ដា​ប្រទេស​នានា​មាន​លក្ខណៈ​ខុស​គ្នា​។

លោក​បន្ត​ថា​៖ «​ជាធម្មតា​កាលណា​មាន​បាតុកម្ម​មួយ​កើតឡើង​ដែល​បណ្ដាល​ឲ្យ​មាន​អំពើ​ហិង្សា ជា​ធម្មតា​ទេ អាជ្ញាធរ​របស់​រដ្ឋាភិបាល​ត្រូវការ​បង្ក្រាប ប៉ុន្តែ​ការបង្ក្រាប​នៃ​ប្រទេស​នីមួយៗ​គឺ​មាន​លក្ខណៈ​ខុស​គ្នា​។ ការបង្ក្រាប​នៅ​ប្រទេស​ខ្លះ​មាន​តុល្យភាព​នៃ​កម្លាំង​ទៅ​តាម​គោលការណ៍​អង្គការ​សហប្រជាជាតិ​»​។

លោក​បន្ថែម​ថា​៖ «​វា​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្ដែង​។ យើង​ឃើញ​នៅ​ក្នុង​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ធំៗ​គឺ​គេ​ធ្វើការ​បង្ក្រាប​ដូចគ្នា ប៉ុន្តែ​បង្ក្រាប​ដោយ​គោរព​ទៅ​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ ពិសេស​គោលការណ៍​សិទ្ធិ​មនុស្ស​»៕