ភ្នំពេញៈ លោក សុន ឆ័យ អតីត​តំណាងរាស្ត្រ អតីត​គណបក្ស​សង្គ្រោះជាតិ និង​អតីតមន្ត្រី​បក្ស​ ២ ​រូប​ទៀត ​ត្រូវ​បាន​ព្រះមហាក្សត្រ​ផ្ដល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​តាម​ការស្នើសុំ ប៉ុន្តែ​បន្ត​រក្សា​ស្ថិត​នៅ​ក្នុង​ភាពស្ងៀមស្ងាត់​។

ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​នរោត្តម សីហមុនី កាលពី​ថ្ងៃ​ព្រះហស្បតិ៍​សប្ដាហ៍​មុន​បាន​ផ្ដល់​នីតិសម្បទា​ឡើងវិញ​ដល់​អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង​ ១ ​រូប​ គឺ​លោក សុន ឆ័យ និង​មន្ត្រី​បក្ស​ ២ ​រូប​ទៀត​រួមមាន​លោក វ៉ា សាម៉ុន និង លោក តាវ គឹមឈន​។ ការផ្ដល់​សិទ្ធិ​នយោបាយ​ឡើងវិញ​នេះ​ធ្វើឡើង​តាម​ការទូលថ្វាយ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពី​អ្នក​ទាំង​ ៣ បាន​ស្នើសុំ​សិទ្ធិ​នយោបាយ​ឡើងវិញ​កាលពី​ថ្ងៃទី​ ២៧ សីហា​។

សម្រាប់​លោក សុន ឆ័យ ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ចែង​យ៉ាង​ដូច្នេះ​ថា​៖ «​ត្រូវ​បាន​ផ្ដល់​នីតិសម្បទា​ឡើងវិញ​ឲ្យ​ឈ្មោះ សុន ឆ័យ ភេទ​ប្រុស​កើត​ថ្ងៃទី​ ១ មករា ឆ្នាំ​ ១៩៥៦ ដែល​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល ៥ ​ឆ្នាំ​តាម​អំណាច​សាលដីកា​លេខ ៣៤០ (​ឆ​) ចុះ​ថ្ងៃទី​ ១៦ វិច្ឆិកា ឆ្នាំ ២០១៧ របស់​តុលាការ​កំពូល​»​។

កាលពី​ថ្ងៃទី​ ២៧ ខែសីហា លោក សុន ឆ័យ និង​អតីតមន្ត្រី​បក្សប្រឆាំង​បាន​សរសេរ​លិខិត​ទៅ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដោយ​ស្នើសុំ​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​។ ប៉ុន្តែ​លិខិត​នោះ​មិនបាន​បញ្ជាក់ថា លោក​នឹង​ធ្វើ​អ្វី​បន្តទៀត បន្ទាប់ពី​បាន​សិទ្ធិ​នេះ​ទេ​។

លោក ផាត សុផានិត អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា គិត​ចាប់ពី​មាន​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​នយោបាយ​កាលពី​ខែ​មករា ឆ្នាំ ២០១៩ មក អ្នក​ដែល​ត្រូវបាន​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ​ចំនួន ១២ រូប​ក្នុង​ចំណោម ១១៨ រូប បាន​ស្នើសុំ និង​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។

គណបក្ស​នយោបាយ​ថ្មី​ចំនួន ២ ត្រូវ​បាន​បង្កើត​ដោយ​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​គណបក្ស​ខ្មែរ​អភិរក្សនិយម​របស់​លោក រៀល ខេមរិន្ទ និង​គណបក្ស ខ្មែរ​ស្រឡាញ់​ជាតិ​របស់​លោក ជីវ កត្តា និង​សមាជិក​ដទៃទៀត​។ ថ្មីៗ​នេះ​លោក អ៊ូ ច័ន្ទរ័ត្ន ក៏​គ្រោង​នឹង​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយទៀត​ដើម្បី​ចូលរួម​បោះឆ្នោត​នាពេលខាងមុខ​។

លោក អ៊ូ ច័ន្ទរិទ្ធិ អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង​ដែល​ពេលនេះ​កំពុងស្ថិត​នៅក្រៅ​ប្រទេស​បាន​ថ្លែងប្រាប់​ពី​ម្សិលមិញ​ថា​៖ «​និយាយ​ដោយស្មោះ ខ្ញុំ​មាន​ការសោកស្ដាយ​ចំពោះ​អ្នក​ដែល​បាន​ទៅ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។ ចំពោះ​ការបង្កើត​គណបក្ស​ថ្មី ឬ​ការចូល​ជាមួយ​គណបក្ស​ភ្លើងទៀន​នោះ ខ្ញុំ​អត់​ដឹង​ពី​ជំហរ​របស់​ពួកគាត់​ទេ ព្រោះ​យើង​មិនសូវ​មាន​ការប្រាស្រ័យ​ទាក់ទង​គ្នា​»​។

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​លោក គិន ភា បាន​ថ្លែង​ពី​ម្សិលមិញ​ថា ការស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​នេះ ជា​ជម្រើស​តែ​ ១ ​គត់​ដែល​ពួកគាត់​អាច​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​វិញ​បាន​ដើម្បី​ប្រមូល​បំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បែកបាក់​ឲ្យ​មក​ដើរ​តាម​គន្លង​នយោបាយ​ថ្មី​មួយ​។

លោក​និយាយថា​៖ «​តិច​ ឬ​ច្រើន វា​បង្ហាញ​ពី​ការបែកខ្ញែក​គ្នា​ក្នុង​ចំណោម​អតីត​អ្នក​ដឹកនាំ​សង្គ្រោះជាតិ​ដែល​បែកខ្ញែក​រួចស្រេច​ទៅហើយ គឺ​បែកខ្ញែក​ក្នុង​សតិអារម្មណ៍ និង​យុទ្ធសាស្ត្រ​នយោបាយ​»៕

វីដេអូ៖