ភ្នំពេញៈ បន្ទាប់ពី​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​គណៈមេធាវី​ជាថ្មី​ទៀត​កាលពី​ម្សិលមិញ​ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ៩៣០ លើ​ ១៣៩៣ ​សំឡេង លោក សួន វិសាល បាន​ប្តេជ្ញា​ថា​លោក​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើឲ្យ​ស្ថាប័ន​គណៈមេធាវី​កាន់តែ​រឹងមាំ​ និង​ប្រកប​ដោយ​កិត្តិយស និង​ជំរុញ​បន្ថែម​ឲ្យ​មេធាវី​ប្រកាន់​ខ្ជាប់​នូវ​វិជ្ជាជីវៈ​របស់​មេធាវី​ដើម្បី​រួម​ចំណែក​ធ្វើឲ្យ​ប្រព័ន្ធ​យុត្តិធម៌​កាន់​​តែ​មាន​ភាព​ប្រសើរ​។

គណៈមេធាវី​បាន​រៀបចំ​ពិធី​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សម្រាប់​អាណត្តិ​ថ្មី​រយៈពេល​ ២ ​ឆ្នាំ​ទៀត​នៅ​សណ្ឋាគារ​សុខា​ក្នុង​ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ដោយ​លោក​ សួន វិសាល ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន​ ៩៣០ សំឡេង ខណៈ​គូប្រជែង​របស់​លោក​គឺ​លោក សំ សុគង់ ដែល​ល្បីឈ្មោះ​ដោយសារ​តែ​ហ៊ាន​ចេញ​មុខ​ការពារ​ក្តី​ចម្រូងចម្រាស​ឲ្យ​អតីត​មេដឹកនាំ និង​សកម្មជន​បក្សប្រឆាំង​ទទួល​បាន​សំឡេងឆ្នោត ២៨៨ ​សំឡេង​។

បន្ទាប់ពី​បាន​ឈ្នះ​ឆ្នោត​ភ្លូកទឹក​ភ្លូកដី​ដែល​ក៏​មាន​ការចូលរួម​ពី​លោក​អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ផង​ដែរ​នោះ​លោក សួន វិសាល ក្នុង​វ័យ ៥៣ ឆ្នាំ​ដែល​បាន​ធ្វើ​ជា​មេធាវី​អស់​រយៈពេល ១៩ ឆ្នាំ​មក​ហើយ​នោះ​បាន​ថ្លែង​ទៅ​កាន់​សហភាតា​ដែល​ចូលរួម​បោះឆ្នោត​ថា លោក​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ជំរុញ​មេធាវី​ការពារ​ក្តី​ឲ្យ​មាន​គុណភាព និង​គោរព​ទៅ​តាម​វិជ្ជាជីវៈ​ដែល​អាច​ជួយ​កាត់បន្ថយ​អំពើ​ពុករលួយ និង​ធ្វើឲ្យ​ប្រព័ន្ធ​យុត្តិធម៌​កាន់តែ​ល្អ​ប្រសើរ​។

លោក​បញ្ជាក់​ថា​៖ «​យើង​ខ្ញុំ​ប្តេជ្ញាចិត្ត​ធ្វើ​ការងារ​សម្រាប់​បម្រើ​ឲ្យ​សហភាតា​យើង​នឹង​ធ្វើឲ្យ​ស្ថាប័ន​គណៈមេធាវី​យើង​រឹងមាំ​ និង​ប្រកប​ទៅ​ដោយ​កិត្តិយស​ហើយ​និង​ប្តេជ្ញាចិត្ត​ជួយ​ជំរុញ​ប្រព័ន្ធ​យុត្តិធម៌​យើង​ឲ្យ​កាន់តែ​ល្អប្រសើរ​»​។

ជាមួយ​គ្នា​នេះ​លោក វិសាល ក៏​បាន​ថ្លែង​ផង​ដែរ​ថា​នៅក្នុង​អាណត្តិ​ថ្មី​នេះ​លោក​នឹង​បង្ហើយ​ការងារ​ដែល​នៅ​សល់​កាលពី​អាណត្តិ​មុន​ដូចជា​ការសាងសង់​បន្ទប់​មេធាវី​សម្រាប់​ជួប​ជាមួយ​កូនក្តី​នៅ​តាម​ពន្ធនាគារ កសាង​ការិយាល័យ​ប្រតិភូ​មេធាវី​នៅ​តាម​បណ្តា​ខេត្ត​ និង​ខំប្រឹងប្រែង​ពង្រីក​ទីផ្សារ​របស់​មេធាវី​ព្រមទាំង​ជំរុញ​បេសកកម្ម​មួយ​ចំនួន​ទៀត​ទាក់ទង​នឹង​អន្តរជាតិ​ដែល​គណៈមេធាវី​បាន​និង​កំពុង​ធ្វើ​ជា​បន្តបន្ទាប់​។

លោក​បាន​បន្ថែម​ថា​៖ «​យើង​បន្ត​ពង្រឹង​ការងារ​កសាង​ (​បន្ទប់​មេធាវី​នៅ​តាម​ពន្ធនាគារ​) ​នេះ​ដោយសារ​យើង​ទើប​តែ​ចាប់​ផ្តើម​ធ្វើ​ក្នុង​ ១ ​ឆ្នាំ​ចុងក្រោយ​នេះ​ដោយសារ​ឆ្នាំ​ដំបូង យើង​ផ្តោត​ទៅ​លើ​ការកែទម្រង់​ផ្នែក​រដ្ឋបាល​។ យើង​នឹង​ធ្វើ​បន្ត​ធ្វើ​រហូត​ដល់​ចប់​សព្វ​គ្រប់​ប្រកប​ដោយ​គុណភាព​ខ្ពស់​...​។ គណៈមេធាវី​នឹង​ពង្រឹង​សមត្ថភាព​មេធាវី និង​ច្បាប់​ផ្សេងៗ​ដើម្បី​ឲ្យ​មេធាវី​កម្ពុជា​មាន​គុណភាព​ដូច​មេធាវី​អន្តរជាតិ​ និង​ព្យាយាម​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ការប្រកប​វិជ្ជាជីវៈ មេធាវី​កាន់​តែ​មាន​តម្លៃ​ខ្ពង់ខ្ពស់​ និង​ថ្លៃថ្នូរ​»​។

នៅ​មុន​ពេល​បោះឆ្នោត​លោក វិសាល បាន​ថ្លែង​ប្រាប់​សហភាតា​ថា ប្រទេស​ត្រូវការ​ច្បាប់​ល្អ ហើយ​គណៈមេធាវី​នឹង​បន្ត​យក​ចិត្ត​ទុកដាក់​លើ​ការ​កែ​ច្បាប់ និង​លក្ខន្តិកៈ​មួយ​ចំនួន ដើម្បី​លុបបំបាត់​អ្នក​រត់ការ​ដើម្បី​ផ្តល់​អំណាច​បន្ថែម ដល់​មេធាវី​ដើម្បី​ងាយស្រួល​ក្នុង​ការការពារ​ក្តី​។

លោក​បញ្ជាក់​ដូច្នេះ​ថា​៖ «​ដូច​ដែល​យើង​ដឹង​ហើយ​ថា មេធាវី​មាន​កិច្ចការ​ច្រើនណាស់​តាម​ច្បាប់​កំណត់ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ស្ថាប័ន​មួយ​ចំនួន​បាន​ធ្វើ​កិច្ចការ​របស់​យើង ដូច្នេះ​ក្នុង​ឆ្នាំ​ខាង​មុខ​ខ្ញុំ​ព្យាយាម​ធ្វើ​យ៉ាងម៉េច​រក​ទីផ្សារ​មេធាវី​ឲ្យ​បាន​ច្រើន និង​ឲ្យ​គេ​ទទួល​ស្គាល់​តួនាទី​របស់​មេធាវី​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ដូចជា​ការ​រត់ការ​ចុះ​បញ្ជី​ដីធ្លី​នៅ​សុរិយោដី​ដែល​ទិញ​លក់ ឬ​ក៏​ការដោះដូរ​អី​ផ្សេងៗ​គឺ​មាន​អ្នក​រត់ការ​ជា​អ្នក​ធ្វើ​ជំនួស ដូច្នេះ​យើង​នឹង​ទាមទារ​ការងារ​នោះ​មក​វិញ​ដូច​ការងារ​ការិយាល័យ​មួយ​ចំនួន ដូចជា​គយ ពាណិជ្ជកម្ម​ ឬ​ឃុំ សង្កាត់​ជាដើម​គឺ​មាន​អ្នក​រត់ការ​ធ្វើ​កិច្ចការ​មេធាវី​របស់​យើង​។ ដូច្នេះ​ខ្ញុំ​ធ្វើ​ម៉េច​ទាមទារ​ការងារ​នេះ​មក​វិញ​ជូន​សហភាតា​របស់​យើង​ដើម្បី​គណៈមេធាវី​របស់​យើង​មាន​តម្លៃ​ និង​គោរព​វិជ្ជាជីវៈ​កាន់តែ​ល្អ​ប្រសើរ​»​។

លោក សំ សុគង់ មិន​អាច​ទាក់ទង​សុំ​អធិប្បាយ​បាន​ទេ បន្ទាប់ពី​លោក​ សួន វិសាល ​បាន​ជាប់​ឆ្នោត​ជាថ្មី​ទៀត​។

លោក សំ សុគង់ ថ្លែង​ទៅ​កាន់​សហភាតា​នៅ​មុន​ពេល​បោះឆ្នោត​កាលពី​ម្សិលមិញ​។ ហេង ជីវ័ន

ប៉ុន្តែ​លោក​បាន​ថ្លែង​នៅ​មុន​ពេល​បោះឆ្នោត​ទៅ​កាន់​សហភាតា​ថា​លោក​ចង់​ឃើញ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ស្ថាប័ន​ឯករាជ្យ​ពិតប្រាកដ ហើយ​មេធាវី​ត្រូវ​មាន​គុណភាព​ និង​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​វិជ្ជាជីវៈ​ភាព​ថ្លៃថ្នូរ និង​ទំនុកចិត្ត​។

លោក សុគង់ ដែល​មាន​វ័យ ៤១ ឆ្នាំ​ហើយ​ដែល​បាន​ធ្វើ​ជា​មេធាវី​អស់​រយៈពេល​ ១៥ ឆ្នាំ​ហើយ​ដោយ​បាន​ចាប់ផ្តើម​ការពារ​ក្តី​ក្នុង​សំណុំ​រឿង​ចម្រូងចម្រាស​ជាច្រើន​ឲ្យ​មេដឹកនាំ​ និង​សកម្មជន​គណបក្ស​ប្រឆាំង​បាន​បញ្ជាក់​ថា​៖ «​ទី​ ១ ពង្រឹង​សាមគ្គីភាព​ក្នុង​គណៈមេធាវី​ជា​មហាគ្រួសារ​តែមួយ ចាត់ទុក​សហភាតា​ទាំងអស់​ជា​សមាជិក​នៃ​មហាគ្រួសារ​តែ​មួយ​ស្ថិត​នៅ​ក្រោម​ស្ថាប័ន​គណៈមេធាវី​ដែល​មាន​ឯករាជភាព និង​វិជ្ជាជីវៈ និង​ការ​មិន​ប្រកាន់​និន្នាការ​ណា​មួយ​។ លើក​ស្ទួយ​ជីវភាព​ការពារ​វិជ្ជាជីវៈ​ពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ​មេធាវី​ប្រកប​ដោយ​គុណភាព​គុណធម៌​ឯករាជ្យ​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ​ស្រប​តាម​ក្រមសីលធម៌​តាមរយៈ​ការបន្ត​ពង្រឹង​គុណភាព និង​បណ្តុះបណ្តាល​ដល់​សហភាតា​»​។

លោក​បាន​បន្ថែម​ថា​គណៈមេធាវី​ត្រូវ​ធ្វើ​ការងារ​ប្រកប​ដោយ​តម្លាភាព គណនេយ្យភាព និង​ភាពស្អាតស្អំ​ហើយ​ការជ្រើសរើស​មេធាវី​គឺ​ត្រូវ​ផ្អែក​លើ​សមត្ថភាព​ចំណេះដឹង​បទពិសោធ​ក្នុង​វិស័យ​ច្បាប់​ និង​ពង្រឹង​ការងារ​រដ្ឋបាល​មេធាវី​។

លោក​ ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ដែល​អង្គការ​មិន​យក​ប្រាក់​កម្រៃ​មួយ​នេះ​តែងតែ​ជួល​មេធាវី​ឲ្យ​ជួយ​ការពារ​ក្តី​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​បាន​កត់សម្គាល់​ពី​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​គណៈមេធាវី​កាលពី​ម្សិលមិញ​ថា នីតិវិធី​នៃ​ការបោះឆ្នោត​ដែល​គណៈមេធាវី​បាន​រៀបចំ​ធ្វើ​គឺ​បាន​ផ្តល់​ឱកាស​សម្រាប់​បេក្ខភាព​ដែល​មាន​ធនធាន​ មាន​ឱកាស​ច្រើន​ក្នុង​ការ​កៀរគរ​រក​ការគាំទ្រ​ពី​សមាជិក​គណៈមេធាវី​ដោយ​មាន​ការអញ្ជើញ​ទៅ​ចូលរួម​ពិធី​ជប់លៀង ខណៈ​ដែល​លោក​ សំ សុគង់ មិន​មាន​ធនធាន​សម្រាប់​ប្រកួតប្រជែង​។

លោក​បញ្ជាក់​ថា​ ការប្រកួតប្រជែង​ជ្រើសរើស​ប្រធាន​គណៈមេធាវី​គឺ​ហាក់​ដូចជា​ការប្រកួតប្រជែង​ផ្នែក​នយោបាយ ដោយសារ​ស្ថាប័ន​នេះ​គេ​ឃើញ​មាន​និន្នាការ​នយោបាយ​។

«​យើង​ឃើញ​ការរៀបចំ​ការបោះឆ្នោត​មាន​លក្ខណៈ​ល្អ តែ​ឱកាស​ក្នុង​ការ​កៀរគរ​មិន​មាន​ភាពស្មើ​គ្នា​នៅ​ឡើយ​ទេ​...​ស្ថាប័ន​គណៈមេធាវី​គឺ​ឯករាជ តែ​យើង​ឃើញ​ថា មាន​ការពាក់ព័ន្ធ​ថ្នាក់ដឹកនាំ​នយោបាយ​នៅ​ស្ថាប័ន​នោះ​ដូច្នេះ​ការបោះឆ្នោត​នេះ​មិន​បាន​ប្រជែង​គ្នា​ផ្នែក​សមត្ថភាព ចំណេះដឹង ឬ​ជំនាញ​ទេ​គឺ​ប្រណាំង​ប្រជែង​គ្នា​ទៅ​ដោយ​និន្នាការ​បក្ស​នយោបាយ​ទៅវិញ​»៕