ភ្នំពេញៈ អតីតប្រធានគណបក្ស អំណាចខ្មែរ លោក សួន សេរីរដ្ឋា ដែលធ្លាប់ប្រឆាំងនឹងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយធ្លាប់ត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារនោះត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។
ព្រះរាជក្រឹត្យព្រះមហាក្សត្រចុះថ្ងៃទី ៩ កក្កដា ដែលភ្នំពេញប៉ុស្ដិ៍ទទួលបានម្សិលមិញ គឺព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាតែងតាំងមុខតំណែងលោក សួន សេរីរដ្ឋា ជារដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទ។
លោក សួន សេរីរដ្ឋា ដែលទើបតែទទួលតំណែងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា លោកមិនទាន់ដឹងពីការងារដែលត្រូវធ្វើនៅក្រសួងអភិវឌ្ឍន៍ជនបទនៅឡើយទេដោយរង់ចាំការចាត់តាំងរបស់រដ្ឋមន្ត្រី។ ប៉ុន្ដែលោកប្រាប់ថា លោកមានបំណងជួយកសិករនៅតាមទីជនបទឲ្យមានជីវភាពធូរធារ និងមានទីផ្សារលក់ផលិតផល។
លោកថា៖ «ចំពោះជីវិតនយោបាយគឺខ្ញុំមិនបោះបង់ចោលទេ ប៉ុន្ដែជីវិតនយោបាយរបស់ខ្ញុំនៅពេលនេះគឺជួយពលរដ្ឋ ជួយកសិករ។ ព្រោះគំនិតទស្សនៈរបស់ខ្ញុំតាំងពីដើមមក គឺធ្វើយ៉ាងណាជួយពលរដ្ឋ។ ជាពិសេស កសិករ បើគាត់មានដី គឺពួកគាត់ត្រូវតែមានជីវភាពធូរធារ ហើយពួកគាត់ត្រូវក្លាយជាម្ចាស់កម្មសិទ្ធិដីស្របច្បាប់ ដោយគ្មានអ្នកផ្សេងមករំលោភបំពានយកដីពួកគាត់ឡើយ»។
លោកបន្តថា បក្សអំណាចខ្មែរដែលលោកធ្លាប់ធ្វើជាប្រធាននោះ លោកអះអាងថា ត្រូវបានគេដណ្ដើមយកទៅបាត់ ដោយគេបានដូរឈ្មោះថ្មី ហើយលោកមិនអាចដណ្ដើមយកមកវិញបានទេ។ ប៉ុន្ដែលោកបញ្ជាក់ថា លោកបានហាមប្រើប្រាស់ឈ្មោះ [គណបក្សអំណាចខ្មែរ] ចាស់បន្តទៀត។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយថ្លែងពីម្សិលមិញថា លោកមិនចាប់អារម្មណ៍នឹងរឿងរបស់លោក សួន សេរីរដ្ឋា ទេ។ លោកថ្លែងថា៖ «អត់បានដឹងរឿងគាត់ផង ហើយក៏អត់ចាប់អារម្មណ៍ផងដែរ សុំទោសក្មួយ»។
គួររំឭកថា លោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ១៣ សីហា ២០១៧ បន្ទាប់ពីលោកបានសរសេរបង្ហោះសារតាមហ្វេសប៊ុកធ្វើការរិះគន់ខ្លាំងៗទៅលើថ្នាក់ដឹកនាំ។ ជាពិសេសស្ថាប័នកងយោធពលខេមរភូមិន្ទ ដែលធ្វើឲ្យមានប្រតិកម្មខ្លាំងៗពីមេបញ្ជាការកងទ័ពមួយចំនួន។
លោកត្រូវបានតុលាការកាត់ទោសពីបទញុះញង់កុំឲ្យយោធិនស្ដាប់បង្គាប់ និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ដោយផ្តន្ទាទោសដាក់ពន្ធនាគារ ៥ ឆ្នាំ និងពិន័យជាប្រាក់ ១០ លានរៀល។ ប៉ុន្ដែនៅថ្ងៃទី ២៣ សីហា ឆ្នាំ ២០១៨ លោកត្រូវបានព្រះមហាក្សត្រលើកលែងទោសតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕