ភ្នំពេញៈ តុលាការកំពូលបានតម្កល់ទោសលោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរឲ្យជាប់គុក ៥ ឆ្នាំដដែលភ្លាមៗ បន្ទាប់ពីបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី ១៨ ខែឧសភាក្នុងសំណុំរឿងប្រមាថកងទ័ពប្រព្រឹត្តនៅភ្នំពេញកាលពីឆ្នាំ ២០១៦ បើទោះជាគាត់បានសុំទោសលោកនាយករដ្ឋមន្ត្រី និងនាយទាហានក៏ដោយ។
លោកចៅក្រម ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានអានសាលដីកានៅចំពោះមុខជនជាប់ចោទ បន្ទាប់ពីថយទៅពិភាក្សាថា ក្រោយពីបានស្តាប់ការសន្និដ្ឋានរបស់តំណាងមហាអយ្យការ និងពីមេធាវីរបស់ជនជាប់ចោទ និងចម្លើយជនជាប់ចោទ និងក្រោយពីបានពិភាក្សាគ្នាមកតុលាការកំពូលយល់ឃើញថា៖ «សម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល»។
លោក ច័ន្ទ រ៉ាពិសិដ្ឋ មេធាវី ការពារសិទ្ធិឲ្យលោក សួន សេរីរដ្ឋា បានថ្លែងពីម្សិលមិញថាលោកមិនមានយោបល់អ្វីពាក់ព័ន្ធការតម្កល់ទោសនេះទេ។
លោកថា៖ «ខ្ញុំគ្មានអ្វីជម្រាបខាងអ្នកកាសែតផង។ ខ្ញុំសូមទោសគ្មានអ្វីត្រូវនិយាយទេ»។
គួររំឭកថាលោក សួន សេរីរដ្ឋា អាយុ ៤៥ ឆ្នាំកាលពីថ្ងៃទី ១៥ ខែមករាឆ្នាំ ២០០៤ ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឲ្យជាប់គុក ៧ ឆ្នាំចោទពីបទរៀបចំគម្រោងការផ្តួលរំលំរដ្ឋាភិបាល និងពិន័យប្រាក់ ២៥ លានរៀល។
ប៉ុន្តែកាលពីខែកក្កដា ឆ្នាំ ២០១៥ លោកត្រូវបានព្រះមហាក្សត្រលើកលែងទោសហើយបានត្រឡប់មកកម្ពុជាវិញកាលពីខែតុលា ឆ្នាំ ២០១៥ និងបានបង្កើតគណបក្សមួយឈ្មោះគណបក្សអំណាចខ្មែរដែលត្រូវបានចុះបញ្ជីផ្លូវការកាលពីខែកញ្ញា ឆ្នាំ ២០១៥។
អង្គហេតុបង្ហាញថាក្រោយមកនៅខែសីហា ឆ្នាំ ២០១៧ លោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីលោកបង្ហោះសារលើបណ្តាញសង្គមរិះគន់ធ្ងន់ៗដល់នាយទាហានដែលមានខ្លឹមសារថា៖ «ពេលសង្គ្រាមកើតឡើងជាមួយប្រទេសឡាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ គឺកូនខ្មែរកងទ័ពជាតិនឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា...ហើយមេទ័ពចោរនឹងឡើងបុណ្យស័ក្តិប្រមូលបានលុយកាក់សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង។ ពីព្រោះកន្លងមកដូចយើងដឹងហើយសង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀមគឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិដែលចូលប្រយុទ្ធនៅជួរមុខទេ។ ចំណែកឯពួកមេៗពាក់ផ្កាយ និងកូនលោកធំៗដែលនៅជួរក្រោយចេញមុខចេញមាត់នោះប្រមូលលុយប្រមូលលាភហើយដេកតែម៉ាស៊ីនត្រជាក់ជាមួយស្រីកំដរក៏ឡើងបុណ្យឡើងផ្កាយដែរ...»។
សំណុំរឿងនេះត្រូវបានសាលាដំបូងរាជធានីប្រកាសសាលក្រមផ្តន្ទាទោសកាលពីថ្ងៃទី ២៥ ខែសីហាឆ្នាំមុនដាក់គុក ៥ ឆ្នាំដោយចោទ ៣ ករណីគឺបទញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់តាមបញ្ញត្តិមាត្រា ៤៧១ ទី ២- បទធ្វើឱ្យខូចទឹកចិត្តកងទ័ពតាមបញ្ញត្តិមាត្រា ៤៧២ និង ៣- បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ប៉ុន្តែកាលពីថ្ងៃទី ១៥ ខែឧសភាថ្មីៗនេះលោក សួន សេរីរដ្ឋា បានបង្ហោះសារលើហ្វេសប៊ុកសុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយឧត្តមសេនីយ៍ព្រមទាំងនាយទាហានគ្រប់រូបនៃកងយោធពលខេមរភូមិន្ទ។
ក្នុងលិខិតនោះលោក រដ្ឋា បានសម្តែងការសោកស្តាយចំពោះការធ្វើឲ្យប៉ះពាល់ដល់លោក ហ៊ុន សែន និងកងយោធពលខេមរភូមិន្ទហើយបានសុំឲ្យលោកនាយករដ្ឋមន្ត្រីលើកលែងទោស ។
លោកបានបញ្ជាក់ក្នុងលិខិតបង្ហោះនោះថា៖ «ខ្ញុំបាទ សួន សេរីរដ្ឋា មានការសោកស្តាយដែលបានសរសេរនូវសារនយោបាយផ្សាយលើទំព័រហ្វេសបុករបស់ខ្ញុំកន្លងមកដោយមិនមានការពិចារណាឲ្យបានដិតដល់ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសសម្តេចតេជោ...ខ្ញុំបាទសុំទោសជាសាធារណៈដោយសុខចិត្តសុំទោសចំពោះសម្តេចតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥» ៕