ភ្នំពេញៈ លោក សួន សេរីរដ្ឋា អតីតស្ថាបនិកគណបក្សអំណាចខ្មែរដែលត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ៥ ឆ្នាំក្រោមការចោទប្រកាន់ពីបទប្រមាថកងទ័ពតាមរយៈការបង្ហោះសារលើទំព័រហ្វេសប៊ុកបានសរសេរលិខិតសុំទោស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយឧត្តមសេនីយ៍ និងនាយទាហានគ្រប់រូបនៃកងយោធពលខេមរភូមិន្ទ។ នេះបើតាមលិខិតដែលចុះហត្ថលេខាដោយលោក សេរីរដ្ឋា ហើយដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃអង្គារ។
ក្នុងលិខិតនោះលោក សេរីរដ្ឋា បានសម្តែងការសោកស្តាយដែលលោកបានធ្វើឲ្យប៉ះពាល់ដល់លោក ហ៊ុន សែន និងកងយោធពលខេមរភូមិន្ទ ហើយបានសុំឲ្យលោកនាយករដ្ឋមន្ត្រី លើកលែងទោសដល់រូបលោក។
លោកបានគូសបញ្ជាក់ក្នុងលិខិតនោះដូច្នេះថា៖ «ខ្ញុំបាទ សួន សេរីរដ្ឋា មានការសោកស្តាយដែលបានសរសេរនូវសារនយោបាយផ្សាយលើទំព័រហ្វេសបុករបស់ខ្ញុំកន្លងមកដោយមិនមានការពិចារណាឲ្យបានដិតដល់ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសសម្តេចតេជោ...ខ្ញុំបាទសុំទោសជាសាធារណៈដោយសុខចិត្តសុំទោសចំពោះសម្តេចតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥»។
លោកបានបន្ថែមថា៖ «សូមសម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខ មេត្តាជួយអន្តរាគមន៍ ស្នើលើកលែងទោសឲ្យខ្ញុំបាទ បានផុតពីទោសមានសេរីភាពដើម្បីវិលទៅជួបគ្រួសារ ថែរក្សាម្តាយចាស់ជរា ថែរក្សាកូនតូចៗធ្វើជាកូនល្អ ឪពុកល្អ និងជាស្វាមីល្អ ព្រមទាំងជាពលរដ្ឋល្អដោយក្តីអនុគ្រោះ»។
នៅពេលទាក់ទងកាលពីថ្ងៃអង្គារលោក ច័ន្ទ រ៉ាពិសិដ្ឋ ដែលជាមេធាវីការពារក្តី លោក សួន សេរីរដ្ឋា បានបដិសេធធ្វើអត្ថាធិប្បាយ។
កាលពីខែមីនាកន្លងទៅតុលាការកំពូលបានសម្រេចបដិសេធមិនអនុញ្ញាតឲ្យលោក សេរីរដ្ឋា នៅក្រៅឃុំបន្ទាប់ពីលោកបានអះអាងនៅក្នុងសវនាការថា លោកមិនបានប្រព្រឹត្តអ្វីដែលបណ្តាលឱ្យមានអសន្តិសុខសាធារណៈទេ ឬធ្វើឱ្យសង្គមវឹកវរនោះឡើយ។ ជាមួយគ្នានោះលោក សេរីរដ្ឋា បានរៀបរាប់ពីទុក្ខលំបាកនៅក្នុងគ្រួសារលោកថា ម្តាយរបស់លោកមានជំងឺឈឺធ្ងន់ ហើយភរិយារបស់លោកមើលថែកូន ២ នាក់តែម្នាក់ឯង ខណៈដែលឪពុកក្មេករបស់លោកមានជំងឺជាទម្ងន់ដែលត្រូវផ្លាស់ប្តូរឈាមជាញឹកញាប់ ដែលត្រូវការរូបលោកទៅជួយសម្រាលទុក្ខលំបាក។
កាលពីអំឡុងខែសីហាឆ្នាំ ២០១៧ លោក សេរីរដ្ឋា ត្រូវបានសាលាដំបូងរាជធានីកាត់ទោសឲ្យជាប់ពន្ធនាគារ ៥ ឆ្នាំពីបទថាបានប្រមាថកងទ័ព តាមរយៈការបង្ហោះសារលើទំព័រហ្វេសប៊ុក។
លោក សេរីរដ្ឋា ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌចំនួន ៤ ក្នុងនោះមាន ទី ១ បទញុះញង់កុំឱ្យយោធិនស្ដាប់បង្គាប់តាមបញ្ញត្តិមាត្រា ៤៧១ នៃក្រមព្រហ្មទណ្ឌ ទី ២ បទធ្វើឱ្យខូចទឹកចិត្តកងទ័ពតាមបញ្ញត្តិមាត្រា ៤៧២ នៃក្រមព្រហ្មទណ្ឌ និងទី ៣ បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
អតីតប្រធានគណបក្សអំណាចខ្មែររូបនេះត្រូវបាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី ១៣ ខែសីហាឆ្នាំ ២០១៧ បន្ទាប់ពីលោកបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី ១២ ខែសីហាទាក់ទងនឹងការបញ្ជាកងទ័ពឲ្យទៅត្រៀមប្រយុទ្ធនឹងកងទ័ពឡាវនៅព្រំដែនក្នុងខេត្តស្ទឹងត្រែងថា៖ «បើសង្គ្រាមកើតឡើងជាមួយនឹងប្រទេសឡាវមែន កូនខ្មែរកងទ័ពជាតិនឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា ហើយមេទ័ពចោរនឹងឡើងបុណ្យ ប្រមូលលុយ សប្បាយស្រីញីយ៉ាងគគ្រឹកគគ្រេង»។
ក្រោយការសរសេរបែបនេះលោក សួន សេរីរដ្ឋា ត្រូវបានមន្ត្រីរដ្ឋាភិបាល និងកងទ័ពចេញលិខិតថ្កោលទោសថា ជាការវាយប្រហារលើរដ្ឋាភិបាល និងបរិហារប្រមាថថ្នាក់ដឹកនាំ និងកងទ័ពការពារប្រទេសជាតិ ហើយក៏ត្រូវបានចាប់ខ្លួនភ្លាមៗនៅពេលនោះ៕