
លោក សួស យ៉ារ៉ា តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ រូបថត រដ្ឋសភា
ភ្នំពេញៈ សមាជិករដ្ឋសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សួស យ៉ារ៉ា អាយុ ៤៧ ឆ្នាំ ដែលធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា និងស្ត្រីខ្មែរម្នាក់អាយុ ៣១ ឆ្នាំ ដែលធ្វើដំណើរមកពីប្រទេសជប៉ុន កាលពីថ្ងៃទី ១៩ ខែតុលា ដែលក៏ធ្វើតេស្តវិជ្ជមានដែរនោះត្រូវបានព្យាបាលជាសះស្បើយពីជំងឺនេះហើយ។
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងកាលពីថ្ងៃម្សិលមិញថា បន្ទាប់ពីលទ្ធផលតេស្តអវិជ្ជមានវីរុសកូរ៉ូណាចំនួន ២ លើក ពួកគាត់ទាំង ២ នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃចន្ទទី ១៦ ខែវិច្ឆិកា។ អ្នកដែលធ្វើតេស្ត វិជ្ជមានវីរុសកូរ៉ូណាក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា នៅសល់ចំនួន ៣ នាក់ទៀត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់ភ្នំពេញប៉ុស្តិ៍ម្សិលមិញថា ការដែលលោក សួស យ៉ារ៉ា មានការជាសះស្បើយពីជំងឺកូវីដ១៩លឿននេះ ដោយអាស្រ័យលើសរីរាង្គរបស់លោក។ លោកស្រីថ្លែងថា៖ «ដូចខ្ញុំតែងតែពន្យល់រួចហើយ អាស្រ័យលើការឆ្លើយតបសរីរាង្គមនុស្សនៅពេលព្យាបាលដែលតែងតែមានការខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ យើងក៏ធ្លាប់មានអ្នកជាសះស្បើយបានឆាប់នៅពេលមុនៗដែរតើ»។
ជាមួយគ្នានេះដែរនៅថ្ងៃម្សិលមិញក្រសួងសុខាភិបាលក៏បានប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ ១៩ ចំនួន ១ នាក់ទៀត ដែលជាជនជាតិខ្មែរ-អាមេរិកាំង អាយុ ៥៦ ឆ្នាំ ស្នាក់នៅបុរី ១ កន្លែងក្នុងរាជធានីភ្នំពេញដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់ប្រទេសកម្ពុជានៅថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងបញ្ជាក់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើសរុបមានចំនួន ១៦៥ នាក់ ដែលនៅក្នុងចំនួននេះ មានបុរសជនជាតិអាមេរិកម្នាក់នេះផងដែរ។ រីឯអ្នកដំណើរចំនួន ១៦៤ នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃនៅវិទ្យាល័យបុរី ១០០ ខ្នង ចំនួន ១០ នាក់ និង ១៥៤ នាក់ទៀត នៅតាមសណ្ឋាគារផ្សេងគ្នាចំនួន ៤ ក្នុងរាជធានីភ្នំពេញ។
គិតត្រឹមព្រឹកម្សិលមិញ ប្រទេសកម្ពុជាមានអ្នកឆ្លងវីរុសកូរ៉ូណាសរុបចំនួន ៣០៣ នាក់ (ស្ត្រី ៦១ នាក់ និងបុរស ២៤២ នាក់) ដោយក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសចំនួន ២៩១ នាក់ស្មើនឹង ៩៦,០៤% (ស្រី ៦០ នាក់ និងបុរស ២៣១ នាក់) និងអ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានចំនួន ១២ នាក់។
ចំណែកលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា អង្គភាពក្រោមឱវាទក្រសួងដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា មានចំនួន ២៤ អង្គភាពក្នុងនោះមាន គ្រឹះស្ថានសិក្សាសាធារណៈចំនួន ៩ គ្រឹះស្ថានសិក្សាឯកជនចំនួន ១០ មន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន ៤ និងក្លិបហាត់កីឡាចំនួន ១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
លោកមានប្រសាសន៍ថា៖ «អង្គភាពក្រោមឱវាទក្រសួងអប់រំដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា បានចាត់ចែងអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន និងបានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនជាបណ្តោះអាសន្នរយ:ពេល ២ សប្តាហ៍ និងបន្តការសិក្សាតាមអនឡាញនៅរាជធានីភ្នំពេញទីរួមខេត្តកណ្តាល និងទីតាំងគោលដៅ»។
លោក សុវាចា បន្ថែមថា ចំពោះមុខនេះ អង្គភាពក្រោមឱវាទក្រសួងអប់រំ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សាលោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធត្រូវបន្តការអនុវត្តប្រកបដោយការយកចិត្តទុកដាក់កម្រិតខ្ពស់នូវវិធានការសុវត្ថិភាពសុខភាពតាមគោលការណ៍ប្រតិបត្តិស្តង់ដារបស់ក្រសួង និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។
គួរបញ្ជាក់ថា នៅថ្ងៃពុធ ទី ១៨ ខែវិច្ឆិកា នេះ ជាការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយសម្រាប់អ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា ដែលនៅក្នុងនោះរួមមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រី មន្ត្រីនៅតាមស្ថាប័នមួយចំនួន អ្នកសារព័ត៌មាន និងអ្នកប៉ះពាល់ដោយប្រយោលក្នុងព្រឹត្តិការណ៍នេះ។ គិតពីថ្ងៃទី ៤ ដល់ថ្ងៃ ១៥ វិច្ឆិកា មានមនុស្សសរុបចំនួន ៣ ៩១៨ នាក់ បានធ្វើតេស្តរកជំងឺកូវីដ ១៩៕