ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​កាលពី​ម្សិលមិញ​បាន​អះអាង​ថា បរិស្ថាន​តំបន់ឆ្នេរ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ត្រូវបាន​សម្អាត​រួចរាល់​សម្រាប់​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ក្រោយពី​សមត្ថកិច្ច​ចាត់​វិធានការ​រៀបចំ​របៀបរៀបរយ​មិន​ឲ្យ​មាន​ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ​។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​» ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​កាលពី​ម្សិលមិញ ​លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែង​ឲ្យ​ដឹងថា ឆ្នេរ​ឯករាជ្យ ឆ្នេរ​អូរឈើទាល ឆ្នេរ​អូរត្រេះ​គឺ​មិន​មាន​ស្ថានភាព​ទឹកខ្មៅ​ស្អុយ​ហូរ​ចូល​សមុទ្រ​ដូច​កាលពី​មុន​ទៀត​ទេ​។

លោក សេង ឡូត បាន​បញ្ជាក់ថា​៖ «​យើង​បាន​ដោះស្រាយ​បញ្ហា​នេះ ប្រកប​ដោយ​ជោគជ័យ​ដោយ​បាន​កសាង​ស្ថានីយ​បូមទឹក​កខ្វក់ បញ្ច្រាស់​យក​ទៅ​ដាក់​នៅក្នុង​អាង​ដែល​បាន​ធ្វើ​ចម្រោះ​ហើយ (​ទំហំ​) ១៦ ​ហិកតា​ដែល​មាន ៤ ស្ថានីយ​។ ដូច្នេះ​ពេល​មាន​បង្ហូរ​មក គឺ​មិន​ហូរ​ចូល​សមុទ្រ​ទេ​គឺ​យើង​បូម​បញ្ច្រាស់​ទៅ​ទុក​នៅ​ (​ស្ថានីយ ) ហើយ​បច្ចុប្បន្ននេះ​កំពុង​សិក្សា​ថា​ក្នុង​ស្ថានីយ​ទាំង​ ៤ ដែល​បានរៀបចំ​នេះ​កំពុង​សិក្សា​ឲ្យ​មានលទ្ធភាព​ចម្រោះ​នៅនឹងកន្លែង​តែម្តង ដើម្បី​កាត់បន្ថយ​ចំណាយ ព្រោះ​ការបូម​នេះ​យើង​ត្រូវ​ការចំណាយ​ប្រេង​។ ពេល​យើង​ចម្រោះ​នៅ​នឹងកន្លែង ពេល​លែង​កខ្វក់​ទៅ យើង​បង្ហូរ​ចូល​សមុទ្រ​បាន​»​។

លោក ឡូត បាន​ថ្លែងថា​បញ្ហា​កខ្វក់​ដែល​កើតចេញពី​ការសាងសង់​រំលោភ​លើ​តំបន់ឆ្នេរ​ដែល​ធ្លាប់មាន​កាលពីមុន​ឆ្នាំ​ ២០២០ ​ក៏​ត្រូវ​បាន​ចាត់​វិធានការ​យ៉ាង​តឹងរ៉ឹង​ក្នុងការ​លុប​បំបាត់​ដោយ​កំណត់​ឲ្យ​មាន​ការរុះរើ​ចេញរួច​រាល់​ហើយ​។

លោក ឡូត ថ្លែងថា​៖ «​យើង​ដើរ​រហូត​តាម​ឆ្នេរ គ្មាន​ទើស​អ្វី​ទៀត​ទេ​»​។

លោក សេង ឡូត បាន​អះអាង​ថា ឆ្នេរ​សាធារណៈ​របស់​រដ្ឋ​សម្រាប់​បម្រើ​ដល់​សាធារណជន​ទូទៅ​ចូលទៅ​កម្សាន្ត និង​ត្រូវ​កែលម្អ​ឲ្យ​ស្រប​តាម​ខ្លឹមសារ​ដែល​បាន​កំណត់ថា កម្ពុជា​គឺជា​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ស្អាត​នៅលើ​សកលលោក​។

លោក សន ចាន់ដារ៉ា សមាជិក​នៃ​អតីត​អង្គការ​មាតា​ធម្មជាតិ​ដែល​តែង​ឃ្លាំមើល​លើ​បញ្ហា​បរិស្ថាន​បាន​គាំទ្រ​ជំហរ​របស់​រដ្ឋាភិបាល​ក្នុង​ការលុបបំបាត់​បាតុភាព​អាក្រក់ ដែល​ជះឥទ្ធិពល​ដល់​ឆ្នេរសមុទ្រ និង​សមុទ្រ​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «(​ខ្ញុំ​) ​ស្នើ​ដល់​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ គួរ​បង្កើន​ប្រសិទ្ធភាព​បន្ថែមទៀត​ក្នុង​ការទប់ស្កាត់​ការបង្ហូរ​ទឹក​កខ្វក់​រួម​ទាំង​ការរំលោភបំពាន​យក​តំបន់ឆ្នេរ​គឺ​គួរតែ​មាន​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​តំបន់ឆ្នេរ​គ្រប់​ខេត្ត​»៕