ភ្នំពេញៈ ​លោក ​សៅ ​សុខា ​អគ្គ​មេ​បញ្ជា​កា​រ​រង​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​​ជា​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃប្រទេស​បាន​​ដាក់​​ចេញ​ផែន​ការ​ ៤​ ចំណុច​ដើម្បី​បង្ការ​ ​​ទប់​ស្កាត់​ ​ស្រាវជ្រាវ និង​បង្ក្រាប​ បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​​នៅ​ទូ​ទាំង​ប្រទេស ​កម្ពុជា។

​ផែន​ការ​​នេះ​ត្រូវ​បាន​បង្ហាញ​ដល់​​ក្រុម​ការងារ​​​គណៈ​កម្មាធិ​ការ​ តំណាង​ក្រសួង​​ស្ថាប័ន​​ពាក់​ព័ន្ធ​ ​និង​មន្ត្រី​អនុ​វត្ត​ច្បាប់​ជា​ច្រើន​នាក់​នៅ​​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រ​ទេស​​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​។​

​លោក​ ​អេង​ ​ហ៊ី ​អ្នក​នាំ​ពាក្យ​កង​រាជ​​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​​​នៅ​ក្រោយ​កិច្ច​ប្រជុំ​ថា៖ ​«យើង​​ត្រូវ​ពង្រឹង​នៅ​តាម​បណ្ដា​រាជ​ធានី​-ខេត្ត​ដើម្បី​ធ្វើ​​ការ​ស្រាវ​ជ្រាវ​​និង​ទប់ស្កាត់​​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ និង​​ឲ្យ​មាន​ការ​សហ​ការ​គ្នា​ល្អ ​និង​មាន​ឆន្ទៈ​ទទួល​ខុស​ត្រូវ​ទៅ​តាម​គោល​ដៅ​រៀងៗ​ខ្លួន​»។​

​សកម្ម​ភាព​ដែល​ចាត់​ចូល​ក្នុង​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​ រួមមាន​​ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ​កា​រដឹក​ជញ្ជូន​​និង​​នាំ​ឈើ​​ចេញ​ដោយ​ខុស​​ច្បាប់​ ការ​បាញ់​ និង​​ចាប់​សត្វ​ព្រៃ​ដែល​ច្បាប់​ហាម​ឃាត់​ ​និង​ការ​នាំ​ចេញ​សត្វ​ព្រៃ​ដោយ​ខុស​ច្បាប់ ​ការ​កាប់​រាន​​ទន្ទ្រាន​​និង​កាន់​កាប់​ដី​របស់​រដ្ឋ​ ​ព្រម​ទាំង​ការ​រុក​រក​​រ៉ែ​ដោ​យ​ខុស​ច្បាប់​ទូទាំង​ប្រទេស។​

​លោក​បាន​ឲ្យ​ដឹង​ថា ​គណៈ​កម្មា​ធិការ​ជាតិ​ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​​បាន​ដាក់​ចេញ​ផែន​ការ​ ៤ ​ចំណុច ​រួម​​មាន​​ទី១​ ​ទប់​ស្កាត់​ និង​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធ​ភាព​នូវ​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ។​ ​ទី​២ ​បញ្ជា​​អង្កេត​ស្រាវ​ជ្រាវ​រក​ជន​ដែល​ប្រព្រឹត្ត​​ និង​​ពាក់​ព័ន្ធ​នឹង​​បទ​ល្មើស​។​ ទី​៣​ ចាប់​ខ្លួន​ជន​សង្ស័យ​ និង​ប្រមូល​​វត្ថុ​តាង​ដែល​ ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​​ និង​​កសាង​សំណុំរឿង​បញ្ជូន​ជន​សង្ស័យ​ទៅ​កាន់​តុលា​ការ​ និង​ទី​៤​ ​គឺ​​ប្រមូល​ផ្តុំ​កម្លាំង​ត្រៀម​ធ្វើ​អន្ត​រា​គ​ម​ន៍ ​បង្កា​រ​ ទប់​ស្កាត់​ និង​បង្ក្រាប​នូវ​រាល់​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ ​ដែល​អាច​នឹង​កើត​មាន​ឡើង ​ជា​ពិសេស​នៅ​បណ្តា​ខេត្ត​ភូមិ​ភាគ​ឦសាន។​

ដើ​ម្បី​សម្រេច​ផែន​ការ​ខាង​លើ ​លោក ​សៅ ​សុខា​ ​បាន​ជំរុញ​​ដល់​ក្រុម​ការ​ងារ​គណៈ​កម្មា​ធិការ​ថ្នាក់​ជាតិ​​ដើម្បី​ទប់​ស្កាត់​​ ​និង​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​​ប្រ​មូល​ផ្តុំ​កម្លាំង​ចូល​រួម​សហការ​ចាត់​វិធាន​ការ​តាម​ជំនាញ​ និង​សហការ​​​គ្រប់​បណ្តា​អង្គ​ភាព​ជំនាញ​ទាំងអស់​​ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌​មាន​​ទាក់​ទង​ទៅ​នឹង​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ ដើ​ម្បី​ឈាន​ដល់​ការ​ចាប់​ខ្លួន​ជន​ល្មើស។​

​លោក​ ​អេង​ ​ហ៊ី ​បាន​ឲ្យ​ដឹង​ថា​ ​បទល្មើស​ធន​ធាន​ធម្ម​ជាតិ​ដែល​​​គណៈ​កម្មាធិការ​ថ្នាក់​ជាតិ​ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​​បង្ក្រាប​​បាន​​ក្នុង​ឆ្នាំ​ ២០១៨ ​រួម​មាន​ការ​បង្ក្រាប​​បទ​ល្មើស​ព្រៃ​ឈើ​ចំនួន ​៣៣៨ ​លើក​ បទ​ល្មើស​រុក​រាន​ទន្ទ្រាន​កាន់​កាប់​ដី​រដ្ឋ​ចំនួន​ ៧២ ​លើក​ ​បទ​ល្មើស​សត្វ​ព្រៃ​ ៣៥​ លើក ​និង​បទ​ល្មើស​រុក​រក​រ៉ែ​ដោយ​ខុស​ច្បាប់​ចំនួន​ ៣១​ លើក​ នៅ​ទូទាំង​ប្រទេស។​ ទោះ​យ៉ាង​ណា​លោក​ថា​មិន​ទាន់​បាន​ប្រៀប​ធៀបថា​តើ​បទ​ល្មើស​ទាំង​នេះ​ថយ​ឬ​កើន​ទេ ​ដោយ​សារ​លោក​មិន ​ទាន់​បាន​ធ្វើ​ការ​ប្រៀប​ធៀប​ផ្លូវការ។

ក្នុ​ង​ចំ​ណោម​ការ​បង្ក្រាប​ទាំង​អស់​នេះ ​ជន​ល្មើស​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​តុលា​ការ ពិន័យ​អន្តរ​កាល​ ​ឬ​ក៏​ត្រូវ​បាន​រឹប​អូស​យក​វត្ថុ​តាង​របស់​ពួក​គេ។​

ចំ​ពោះ​បទ​ល្មើស​ព្រៃ​ឈើ ​លោក​ថ្លែង​ថា​៖ «ភា​គ​ច្រើន​ព្រៃ​ឈើ​គឺ​នៅ​​ភូមិ​ភាគ​ឦ​សាន​ ​មាន​នៅ​ពោធិ៍​សាត់​ក៏​មាន​ ​នៅ​កំពង់​ស្ពឺ​ ​កោះកុង​ ​ហើយ​និង​មណ្ឌលគិរី​ រតន​គិរី​ ​ច្រក​​ចេញ​ជា​ដើម​»។​

​ដើ​ម្បី​ពង្រឹង​ការ​​បង្ការ​ ​និង​បង្ក្រាប​ឲ្យ​មាន​ប្រ​សិទ្ធភាព​ ​លោក​បាន​ឲ្យ​ដឹង​ថា​ ​គណៈ​កម្មា​ធិការ​ថ្នាក់​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​​ធម្មជាតិ​​នឹង​រៀប​ចំ​​ប្រ​ជុំ​ជា​ទៀង​ទាត់​រៀង​រាល់​៣​ខែ​​ម្ដង​​នៅ​​បញ្ជា​ការ​ដ្ឋាន​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស។

លោក​ ​វ៉ី​ សំណាង​ អភិ​បាល​ខេត្ត​កំពង់​ស្ពឺ ​ថ្លែង​​កាល​ពី​ម្សិល​មិញ​ថា​ ​បទល្មើស​ធន​ធាន​ធម្ម​ជាតិ​ជា​ទូ​ទៅ​នៅ​ខេត្ត​របស់​លោក​ ​មាន​ការ​ថយ​ចុះ​​ដោយ​សារ​ពលរ​ដ្ឋ​យល់​ដឹង​ជាង​មុន​។​

​លោក​ថ្លែង​ថា​៖​ «​ឆ្នាំ​ ២០១៨ ​គឺ​យើ​ង​មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ ​ទាំង​បទ​ល្មើស​ព្រៃ​ឈើ ​ទាំង​បទ​ល្មើស​សត្វព្រៃ​ វា​អត់​កើន​ឡើង​អី​ទេ ​ដោយ​សារ​បង​ប្អូន​មាន​ការ​យល់​ដឹង​ ​ហើយ​ម៉្យាង​ទៀត​មិន​សូវ​មាន​អ្នក​ទៅ​ប្រព្រឹត្ត​អ៊ី​ចឹងមិន​​ប៉ុន្មាន​ទេ​ឥឡូវ គាត់​ខ្ចិល​គាត់​ដោយ​សារ​គាត់​មាន​របរ​ផ្សេងៗ​ ​ហើយ​អា​ហ្នឹង​ជា​របរ​ខុស​ច្បាប់»។

​លោក​ពន្យល់​ថា​ ​ការ​ដែល​លោក​អះអាង​ថា​ថយ​ចុះ​ គឺ​ដោយ​សារ​តែ​ចំនួន​នៃ​ការ​បង្ក្រាប​បាន​របស់​សមត្ថកិច្ច​មាន​ការ​ថយ​ចុះ​ ​តែ​លោក​បញ្ជាក់​ថា​ ​ថយ​ចុះ​មិន​មែន​ដោយ​សារ​តែ​សមត្ថកិច្ច​មិន​បង្ក្រាប​​នោះ​ទេ។​

​លោក​ ​វ៉ី​ ​សំ​ណាង​ ​បាន​ឲ្យ​ដឹង​ថា​ ​បញ្ហា​ប្រឈម​របស់​អាជ្ញា​ធរ​មាន​សមត្ថកិច្ច​គឺ​ការ​លោភ​លន់​របស់​មនុស្ស។

​លោក​ សំណាង ​ថ្លែង​ថា៖ «ការ​ចូល​ទៅ​រំ​លោភ​បំពាន​កាន់​កាប់​ដី​ព្រៃ​ឈើ​ ទៅ​សង់​ខ្ទម​អី​ជា​ដើម។​ អា​ហ្នឹង​គឺ​យើង​បង្ក្រាប​រាល់​តែ​ថ្ងៃ។​ ​ម្សិល​មិញ​មន្ត្រី​បរិស្ថាន​យើង​រើ​បាន​​ប៉ុន្មាន​តូប​ទៀត ​យើ​ង​ដើរ​ទៅ​ក្នុង​ព្រៃ​។ ​យើង​អ្នក​បង្ក្រាប​យើង​មាន​ឆន្ទៈ​ តែ​ជន​ទុច្ច​រិត​ឲ្យ​តែ​ចន្លោះ​បន្តិច​​យើង​មិន​មែន​ភ្នែក​ទិព្ធ​មើល​ពី​លើ​ឯ​ណា។​ យើង​ដើរ​ទៅ​ទម្រាំ​ជួប​ វា​ពិបាក​​បើ​យើង​ឃើញ​យើង​បង្ក្រាប»។​

លោក​បន្ត​ថា​ វិធី​សាស្ត្រ​​ដែល​លោក​កំពុង​ធ្វើ​ គឺ​ការ​ពន្យល់​ដល់​ពល​រដ្ឋ​ឲ្យ​យល់​ដឹង​អំពី​ការ​ចូល​ទៅ​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​ព្រោះ​ពួក​គេ​អាច​នឹង​ប្រឈម​មុខ​ច្បាប់​ ​ជាប់​ពន្ធ​នា​គារ​ ​និង​ការ​អនុ​វត្ត​ច្បាប់​ជាក់​ស្ដែង​។​

​នៅ​ពេល​សួរ​ថា​ តើ​លោក​​មាន​ករណី​បទ​ល្មើស​ដែល​មាន​មន្ត្រី​ខិល​ខូច​នៅ​ពី​ក្រោយ​នោះ​ ​លោក​ថ្លែង​ថា​៖ ​​«​ខ្ញុំ​មិន​ដឹង​ថា​​មន្ត្រី​ខ្ពស់​ត្រឹម​ណា​ទេ​ ខ្ញុំ​ដឹង​តែ​ល្មើស​ ខ្ញុំ​អនុ​វត្ត​ច្បាប់។​ ​ខ្ញុំ​មិន​ដឹង​មន្ត្រី​ថ្នាក់​ខ្ពស់​ អ្នក​មាន​អីណា​ទេ​ ​ឲ្យ​តែ​ប្រព្រឹត្ត​ និយាយ​រួម​ឲ្យ​តែ​ប្រ​ព្រឹត្ត​ខុស​ច្បាប់​យើង​អនុ​វត្ត​ច្បាប់​ ​ឲ្យ​តែ​យើងរក​​ឃើញ។​​ អត់​​អី​ទេ​អាហ្នឹង​ អត់​មាន​បញ្ហា​ទេ​»​។​ ​

លោក​បញ្ជាក់​ថា​ ​តាម​ភាព​ជាក់ស្ដែង​ ​អ្នក​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ក្នុង​ខេត្ត​របស់​លោក​ ​គឺ​មិន​មែន​ជា​មន្ត្រី​ខិល​ខូច​ណា​ទេ​គឺ​ពលរដ្ឋ។​

​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ ​ខេត្ត​មណ្ឌល​គិរី​ និង​រតន​គិរី​ ជា​ញឹក​ញាប់​មាន​បទ​ល្មើស​ព្រៃ​ឈើ​កើត​ឡើង។

លោក​ ​ញ៉ែម​ ​សំអឿន​ ​អភិ​បាល​រង​ខេត្ត​រតន​គិរី​ បាន​ថ្លែង​យ៉ាង​ខ្លី​​ថា​ ​បទ​ល្មើស​បែប​នេះ​បាន​ថយ​ចុះ​នៅ​ក្នុង​ខេត្ត​របស់​លោក​នៅ​ឆ្នាំ​ ២០១៨​ ​ដោយ​សារ​តែ​ការ​ប្ដេជ្ញា​របស់​រាជ​រដ្ឋាភិ​បាល​ដែល​តម្រូវ​ឲ្យ​អាជ្ញា​ធរ​ថ្នាក់​ខេត្ត​ប្រឹង​ប្រែង​ ​ជា​ពិសេស​​នៅ​តាម​តំបន់​ព្រំ​ដែន។​

លោក អភិ​បាល​ខេត្ត​មណ្ឌលគិរី​ និង​រតន​គិ​រី​ មិន​អាចទាក់​ទង​ដើម្បី​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ថ្ងៃ​ម្សិលមិញ។​

​លោក​ ​អ៊ូច​ ​ឡេង ​ដែល​ទទួល​បាន​ពាន​​រង្វាន់​​ The Goldman Environmental Prize​ សម្រាប់​ការ​ការពារ​បរិស្ថាន​កាល​ពី​ឆ្នាំ​ ២០១៦​ ​បាន​​ថ្លែង​ថា​ ​ថ្មីៗ​នេះ​លោក​មិន​សូវ​​សកម្ម​ក្នុង​ការឃ្លាំ​មើល​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​ទេ​ដោយ​សារ​លោក​ជួប​គ្រោះ​ថ្នាក់​ចរាចរ​ណ៍។​ ​ប៉ុន្តែ​លោក​សាទរ​ប្រ​សិន​បើ​លោក ​សៅ​ សុខា ​ចុះ​អនុ​វត្ត​ការ​បង្ក្រាប​ផ្ទាល់​ ​ហើយ​ថា​មាន​តែ​លោក​នា​យក​រដ្ឋ​មន្ត្រី​ ​ហ៊ុន​ ​សែន​ ​និង​លោក​ សៅ សុ​ខា ​ទេ​ដែល​អាច​បង្ក្រាប​បទល្មើស​​នេះ​បាន។

លោក​និយាយ​ថា​៖​ «​ល្អ​ហើយ​ដែល​អាវុធ​ហត្ថ​បង្ក្រាប​ ​ឬ​ឯក​ឧត្តម​ ​សៅ ​សុខា ​បង្ក្រាប ព្រោះ​គ្មាន​អ្នក​ណា​ផ្សេង​ហ៊ាន​បង្ក្រាប​ទេ។​ ​ហើយ​ឈ្មួញ​ក៏​លើក​ឡើង​ដែរ​​ថា ​គេ​ខ្លាច​តែ​ឯក​ឧត្តម​ សៅ ​សុខា ​ទេ​ ​ដែល​ជា​មេ ​ហើយ​និង​នាយ​ករដ្ឋ​​មន្ត្រី​ ​តែ​ ២ ​នាក់​ទេ។​ ​បើ​គាត់​ ២ ​នាក់​មិន​បង្ក្រាប​គឺ​អត់​មាន​អ្នក​ណា​ហ៊ាន​បង្ក្រាប​គេ​ទេ។​ ​នេះ​ជា​សម្ដី​ដ៏​ឈ្លើយ​របស់​ឈ្មួញ​»​។​

​លោក​បន្ត​ថា​៖​ ​«​ដូ​ច្នេះ​ការ​ងារ​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ​ និង​ព្រៃ​ឈើ​ជា​ភារ​កិច្ច​ទាំង​ស្រុង​របស់​នាយ​ក​រដ្ឋ​មន្ត្រី​ ​និង​ឯក​ឧត្តម​ សៅ​ ​សុខា​ ​ព្រោះ​អី​លោក​នាយក​​រដ្ឋ​មន្ត្រី​គាត់​បញ្ជា​ឲ្យ​បាញ់​រ៉ុ​ក្កែត​តាំង​ពី​យូរ​ណាស់​ហើយ។ ​ដូ​ច្នេះ​មាន​តែ​ឯកឧត្តម​ សៅ​ សុ​ខា ទេ​ដែល​អាច​បង្ក្រាប​​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​។ ​វាស​នា​អនា​គត​ព្រៃ​ឈើ​ ធន​ធាន​ធម្ម​ជាតិ​យើង​សង្ឃឹម​ទៅ​លើ​ឯក​ឧត្តម​សៅ ​សុខា​ ​និង​នាយក​រដ្ឋ​មន្ត្រី​ហើយ​ ​ក្រៅ​ពី​នោះ​គ្មាន​សមត្ថ​ភាព​ទាំង​អស់»។​

លោក​ អ៊ូច​ ​ឡេង​ ​បាន​លើក​ឡើង​ជា​ឧទា​ហរ​ណ៍​ មិន​មាន​អ្នក​ផ្សេង​អាច​បង្ក្រា​បបាន​ទេ​ដោយ​សារ​តែ​អ្នក​ដែល​រក​ស៊ី​ឈើ​​គឺ​ជា​អ្ន​ក​ដែល​មាន​ឋានៈ​ខ្ពស់​ រួម​មាន​ងារ​ជា​ឧក​ញ៉ា​ជា​ដើម​៕​​​