ភ្នំពេញ: លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់​​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ប្រាប់​ឲ្យ​អភិបាល​ខេត្ត​/​ក្រុង ត្រូវ​ថែរក្សា​គុណភាព និង​បរិមាណ​វត្ថុតាង​ដែល​ចាប់ពី​បទល្មើស​ផល អនុផល​ព្រៃឈើ ដើម្បី​ទុកដាក់​ដេញថ្លៃ​លក់ និង​បង្វិល​ជា​ថវិកាជាតិ ដោយ​មន្ត្រី​សន្យា​គោរព​តាម​បទបញ្ជា​នេះ​។

លោក សៅ សុខា បានចេញ​លិខិត​ណែនាំ​កាលពី​ថ្ងៃទី​ ៤ ខែ​ធ្នូ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួល​បាន​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា ដើម្បី​រក្សា​បាន​គុណភាព និង​បរិមាណ​វត្ថុតាង​បទល្មើស​ផល អនុផល​ព្រៃឈើ​ដែល​ចាប់​យក​បាន​ក្នុង​យុទ្ធនាការ​ឆ្នាំ​ ២០១៩ ​កន្លងមក​នេះ​ដោយបាន​ធ្វើការ​ណែនាំ​ដល់​អភិបាលខេត្ត​/​ក្រុង និង​សមាជិក​ទាំងអស់​ត្រូវ​រក្សា​ឲ្យ​បាន​នូវ​គុណភាព និង​បរិមាណ​វត្ថុតាង​នៃ​បទល្មើស​ផល អនុផល​ព្រៃឈើ ដែល​រក្សាទុក​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​រាជធានី ខេត្ត​នីមួយៗ​។

លិខិត​ណែនាំ​ដដែល​នោះបាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រក្សា​ឲ្យ​បាន​គង់វង្ស កុំ​ឲ្យ​បាត់បង់ ឬ​ភ្លើង​ឆេះ​ដោយ​ប្រការ​ណាមួយ សម្រាប់​ទុកដាក់​ជូន​ដេញថ្លៃ ឬ​ពិគ្រោះ​ថ្លៃ​នាពេល​ខាងមុខ ដើម្បី​ចូលរួម​ចំណែក​ប្រមូល​ថវិកា​ជូន​ជាតិ​។ លោក​អភិបាល​ខេត្ត​/​ក្រុង ត្រូវ​ចាត់តាំង​ផ្សព្វផ្សាយ និង​មាន​វិធានការ​ចាំបាច់ ទប់ស្កាត់ ការពារ​ឲ្យ​បាន​ហ្មត់ចត់ ដោយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​កងកម្លាំង​ប្រដាប់អាវុធ​ធ្វើ​ជា​សេនាធិការ​ជូន​លោក​អភិបាលខេត្ត​/​ក្រុង​។

សេចក្ដីណែនាំ​បញ្ជាក់​ថា​៖ «​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ការងារ​នេះ ជូន​ដល់​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ ហើយ​ក្រោយ​ពី​ផ្សព្វផ្សាយ និង​បាន​ចំណាត់ការ​រួចរាល់ ធ្វើ​របាយការណ៍​ដោយ​ភ្ជាប់​ជាមួយ​រូបភាព ផ្ញើមក​ក្រុម​ការងារ​លេខា​ថ្នាក់ជាតិ​។ អភិបាលខេត្ត​/​ក្រុង ត្រូវ​ចាត់តាំង​អនុវត្ត​សេចក្ដីណែនាំ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​»​។

លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ថ្លែងថា ក្រុមមន្ត្រី​ជំនាញ​បាន​ផ្ញើលិខិត​ណែនាំ​របស់​លោក សៅ សុខា ទៅ​ដល់​ដៃ​លោក​អភិបាលខេត្ត​/​ក្រុង​គ្រប់ៗ​គ្នា​ហើយ​ដើម្បី​ឲ្យ​ពួកគាត់​អនុវត្ត​តាម​សេចក្ដី​ណែនាំ​នេះ​។

លោក​បន្តថា គណៈកម្មការជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​មិនទាន់​បាន​ទទួល​របាយការណ៍​លម្អិត​ដែល​ពាក់ព័ន្ធ​វត្ថុតាង​ទាំងអស់​ដែល​សមត្ថកិច្ច​រឹបអូស​បាន​ពី​បទល្មើស​ព្រៃឈើ​ទេ ដោយ​មិនទាន់​ដឹងថា រថយន្ត​សរុប​ប៉ុន្មាន ឈើ​សរុប​ប៉ុន្មាន និង​វត្ថុតាង​ដទៃទៀត​ប៉ុន្មាន​ដែរ ព្រោះ​គណៈកម្មការ​កំពុង​ចុះត្រួតពិនិត្យ និង​ចុះ​វាស់វែង​ក៏ដូចជា​កំពុង​រៀបចំ​របាយការណ៍​មិនទាន់​រួចរាល់​នៅឡើយ​។

លោក អេង ហ៊ី បញ្ជាក់ថា​៖ «​យើង​បាន​ចុះ​ត្រួតពិនិត្យ​ជាក់ស្ដែង​គឺ​វត្ថុតាង​មួយចំនួន​ពីមុន​មក​យើង​ចាប់បាន​ឈើ ឬ​ឡាន យើង​ដាក់​វា​នៅ​កណ្ដាលវាល អ៊ីចឹង​ខ្លាច​ត្រូវ​ភ្លៀង ឬ​ទុក​យូរៗ​ទៅ វា​ពុកផុយ ខូចខាត​ជាដើម​។ ម្យ៉ាងទៀត​បើ​យើង​ទុក​ឈើ​ចោល​កណ្ដាល​វាល ខ្លាច​ដល់​ពេល​ខែប្រាំង មាន​ភ្លើង​ឆេះ អ៊ីចឹង​បានជា​យើង​ណែនាំ​មន្ត្រី​ជំនាញ​រៀបចំ​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​។ ពេល​យើង​ធ្វើ​របាយការណ៍​រួចរាល់​ហើយ យើង​នឹង​ធ្វើការ​ដាក់​ដេញថ្លៃ​លក់ ប៉ុន្ដែ​ដាក់​ដេញថ្លៃ​ពេលណា ខ្ញុំ​អត់​ទាន់​ដឹង​ទេ​»​។

លោក ស្វាយ សំអ៊ាង អភិបាល​ខេត្តមណ្ឌលគិរី​ដែល​បានទទួល​លិខិត​ហើយ បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ទៅតាម​អង្គភាព​ជំនាញ ដើម្បី​បើក​កិច្ចប្រជុំ​មួយ​ទៀត​ពិភាក្សា​ជុំវិញ​ករណីនេះ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​នឹង​ចាត់​មន្ត្រី​ជំនាញ​រៀបចំ​កន្លែង​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ប្រសិន​ជា​ឡាន គឺ​យើង​នឹង​យក​វា​មក​ដាក់​ក្នុង​ម្លប់ កុំ​ឲ្យ​ត្រូវ​ថ្ងៃ ត្រូវ​ភ្លៀង ខ្លាច​វា​ពុកផុយ ខូច​ជាដើម រីឯ​ឈើ យើង​ទុកដាក់​វា​យ៉ាងណា​កុំ​ឲ្យ​មាន​ភ្លើង​ឆេះ​មកដល់ ហើយ​យើង​នឹង​ដាក់​កម្លាំង​សមត្ថកិច្ច​ឃ្លាំមើល​ជាប្រចាំ​ដែរ​ថែមទៀត​»​។

លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​បាន​ចាត់​មន្ត្រី​ឲ្យ​ចុះ​ត្រួតពិនិត្យ​វត្ថុតាង​ដែល​រឹបអូស​ពី​បទល្មើស​ព្រៃឈើ​ទាំងអស់​នេះ​។ វត្ថុតាង​ដែល​រឹបអូស​បាន​នៅ​ខេត្តក្រចេះ​មាន​ឈើ​មួយចំនួន រថយន្ត រណារយន្ត និង​សម្ភារ​មួយចំនួនទៀត​។

លោក​បញ្ជាក់ថា​៖ «​យើង​បង្ក្រាប​បាន​ហ្នឹង​វា​មិន​ច្រើន​ប៉ុន្មាន​ទេ ខ្ញុំ​អត់​ចាំ​ចំនួន​វា​ប៉ុន្មាន​ទេ ហើយ​ឡាន​ដឹកឈើ​ហ្នឹង យើង​បាន​ប្រគល់​ឲ្យ​ទៅ​រដ្ឋបាល​ព្រៃឈើ គាត់​ថែរក្សា ហើយ​រឿង​ឈើ ខ្ញុំ​បាន​ប្រាប់​ឲ្យ​មន្ត្រី​យើង ប្រមូល​ដាក់​ជា​គំនរ​ទុក​កន្លែង​មាន​សុវត្ថិភាព​ហើយ គឺ​មិនមាន​ត្រូវ​ទឹកភ្លៀង​ទេ​ យើង​ទុកដាក់​វា​បាន​ល្អ​ហើយ​»​។

លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក​បាន​ថ្លែង​គាំទ្រ​ឲ្យ​មាន​ការការពារ​ និង​រៀបចំ​ទុកដាក់​វត្ថុតាង​ដែល​រឹបអូស​ពី​បទល្មើស​ព្រៃឈើ​ទាំងអស់​។

លោក​បន្តថា ចំពោះ​ការដាក់​ដេញថ្លៃ​លក់​វត្ថុតាង​នេះ​លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​ប្រកាស​ដាក់​ដេញថ្លៃ​ជា​សាធារណៈ ដែល​មិន​មាន​ការលាក់បាំង​ព័ត៌មាន ព្រមទាំង​អនុញ្ញាត​ឲ្យ​មាន​សង្គម​ស៊ីវិល​ចូលរួម​ឃ្លាំមើល​ក្នុង​ដំណើរការ​ដេញថ្លៃ​នេះ​។

លោក​បញ្ជាក់ថា​៖ «​ចំពោះ​វត្ថុតាង​ដែល​មិនត្រូវ​បាន​គេ​ទិញ ឬ​លក់​មិន​ដាច់​ដូចជា រណារយន្ត រថយន្ត​ដឹកឈើ និង​សម្ភារ​មួយ​ចំនួន​ទៀត​គឺ​អាជ្ញាធរ​ត្រូវតែ​គ្រប់គ្រង​ឲ្យ​បាន​ល្អ និង​តម្លាភាព ព្រោះ​ខ្ញុំ​ព្រួយបារម្ភ​ខ្លាច​វត្ថុតាង​ទាំងនេះ ក្លាយ​ទៅ​ជា​វត្ថុ​សម្រាប់​បម្រើ​ឲ្យ​ការបំផ្លាញ​ព្រៃឈើ​ឡើងវិញ នៅពេល​ដែល​ការគ្រប់គ្រង​ធូររលុង និង​មិន​រឹតបន្ដឹង​ច្បាប់​គ្រប់គ្រង​វត្ថុតាង​ទាំងអស់​នេះ​។ នៅពេល​បាន​លុយ​ពី​ការលក់​សម្ភារ​ទាំងអស់​នេះ​ក៏​គួរតែ​ប្រកាស​សាធារណៈ​ដែរ ក្រែង​មាន​ពុករលួយ​»៕