ភ្នំពេញៈ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជា​កូនប្រុស​​លោក​នាយក​រដ្ឋមន្ត្រី​នឹង​ក្លាយ​ជា​នាយសេនាធិការ​ចម្រុះ​ស្តីទី​អគ្គបញ្ជាការដ្ឋាន និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក​ស្តីទី​ដោយ​ជំនួស​នាយ​ឧត្តមសេនីយ៍ គន់ គីម និង​នាយឧត្តមសេនីយ៍ មាស សុភា រីឯ នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវ​ជំនួស​នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿន ខណៈ​លោក​ទាំង​ ៣ ​ក្លាយ​ជា​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ខាង​មុខ​។ នេះ​បើ​តាម​ប្រកាស​មួយ​។

តាម​ប្រកាស​ដែល​ចុះហត្ថលេខា​ដោយ​លោក ទៀ បាញ់ ដែល​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទើប​​ទទួល​បាន​ពី​ម្សិលមិញ​បាន​សរសេរ​ថា​៖ «​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ សម្រេច​ប្រគល់​ភារកិច្ច​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ដែល​មាន​រាយ​នាម​ដូច​ខាង​ក្រោម​៖១‑ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា ជា​អគ្គមេបញ្ជាការ​ស្តីទី​នៃ​កងយោធពល​ខេមរភូមិន្ទ​បន្ថែម​លើ​​មុខងារ​បច្ចុប្បន្ន ២‑ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជា​អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ ជា​នាយសេនាធិការ​ចម្រុះ​ស្តីទី អគ្គបញ្ជាការដ្ឋាន និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក​ស្តីទី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​»​។

តាម​ប្រកាស​ថា «​ការផ្លាស់ប្តូរ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​សំណើសុំ​ឈប់​សម្រាក​ពិសេស​សម្រាប់​ការចូលរួម​នៅក្នុង​ការបោះឆ្នោត​នាពេល​ខាង​មុខ​។ ការផ្លាស់ប្តូរ​នេះ​ចូល​​ជា​ធរមាន​ចាប់ពី​ថ្ងៃទី​ ៣០ ខែ​មិថុនា​»​។

លោក​ ហង្ស វិទូ ដែល​ជា​អ្នកវិភាគ​នយោបាយ​បាន​ថ្លែង​ថា​៖ «​ការដំឡើង​តំណែង​បណ្តោះអាសន្ន​ [​ចំពោះ​លោក ម៉ាណែត​] ត្រូវ​បាន​រៀបចំ​ដោយសារ​សេណារីយោ​នយោបាយ​ដើម្បី​រក្សា​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​ ហ៊ុន សែន ដោយសារ​លោក​នាយករដ្ឋមន្ត្រី​មិន​ទុកចិត្ត​នរណា​ម្នាក់​ដូច​កូន​របស់​គាត់​... គាត់​បារម្ភ​អំពី​ការ​រង្គោះរង្គើ​អំណាច​»​។

លោក សៅ សុខា ជាយូរ​មក​ហើយ​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​មាន​ប្រវត្តិ​​ធ្វើ​ជំនួយការ​លោក​ ហ៊ុន សែន ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​ ៧០​។

ចំណែក​លោក ហ៊ុន ម៉ាណែត បច្ចុប្បន្ន​ក៏​ជា​មេកង​កម្លាំង​ប្រឆាំង​ភេរវកម្ម​ចម្រុះ​របស់​ក្រសួង​​ និង​ជា​មេបញ្ជាការរង​នៃ​កងអង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី​។

ពី​មុន​លោក​ធ្លាប់​ចូលរួម​ចរចា​​ក្នុង​អំឡុង​ជម្លោះ​រវាង​កម្ពុជា-​ថៃ​ពាក់ព័ន្ធ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ផង​ដែរ​៕ PS