ភ្នំពេញៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបង្ហាញនូវរបាយការណ៍សន្តិសុខនៅក្នុងកិច្ចប្រជុំកាលពីដើមសប្ដាហ៍កន្លងមកនេះបានឲ្យដឹងថា បរិយាកាសសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមមានភាពស្ងប់នៅទូទាំងប្រទេសនៅក្នុងឆ្នាំ ២០១៨ ដោយសារបទល្មើសមានការថយចុះ ទាំងបទឧក្រិដ្ឋ និងមជ្ឈិម ខណៈដែលសភាពការណ៍ពិភពលោក មានការវិវឌ្ឍ បត់បែន ស្មុគស្មាញ ប្រែប្រួលឥតឈប់ឈរ ពីព្រោះសង្គ្រាមប្រឆាំងភេរវកម្ម ជម្លោះប្រដាប់អាវុធ ដែលកើតចេញមកពីការធ្វើបដិវត្តន៍ពណ៌ បញ្ហាអធិបតេយ្យភាពទឹកដី សាសនា ជាតិសាសន៍ នុយក្លេអ៊ែរ សង្គ្រាមពាណិជ្ជកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន។
លោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែង នៅក្នុងពិធីប្រជុំបូកសរុបការងារកងរាជអាវុធហត្ថឆ្នាំ ២០១៨ និងផ្សព្វផ្សាយទិសដៅផែនការការងារឆ្នាំ ២០១៩ នារសៀលថ្ងៃទី ១៤ ខែមករានេះថានៅឆ្នាំ ២០១៨ បទល្មើសកើតឡើងចំនួន ៣ ៧៧១ ករណី បើប្រៀបទៅឆ្នាំ ២០១៧ មានរហូតដល់ ៤ ៦១៧ ករណី គឺបានថយចុះចំនួន ៩៤៦ ករណី។
លោក សុខា អះអាងថា នៅឆ្នាំ២០១៨ បទល្មើសផ្សេងៗដូចជា លួចមានស្ថានទម្ងន់ទោសមានចំនួន ២៨៣ ករណី ឃាតកម្មមានចំនួន ២៤៨ ករណី រំលោភសេពសន្ថវៈមានចំនួន ១៨៨ ករណី ជួញដូរមនុស្សមានចំនួន ១២ ករណី ជំរិតទារប្រាក់មានចំនួន ១៦ ករណី ជួញដូរចែកចាយគ្រឿងញៀនមានចំនួន ៩៣៤ ករណី បង្ខាំងមនុស្សមានចំនួន ៥ ករណី បាចខិត្តប័ណ្ណមានចំនួន ២ ករណី ការប្រមូលផ្តុំមនុស្សតវ៉ាមានចំនួន ៨៦៨ ករណី កូដកម្មចំនួនមាន ៨៦១ ករណី បាតុកម្មមានចំនួន ៦ ករណី និងបាតុកម្ម ហិង្សាចំនួន ១ ករណី។
ក្នុងនោះជនល្មើសចំនួន ៣ ៧៨៥ នាក់ ត្រូវបានកសាងនូវសំណុំរឿង បញ្ជូនទៅតុលាការដើម្បីផ្ទន្ទាទោសតាមច្បាប់។
លោក សៅ សុខា បានឲ្យដឹងថា កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំត្រៀមកម្លាំងទាំង ៤ ទិស នៅជុំវិញរាជធានី ភ្នំពេញ ដើម្បីត្រៀមបង្ការ ទប់ស្កាត់ និងអន្តរាគមន៍ឲ្យបានទាន់ពេលវេលា នៅពេលមាន ព្រឹត្តិការណ៍ណាមួយដូចជា ការប្រមូលផ្តុំមនុស្សតវ៉ា កូដកម្មឬ បាតុកម្មហិង្សាដែលអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។ ដោយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការសហការជាមួយកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ អនុវត្តនូវតួនាទី ភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ឲ្យ និងការពារសុខសន្តិភាព ស្ថិរភាពនយោបាយនៅកម្ពុជា ស្របតាមអនុសាសន៍ណែនាំ និងយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
ខណៈលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងនៅក្នុងអង្គប្រជុំនោះផងដែរថា កម្លាំងកងរាជអាវុធហត្ថជាកម្លាំងស្នូល ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងប្រទេសជាពិសេស កម្លាំងអន្តរាគមន៍ដ៏ទាន់ពេលវេលា និងនៅជាប់លាប់ជានិច្ចជាមួយប្រជាពលរដ្ឋ ។
លោក ទៀ បាញ់ ថ្លែងថា៖ «ភារកិច្ចស្នូលរបស់យើងថែរក្សា សណ្តាប់ធ្នាប់សាធារណៈក៏ដូចជាពង្រឹងសុខសន្តិភាពរបស់ យើងឲ្យកាន់តែរឹងមាំ»។
លោក សៅ សុខា ក៏បានថ្លែងឲ្យដឹងផងដែរថា កងកម្លាំងអាវុធហត្ថបានអនុវត្តតួនាទី និងភារកិច្ចបានយ៉ាងខ្ជាប់ខ្ជួនក្នុងការចូលរួមការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ជូន គណៈប្រតិភូជាតិនិងអន្តរជាតិ កិច្ចប្រជុំ និងព្រះរាជពិធីសម្ពោធសមិទ្ធផលនានា របស់ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក បានអះអាងថាស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមនៅតែមិនទាន់មានលក្ខណៈល្អប្រសើរនៅឡើយដោយសារតែមានករណីបទល្មើសមានបន្តកើនឡើង និងដោយសារការបើកទូលាយសិទ្ធិសេរីភាពក្នុងការប្រមូលផ្តុំ និងជួបជុំនៅមានកម្រិត។
លោកថ្លែងថា៖ «យើងឃើញថាមិនទាន់មានភាពល្អប្រសើរនៅឡើយទេទាក់ទងនឹងបញ្ហាសន្តិសុខដោយសារតែប្រជាពលរដ្ឋយើងបន្តរស់នៅក្នុងការព្រួយបារម្ភ ដោយសារបញ្ហាចោរកម្មនៅឡើយពេលដែលគាត់ធ្វើដំណើរ។ យើងមិនដឹងថាគាត់យកអ្វីទៅវាស់វែងដែលអះអាងថាបទល្មើសមានការថយចុះ យើងមិនទាន់អាចទទួលយកបានទេដោយសារតែបញ្ហាទាំងអស់នេះនៅតែមាន»៕