ភ្នំពេញ: មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិលោក សៅ សុខា កាលពីម្សិលមិញ បានបញ្ជាឲ្យដុតបំផ្លាញរថយន្តដែលបម្រើឲ្យបទល្មើសព្រៃឈើចំនួនជាង ២០ គ្រឿងទៀត ខណៈក្រុមការងារបាននិងកំពុងចុះត្រួតពិនិត្យក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយចំនួននៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ប៉ុន្ដែមន្ត្រីមិនទាន់បង្ហាញលទ្ធផលនៅឡើយ។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កាលពីម្សិលមិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមជុំវិញការបញ្ជាពីលោក សៅ សុខា នេះនៅឡើយទេ។
ប៉ុន្ដែតាមគេហទំព័រហ្វេសប៊ុករបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស (GRK News) បានបង្ហាញពីម្សិលមិញថា នៅថ្ងៃទី ៧ សីហា លោក សៅ សុខា បានដឹកនាំក្រុមការងារអន្តរក្រសួង និងស្ថាប័នការពាក់ព័ន្ធ ចុះទៅត្រួតពិនិត្យដោយផ្ទាល់ពីលទ្ធផលនៃការបង្ក្រាបបទល្មើសព្រៃឈើដែលក្រុមការងារបានបង្ក្រាបជាបន្តបន្ទាប់នាពេលកន្លងមកនេះ។
គេហទំព័រនោះបន្តថា ជាលទ្ធផលក្រុមការងារឃាត់រថយន្តវេអង់ជាង ២០ គ្រឿង ហើយលោក សៅ សុខា បានត្រួតពិនិត្យរថយន្តដែលកម្លាំងបង្ក្រាបនោះរួចរាល់ហើយ ព្រមទាំងបញ្ជាឲ្យក្រុមការងារកាត់ជាកំណាត់ៗ ដើម្បីត្រៀមធ្វើការបំផ្ទុះជាមួយម្សៅ TNT បំផ្លាញចោល។ លើសពីនេះ លោក សៅ សុខា បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយចំនួននៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរីផងដែរ។
ក្នុងអំឡុងពេលចុះត្រួតពិនិត្យក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយចំនួននោះ លោក សៅ សុខា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី ៦ សីហានេះថា ការដែលលោកបានចុះមកដល់ទីតាំងសិប្បកម្មកែច្នៃឈើទាំងនេះ ដើម្បីត្រួតពិនិត្យភារកិច្ចរបស់ក្រុមប្រតិបតិ្តការរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបានធ្វើសកម្មភាពរយៈពេល ២៨ ថ្ងៃកន្លងមកនេះ។
លោក សៅ សុខា បញ្ជាក់ថា៖ «យើងមិនមែនចេះតែចង្អុលចាប់អ្នកនេះ ចាប់អ្នកនោះបានស្រេចតែចិត្តទេ គឺប្រទេសនេះមានច្បាប់ គឺយើងរកភ័ស្ដុតាងច្បាស់លាស់សិន ខ្ញុំឧទាហរណ៍ថា បើមានគេដឹកឈើដូចគ្នា អ្នកដឹក ១ ឡាន តែជាប់គុក ហើយអ្នកដឹក ១០០ ឡាន អត់ជាប់គុក ហេតុអ្វីអ្នកដឹក ១០០ ឡាន អត់ជាប់គុក ព្រោះគេដឹកមានច្បាប់ រីឯអ្នកដឹក ១ ឡានជាប់គុក គឺមកពីគ្មានច្បាប់។ កាប់ឈើដូចគ្នា កាប់តែ ១ ដើម ក៏មានទោសដែរ ប៉ុន្ដែអ្នកកាប់អស់ ១ ហិកតា គ្មានទោស ព្រោះអី ព្រោះមួយមានច្បាប់ និងមួយទៀតគ្មានច្បាប់»។
លោកបន្ថែមថា កម្ពុជាត្រូវការអូសទាញអ្នកវិនិយោគលើវិស័យកសិកម្ម ព្រោះក្រុមហ៊ុនអាចជួយទិញផលិតផលកសិកម្មពីពលរដ្ឋ ដើម្បីនាំចេញទៅក្រៅប្រទេស។ លើសពីនេះ ក្រុមហ៊ុនអាចជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ ឬសាលារៀន ហើយប្រជាជនក៏អាចប្រើប្រាស់បានដែរ។ ដូច្នេះ វាជាបំណងល្អរបស់រដ្ឋាភិបាល ប៉ុន្ដែមានឈ្មួញទុច្ចរិតមួយចំនួនបានឆក់យកឱកាសនេះ ដើម្បីមកបំផ្លាញព្រៃឈើកម្ពុជាទៅវិញ ទើបគណៈកម្មការជាតិត្រូវតែបង្ក្រាប។
ទោះយ៉ាងណា កិច្ចប្រជុំនេះ មិនទាន់មានការបញ្ជាក់ពីលទ្ធផលនៅឡើយទេ ដោយសារក្នុងនោះលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី លោក កែវ សុភគ៌ ប្រធានមន្ទីរបរិសា្ថនខេត្តមណ្ឌលគិរី និងលោក សុក សេរ៉ា អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី កាលពីម្សិលមិញ មន្ត្រីទាំងនោះ មិនអាចទាក់ទងតាមទូរស័ព្ទសុំការបញ្ជាក់បានឡើយ។
លោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានថ្លែងថា ក្រៅពីដំណើរទស្សនកិច្ចនៅតាមតំបន់ដីសម្បទានសេដ្ឋកិច្ចមួយចំនួនរួចរាល់ លោក សៅ សុខា បានដឹកនាំមន្ត្រីអន្តរក្រសួង ប្រជុំបូកសរុបការងារទាំងនេះ ប៉ុន្ដែលោកមិនបានដឹងពីរបាយការណ៍លម្អិតទេ។
លោក បូណារ៉ែល បានថ្លែងបន្តថា ក្រោយពីបញ្ចប់កិច្ចប្រជុំ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាឲ្យមន្ត្រីជំនាញពាក់ព័ន្ធចុះបិទទីតាំងសិប្បកម្មកែច្នៃឈើទាំងអស់នៅក្នុងខេត្ត។ ក្នុងនោះ មានទីតាំងកែច្នៃធំៗចំនួន ២ កន្លែង ត្រូវបានបិទទាំងស្រុង ដែលពួកគេបានបើកទីតាំងជិតព្រំដែនដោយមិនមានច្បាប់អនុញ្ញាត។
លោកបញ្ជាក់ថា៖ «គណៈកម្មការយើងបានចុះពិនិត្យតាមក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន ៦ កន្លែងរួចរាល់ហើយ ប៉ុន្ដែយើងកំពុងធ្វើរបាយការណ៍ហ្នឹង ក្រោយមកទៀតឯកឧត្តម សៅ សុខា ក៏បានបន្តដំណើរទៅខេត្តរតនគិរី និងស្ទឹងត្រែងទៀត ដើម្បីកិច្ចការដូចគ្នានេះដែរ»។
លោក ហេង ស្រស់ សកម្មជនការពារព្រៃឈើ បានថ្លែងថា កន្លងមកមានក្រុមហ៊ុនចំនួន ៦ ដែលកំពុងប្រតិបតិ្តការកាប់ឈើនៅក្នុងខេត្តមណ្ឌលគិរី ក្នុងនោះមានក្រុមហ៊ុន ម៉ាស្ទ័រខេសិន ក្រុមហ៊ុន យ៉ាន់ចាវ ក្រុមហ៊ុន ថាច់វូដ ក្រុមហ៊ុនវិជ្ជរី ក្រុមហ៊ុន ណេងណា និងក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ប៉ុន្ដែក្រុមហ៊ុនទាំងនេះ លោកបានទទួលដំណឹងថា កំពុងត្រូវបានដកអាជ្ញាប័ណ្ណ។
លោកបញ្ជាក់ថា៖ «យើងកំពុងធ្វើការតាមដានចំពោះនីតិវិធីដកអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនទាំងនេះថាតើអាជ្ញាធរដកហ្នឹង ដើម្បីសម្ដែង ឬប្រគល់ជូនទៅអ្នកមានអំណាចណាមួយផ្សេងទៀត។ បើតាមខ្ញុំសង្កេតឃើញថា មានតែក្រុមហ៊ុន ១ ឬ ២ ប៉ុណ្ណោះ ដែលបានដាំកូនដើមចន្ទីទុកចោលហើយក្រៅពីនេះ គឺទុកដីទំនេរចោលក្រោយពីកាប់ឈើអស់ហើយ។ ខ្ញុំគាំទ្រឲ្យបិទដេប៉ូលក់ឈើ និងរោងសិប្បកម្មកែច្នៃឈើទាំងអស់នៅខេត្តមណ្ឌលគិរីនេះ»៕