ភ្នំពេញៈ មេ​បញ្ជាការ​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​លោក ​សៅ សុខា ​កាលពី​ម្សិលមិញ​ព្រមាន​ចាត់​វិធានការ​តាមច្បាប់​ចំពោះ កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ​បើ​រកឃើញថា ​ពិតជា​បាន​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា ​ក្នុងស្រុក​ព្រៃ​នប់ ខេត្ត​ព្រះសីហនុ ​កាលពី​ថ្ងៃទី ២៤​ មករានោះ​ ខណៈ​មន្ត្រី​គណៈកម្មការ​ចំពោះ​កិច្ច​កំពុង​ស៊ើបអង្កេត​លើ​ករណីនេះដើម្បី​ស្វែងរក​មុខសញ្ញា​ជនបង្ក។

បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​ បណ្តាល​​ឲ្យ​មនុស្ស​ម្នាក់​របួសធ្ងន់​ដោយ​គ្រាប់កាំភ្លើង​ និង​ម្នាក់ទៀត​របួសស្រាល​ ហើយ ​៤ នាក់ ​ត្រូវបាន​ឃាត់​ខ្លួន​ តែ​ដោះលែង​វិញ​នៅ​ថ្ងៃ​ដដែល​នោះ ក៏​មានការ​បែកធ្លាយ​នូវ​វីដេអូជាច្រើន​ឃ្លីប​ ចែកចាយ​តៗគ្នា​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក ដែល​បង្ហាញ​ពី​មន្ត្រី​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ម្នាក់​បាន​វាយ​ជនរងគ្រោះ​នឹង​កាំភ្លើង AK និង​មាន​មន្ត្រី​ម្នាក់ទៀតបាន​យក​ជើង​ជាន់​ពីលើ​ជនរងគ្រោះ​ដែល​កំពុង​ដេក​ដួល​នឹង​ដី ខណៈ​ដៃ​របស់​គាត់​កំពុង​ជាប់​ចំណង​ចង​ទៅ​ក្រោយ។

ហេតុការណ៍​ប៉ះទង្គិច​ និង​ការធ្វើ​ទារុណ​កម្មនេះបាន​បង្ក​ការភ្ញាក់ផ្អើល និង​រិះគន់​ជា​បន្តបន្ទាប់​ រួមទាំង​មានការ​ទាមទារ​ឲ្យ​អាជ្ញាធរ​ទទួលខុស​ត្រូវ​ចំពោះ​ការបង្ក្រាប​ដ៏​ហិង្សា​ទៅលើ​ការតវ៉ា​ក្នុង​ជម្លោះ​ដីធ្លី​នេះ​ពី​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ជាតិ ​និង​អន្តរជាតិ។

លោក សៅ សុខា​ ដែលក៏ជា​អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ​ផងដែរ​នោះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​ម្សិល​មិញ​ថា ​ក្នុង​រយៈពេល ២ ថ្ងៃ​ ក្រោយ​បង្កើត​គណៈកម្មការ​នេះ​ ក្រុម​ជំនាញ ​មិនទាន់​ប​ញ្ជូន​របាយការណ៍​ស៊ើប​អង្កេត​ជា​ផ្លូវការ​មក​លោក​នោះទេ​ព្រោះតែ​ការ​ស៊ើប​អ​ង្កេត​មិនទាន់​បាន​បិទ​បញ្ចប់។ លោក​បន្តថា​ បើ​ពិតជា​រក ឃើញ​ពី​កំហុស​របស់​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ​ក្នុង​ការប្រើ​ហិង្សា​លើ​ពលរដ្ឋ​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​នេះ​មែន ​គឺ​ពួកគេ​ត្រូវតែ​ទទួល​ទោស​កំហុស​តាមផ្លូវ​ច្បាប់។

លោក​បញ្ជាក់ថា​៖ «រូបភាព​នៅក្នុង​ខ្សែវីដេអូ​នេះ គឺជា​ការបង្ហាញ​មួយ ​ដែល​បង្ហាញ​អំពី​ការរំលោភ​ទៅលើ​សិទ្ធិ​ពលរដ្ឋ ក្នុងការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​អនុវត្ត​ច្បាប់​ ព្រោះ​គេ​បាន​ប្រើប្រាស់​ឯកសណ្ឋាន​កងរាជ​អាវុធហត្ថ ​ដែល​នេះ​ជា​ផ្នែក​មួយ ​តម្រុយ​មួយ នៃ​ការស្រាវជ្រាវ​របស់​យើង ​ដើម្បី​ឈាន​ទៅរក​ការ​សន្និដ្ឋា​ន​ថា​កំហុស​ហ្នឹង​កើតមាន​គ្នា​ប៉ុន្មាន​នាក់? មានតែ​ម្នាក់​ហ្នឹង​ទេ? ​ហើយ​ការខុស​ហ្នឹង​ក៏ដោយ​សារ​ខ្លួន​ធ្វើ-​ខ្លួនឯង​ ឬក៏​មានការ​បញ្ជាពី​ណា​ឲ្យ​មក​វ៉ៃ​ម្នាក់​ហ្នឹង»។

លោក​ សៅ សុខា ​បន្តថា​ ក្នុងករណី​នៃ​ការស៊ើបអង្កេត​មិនទាន់​ត្រូវបាន​បិទ​បញ្ចប់ ​ដូច្នេះ​ការកំណត់​ពី​ការ​មាន​ទោស​កំហុស​នោះ គឺ​មិនទាន់​អាច​កំណត់​បានទេ តែ​ជាទូទៅ​ទោសកំហុស​របស់​មន្ត្រី​កងរាជអាវុធហត្ថ គឺ​មាន​ ៣ វិធានការ។

លោក​ថា​៖ «ទី១ បើសិន​ជា​ការខុស​នោះ​ដែល​មិន​បំពាន​ទៅលើ​វិន័យ និង​ច្បាប់​របស់​រដ្ឋ នោះ​គឺ​ការអប់រំ ​ដែលជា​កំហុស​ផ្នែក​សីលធម៌ ​នោះ​មានតែ​ការអប់រំ​ទេ ព្រោះ​ជាការ​យល់​ដឹង​របស់​ម​នុស្ស​ក្នុង​ផ្នែក​សីលធម៌។ ទី២​ បើសិនជា​យើង​រកឃើញថា​ ការប្រព្រឹត្ត​នោះ វា​ទៅជា​ការខុសឆ្គង តែ​ក្នុង​ក្រប​ខ័ណ្ឌ​វិន័យរបស់​កងយោធពល​ខេម​រភូមិន្ទ ​អាហ្នឹង​គឺ​យើង​អនុវត្ត​តាម​ក្របខ័ណ្ឌ​ច្បាប់ តាម​លក្ខន្តិកៈ​ទូទៅ​នៃ​កងយោធពល​ខេមរភូមិន្ទ ​ដើម្បី​យកមក​អនុវត្ត​។ ទី៣ បើសិន ទង្វើ​ហ្នឹង ​បើ​សិន​ជា​យើង​រកឃើញ​ទៅ​វា​ទៅជា​បទល្មើស​ដែល​មានចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌ​កំណត់​នៅក្នុង​ច្បាប់ អាហ្នឹង​ត្រូវតែ​អនុវត្ត​ច្បាប់»។

លោក​ សៅ សុខា ​មិនអាច​បញ្ជាក់​បានទេ​ចំពោះ​ការចុះ​ធ្វើ​អធិការកិច្ច​នូវ​បាតុភាព​របស់​ក្រុមមន្ត្រី​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​នោះ នឹងត្រូវ​បិទ​បញ្ចប់​នៅ​ពេលណា ​ប៉ុន្តែ​លោកថា​ ជាគោល​ការណ៍ ​មន្ត្រី​ជំនាញ​មិនអាច​អូស​បន្លាយ​ពេលវេលា​យូរ​បានទេ ហើយ​នៅពេល​នីតិវិធី​ស៊ើបអង្កេត​ចប់ នឹងមាន​ការធ្វើ​ស​ន្និសីទ​កាសែត​ ដើម្បី​បង្ហាញ​ពី​តម្លាភាព​ក្នុងករណីនេះ។

គណៈកម្មការ​ចំពោះ​កិច្ច ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី ២៨ ​ខែមករា​ ឆ្នាំ ២០១៩ ដោយមាន​សមាជិក​​ ៦ ​នាក់​ដឹកនាំ​ដោយ​លោក​សៅ ចន្ទ​គ្រឹ​ស្នា​ នាយការិយាល័យ​អធិការកិច្ច ​ដែល​នឹង​ចុះ​ធ្វើ​អធិការកិច្ច​ជាមួយ​អាជ្ញាធរ​ ស្ថាប័ន និង​អង្គភាព​ដែល​មានការពាក់ព័ន្ធ ​ព្រមទាំង​ចេញ​លិខិត​អញ្ជើញ​នាយ នាយរង ​និង​ពល​អាវុធហត្ថ ​ព្រមទាំង​អ្នក​ដែល​ពាក់ព័ន្ធ​មក​ធ្វើការសាកសួរ ​បំភ្លឺ​ ដើម្បី​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​ការពិត​ជាក់​ស្តែង។

ភ្នំពេញ​ ប៉ុស្តិ៍​ បានព្យាយាម​ទាក់ទង​ជនរងគ្រោះ​ឈ្មោះកើត សំណាង (តាម​ការអះអាង​របស់​សង្គម​ស៊ីវិល) ដែល​ត្រូវ​បាន​ក្រុមមន្ត្រី​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះ​សីហនុ ​ធ្វើ​ទារុណកម្ម​ក្នុងខ្សែ​វីដេអូនោះ​បានទេ ​ព្រោះ​ទូរស័ព្ទ​របស់​គាត់​មិនអាច​ទាក់​ទង​បាន។

ចំណែក​ម្តាយ​ជនរងគ្រោះ​ឈ្មោះ​​ ពៅ សា​រ័ត្ន ដែល​ត្រូវរបួស​នឹង​គ្រាប់កាំភ្លើង​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នៅ​ភ្នំពេញ ​អ្នក​ស្រី​ អន់ អៀន​ អាយុ ៥៨ ឆ្នាំ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​អំឡុងពេល​អ្នកស្រី​នៅក្បែរ​កូន​ នៅ​មន្ទីរពេទ្យពីម្សិលមិញថា​ កូន​របស់​​អ្នក​ស្រី​ មាន​ភាពល្អ​ប្រសើរ​ជាងមុន ​តែ​គ្រាន់តែ​មិនទាន់​អាច​វិល​ចូល​សភាព​ដើម ​ព្រោះតែ​ដងខ្លួន​មួយ​កំណាត់​ក្រោម​របស់​គាត់ប៉ះពាល់​ខ្លាំងដែល​ត្រូវ​សម្រាក​ព្យាបាល​យូរ​ខែ​ទៀត។

អ្នកស្រី​ បន្តថា​៖ «មិនដឹង​ម៉េច​ទេ តាម​យុត្តិធម៌​ទៅ​ចុះ ខ្ញុំ​អត់​រករឿង​អី​ទេ តាម​សាច់រឿង​ហ្នឹង​ទៅ​ចុះ។ បើ​ខ្ញុំ ខ្ញុំ​អត់​រករឿង​រកអី​ទេ ខ្ញុំ​សុំ​សេចក្តីសុខ ​ធ្វើ​ម៉េច​បើ​កូន​ជួប​ឧ​ប្បត្តិហេតុ​អ៊ឹ​ចឹ​ង។ សុំ​តែ​ឲ្យ​គាត់​ជួយផ្តល់ ​(ថវិកា) ​ដើម្បី​បាន​ព្យាបាល​កូន​ឲ្យ​ជា​ដូចដើម​វិញ»។

បើតាម​អ្នកស្រី​ អន់ អៀន ​ពួកគាត់​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង ​តែ​កូន​របស់​គាត់ ​បានមក​ធ្វើការ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​នេះ ​ទើបតែ​បាន​ប្រហែល​ជា៣ខែ​ប៉ុណ្ណោះ​ ហើយ​កូនគាត់​បានអះអាងថា ​មិនបាន​ចូលរួម​ក្នុងការ​តវ៉ា​ជាមួយ​ពលរដ្ឋ​នោះទេ ​គ្រាន់តែ​ជិះ​ម៉ូតូ​គ្នា ២ នាក់​ឆ្លងកាត់​ទីនោះក៏បាន​ជាប់​ស្ទះ​ក្នុង​ហេតុការណ៍​ខណៈ​ពលរដ្ឋ​រត់​ផ្អើល​ឈូ​ឆរ​ដែលកូន​អ្នក​ស្រី ​ក៏​មិនបាន​រត់​ទៅណា​ដែរ ​ព្រោះ​គិតថា​ខ្លួន​មិនបាន​ជាប់​ពាក់ព័ន្ធ​។

លោក​ សឿង សាង ​វ័យ​ជាង​ ៦០ ឆ្នាំ ជា​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី នៅ​កន្លែង​ប៉ះ​ទង្គិច​គ្នា​នោះ បាន​ប្រាប់ថា​ ជនរងគ្រោះដែល​ត្រូវបាន​អាជ្ញាធរ​ធ្វើ​ទារុណកម្ម ​និង​បាញ់ ​ពួកគេ​មិនមែនជា​អ្នកមាន​ជម្លោះ​ដីធ្លី​ទេ ​ព្រោះ​ពួកគេ ​គ្រាន់​តែបាន​ឈរ​មើល នៅពេល​ឆ្លងកាត់​ក្នុង​ហេតុការណ៍​នោះ។

លោក​អះអាងថា​៖ «ខ្ញុំ​អត់​ស្គាល់​ទេ​ (ជនរងគ្រោះ) ព្រោះ​អី​ដី​ហ្នឹង​វា​ធំ​ដែរ ពួក​ហ្នឹង​ខ្លះ​ណា​គេ​ជួល​មក​ចាំ​ដី ខ្លះ​ណា ​គេ​ជួល​ធ្វើសំណង់​ធ្វើ​អី ​តែ​មិនមែន​សំណង់​នៅលើ​ដី​មានទំនាស់​ហ្នឹង​ទេ ​គឺ​ដី​ផ្សេង។ វា​មក​មើល​អ៊ីចឹង ​ដល់​ពេល​ឃើញ​ពួក​ខ្ញុំ​រត់អ៊ី​ចឹង ​ពួកវា​អត់​មានរឿង​អី ក៏​អត់​រត់ ក៏​គេ​បាញ់​វា​ត្រូវ​ ហើយ​គេ​ចាប់​បាន​ដាក់​ខ្នោះ​អី​ទៅ»។

បើតាម​របាយការណ៍រ​បស់​អភិបាល​ខេត្ត​ព្រះ​សីហនុ ​លោក ​យន្ត មីន ​ដាក់ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ​ស ខេង ​បាន​អះអាងថា ​ក្នុង​ហេតុការណ៍​នោះ ​ចំពោះ​ការផ្ទុះអាវុធ​ គឺ​ការអនុវត្ត​ខុសពី​បទបញ្ជា​របស់​គណៈ​បញ្ជា​ការ​ឯកភាព​ដែល​បាន​ណែនាំ​ ក្នុង​ពេល​ប្រជុំ ​និង​មុន​ចុះ​អនុវត្ត​ តែដោយសារ​សភាព​ការណ៍​ពិបាក​ទប់ទល់ ​មាន​ភាព​តានតឹង​ខ្លាំង​ និង​ដោយមាន​ការប្តេជ្ញា​ចិត្តរ​បស់​ព្រះរាជ​អាជ្ញា​ ក៏ដូចជា​ក្រុមការងារ ​និង​កងកម្លាំង​ទាំង​​អស់​ថា ​ត្រូវតែ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​ឲ្យ​បាន ទើប​​មាន​កម្លាំង​ខ្លះបាន​បាញ់​ឡើងលើ​ជាការ​គំរាម តែ​មិនមែន​ជា​ការបាញ់​ដោយ​ចេតនា​ ឬ​មានការ​បញ្ជា​ឲ្យ​ធ្វើ​ដូច្នេះ​ឡើយ។

លោក​បន្ថែមថា​៖ «ចំពោះ​ជន​រងគ្រោះ​ដោយ​គ្រាប់​កាំភ្លើង​ សមត្ថ​កិច្ច​កំពុង​ស្រាវជ្រាវ​រក​ជនបង្កព្រោះ​សង្ស័យថាមាន​ជន​ទី ៣ ​បង្កប់​ជាមួយ​ក្រុម​ប្រជា​ពលរដ្ឋ»។

លោក ស៊ឹង សែន​ករុណា ​អ្នក​នាំ​ពាក្យ ​និង​ជា​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស ​នៃ​សមាគម​អាដហុក ​បានបង្ហាញ​សុទិដ្ឋិនិយម​ថា ​បើ​អាជ្ញាធរ​ពិត​ជាមាន​ឆន្ទៈ ​ការពិត​នឹង​ត្រូវ​បង្ហាញ​ ហើយ​ជន​ប្រព្រឹត្ត​ចំពោះ​ករណីនេះ​ក៏ត្រូវ​ទទួល​​ខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​ដែរ។

លោក​បន្តថា​៖ «បើសិនជា​គណៈ​កម្មការ​ហ្នឹង ​គាត់​មាន​ឆន្ទៈ​ច្បាស់លាស់ ​គាត់​នឹង​អាច​ចាត់​វិធានការ​បាន​ចំពោះ​ការអនុវត្ត​របស់​សម​ត្ថ​កិច្ច​ថ្នាក់​ក្រោម។ យើង​​នឹង​តាមដាន​បន្តទៀត​ដែរ តើ​មាន​ចំណាត់​ការ​បែប​ម៉េច​ ហើយ​គាត់​ចាត់​វិធានការ​តាម​នីតិវិធី​នៃ​ច្បាប់​អត់? ចាំមើល​ដែរ​ថា​ តើ​ការធ្វើការ​របស់​គណៈ​កម្មក​រ​នេះ​ មាន​សុ​ក្រឹត​ភាព​ឬអត់?»​៕