ភ្នំពេញៈលោក ស៊ិក​ ប៊ុនហុក ប្រធានគណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​​ គ.ជ.ប​ ប្រកាស​ថា ទោះ​បី​ជា​​​សង្គម​ស៊ីវិល​ មិន​ចូលរួម​អង្កេត​ការណ៍​បោះ​ឆ្នោត​ ហើយ​ចំនួន​​អ្នក​ទៅ​បោះ​ឆ្នោត​​មាន​តិច​​ក៏​ដោយ ក៏​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត នៅ​តែ​ទទួល​យក​បាន​ទៅ​តាម​ច្បាប់​កំណត់​ដែរ​។

លោក ស៊ិក ប៊ុនហុក បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​​ទី​ ១០​ ខែ​មេសា​នេះ​ថា ការ​បោះ​ឆ្នោត​ នឹង​មាន​ភាព​ស្រប​ច្បាប់​ និង​អាច​ទទួល​យក​បាន​ បើ​ទោះ​ណា​ជា​មាន​ក្រុម​អ្នក​សង្កេត​ការណ៍ ពី​អង្គការ​សង្គម​ស៊ីវិល​ខ្លះ ​​​​មិន​ចូលរួម​អង្កេតការណ៍ ហើយ​ចំនួន​អ្នក​ទៅ​បោះ​ឆ្នោត​ មាន​តិច​ក៏​ដោយ។

លោក​ថ្លែង​ដូច្នេះ​ ក្នុង​កិច្ច​ប្រជុំ​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ ដើម្បី​ផ្សព្វផ្សាយ​ការ​ចាប់​ផ្តើម​ដំណើរ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ ជ្រើស​តាំង​តំណាង​រាស្ត្រ ធ្វើ​ឡើង​នៅ​ស្នាក់​ការ​ គ.ជ.ប នៅ​ក្រសួង​មហាផ្ទៃ។

លោក​បាន​លើក​យក​មាត្រា​ ១០​ នៃ​ច្បាប់​បោះ​ឆ្នោត​ មក​បក​ស្រាយ​ដោយ​ថ្លែង​ដូច្នេះ​ថា៖ «សមា​គម​​​ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ អាច​បញ្ជូន​តំណាង​របស់​ខ្លួន​ ឲ្យ​មក​សង្កេតការណ៍​បោះ​ឆ្នោត​ ខ្លួន​ឯង​អាច​តើ! ពាក្យ​អាច​នេះ ​បាន​ន័យ​ថា ​បញ្ជូន​មក​ក៏​បាន​ មិន​បញ្ជូន​មក​ក៏​បាន។ មិន​មែន​ឯង​មិន​បញ្ជូន​មក​ អាច​ទៅ​មិន​រួច​ឯណា? វា​អត់​មាន។ ច្បាប់​មិន​បាន​ចែង​ថា​ ត្រូវ​តែ​មាន​អ្នក​សង្កេត​ការណ៍​នោះ​ទេ»។

ចំណែក​ចំនួន​មនុស្ស​ចេញ​ទៅ​បោះឆ្នោត​វិញ លោកប៊ុន​ហុក​ ​ថ្លែង​ថា មិន​ថា​នៅ​កម្ពុជា​ ឬ​នៅ​ទ្វីបអឺរ៉ុប​ទេ មិន​មាន​ច្បាប់​ណា​ដែល​ចែង​​ថា ​អ្នក​ទៅ​បោះ​ឆ្នោត​តិច ធ្វើ​ឲ្យ​លទ្ធផល ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ។

លោក​និយាយ​ថា​៖«គ្មាន​ទេ ​ពីព្រោះ​រដ្ឋ​ធម្មនុញ្ញ​អត់​បាន​ចែង​អំពី​ចំនួន​ភាគ​រយ ​រឿង​ទៅ​ចូលរួម​ហ្នឹង​ទេ។ នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ គេ​ឆ្លើយ​គឺ​ វា​គ្មាន​ឥទ្ធិពល​អី​ ដែល​ពាក់​ព័ន្ធ​នឹង​ការមិន​​ចូលរួម​ការ​បោះឆ្នោត​នោះ​ទេ ទាំង​ការ​ជ្រើស​រើស​ប្រធានាធិបតីរបស់​បារាំង ទាំង​ការ​បោះឆ្នោត​ទាំង​អស់​ គេ​អត់​មាន​គិត​ពី​រឿង​ការ​ចូលរួម​នោះ​ទេ​ សុទ្ធ​តែ​ទទួល​យក​បាន​ទាំង​អស់»។

ទោះយ៉ាង​ណា​ លោក​នៅ​តែ​​អំពាវ​នាវ​ ឲ្យ​គណបក្ស​នយោបាយ និង​អ្នក​អង្កេតការណ៍​បោះ​ឆ្នោត​ ចូលរួម​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី ​២៩ ខែ​កក្កដា​ខាង​មុខ។

កាល​ពី​ចុង​សប្តាហ៍​មុន លោក សម រង្ស៊ី បាន​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ កុំ​ទៅ​បោះ​ឆ្នោត ​ប្រសិន​បើ​គ្មាន​វត្តមាន​​របស់​គណបក្ស​ប្រឆាំង ហើយ​ស្ថានភាព​នយោបាយ ​មិន​បាន​ប្រសើរ​ឡើងវិញ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ អង្គការ​អង្កេតការណ៍​បោះឆ្នោត​មួយចំនួន ​នៅ​ស្ទាក់​ស្ទើរ​ មិន​ទាន់​​សម្រេច​ថា​​តើ​នឹង​ចូលរួម​ឃ្លាំ​មើល​​ការ​បោះ​ឆ្នោត​នេះ​ឬ​យ៉ាង​ណានោះ​ទេ​៕