ភ្នំពេញៈ ជាមួយនឹង​ការ​ផ្តល់ជំនួយ ៦០០ លាន​ដុល្លារ​អាមេរិក លោក​ប្រធានា​ធិបតី​ចិន ស៊ី ជីន​ភីង ក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី ពី​ម្សិលមិញ ចាត់​ទុក​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មក​កាន់​ប្រទេស​ចិន​នា​ពេល​នេះ គឺ​ពិត​ជា​មាន​តម្លៃ​បំផុត​សម្រាប់​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង ២ កាន់​តែ​ខ្ពស់​ត្រដែត​ថែម​ទៀត ហើយ​ថា កម្ពុជា​នឹង​ទទួល​ជោគ​ជ័យ​កាន់​តែ​ខ្លាំង​ក្នុង​រយៈពេល ៦០ ឆ្នាំ​ខាង​មុខ។ នេះ​បើ​តាម​ហ្វេសប៊ុក លោក​ ហ៊ុន សែន ផ្សាយ​ពី​ម្សិលមិញ។

លោក​ប្រធានាធិបតី​ចិន ក៏បាន​គូសបញ្ជាក់​ផងដែរ​ពី​ខួប ៦០ ឆ្នាំ នៃ​ទំនាក់​ទំនង​ការទូត​ប្រទេស​ទាំង ២ ដោយ​លោក​បាន​លើក​ឡើង​ថា រូប​លោក​ផ្ទាល់​ជាមួយ​ព្រះ​ករុណា ព្រះមហា​ក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​សម្តេច​ព្រះវររាជ​មាតា​ជាតិ​ខ្មែរ បាន​យាង និង​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ប្រពៃណី​ក្នុង​ប្រទេស​ចិន។

លោក​ ស៊ី ជីន​ភីង បញ្ជាក់​ថា៖ «គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ និង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបតិ្តការ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​ក្របខ័ណ្ឌ​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ។ ក្នុង​នោះ​ភាគី​ទាំង​សង​ខាង នឹង​បន្ត​យក​ចិត្ត​ទុក​ដាក់ ក្នុង​ការ​ពង្រីក​កិច្ច​សហ​ប្រតិបតិ្តការ​ក្នុង​កម្រិត​តំបន់ និង​អន្តរជាតិ»។

លោក​ប្រធានាធិបតី អះអាងថា៖ «បច្ចុប្បន្ននេះ បើទោះបីជា​ទំនាក់​ទំនង​អន្តរជាតិ មាន​ការ​ប្រែប្រួល​ក៏​ពិត​មែន ប៉ុន្តែ​ទំនាក់​ទំនង​រវាង​ចិន​និង​កម្ពុជា គឺ​ពិតជា​បាន​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជាច្រើន​ពីគ្នា​ទៅ​វិញ​ទៅ​មក។

តាមរយៈ​នេះ ចិន​នឹង​បន្ត​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា ពិសេស​ការ​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​កាន់​តែ​រឹងមាំ​ទ្វេ​ឡើង​ថែម​ទៀត»។

លោក​ ស៊ី ជីន​ភីង សង្កត់ធ្ងន់ថា៖ «កម្ពុជា​នឹង​ទទួលបាន​នូវ​ភាព​ជោគ​ជ័យ​ថែម​ទៀត ក្នុង​រយៈពេល ៦០ ឆ្នាំ​ទៅ​មុខ។ ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង​ល្អ ចិន​សូម​គាំទ្រ​ចំពោះ​សម្តេច​តេជោ និង​គណបក្សប្រជាជន​កម្ពុជា ដែល​ទទួល​បាន​ជ័យជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី ពី​ការ​បោះ​ឆ្នោត​សកល​កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៨ កន្លង​ទៅ»។

ជាការ​ឆ្លើយតប​វិញ លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន មាន​ប្រសាសន៍​ថា លោក​ពិត​ជា​មាន​ការ​រីក​រាយ ក្នុង​ការ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​សាជា​ថ្មី​ម្តង​ទៀត ក្នុង​ប្រទេស​ចិន។ លោក​ក៏បាន​ថ្លែង នូវ​អំណរ​គុណ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​កន្លង​មក​តែង​តែ​ទទួល​ព្រះរាជ​បដិ​សណ្ឋារ​កិច្ច​ចំពោះ​ព្រះ​វត្តមាន​ព្រះមហា​ក្សត្រ និង​សម្តេច​ព្រះវររាជ​មាតា​ជាតិ​ខ្មែរ ស្តេច​យាង ទៅ​កាន់​ប្រទេស​ចិន​ក្នុង​ការ​ពិនិត្យ​ព្រះរាជ​សុខភាព និង​យាង​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ។

លោក​ ហ៊ុន សែន ក៏បាន​លើកឡើង​ពី​បញ្ហា​មួយចំនួន ស្តីពី​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង ២ ក្នុង​នោះ​ទី ១ លោក​បាន​ជម្រាប​ជូន​លោក​ប្រធានា​ធិបតី​អំពី​សភាព​ការណ៍​ក្នុង​ប្រទេស​កម្ពុជា ពិសេស ក្រោយ​ការ​បោះ​ឆ្នោត​សកល កម្មវិធី​កំណែ​ទម្រង់​នានា​របស់​រាជ​រដ្ឋាភិបាល និង​ការ​ទប់​ស្កាត់​ពី​ការ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។ លោក​ក៏បាន​គូស​បញ្ជាក់​ពី​ការ​បង្កើត​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់ ដែល​មាន​គណបក្ស​នយោបាយ​ចូលរួម​ចំនួន ១៩ គណបក្ស។

ក្នុងជំនួប​ពិភាក្សា​នោះ​ផងដែរ លោកនាយក​រដ្ឋមន្ត្រី បានស្នើ​លោក​ប្រធានា​ធិបតី ក្នុង​ការ​ជំរុញ​អ្នក​វិនិយោគ​ចិន​បន្ត​មក​វិនិយោគ និង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ពិសេស​ការ​បង្កើត​រោងចក្រ​ថ្មីៗ​ថែម​ទៀត។ ពាក់ព័ន្ធ​នឹង​ទំនាក់​ទំនង​ទ្វេ​ភាគី​កម្ពុជា ចិន ដែល​ជា​ទំនាក់​ទំនង​មាន​លក្ខណៈ​ប្រពៃណី ហើយ​អ្វី​ដែល​លោក​ចង់​ឃើញ​នោះ គឺ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​នោះ គឺ​បន្ត​ថែទាំ និង​រក្សា​ឲ្យ​កាន់​តែ​រឹងមាំ​ថែម​ទៀត។ លោកបាន​ស្នើ​ឲ្យ​បន្ត​យន្តការ​ទ្វេភាគី​កាន់​តែ​រឹងមាំ ជាមួយ​គ្នា​នេះ​លោក​នឹង​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្តី​ពី​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ លើក​ទី ២ នៅ​ចុង​ខែ​មេសា ឆ្នាំ ២០១៩។

លោក ហ៊ុន សែន ក៏បាន​ស្នើថា​ឆ្នាំ២០១៩ គឺជា​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​វប្បធម៌ និង​ជា​ឆ្នាំ​នៃ​ការ​ផ្លាស់ប្តូរ​ទេសចរណ៍​នៃ​ប្រទេស​ទាំង ២។ លោក​ក៏បាន​ស្នើ​ដល់​លោក​ប្រធានា​ធិបតី គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រទេស​ទាំង ២ អាច​មាន​នូវ​កិច្ច​ព្រមព្រៀង​សេដ្ឋកិច្ច​សេរី ព្រោះ​ដោយសារ​ប្រទេស​ទាំង ២ មាន​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ រួច​មក​ហើយ​តាំង​ពី​ឆ្នាំ ២០១០ មក​នោះ។

លោក​ប្រធានាធិបតី មានប្រសាសន៍ថា ទំនាក់ទំនង​រវាង​ចិន និង​កម្ពុជា គឺ​ពិត​ជា​មាន​លក្ខណ​ពិសេស​ខ្លាំង​ណាស់ បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ផ្សេងៗ​ទៀត ពោល​គឺ​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង ២ មាន​លក្ខណៈ​សំខាន់​បំផុត។ លោក​បន្តថា លក្ខណ​ពិសេស​គឺ​ទំនាក់​ទំនង​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​ថ្នាក់​ដឹកនាំ​ចិន និង​ចាត់​ទុក​បាន​ឡើង​ដល់​កម្រិត​មួយ​ដែល​ខ្ពស់​បំផុត បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ផ្សេងៗ​ទៀត។

លោក​ ស៊ី ជីន​ភីង បន្តថា ចិន និង​កម្ពុជា នឹង​បន្ត​រួមគ្នា​ដើម្បី​រៀបចំ​ផែនការ​ធ្វើ​កិច្ច​សហការ​លើ​គ្រប់​វិស័យ ទាំង​វិស័យ​នយោបាយ សន្តិសុខ សេដ្ឋកិច្ច និង​រវាង​ប្រជាជន និង​ប្រជាជន។

លោក​មានប្រសាសន៍​ស្វាគមន៍ ជូន​ចំពោះ​លោក​ ហ៊ុន សែន ដែល​នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី ២ ស្តីពី​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ នៅ​ប្រទេស​ចិន​ក្នុង​ពេល​ខាង​មុខ។ លោក​បាន​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ឆ្នាំ ២០១៩ នេះ ចិន​នឹង​បន្ត​នាំចូល​អង្ករ​ចំនួន ៤០ ម៉ឺន​តោន​ពី​ប្រទេស​កម្ពុជា និង​ខិតខំ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង ២ កើន​ដល់ ១០ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៣ ក្នុង​នោះ​ចិន នឹង​បន្ត​លើក​ទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ចិន ទៅ​វិនិយោគ​នៅ​កម្ពុជា។

ជាមួយ​គ្នា​នេះ ប្រទេស​ចិន​នឹង​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន ៤ ពាន់​លាន​យន់ (ជិត ៦០០ លាន​ដុល្លារ) សម្រាប់​រយៈពេល ៣ ឆ្នាំ ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២១។

លោក​ សុខ ទូច អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា ថ្លែង​ថា នៅ​ប្រទេស​ កម្ពុជា មាន​សម្ពាធ សេដ្ឋកិច្ច​ពី​សហគមន៍​អឺរ៉ុប មក​លើ​កម្ពុជា ជាពិសេស រឿង​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ពី​កម្ពុជា ក្នុង​ការ​នាំចូល​ទំនិញ គ្រប់ មុខ​ចូល​ទីផ្សារ​សហគមន៍​អឺរ៉ុប លើក​លែង​តែ​អាវុធ Everything But Arms (EBA) ដែល​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ចិន និង​កម្ពុជា​ក្លាយ​ទៅ​ជា​ដៃគូ​កាន់​តែ​រឹងមាំ។

លោកបាន​ថ្លែងថា ចិន​ចង់​បង្ហាញថា ខ្លួន​បាន​ធ្វើតាម​ការសន្យា​របស់​ខ្លួន ហើយ​ថា​ចិន​ត្រូវ​តែ​ជួយ​ស្តារ​ស្ថានភាព និង​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ដោយ​សារ​តែ​ប្រទេស​ចិន​ក៏​ធ្លាប់​ដាក់​មនោ​គមន៍​វិជ្ជា​មក​លើ​ប្រទេស​កម្ពុជា​ដែល​បណ្តាល​ឲ្យ​ប្រជាជន​កម្ពុជា​រង​ទុក្ខ​វេទនា នាពេល​កន្លង​មក និង​ប្រទេស​ចិន​អាច​ប្រាប់​ទៅ​ពិភពលោក និង​សមាជិក ក្នុង​តំបន់​អាស៊ាន ថា ប្រទេស​ចិន​មិន​បោះបង់​ដៃគូ​របស់​ខ្លួន​នោះ​ទេ។

លោក​បន្ថែមថា៖ «ចិន​អាច​យក​កម្ពុជា​ជា​គំរូ​ដើម្បី​បង្ហាញ​ទៅកាន់​ប្រទេស​ដទៃ កាល​ណា​ប្រទេស​ណាមួយ ចាប់ដៃ​ជាមួយ​ចិន ចូរ​មើល​កម្ពុជា។ សម័យ​លោក ស៊ី ជីន​ភីង ជាមួយ​សម្តេច​តេជោ​ហ៊ុនសែន ត្រូវ​តែ​បង្ហាញ​នូវ​វឌ្ឍនភាព​ថ្មី​ដើម្បី​បង្ហាញ​ទៅ​កាន់​ពិភពលោក​ថា ការ​ចាប់​ដៃ​ចិន​មិន​ដូច​អ្វី​ដែល​គេ​បាន​និយាយ​ទេ»។

លោក​ថ្លែង​ទៀតថា៖ «ចិន​មានបំណង​របស់គេ​គឺ រឹតចំណង​សាមគ្គី​ភាព​ប្រវត្តិសាស្ត្រ និង​នយោបាយ ខណៈ​ពេល​ដែល​បស្ចិម​ប្រទេស គេ​មាន​ចំណង​គឺ​ប្រជាធិប​តេយ្យ តម្លាភាព សិទ្ធិ​មនុស្ស និង​ផល​ប្រយោជន៍​ប្រទេស​ខ្លួន»។

លោក​ថា៖ «ផលចំណេញ[សម្រាប់​កម្ពុជា] ចិន​បាន​យកលុយ​វិនិយោគ​នៅ​កម្ពុជា។ ប៉ុន្តែ​ផល​ប៉ះពាល់​យើង​ម្ចាស់​ស្រុក​ត្រូវ​គិត​អំពី​គម្រោង​មេ ថា​តើ កន្លែង​ណា​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស ហើយ​តំបន់​ណា​ដែល​ត្រូវ​អភិរក្ស និង​តំបន់​ណា​ត្រូវ​អភិវឌ្ឍ»។

អ្នកវិភាគ​នយោបាយ លោក​ ឡៅ ម៉ុងហៃ លើកឡើងថា ជំនួយ​របស់​ចិន​បាន​ធ្វើ​ឲ្យ​ការ​ពឹង​ផ្អែក​របស់​កម្ពុជា​កាន់​តែ​កើន​ឡើង​បន្ថែម​ទៀត​ទៅ​លើ​ប្រទេស​ចិន «ដែល​ជា​ម្ចាស់​ជំនួយ​ធំ​ជាង​គេ ម្ចាស់​បំណុល​ដ៏​ធំ​ជាង​គេ ឈ្មួញ​ទិញ​អង្ករ​ច្រើន​ជាង​គេ វិនិយោគិន​ធំជាង​គេ អ្នក​ជ្រោម​ជ្រែង​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ធំ​ជាង​គេ និង អ្នក​ធានា​នូវ​អធិបតេយ្យ​ភាព​និង​បូរណភាព​ទឹកដី​ដែល​មាន​ឥទ្ធិពល​និង​អំណាច​ខ្លាំង​ជាង​គេ​របស់​កម្ពុជា»។

លោក ​វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិន​អាច​ទាក់ទង​ដើម្បី​សុំ​អត្ថា​ធិប្បាយ​បាន​ទេ កាល​ពី​ថ្ងៃ​ម្សិលមិញ៕