ព្រះសីហនុៈ លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានកំណត់ពេលត្រឹម ៣ ខែ ក្នុងការស្តារអូរប្រឡាយចំនួន ៥ ខ្សែ ដែលមានប្រវែង ២៥ គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ ដើម្បីរំដោះទឹកជំនន់ទឹកភ្លៀងនៅក្នុងរដូវវស្សាខាងមុខ កុំឲ្យមានការជន់លិចធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងដំណំដូចកាលពីរដូវវស្សាឆ្នាំកន្លងទៅទៀត។
លោករដ្ឋមន្ដ្រីបានថ្លែងនៅក្នុងពិធីបើកការដ្ឋានស្តារអូរប្រឡាយនៅខេត្ដព្រះសីហនុកាលពីថ្ងៃចន្ទថា ក្នុងឆ្នាំ ២០១៩ ខេត្តជាប់មាត់សមុទ្រមួយនេះ ត្រូវបានរងគ្រោះដោយទឹកជំនន់ជន់លិចធ្ងន់ធ្ងរបណ្ដាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់យ៉ាងដំណំទើបរាជរដ្ឋាភិបាលចំណាយថវិកាជាច្រើន ដើម្បីកសាង និងស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឡើងវិញទាំងស្រុង។ លោក ចាន់ថុល បញ្ជាក់ថា ដូច្នេះត្រូវតែស្ដារបណ្ដាញអូរប្រឡាយឡើងវិញឲ្យបានចប់រួចរាល់ត្រឹមរយៈពេល ៣ ខែ គិតចាប់ពីថ្ងៃបើកការដ្ឋាននេះរហូតដល់ចុងខែមីនា ឆ្នាំ ២០២០ ជាកំហិត។
លោកថ្លែងថា៖ «បើយើងមិនស្ដារទេ យើងបារម្ភថា មានការលិចទឹកអាចលិចចូលដល់ក្រុង យើងថែមទៀត។ យើងបារម្ភថា ការចំណាយថវិកាអស់រាប់រយលានដុល្លារ ស្ដារផ្លូវឡើងវិញចំនួន ៣៤ ខ្សែ ប៉ុន្ដែបើធ្វើផ្លូវរួចហើយ នៅតែបន្ដលិចទឹកទៀតដោយសារយើងកាយអូរប្រឡាយមិនបានល្អ វាខាតដល់ថវិកាធ្វើផ្លូវអស់រាប់រយលាន ហើយត្រូវជួសជុលផ្លូវនោះឡើងវិញថែមទៀត»។
លោកថា៖ «ដូច្នេះយើងត្រូវតែធ្វើឲ្យបាន។ ខ្ញុំបានពិភាក្សាជាមួយក្រុមការងារស្ដារអូរប្រឡាយ រួចហើយខ្ញុំក៏បានប្ដេជ្ញាចិត្ដដោយបានជម្រាបជូនឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា ថា ក្រុមការងារប្ដេជ្ញាចិត្ដសន្យាថា ធ្វើឲ្យបានយ៉ាងយូរ ៣ ខែ បើគ្មានបញ្ហា ឬឧបសគ្គណាមួយទាក់ទងនឹងផលប៉ះពាល់គឺត្រូវស្ដារឲ្យហើយនូវប្រឡាយទាំងអស់ប្រវែង ២៥ គីឡូម៉ែត្រនេះ»។ លោកក៏បានស្នើឲ្យលោក គួច ចំរើន អភិបាលខេត្ដព្រះសីហនុត្រូវចូលរួមដោះស្រាយផលប៉ះពាល់នានានៃការងារស្ដារអូរប្រឡាយនេះ ដើម្បីឲ្យពន្លឿនការងារឲ្យឆាប់ចប់រួចរាល់តាមផែនការ។
លោក ស៊ុន ចាន់ថុល ក៏បានឲ្យក្រុមការងារត្រូវបង្កើតក្រុមតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមមួយ ដើម្បីផ្ដល់ព័ត៌មានជាប្រចាំ និងធ្វើរបាយការណ៍ជារៀងរាល់សប្ដាហ៍ ជុំវិញការងារស្ដារអូរប្រឡាយនេះទៅដល់ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ លោករដ្ឋមន្ដ្រីលើកឡើងថា ការងារស្ដារអូរប្រឡាយនេះ គឺជាការងារមួយក្នុងចំណោមការងារជាច្រើនទៀតនៃផែនការមេនៃការកែលម្អបណ្ដាញទឹកកខ្វក់ និងទឹកជំនន់ក្នុងខេត្ដព្រះសីហនុ។
លោកថ្លែងថា ក្នុងពេលឆាប់ៗខាងមុខនេះតាមរយៈផែនការមេ ដែលបានសិក្សាចប់រួចរាល់ រាជរដ្ឋាភិបាលនឹងដាក់ឲ្យមានការកសាងប្រព័ន្ធលូបន្ថែមប្រវែង ១៥០ គីឡូម៉ែត្រ ក្នុងនោះរួមមានលូមេធំៗ ដើម្បីបង្ហូរទឹកកខ្វក់ចូលទៅក្នុងអាងចម្រោះដែលកំពុងមានបណ្ដោះអាសន្នទំហំ ១៦ ហិកតា ក្នុងខេត្ដព្រះសីហនុនេះ ខណៈរាជរដ្ឋាភិបាលកំពុងមានផែនការពង្រីកអាងចម្រោះទឹកនេះបន្ថែមទៀត។
បើតាមរបាយការណ៍ក្រសួងសាធារណការ ការដ្ឋានស្តារអូរប្រឡាយទាំង ៥ ខ្សែនេះមានប្រវែងសរុប ២៥ គីឡូម៉ែត្រនឹងគ្រោងចំណាយថវិកាចំនួន ១០ ពាន់លានរៀលគឺស្ថិតនៅទីតាំង អូរឈើទាល អូរអេម៉ារីអូ អូរសំអាត អូរអណ្តូងអ៊ុនតាក់ និងអូរស្ពានឆេះក្នុងក្រុង-ខេត្ដព្រះសីហនុ។
របាយការណ៍បានឲ្យដឹងថា នៅក្នុងឆ្នាំ ២០១៨ បរិមាណបញ្ចេញទឹកកខ្វក់នៅខេត្តព្រះសីហនុមានរហូតដល់ ២៥ ០០០ ម៉ែត្រគុប ក្នុង ១ ថ្ងៃ ហើយចំនួននេះត្រូវបានព្យាករថា នឹងកើនឡើងដល់ ៤៧ ០០០ ម៉ែត្រគុប ក្នុង ១ ថ្ងៃ នៅឆ្នាំ ២០២៣ និងអាចបន្តកើនរហូតដល់ ៦៤ ០០០ ម៉ែត្រគុប ក្នុង ១ ថ្ងៃនៅឆ្នាំ ២០៣០។
លោក គួច ចំរើន បានថ្លែងក្នុងពេលបើកការដ្ឋាននេះដែរថា ការងារស្ដារអូរប្រឡាយនេះ គណៈកម្មការគោលនយោបាយបានសម្រេចដកថវិកាជាង ២ លានដុល្លារ ពីថវិកាសន្សំដែលរាជរដ្ឋាភិបាលផ្ដល់សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងខេត្ដ-ក្រុងព្រះសីហនុ ធ្វើការស្ដារអូរប្រឡាយនេះ។
លោក គួច ចំរើន បានថ្លែងថា៖ «ក្នុងរដូវវស្សាកន្លងទៅនេះ យើងទាំងអស់គ្នាពិតជានៅចងចាំព្រឹត្ដិការណ៍ទឹកជំនន់ដែលបានបង្កការលិចលង់ ដោយសារទឹកជំនន់ទឹកភ្លៀងបានធ្លាក់មកយ៉ាងច្រើនធ្វើឲ្យមានការលិចលង់យ៉ាងធ្ងន់ធ្ងរ បង្កឲ្យមានការខូចខាតទ្រព្យសម្បត្ដិ សម្ភារ ផ្ទះសំបែង ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងឈានទៅបង្កឲ្យមានការប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋរបស់យើងចំនួន ៣ នាក់ថែមទៀត»។
លោក ចំរើន រំឭកថា តាមការមើលឃើញពីស្ថានភាពគ្រោះទឹកជំនន់ដែលបណ្ដាលឲ្យមានការខូចខាត និងគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋបែបនេះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការដើម្បីស្ដារអូរប្រឡាយទាំងអស់ឡើងវិញ ដើម្បីកុំឲ្យមានការកកស្ទះប្រព័ន្ធទឹកនៅពេលដែលមានភ្លៀងធ្លាក់៕