
មន្ត្រីជំនាញត្រួតពិនិត្យទម្ងន់រថយន្តដឹកទំនិញ។ រូបថត ក្រសួងសាធារណការ និងដឹកជញ្ជូន
កំពង់ចាមៈ យ៉ាងហោចណាស់រថយន្តដឹកទំនិញធុនធ្ងន់ ៣២ គ្រឿង ដែលធ្វើចរាចរនៅលើបណ្ដោយផ្លូវជាតិលេខ ៦០ ក្នុងភូមិសាស្ត្រ ភូមិរំដួល ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវបានឃាត់ផាកពិន័យ ព្រោះដឹកទំនិញលើសទម្ងន់កំណត់នៃច្បាប់ដែលតម្រូវឱ្យរថយន្តធុនធ្ងន់ដឹកត្រឹមតែ ៤០ តោនទាំងតួឡាន និងទំនិញ។
ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា បានប្រកាសអនុវត្ត ពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ដែលបានកំពុងធ្វើចរាចរណ៍នៅទូទាំងប្រទេស។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងឃាត់បានរថយន្តនៅថ្ងៃអនុវត្តដំបូងនៅខេត្តកំពង់ចាមដោយឃាត់រថយន្តធុនធ្ងន់ចំនួន ៣២ គ្រឿង ដែលបានដឹកទំនិញ ដូចជា ស្រូវ ដំឡូង ចំណីសត្វ ស្វាយ និងជ័រកៅស៊ូ ដែលបានផ្ទុកទំនិញលើសទម្ងន់កំណត់រហូតប្រមាណជា ១០ តោន។
លោក ចាន់ថុល ថ្លែងថា៖ «ក្រុមហ៊ុនផ្គត់ផ្គង់ សហគ្រាស និងម្ចាស់រថយន្តដឹកជញ្ជូនទាំងអស់ត្រូវចូលរួមសហការអនុវត្តច្បាប់នេះឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីចៀសវាងមហន្តរាយដល់ផ្លូវជាតិ (ឆាប់ខូចមុនអាយុកាល) និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ»។
លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីម្សិលមិញថា ច្បាប់អនុញ្ញាតទាំងតួឡាន និងទំនិញសរុបចំនួន ៤០ តោន ប៉ុន្តែសម្រាប់រថយន្តដែលលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឃាត់បានគឺដឹកលើសរហូតដល់ ៥០ តោនដែលមានន័យថា លើស ១០ តោន ដែលតម្រូវឱ្យរើទំនិញ ១០ តោនចេញដោយឱ្យយកឡានមកដឹកចេញទៅវិញ។
លោក រដ្ឋមន្ត្រី បញ្ជាក់ថា ក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកត្រូវពិន័យតែ ១០ តោនតែប៉ុណ្ណោះ បើលើសពី ៥-១០ ភាគរយ ត្រូវផាកពិន័យក្នុងមួយតោន ១០ ម៉ឺនរៀល ហើយលើសចាប់ពី ១០-២០ ភាគរយ ត្រូវផាកពិន័យ ២០ ម៉ឺនរៀលក្នុង ១ តោន។ បើលើសជាង ២០ ភាគរយគឺពិន័យ ១ តោន ៣០ ម៉ឺនរៀល និងដកបណ្ណបើកបរ ហើយឃាត់រថយន្តរក្សាទុក ១ ឆ្នាំ។
លោកថ្លែងថា៖ «ក្រសួងបានដាក់ចេញនូវការអនុវត្តចាប់តាំងពីយូរណាស់មកហើយ ប៉ុន្តែក្រសួងបានយោគយល់ ហើយនៅពេលដែលចាប់បានហើយធ្វើការផាកពិន័យ នៅតែមិនរាងចាល (ដោយ) មនុស្សខ្លះចាប់ផាកពិន័យហើយនៅតែមិនខ្លាច ឧទាហរណ៍ចាប់បាន ១ ជើងផាកប៉ុណ្ណេះឬ ប៉ុណ្ណោះ ប៉ុន្តែគេរត់បានច្រើនជើងទទួលបានផលចំណេញលើសហ្នឹងទៀត»។
លោក គង់ រតនៈ នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានថ្លែងថា ស្ថានភាពនៃការដឹកជញ្ជូនទំនិញលើសទម្ងន់នៅក្នុងប្រទេសនៅតែមាន ដោយសារប្រសិទ្ធភាពនៃសេចក្តីប្រកាសរបស់ក្រសួង ឬការអនុវត្តច្បាប់នៅមានកម្រិតនៅឡើយ បើទោះបីកន្លងមកនេះក្រសួងបានចេញសេចក្តីប្រកាសឱ្យមានការគោរពច្បាប់ និងមិនឱ្យមានការផ្ទុកទំនិញលើសទម្ងន់មានកន្លែងថ្លឹងជញ្ជីង និងក្រុមមន្ត្រីជំនាញបន្តចុះឃាត់ ប៉ុន្តែប្រសិទ្ធភាពនៃការអនុវត្ត និងគោរពនៅតែមិនមានដដែល»។
លោក រតនៈ ថ្លែងថា៖ «ការដឹកទំនិញលើសទម្ងន់ទៀតសោត វាហាក់បីដូចជាគ្មានការថមថយនោះទេសម្រាប់ខ្ញុំ យល់ឃើញថា ប្រសិទ្ធភាពនៃការគោរពទៅលើបទដ្ឋាន គតិយុត្ត មិនត្រូវបានអនុវត្ត។ យើងគួរតែស្វែងរកឫសគល់នៃបញ្ហា តើកត្តាអ្វីខ្លះដែលពលរដ្ឋ និងម្ចាស់រថយន្ត មិនខ្លាច ឬមិនគោរពច្បាប់ហ្នឹងដោយសារមន្ត្រីត្រួតពិនិត្យ ត្រូវរ៉ូវគ្នាជាប្រព័ន្ធ ឬ ដោយសារប្រជាពលរដ្ឋ»។
ក្រសួងសាធារណការបានឱ្យដឹងថា ក្នុងរយៈពេល ៩ ខែឆ្នាំនេះ ក្រុមការងារជំនាញសហការជាមួយសមត្ថកិច្ចមូលដ្ឋានបានធ្វើការត្រួតពិនិត្យយានយន្តធុនធ្ងន់សរុបចំនួនជាង ១ លាន ៥ សែនគ្រឿង ក្នុងនោះដឹកលើសទម្ងន់ចំនួន ៤១៥ ៩១៧ គ្រឿង ស្មើនឹង ២៦,៩៦ ភាគរយនៃចំនួនយានយន្តសរុបនៅកម្ពុជា៕
វីដេអូ៖