តាកែវៈ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​កូរ៉េ ដែល​ម៉ៅការ​សាងសង់​ផ្លូវជាតិ​លេខ​ ២ និង​ផ្លូវជាតិ​លេខ​ ២២ ​បន្ថែម​គ្រឿងចក្រ និង​ធនធាន​មនុស្ស​ធ្វើការ​ឱ្យ​បាន​ច្រើន​ថែមទៀត នៅក្នុង​រដូវ​រាំងស្ងួត​នេះ ដើម្បី​បង្កើនល្បឿន​សាងសង់​ផ្លូវ​នេះ​ឱ្យ​បាន​ចប់​តាម​កិច្ចព្រមព្រៀង​។

លោក​ ស៊ុន ចាន់ថុល ​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​ពិធី​ចុះពិនិត្យ​គុណភាព​នៃ​ការសាងសង់​ផ្លូវជាតិ​លេខ​ ២ និង​ផ្លូវជាតិ​លេខ​ ២២ ​នេះ​កាលពី​ថ្ងៃទី​ ១៩ ខែ កុម្ភៈ ឆ្នាំ​ ២០២១ ថា ក្រុមហ៊ុន​សាងសង់​ផ្លូវជាតិ​នេះ​គឺ​មាន​រយៈពេល​សាងសង់ ៣០ ​ខែ ដោយបាន​ចាប់ផ្តើម​សាងសង់​កាលពី​ខែ ១០ ឆ្នាំ​ ២០១៩ និង​បញ្ចប់​នៅ​ថ្ងៃទី​ ១៦ ខែ មេសា ឆ្នាំ​ ២០២២ ដែល​រហូតមក​ដល់ពេលនេះ បាន​ចំណាយពេល​អស់ ៥០ ​ភាគរយ ប៉ុន្តែ​ទើប​សម្រេច​បានត្រឹមតែ ២៧ ភាគរយ​នៃ​ផែនការ​។

ដោយ​មើលឃើញ​ពី​ភាពយឺតយ៉ាវ​នេះ​លោក ស៊ុន ចាន់ថុល បានឱ្យ​ក្រុមហ៊ុន Hashin Engineering & Constructions Co., Ltd បន្ថែម​គ្រឿងចក្រ និង​មនុស្ស​ធ្វើការ​ឱ្យបាន​ច្រើន នៅក្នុង​អំឡុងពេល​នៃ​រដូវប្រាំង​នេះ ព្រោះ​ជា​ពេលវេលា​ដ៏ល្អ​ក្នុង​ការសាងសង់​ដើម្បី​ឱ្យបាន​ចប់​ទៅតាម​កិច្ចព្រមព្រៀង​។

លោក​ថ្លែងថា​៖ «​នៅពេលដែល​យើង​ធ្វើដំណើរ​មកនេះ យើង​សង្កេតឃើញ​គ្រឿងចក្រ វា​មិនទាន់មាន​គ្រប់គ្រាន់​នៅឡើយ​ទេ ហើយ​ពេលនេះ គឺជា​ឱកាស​ពេលវេលា​នៃ​ការធ្វើ​ផ្លូវ​ហើយ ព្រោះ​វា​អត់​មាន​ភ្លៀង​។ យើង​ស្តាយ​ពេលវេលា​នៅពេល​រាំងស្ងួត​នេះ យើង​មិនមាន​គ្រឿងចក្រ​គ្រប់គ្រាន់ ដើម្បី​សាងសង់​ផ្លូវ​ហ្នឹង​»​។

នៅក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​នេះ​លោក ស៊ុន ចាន់ថុល ក៏បាន​សង្កេតឃើញ​ថា នៅ​កន្លែង​មួយចំនួន ក្រុមហ៊ុន Hashin Engineering & Constructions Co., Ltd នេះ សាងសង់​មិនទាន់មាន​គុណភាព និង​ស្តង់ដា​នៅឡើយ​ទេ ហើយ​លោក​ក៏​បាន​ឱ្យ​ក្រុមហ៊ុន​នេះ​ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យមាន​គុណភាព និង​ស្តង់ដា​តាម​សៀវភៅ​បន្ទុក​នៃ​ការសាងសង់​។ «​ពេលវេលា យើង​អាច​ពិភាក្សាគ្នា​បាន នៅពេល​មាន​ការយឺតយ៉ាវ​ ១ ខែ ឬ ២ ខែ បើ​មាន​ហេតុផល​ច្បាស់លាស់ ប៉ុន្តែ​គុណភាព​គឺ​មិនអាច​ជជែក​គ្នា​បានទេ គឺ​ត្រូ​ធ្វើ​គិតពី​គុណភាព​ជា​ចម្បង​»​។

បើ​តាម​លោក ស៊ុន ចាន់ថុល ការចុះពិនិត្យ​នេះ​មិនមែន​មានបំណង​ដើម្បី​ដាក់កំហុស​លើ​ក្រុមហ៊ុន​ទេ ក៏ប៉ុន្តែ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បច្ចេកទេស​រួមមួយ ដែល​អាច​ទទួលយកបាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ ទោះជា​យ៉ាងណា បើ​ក្រុមហ៊ុន​នេះ​នៅ​តែ​មិន​ធ្វើឱ្យ​ស្របតាម​ស្តង់ដា និង​គុណភាព​ទេ ក្រសួង​នឹង​ចេញ​លិខិត​ព្រមាន​។

លោក​ សន ជ័យ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ (ANSA) ឱ្យដឹងថា ទិដ្ឋភាព​ជា​រួម​នៃ​ការសាងសង់​ផ្លូវជាតិ​លេខ ២ និង​ផ្លូវជាតិ​លេខ ២២ ​នេះ​ហាក់​មាន​ស្ថានភាព​យឺតយ៉ាវ​ដោយ​នៅតាម​បណ្តោយ​ផ្លូវ​នេះ​មាន​ភាពស្មុគស្មាញ​ក្នុង​ការដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ដែលមាន​លំនៅឋាន​ជាប់​ផ្លូវ និង​ជំងឺ​កូវីដ​ ១៩ ក៏​ជា​បញ្ហា​ដែល​ធ្វើឱ្យ​មាន​ភាពយឺតយ៉ាវ​ផងដែរ​។

លោក​ថ្លែងថា​៖ «​តាមពិត​ក្រុមហ៊ុន​មិនមាន​ចេតនា​ក្នុង​ការពន្យារពេល​ក្នុង​ការសាងសង់​នោះទេ បើ​គេ​ពន្យារ​គម្រោង​សាងសង់​ណាមួយ វា​នឹងធ្វើ​ឱ្យគេ​ខាតបង់​ផលប្រយោជន៍​នានា ព្រោះថា​ការប្រើប្រាស់​កម្លាំង​ពលកម្ម​ពាក់ព័ន្ធ​នឹង​ការចំណាយ​ទៅលើ​កម្មករ​»​។

លើសពីនេះ​លោក​ សន ជ័យ ​ចង់ឱ្យ​ទាំង​ម្ចាស់​ម៉ៅការ និង​ម្ចាស់​គម្រោង ត្រូវតែ​យកចិត្ត​ទុកដាក់ រៀបចំ​ប្រព័ន្ធ​លូ និង​ស្ពាន​ដើម្បី​រំដោះ​ទឹក​ក្នុង​រដូវវស្សា ឱ្យបាន​លឿន​ព្រោះ​នៅតាម​បណ្តោយ​ផ្លូវ​ទាំង​ ២ ​នេះ​កន្លែង​ខ្លះ​មាន​ឃើញតែ​ស្ពាន ប៉ុន្តែ​មិនមាន​ប្រឡាយ​។

គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​ ២ និង​ផ្លូវជាតិ​លេខ​ ២២ ​នេះ បាន​បើក​ការដ្ឋាន​សាងសង់​កាល​ថ្ងៃទី​ ១១ ខែ កុម្ភៈ ឆ្នាំ​ ២០២០ ដែល​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​ ១៦ មេសា ២០២២​។ គម្រោង​ផ្លូវ​នេះ​មាន​ប្រវែង​សរុប ៧២,១៧ ​គីឡូម៉ែត្រ ​ដែល​ក្នុងនោះ​កំណាត់​ផ្លូវជាតិ​លេខ​ ២ ចាប់ពី​រង្វង់​មូល​តាខ្មៅ ដល់​អូរ​ចំបក់​មាន​ប្រវែង ៦២,៥៦ គីឡូម៉ែត្រ និង​ផ្លូវជាតិ​លេខ​ ២២ ពី​អូរចំបក់​ដល់​អង្គតាសោម​មាន​ប្រវែង​ ៩,៦១ ​គីឡូម៉ែត្រ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តតាកែវ​៕

វីដេអូ៖