ភ្នំពេញៈ លោក​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ជំរុញ​ឲ្យ​មន្ដ្រី​ក្រោម​ឱវាទ​ពង្រឹង​ការងារ​ដោះស្រាយ និង​គ្រប់គ្រង​ដី​ចំណីផ្លូវ​ឲ្យ​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៅពេល​សាងសង់​ផ្លូវ និង​ស្នើ​ឲ្យ​មន្ត្រី​យក​​ចិត្ត​ទុកដាក់​ចំពោះ​ការរាយការណ៍​ពី​ពលរដ្ឋ​ជុំវិញ​បញ្ហា​ផ្លូវថ្នល់​ផងដែរ ។

ការជំរុញ​បែបនេះ​បាន​ធ្វើឡើង​ក្នុងពេល​លោក​ដឹកនាំ​កិច្ចប្រជុំ​នៅ​ទីស្ដីការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ថ្ងៃ​ពុធ​ទី​ ៦ ខែវិច្ឆិកា ដោយ​លោក​រដ្ឋមន្ដ្រី​បាន​ប្រាប់​ឱ្យ​មន្ត្រី​ជំនាញ​ពង្រឹង​ការងារ​គ្រប់គ្រង​ដី​ចំណី​ផ្លូវ ការជួសជុល​ថែទាំ​ផ្លូវ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​។ ជាមួយ​គ្នា​នេះ​លោក​ក៏​បាន​រំឭក​ឲ្យ​មាន​ការយកចិត្ត​ទុកដាក់​ចំពោះ​ការរាយការណ៍​របស់​ពលរដ្ឋ​ផងដែរ​ដោយ​លោក​ចង់​ឲ្យ​ប្រែក្លាយ​កម្មវិធី​ថែទាំ​ផ្លូវ​ (ROAD CARE Mobile App) ​ទៅ​ជា​កម្មវិធី​អាច​រាយការណ៍​អំពី​គ្រោះថ្នាក់​ចរាចរណ៍ ការដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​កំណត់ និង​ករណី​គ្រោះថ្នាក់​​ចរាចរណ៍​ជាដើម​។

លោក​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់​​ថា​៖ «​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ពិភាក្សា​ផ្ទៃក្នុង​ឱ្យ​បាន​ស៊ីជម្រៅ​ដើម្បី​ប្រមូល​ធាតុ​ចូល​ឱ្យបាន​គ្រប់គ្រាន់​។ ​ត្រូវ​មាន​កិច្ចប្រជុំ​អន្តរក្រសួង​ដើម្បី​រិះរក​នីតិវិធី​ដោះស្រាយ​បញ្ហា​ដី​ចំណីផ្លូវ កាត់បន្ថយ​ផលប៉ះពាល់​នៅពេល​សាងសង់​ផ្លូវ​»​។

ទន្ទឹម​នឹង​នេះ​លោក ស៊ុន ចាន់ថុល ក៏បាន​ស្នើឱ្យ​មន្ត្រី​ជំនាញ​ទាំងអស់​កែសម្រួល​នីតិវិធី​ជួសជុល ថែទាំ​ផ្លូវ ដើម្បី​ស្តារ កសាង​ និង​ជួសជុល​ថែទាំ​បណ្តាញ​ផ្លូវថ្នល់​នានា​ឱ្យ​បាន​ល្អប្រសើរ​ ដើម្បី​​បំពេញ​តម្រូវការ​របស់​ពលរដ្ឋ​ និង​បាន​ណែនាំ​ឱ្យ​មន្ត្រី​តាម​មន្ទីរ​​ទាំង​ ២៥ ​រាជធានី-ខេត្ត បញ្ចេញ​គ្រឿងចក្រ​ឱ្យបាន​លឿន​ផងដែរ​​ដើម្បី​ពន្លឿន​ការជួសជុល ថែទាំ​ផ្លូវ​នៅក្នុង​រដូវរំហើយ​នេះ​។ ជាពិសេស​នៅតាម​បណ្តា​ខេត្ត​ដែល​ត្រូវ​រៀបចំ​ការប្រណាំង​កង់​អន្តរជាតិ និង​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង និង​ខេត្ត​កែប​ជាដើម​។

លោក ប៉ាល់ ចន្ទតារា ​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា ការណែនាំ​របស់​ទេសរដ្ឋមន្ដ្រី​គឺជា​ការពង្រឹង​ការងារ​របស់​មន្ដ្រី​បន្ថែមទៀត​ក្នុង​ការស្ថាបនា​ផ្លូវ​ឲ្យ​មាន​ប្រសិទ្ធភាព ហើយ​ត្រូវ​ដោះស្រាយ និង​ពិនិត្យ​កុំ​ឲ្យ​មាន​ការរំលោភ​ដី​ចំណីផ្លូវ​សាធារណៈ​របស់​រដ្ឋ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការលំបាក​ដល់​ការស្ថាបនា​ផ្លូវ​នា​ថ្ងៃ​អនាគត​។

លោក​ថ្លែងថា​៖ «​ពាក់ព័ន្ធ​នឹង​ដី​ចំណីផ្លូវ​នេះ យើង​មើលឃើញ​ទាំងអស់​គ្នា​ហើយ ព្រោះ​មាន​បងប្អូន​ប្រជាពលរដ្ឋ​យើង​មួយចំនួន​តែងតែ​ធ្វើ​សំណង់​រំលោភ​យក​ដី​ចំណីផ្លូវ​ដែល​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ បង្ក​ផលលំបាក​ដល់​ការពង្រីក​ផ្លូវ​នៅ​​ពេល​ដែល​យើង​ចង់​ពង្រីក​ផ្លូវ​ឲ្យ​មាន​ទំហំ​ធំ​។ ​ដូច្នេះ​ទើប​ពេល​ប្រជុំ​កាលពី​ថ្ងៃ​ពុធ ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី​គាត់​បាន​ណែនាំ​ដល់​មន្ដ្រី​ថ្នាក់ក្រោម​ជាតិ​ទាំងអស់​ត្រូវ​យកចិត្ត​ទុកដាក់ គ្រប់គ្រង​ការពារ​ដី​ចំណីផ្លូវ​នេះ​តាមច្បាប់​ដែលមាន​ស្រាប់​»​។

លោក ចន្ទ តារា បាន​អះអាង​ថា​ដោយសារ​តែ​បញ្ហា​សាងសង់​សំណង់​រំលោភ​ចំណីផ្លូវ​ពី​​សំណាក់​ពលរដ្ឋ​មួយ​ចំនួន​តូច​នេះ​ហើយ​ទើប​ពេល​ក្រសួង​អនុវត្ដ​គម្រោង​ពង្រីក​ផ្លូវ​តែង​ជួបប្រទះ​បញ្ហា​ស្ទើរ​គ្រប់កន្លែង​ដែល​ជា​ហេតុ​ធ្វើឲ្យ​បាត់បង់​ថវិកាជាតិ ខណៈ​ដី​ចំណី​ផ្លូវ​ទាំងនោះ​គឺជា​ទ្រព្យសម្បត្ដិ​​សាធារណៈ​របស់​រដ្ឋ​នោះ​៕