ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​​ ស៊ុន ចាន់ថុល បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​មាន​យានយន្ត​ហើយ​ផុត​សុពលភាព​បណ្ណបើកបរ និង​ឆៀក​ត្រូវ​នាំ​គ្នា​ទៅ​បន្ត​សុពលភាព​ដើម្បី​កុំឲ្យ​មាន​ការផាកពិន័យ និង​ចៀសវាង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​បច្ចុប្បន្ន​មាន​បណ្ណ​បើកបរ​ខ្លះ​ហួសកំណត់​រហូត​ដល់​ ៨ ​ឆ្នាំ មិនទាន់​បាន​បន្ត​។

លោក ស៊ុន ចាន់ថុល បាន​លើកឡើង​បែបនេះ​ក្នុង​ពេល​លោក​ដឹកនាំ​មន្ដ្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​​ផ្លូវជាតិ​លេខ​ ៥ ភាគ​ខាងជើង​ (​បាត់ដំបង​សិរីសោភ័ណ​) ​និង​ភាគខាងត្បូង​កាលពី​ថ្ងៃទី​ ២៧ ឧសភា​។ លោក​បាន​ថ្លែងថា ពលរដ្ឋ​ដែល​ហួស​សុពលភាព​បណ្ណ​បើកបរ និង​ឆៀករថយន្ត​​មិន​គ្រាន់តែ​ប្រឈម​នឹង​ការផាកពិន័យ​ទេ តែ​ក៏​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​។

លោក​ថ្លែងថា​៖ «​សព្វថ្ងៃនេះ​យានយន្ត​ ៤៦ ​ភាគរយ​បាន​ហួស​សុពលភាព​ឆៀក មិនទាន់​​បាន​មក​ធ្វើ​ឆៀក​ទេ​។ ​សូមជម្រាប​ថា ក្នុង​ចំណោម​ឡាន​ជាង​ ៧០ ​ម៉ឺន​គ្រឿង​មាន​ឡាន​ជាង​ ៣០ ​ម៉ឺន​គ្រឿង​មិន​ទាន់​បានមក​ធ្វើ​ឆៀក​ទេ​...​។ ខ្ញុំ​សូម​អំពាវនាវ​ទៅ​ម្ចាស់​យានយន្ត​ទាំងអស់​សូមមេត្តា​យក​ឡាន​នោះ​ទៅ​ឆៀក​​ឲ្យ​បាន​ត្រឹមត្រូវ បើ​មិន​ដូច្នោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​»​។

លោក​បន្តថា​៖ «​ចំពោះ​បណ្ណ​បើកបរ​ជាង​ ១ ​លាន​បណ្ណ ​ក្នុង​​នោះ​មាន​ជាង​ ៤៤ ​ម៉ឺន​បណ្ណ​ ស្មើនឹង​ ៤៦ ​ភាគរយ ផុត​សុពលភាព​ហើយ​។ ដូច្នេះ​សូម​អញ្ជើញ​ទៅ​ពន្យារ​បន្ត​បណ្ណ​បើកបរ​នេះ​។

អ្នកខ្លះ​ហួស​សុពលភាព​ ៧-៨ ​ឆ្នាំ​​មិនទាន់​បាន​ទៅ​បន្ត​សុពលភាព​»​។

លោក​ ស៊ុន ចាន់ថុល បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រសួង​សាធារណការ​បាន​រៀបចំ​ប្រព័ន្ធ​សម្រាប់​​ជូនដំណឹង​ទៅ​ពលរដ្ឋ​រួចហើយ​។

ក្នុងនោះ​គឺ​រយៈពេល​ ១ ​ខែ​មុន ​បណ្ណ​បើកបរ​ហួស​សុពលភាព​ប្រព័ន្ធ​នឹង​ផ្ញើ​សារ​ទៅប្រាប់​ដល់​ម្ចាស់​យានយន្ត​តែម្ដង​។ ​លោក​ថា រហូត​មក​ទល់​ពេល​នេះ​គឺ​​មាន​សារ​ជាង​ ៩ ​ពាន់​ហើយ​ត្រូវ​បាន​ផ្ញើ​ទៅ​ម្ចាស់​បណ្ណ​បើកបរ​ដែល​ផុត​សុពលភាព​។

លោក​រដ្ឋមន្ដ្រី​ថ្លែងថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​ផ្លូវជាតិ​ទាំងអស់​សូម​ចូលរួម​ថែរក្សា​ទ្រព្យសម្បត្ដិ​ជាតិ​យើង​ដែល​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ខិតខំ​ប្រឹងប្រែង​រក​ថវិកា​ទាំង​ប្រាក់កម្ចី​ និង​ប្រាក់​ជំនួយ​ឥតសំណង​មក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ប្រទេស​កម្ពុជា​។ ​ដូច្នេះ​យើង​ត្រូវតែ​នាំគ្នា​ចូលរួម​ថែរក្សា​កុំ​ដឹកទំនិញ​លើស​ទម្ងន់​កំណត់​ដោយ​​ច្បាប់​ដែល​ធ្វើ​ឲ្យ​ផ្លូវជាតិ​របស់​យើង​ឆាប់​ខូច និង​ឆាប់​រេចរឹល​»​។

ជាមួយ​នេះ​ដែរ​លោក​បាន​អំពាវនាវ​ឲ្យ​អ្នកបើកបរ​គោរព​ច្បាប់​ចរាចរណ៍​ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់ ខណៈ​បច្ចុប្បន្ន​គិត​ជា​មធ្យម​កម្ពុជា​មាន​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ ៥ ​នាក់ និង​របួស​ ១៥ ​នាក់​ក្នុង​ ១ ​ថ្ងៃ​ដែល​នាំ​ឲ្យ​ខាតបង់​ទាំង​អាយុជីវិត​មនុស្ស ទ្រព្យសម្បត្ដិ​ជាតិ និង​ទ្រព្យសម្បត្ដិ​ឯកជន​ប្រហែល​ ៣៥០ ​លាន​ដុល្លារ​ក្នុង ១ ​ឆ្នាំ​។

លោក​រដ្ឋមន្ដ្រី​បញ្ជាក់​ថា​៖ «​បើ​ជិះ​ម៉ូតូ​សូម​ពាក់មួក​សុវត្ថិភាព បើ​ជិះឡាន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​។ កុំ​បើកឡាន​ផង​​និយាយ​ទូរស័ព្ទ​ផង វា​ខុសច្បាប់​។ កុំ​បើកបរ​ដោយ​ប្រើ​គ្រឿង​ស្រវឹង ​គ្រឿងញៀន កុំ​វ៉ា​ជែង​ដោយ​គ្មាន​ការប្រុងប្រយ័ត្ន និង​កុំ​បើកបរ​លើស​ល្បឿន​កំណត់​ដោយ​ច្បាប់​។ ​ទាំងនេះ​សុទ្ធ​ជា​រឿង​សំខាន់​ណាស់​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍​»​។

បើ​តាម​លោក​ ស៊ុន ចាន់ថុល បច្ចុប្បន្ន​ក្រសួង​សាធារណការ​កំពុង​សហការ​ជាមួយ​អង្គការ​ JICA ​ដើម្បី​រក​កាមេរ៉ា​ដាក់​នៅតាម​ផ្លូវ​ (​ផ្លូវជាតិ​នានា​) ​ដើម្បី​ថតល្បឿន​ដោយ​ស្វ័យប្រវត្ដិ ហើយ​បើ​រកឃើញ​អ្នក​ល្មើស​គឺ​ក្រុម​ការងារ​ក្រសួង​នឹង​ចេញ​វិក្កយបត្រ​ផាកពិន័យ​ដល់ផ្ទះ​តែម្ដង​។

លោក គឹម ​បញ្ញា ​នាយកប្រចាំ​ប្រទេស​កម្ពុជា​នៃ AIP Foundation បាន​ថ្លែងថា ការឆៀក​យានយន្ត​គឺជា​រឿង​សំខាន់ ព្រោះ​វា​ត្រូវ​មាន​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​ទៀងទាត់​ដែល​បន្ថែម​ទៅលើ​ការត្រួតពិនិត្យ​ប្រចាំថ្ងៃ​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ចរាចរណ៍​។

លោក​បញ្ជាក់ថា​៖ «​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​​ទៀងទាត់ និង​មាន​បណ្ណ​បើកបរ​បង្ហាញ​ថា យានយន្ត​របស់​​គាត់​មាន​សុវត្ថិភាព និង​អ្នក​បើកបរ​មាន​ការទទួល​ស្គាល់​​ត្រឹមត្រូវ​ [​តាម​ផ្លូវ​ច្បាប់​] ​និង​យល់ដឹង​ពី​សុវត្ថិភាព​។ ​ខ្ញុំ​គាំទ្រ​ចំពោះ​ [​ការអំពាវនាវ​] និង​វា​ជា​រឿង​ប្រសើរ​នៅពេល​ដែល​យើង​ទុក​​ពេលវេលា​សមស្រប​ឲ្យ​ពលរដ្ឋ​យើង​អ៊ីចឹង​»៕