ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ៩៨ ភាគរយនៃអ្នកបើកបរម៉ូតូកង់បីនៅកម្ពុជា គ្មានបណ្ណបើកបរ និងមានការយល់ដឹងតិចតួចអំពីច្បាប់ចរាចរណ៍ ហើយតម្រូវឲ្យអ្នកបើកបរម្នាក់ៗត្រូវទៅរៀនបើកបរក្នុងរយៈពេល ៣ ខែ បើផុតកំណត់នឹងចាប់បង្ខំឲ្យអនុវត្តច្បាប់ដោយគ្មានការអនុគ្រោះ ព្រោះវាគឺជាផ្នែកមួយដែលបង្កឲ្យមានបញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅលើដងផ្លូវ។
ក្នុងកិច្ចប្រជុំបូកសរុបការងារ គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០១៩ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា បច្ចុប្បន្នម៉ូតូកង់បីចំនួន ២ ម៉ឺនគ្រឿង កំពុងត្រូវបានចរាចរនៅលើដងផ្លូវសាធារណៈក្នុងប្រទេស កម្ពុជា ប៉ុន្តែ ៩៨ ភាគរយនៃអ្នកបើកម៉ូតូកង់បីទាំងនោះគឺខ្វះការយល់ដឹងអំពីច្បាប់ចរាចរណ៍ និងគ្មានបណ្ណបើកបរនោះទេ។
លោកបានបញ្ជាក់ថា៖ «ក្រសួងនឹងទុកពេល ៣ ខែទៀតសម្រាប់អ្នកបើកបរម៉ូតូកង់បីទាំងអស់ទៅរៀន និងប្រឡងយកបណ្ណបើកបរ។ ផុតកាលកំណត់នេះទៅ ក្រសួងនឹងចាប់ផ្ដើមរឹតបន្តឹងការអនុវត្តច្បាប់ ដោយចាប់ផាកពិន័យដោយបង្ខំ និងដោយគ្មានការលើកលែងជាដាច់ខាត»។
លោកបានបន្តថា ដោយឡែករថយន្តដឹកអ្នកដំណើរ ទំនិញ ធុនធ្ងន់និងមធ្យម ពិសេសរថយន្តកុងតឺន័រ ដែលពុំមានលក្ខណៈត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ហើយអ្នកបើកបរដែលគ្មានបណ្ណបើកបរនឹងមិនអនុញ្ញាតឲ្យធ្វើចរាចរនៅលើដងផ្លូវសាធារណៈនោះឡើយ ដែលប្រការនេះគឺជាផ្នែកមួយនៃការចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងត្រីមាសទី១ ដើមឆ្នាំ ២០១៩ នេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១ ០៧៦ លើក បណ្តាលឲ្យមានជនរងគ្រោះស្លាប់ចំនួន ៥១៣ នាក់ (ភាគច្រើនជាអ្នកជិះម៉ូតូនិងមិនពាក់មួកសុវត្ថិភាព) និងរងរបួសចំនួន ១ ៥៩២ នាក់។
តួលេខនេះបានបង្ហាញថា ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងត្រីមាសទី១ ដើមឆ្នាំ ២០១៩ នេះ មានការកើនឡើងចំនួន ២៥៧ លើក ឬស្មើ ៣១ ភាគរយ បើធៀបនឹងត្រីមាសទី១ ដើមឆ្នាំ ២០១៨។ ចំណែកអត្រាស្លាប់មានការកើនឡើងជាងឆ្នាំមុន ៣៣ នាក់ ឬស្មើ ៧ ភាគរយ និង អត្រានៃអ្នករងរបួសមានការកើនឡើង ៣៥៨ នាក់ ឬស្មើ ២៩ ភាគរយ។
របាយការណ៍បានបង្ហាញថា រាជធានី-ខេត្តដែលមានករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានអ្នកស្លាប់ច្រើនជាងគេនោះ គឺរាជធានីភ្នំពេញ ដែលមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រហូតដល់ ៩១ នាក់ បន្ទាប់មកខេត្តកំពង់ស្ពឺ មានអ្នកស្លាប់ ៣៩ នាក់ និងខេត្តព្រះសីហនុ មានអ្នកស្លាប់ ៣២ នាក់។
ជាមធ្យមក្នុង ១ ថ្ងៃមានជនរងគ្រោះស្លាប់ចំនួន ៦ នាក់ និងរបួសចំនួន ១៨ នាក់។ ភាគច្រើននៃគ្រោះថ្នាក់ចរាចរណ៍ទាំងអស់នេះបណ្ដាលមកពីការបើកបរលើសល្បឿនកំណត់ ៤១ ភាគរយ មិនគោរពសិទ្ធិជាអាទិភាព ១៩ ភាគរយ មិនប្រកាន់ស្តាំ ១៣ ភាគរយ បត់ខ្វះការប្រុងប្រយ័ត្ន ៩ ភាគរយ វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៩ ភាគរយ បើកបរក្នុងស្ថានភាពស្រវឹង ៤ ភាគរយ កត្តាយានយន្ត ៣ ភាគរយ និងបើកបរក្នុងស្ថានភាពងងុយដេក ២ ភាគរយ។
ដោយមានមោទនភាពចំពោះកម្មវិធី Road App ដែលបានបង្កើតឡើងនិងដាក់ឲ្យដំណើរការសម្រាប់តាមដានរាល់សកម្មភាពការងារថែទាំនិងជួសជុលផ្លូវកាលពីប៉ុន្មានខែមុននេះ លោក ចាន់ថុល បានថ្លែងថា តាមរយៈកម្មវិធីនេះ ក្រុមការងារថែទាំនិងជួសជុលផ្លូវថ្នល់បានធ្វើការឆ្លើយតបយ៉ាងទាន់ពេលវេលាក្នុងការជួសជុលផ្លូវសម្បុកមាន់ ដើម្បីរួមចំណែកការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
នៅក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញដល់ភាគីពាក់ព័ន្ធទាំងអស់ ខិតខំស្វែងរកដំណោះស្រាយបន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យបានក្នុងកម្រិតជាអតិបរមា។
លោកថ្លែងថា៖ «យើងមិនអាចលុបបំបាត់គ្រោះថ្នាក់ចរាចរណ៍ទាំងស្រុងនោះទេ តែយើងត្រូវខិតខំរួមគ្នាបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឲ្យបានក្នុងកម្រិតអតិបរមា ដោយយើងត្រូវចូលរួមពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ទាំងអស់គ្នាជាប្រចាំ និងគ្រប់ពេលធ្វើដំណើរនៅលើដងផ្លូវ»។
លោក ម៉េង លី អាយុ ៣០ ឆ្នាំ ជាអ្នកបើកបរម៉ូតូកង់បី Pass App បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកពិតជាគ្មានប័ណ្ណបើកបរនោះទេ ចាប់តាំងពីរូបលោកចាប់យកអាជីពជាអ្នកបើកបរម៉ូតូកង់បីនេះតាំងពីពាក់កណ្ដាលឆ្នាំ ២០១៨ មក។
ប៉ុន្តែលោកបានព្យាយាមអានចំណុចសំខាន់ៗនៃច្បាប់ចរាចរណ៍ ព្រមទាំងពិនិត្យនិងកត់សម្គាល់ទៅលើភ្លើង និងគំនូសស្លាកសញ្ញាចរាចរណ៍នៅលើដងផ្លូវជាប្រចាំ។
លោក លី បានបញ្ជាក់ថា៖ «ថ្វីបើខ្ញុំគ្មានប័ណ្ណបើកបរម៉ូតូកង់បី តែការបើកបររបស់ខ្ញុំមិនដែលបង្កនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍នោះទេ។ យ៉ាងណាក៏ដោយ ខ្ញុំនឹងទៅរៀន និងប្រឡងយកប័ណ្ណបើកបរ ដើម្បីជាប្រយោជន៍ក្នុងការចូលរួមគោរពនិងអនុវត្តច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយអត្រាស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា»។
លោក ស៊ុន វាសនា សមាជិកក្រុមប្រឹក្សាសមាគមប្រជាធិបតេយ្យឯករាជនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានថ្លែងដោយគាំទ្រចំពោះយុទ្ធសាស្ត្ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតម្រូវឲ្យគ្រប់អ្នកបើកម៉ូតូកង់បី និង យានយន្តគ្រប់ប្រភេទ ពិសេសអ្នកបើករថយន្តដឹកអ្នកដំណើរ ទំនិញ និងកុងតឺន័រទាំងអស់ត្រូវមានប័ណ្ណបើកបរ និងត្រូវរៀនអំពីច្បាប់ចរាចរណ៍ឲ្យបានច្បាស់លាស់។ ប៉ុន្តែលោកស្នើឲ្យមន្ត្រីជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ កុំឆ្លៀតយកឱកាសនេះ ប្រព្រឹត្តអំពើពុករលួយដែលនាំឲ្យមានផលប៉ះពាល់ដល់សង្គមជាតិ។
លោក វាសនា បានថ្លែងថា៖ «យើងរីករាយនិងគាំទ្រ ចំពោះគោលនយោបាយជាយុទ្ធសាស្ត្រខាងលើនេះ ព្រោះវាជាផ្នែកមួយ នៃការចូលរួមកាត់បន្ថយភាពឥតសណ្ដាប់ធ្នាប់ផ្នែកចរាចរណ៍នៅលើដងផ្លូវ ដើម្បីកាត់បន្ថយអត្រាស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ ប៉ុន្តែសូមកុំឲ្យមានការបង្កប់អំពើពុករលួយនៅក្នុងនោះ ធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់បងប្អូនអ្នកបើកបរម៉ូតូកង់បី និងយានយន្តគ្រប់ប្រភេទ ដើម្បីឲ្យពួកគាត់បានចូលរៀនច្បាប់ចរាចរណ៍ និងទទួលបានប័ណ្ណបើកបរគ្រប់ៗគ្នា»។
បើតាមសម្ដីរបស់លោកវាសនា កាលពីប៉ុន្មានសប្ដាហ៍មុននេះ សមាគមរបស់លោកបានបញ្ជូនអ្នកបើកបរម៉ូតូកង់បីចំនួន ៤០ នាក់ឲ្យទៅរៀនបើកបរ ដើម្បីប្រឡងយកប័ណ្ណបើកបរ ប៉ុន្តែមកទល់ពេលនេះពួកគេនៅពុំទាន់ទទួលបានប័ណ្ណបើកបរនៅឡើយទេ៕