ភ្នំពេញៈ លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​ថ្ងៃ​អង្គារ​នេះ​នឹង​ដាក់​លិខិត​ព្រមាន​ផ្ទាល់​ទៅ​ក្រុមហ៊ុន ហាន់ស៊ីន (Han Shin) ​ដែល​ទទួល​សាងសង់​ផ្លូវជាតិ​លេខ​ ២ ​និង​លេខ​ ២២ ​ចាប់ពី​ភ្នំពេញ​ទៅ​ខេត្ដ​តាកែវ ក្រោយពេល​លោក​ចុះ​ពិនិត្យ​ផ្ទាល់​ឃើញថា​ក្រុមហ៊ុន​នេះ​គ្មាន​សកម្មភាព​ក្នុង​ការសាងសង់​ និង​កំហុស​បច្ចេកទេស​មួយចំនួន​ទៀត​។

លោក ស៊ុន ចាន់ថុល ថ្លែង​ក្នុងពេល​កំពុង​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​ពិនិត្យ វឌ្ឍនភាព គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​ ១១ តភ្ជាប់​ពី​អ្នកលឿង​ទៅកាន់​ថ្នល់​ទទឹង​ខេត្ត​ត្បូងឃ្មុំ​ប្រវែង​ ៩៦ ​គីឡូម៉ែត្រ​ដែល​គ្រោង​នឹង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ៩៨ ​លាន​ដុល្លារ​នឹង​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ​ ២០២០ ​នេះ​។

លោក ចាន់ថុល បាន​ថ្លែងថា​៖ «​កាលពី​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន ខ្ញុំ​អត់​ប្រាប់​អ្នកណា​ទាំងអស់​ថា ខ្ញុំ​ចុះ​ពិនិត្យ​មើលផ្លូវ​លេខ​ ២ និង​លេខ​ ២២​។ ខ្ញុំ​ឲ្យ​ដឹង​តែ​ ២ ​នាក់​គត់​គឺ​មន្ដ្រី​មើល​ផ្លូវ​លេខ​ ២ និង​លេខ​ ២២​។ ខ្ញុំ​ឲ្យ​ដឹង​តែ ២ ​នាក់​គត់​គឺ​មន្ដ្រី​បច្ចេកទេស​របស់ខ្ញុំ​។ ផ្លូវ​លេខ​ ២ ​ពី​ភ្នំពេញ​ទៅ​ខេត្ដ​តាកែវ និង​ផ្លូវ​វាង​មួយទៀត​គឺ​ផ្លូវ​លេខ​ ២២​។ ជាក់ស្ដែង​យើង​ពិនិត្យឃើញ​មែន​។ ក្រុមហ៊ុន​ទទួល​សាងសង់​ពី​ភ្នំពេញ​ទៅ​តាកែវ​មាន​គ្រឿងចក្រ​តែ ២ ​គ្រឿង​គត់​ហើយ​គ្មាន​អ្នកណា​ធ្វើការ​ទាំងអស់​លើផ្លូវ​លេខ​ ២ និង​លេខ​ ២២ ​នេះ​»​។

លោក​ថា ករណីនេះ​បើ​មិន​ចុះ​ពិនិត្យ​ដោយផ្ទាល់​គឺ​មិនអាច​ដឹង​នោះទេ ខណៈ​ពេល​ឃើញ​ស្ថានភាព​បែបនេះ​លោក​រដ្ឋមន្ដ្រី​ក៏​សួរដេញដោល​ទៅ​ក្រុមហ៊ុន​ទទួល​សាងសង់ ប៉ុន្ដែ​ក្រុមហ៊ុន​ឆ្លើយថា គ្រឿងចក្រ​ជាប់រវល់​។

លោក​បន្ដថា​៖ «​ប៉ុន្ដែ​ខ្ញុំ​សួរថា ពេលណា​អ្នកឯង (​ក្រុមហ៊ុន​ទទួល​សាងសង់​) យក​គ្រឿងចក្រ​មក​សាងសង់​។ បើ​មិនមាន​គ្រឿងចក្រ ហេតុ​អី​មិន​ជួល​គ្រឿងចក្រ​នៅ​ស្រុក​ខ្មែរ​ដើម្បី​ធ្វើ​ផ្លូវ​ឲ្យ​ទាន់ពេលវេលា​។ ម៉ោង​នេះ​មិនទាន់​យឺត​នៅឡើយ​ទេ​ណា​។ ប៉ុន្ដែ​បើ​យឺត​នឹងមាន​ពិន័យ​ហើយ​គិត​ជា​ថ្ងៃ​ក្នុង​ ១ ​ថ្ងៃ​ពិន័យ​ប៉ុន្មាន​។ រឿងនេះ​ត្រូវ​និយាយ​ឲ្យ​ច្បាស់​»​។

លោក​រដ្ឋមន្ដ្រី​បញ្ជាក់ថា​នឹង​ចុះទៅពិនិត្យ​ផ្លូវ​ជា​បន្ដបន្ទាប់​ដោយ​មិនមាន​ប្រាប់​មុន​នោះទេ​។ ក្រសួង​ក៏មាន​ម៉ាស៊ីន​ត្រួតពិនិត្យ​បច្ចេកទេស​ផ្លូវ​ចល័ត​យកទៅ​ជាមួយ​ផងដែរ​។ ពេល​ចុះទៅពិនិត្យ​ឲ្យ​តែ​ធ្វើ​ផ្លូវ​មិនបាន​ត្រឹមត្រូវ​គឺ​ត្រូវ​ឲ្យ​ធ្វើ​ឡើងវិញ​ទាំងអស់​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូមជម្រាប​ថា ថ្ងៃស្អែក​នេះ (​ថ្ងៃ​អង្គារ​នេះ​) លិខិត​ទៅដល់​ហើយ​ក្រុមហ៊ុន​ហាន់ស៊ីន (Han Shin)​។ លិខិត​ព្រមាន​ជា​ផ្លូវការ​ពី​ខ្ញុំ​នឹង​ទៅ​ដល់​ក្រុមហ៊ុន ហាន់ស៊ីន ដែល​ទទួល​សាងសង់​ផ្លូវ​លេខ​ ២ ​និង​លេខ​ ២២ ​នេះ​។ ស្អែក​ចេញ​ជា​លាយលក្ខណ៍​អក្សរ​។ ទុកពេល​វេលា​ឲ្យ​ប៉ុន្មាន​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។

បើ​ដោះស្រាយ​មិន​បានទេ ក្រុមហ៊ុន​នឹងមាន​បញ្ហា​​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ ថ្ងៃនេះ​មន្ដ្រី​យើងខ្ញុំ​កំពុង​សរសេរ​លិខិត​នេះ​ជា​ភាសា​អង់គ្លេស​ជូន​គាត់​ហើយ​។ អ៊ីចឹង​ស្អែក​នេះ ក្រុមហ៊ុន​នឹង​ទទួល​លិខិត​ផ្ទាល់​ពី​ខ្ញុំ​តែម្ដង​ដោយមាន​បញ្ជាក់ប្រាប់​ក្រុមហ៊ុន​ថា មាន​ខុស​អ្វីខ្លះ​? ហើយ​ក្រុមហ៊ុន​លោក​មាន​ពេលវេលា​ប៉ុន្មាន​ដើម្បី​ដោះស្រាយ​?»​។

លោក​រដ្ឋមន្ដ្រី​រំឭក​ឲ្យ​ដឹងថា ពីមុន​ក៏​ធ្លាប់មាន​ក្រុមហ៊ុន​មួយ​ដែល​ទទួល​គម្រោង​សាងសង់​ផ្លូវ​ពី​ចំណុច​ស្គន់​ទៅ​ខេត្ដ​សៀមរាប​ក្រោយពី​ចុះទៅ​ពិនិត្យ​បាន​រកឃើញ​ថា ក្រុមហ៊ុន​នោះ​មិនបាន​សាងសង់​ត្រឹមត្រូវ​តាម​បច្ចេកទេស​។ ដូច្នេះ​ក្រសួង​ក៏​បញ្ជា​ឲ្យ​សាងសង់​ផ្លូវ​នោះ​ឡើងវិញ​ទាំងអស់​ដែរ​។

មួយ​ករណី​ទៀត​ក្រុមហ៊ុន​ទទួល​សាងសង់​ផ្លូវជាតិ​លេខ​ ២១ ចាប់ពី​ក្រុង​តាខ្មៅ​ទៅដល់​ស្រុក​កោះធំ ក្រសួង​ក៏​សម្រេច​មិន​ទទួល​យក​ការសាងសង់​ផ្លូវ​នោះដែរ ព្រោះ​ការសាងសង់​មិនមាន​គុណភាព​ហើយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ត្រូវ​សាងសង់​ឡើងវិញ​។ លោក​រដ្ឋមន្ដ្រី​បញ្ជាក់ថា ក្រុមហ៊ុន​ទទួល​សាងសង់​ផ្លូវថ្នល់​ឲ្យ​តែ​ធ្វើ​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា​គឺ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នោះ​ធ្វើ​ឡើងវិញ​។

លោក​បន្ថែមថា​៖ «​ប៉ុន្ដែ​ខ្ញុំ​មិន​ចង់បាន​អ៊ីចឹង​ទេ​។ ខ្ញុំ​ចង់​ឲ្យ​ក្រុមហ៊ុន​សាងសង់​តាម​លក្ខណៈ​បច្ចេកទេស​ឲ្យ​ត្រឹមត្រូវ​តែម្ដង​។ ខ្ញុំ​តែងតែ​និយាយថា ខ្ញុំ​ជួល​គេ​កាត់​អាវ​ឲ្យ​ខ្ញុំ​ពាក់ អាវ​ខ្ញុំ​ពាក់​មិនទាន់​បាន​ ១ ​ឆ្នាំ​ផង មាន​ស្នាម​ប៉ះ​គ្រប់កន្លែង​ទាំងអស់​បែបនេះ ខ្ញុំ​មិន​ចូលចិត្ដ​ទេ​។ ដូចគ្នា​នឹង​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​អ៊ីចឹង ប្រាប់​ថា​មិន​អី​ទេ ខូច​ខ្ញុំ​ជួសជុល​ឲ្យ ខ្ញុំ​អត់ ចង់​បិទ​សម្បុកមាន់​លើផ្លូវ​របស់ខ្ញុំ​នេះ​ទេ​ខំ​ធ្វើ​ឲ្យ​ល្អ​តាម​ស្តង់ដា​ទៅ​»​។

លោក​រដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា ករណី​មួយទៀត​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ពី​ខេត្ដ​កំពត​ទៅ​វាលរេញ ក្រសួង​ក៏បាន​ដក​អ្នក​ត្រួតពិនិត្យ​បច្ចេកទេស​បរទេស​ចំនួន ៨ ​នាក់​ចេញ​ផងដែរ​ព្រោះ​មិនបាន​ត្រួតពិនិត្យ​មើល​ផ្លូវ​ឲ្យ​បាន​ត្រឹមត្រូវ​៕

វីដេអូ៖