ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា មាន​រថយន្ត​ប្រហែល​ជា​ ៣៦០ ​ពាន់​គ្រឿង ​ដែល​ផុត​សុពលភាព មិន​ទាន់​បាន​យក​រថយន្ត​មក​ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ខណៈ ៣ ​ខែ​ចុងក្រោយ​នេះ​អ្នកជំនាញ​បាន​ផាកពិន័យ​ប្រមាណ​ជិត​ ២ ​ម៉ឺន​គ្រឿង ក្នុង​ចំណោម​រថយន្ត​ប្រមាណ​ជាង​ ៨ ​ម៉ឺន​គ្រឿង​ដែល​បាន​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ឆៀក​សាខា​កំបូល រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ​លោក ស៊ុន ចាន់ថុល បាន​សំណូមពរ​ឱ្យ​ម្ចាស់​យានយន្ត​ទាំងអស់​ត្រូវ​យក​រថយន្ត​មក​ឆៀក​ឱ្យ​បាន​ទាន់​ពេលវេលា​ចៀសវាង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​ចៀសវាង​ការផាកពិន័យ​ផងដែរ​។

បើ​តាម​លោក​ទេសរដ្ឋមន្ត្រី បន្ទាប់ពី​ការអនុវត្ត​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ប្រជាពលរដ្ឋ​មាន​ការភ្ញាក់រឭក​ច្រើន​។ បច្ចុប្បន្ននេះ​មាន​​ទិន្នន័យ​យានយន្ត​ផុត​សុពលភាព​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ប្រមាណ ២៨% ហើយ​ក្រសួង​បាន​ធ្វើការ​ផ្ញើ​សារ SMS ចេញ​ទៅ​ក្រើន​រំឭក​ម្ចាស់​យានយន្ត​ប្រមាណ ១២ ០០០ នាក់​ហើយ ហើយ​ក៏​បន្ត​ផ្ញើ​សារ​នេះ​ដើម្បី​ជូនដំណឹង​ទៅ​កាន់​ពួកគាត់​សំដៅ​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។

លោក ស៊ុន ចាន់ថុល អះអាង​ថា ក្រសួង​នឹង​បន្ត​ខិតខំ​រក​នីតិវិធី​ផ្សេងទៀត​ដើម្បី​ផ្តល់​សេវា​ងាយស្រួល​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​បន្ត​សាងសង់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀត​ដូចជា ការពង្រីក និង​ពង្រឹងគុណភាព​ផ្លូវ ការសាងសង់​ស្ពាន និង​កំពង់ផែ​ជាដើម ដើម្បី​ឱ្យ​ប្រព័ន្ធ​ដឹកជញ្ជូន​មាន​ភាពប្រកួតប្រជែង​អាច​ដឹកជញ្ជូន​បាន​ក្នុង​តម្លៃថោក និង​អាច​ទាក់ទាញ​វិនិយោគិន​បង្កើត​ការងារ​ធ្វើ បង្កើន​ប្រាក់​ចំណូល​ជូន​ប្រជាពលរដ្ឋ​ផងដែរ​។

លោក ឈួន វ៉ាន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក បានឱ្យ​ដឹងថា​កាលពី​ម្សិលមិញ​ថា ក្នុង​រយៈពេល​ ៣ ​ខែ​ចុងក្រោយ​នេះ​មាន​រថយន្ត​មក​ឆៀក​ជាង​ ៨ ​ម៉ឺន​គ្រឿង​ក្នុង​នោះ​មាន​រថយន្ត​ជិត​ ២ ​ម៉ឺន​គ្រឿង ​ដែល​ត្រូវ​ពិន័យ​ដោយសារ​ហួស​សុពលភាព​។

លោក វ៉ាន់ បញ្ជាក់ថា​៖ «​ក្នុង​ការពិន័យ យើង​មាន​ការយោគយល់​ណាស់ មានន័យ​ថា រថយន្ត​ប្រជាពលរដ្ឋ​ហួស​សុពលភាព​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ក៏ដោយ សម្រាប់​ឡានតូច​យើង​គិតតែ​ ១ ​ឆ្នាំ​ទេ ចំណែក​ឡានធំ​យើង​គិត​ត្រឹម​តែ​ ២ ​ឆ្នាំ​ទេ ហើយ​បើសិន​ជា​គាត់​ហួស​ក្នុង​រយៈពេល​មិន​ដល់​ ១ ​ឆ្នាំ​ទេ​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​ដំបូង​យើង​មិន​គិតលុយ​ទេ​»​។

លោក ឈួន វ៉ាន់ បញ្ជាក់​ថា​ប្រសិន​បើ​ប្រជាពលរដ្ឋ​នៅ​តែ​រឹងរូស​គេចវេះ​មិន​ព្រម​ចូល​ទៅ​ឆៀក ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សហការ​ជាមួយ​មន្ត្រីនគរបាល​ចរាចរណ៍​ដើម្បី​អនុវត្ត​ច្បាប់​លើ​ដងផ្លូវ ហើយ​នៅពេល​ដែល​ពួកគាត់​មក​ដល់​កន្លែង​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ក៏ត្រូវ​ពិន័យ​ថែម​ ១ ​សាទៀត ព្រោះ​ហួស​សុពលភាព​ដោយ​គុណ​ជា​ថ្ងៃ​ជាក់ស្តែង​។

លោក វ៉ាន់ បញ្ជាក់​ថា​ដើម្បី​បង្ក​ការងាយស្រួល​ដល់​ប្រជាពលរដ្ឋ កន្លែង​មជ្ឈមណ្ឌល​ឆៀក​នឹង​ត្រូវ​ពង្រីក​បន្ថែមទៀត​នៅតាម​ខេត្ត​ផ្សេងៗ​មួយចំនួន ដូចជា​ខេត្តកំពង់ធំ ស្វាយរៀង បន្ទាយមានជ័យ និង​ខេត្តកំពត​។

ការរៀបចំ​ធ្វើ​កន្លែង​ឆៀក​ឡាន​ឱ្យ​បាន​ច្រើន​កន្លែង​នេះ គឺជា​ការបង្ខិត​សេវា​ឱ្យបាន​កាន់តែ​កៀក​ទៅកាន់​ប្រជាពលរដ្ឋ និង​ជា​កត្តា​មួយ​ដ៏សំខាន់​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការកាត់បន្ថយ​នូវ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​មកពី​កត្តា​យានជំនិះ​ដែល​ខុស​លក្ខណៈ​បច្ចេកទេស ជាក់ស្តែង​មាន​ដូចជា ហ្វ្រាំង​មិន​ស៊ី មិន​មាន​ភ្លើង ឬ​កង់​មិនល្អ​ជាដើម ដូចនេះ​ការយក​រថយន្ត​មក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឱ្យបាន​ត្រឹមត្រូវ គឺជា​ការរួមចំណែក​ដ៏សំខាន់​មួយ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​គិត​មក​ដល់​សព្វថ្ងៃនេះ​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​កង្វល់​ ១ ​ដ៏ធំ​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​កាលពី​ថ្ងៃ​ពុធ​។

យោង​តាម​របាយការណ៍​ប្រចាំថ្ងៃ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បានឱ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​បាន​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ក្នុង ១ ​ថ្ងៃ​ជា​មធ្យម ៥ ​នាក់ និង ១១ ​នាក់​ទៀត​រងរបួស​។ របាយការណ៍​នេះ​បាន​ឱ្យ​ដឹង​ទៀតថា កត្តា​នាំ​មក​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន​បង្កឡើង​ដោយ​កត្តា​មនុស្ស បន្ទាប់មក​កត្តា​យានយន្ត និង​កត្តា​ផ្លូវ​៕