ព្រះសីហនុៈ លោក​ ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រី​ក្រសួង​សាធារ​ណការ ​និង​ដឹកជញ្ជូន ​​អំពាវ​នាវ​ឱ្យ​បញ្ឈប់​សកម្មភាព​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ​នៅខេត្ត​ព្រះ​សីហនុ ​ស្របពេល​លោក​អះអាង​ថា​ មាន​ជនខិលខូច​ខ្លះ​បាន​លួច​បូមទឹក​កខ្វក់​ទម្លាក់​ចូលទៅ​សមុទ្រ ថ្វី​ដ្បិត​រដ្ឋាភិបាល​បាន​សម្រេច​បិទ​មិនឱ្យ​មាន​ការ​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ​តាំង​ពី​មុន​ចូល​ឆ្នាំ​មក​ក្ដី។

លោក​ ស៊ុន ចាន់ថុល ​បាន​អំពាវ​នាវ​បែបនេះ​ នៅពេល​លោក​ និង​លោក ​អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​រួមទាំង​អភិបាល​ខេត្ត​ព្រះសីហនុ​លោក​យន្ត មីន​ បាន​ធ្វើ​ដំណើរ​ទៅពិនិត្យ​ស្ថានភាព​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសី​ហនុ​កាលពី​ថ្ងៃ​ម្សិល​មិញ។ លោក​ ស៊ុន ចាន់ថុល​ ក៏​អំពាវនាវ​ឱ្យ​លោក​ យន្ត មីន ​ត្រូវ​ខំប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ទប់ស្កាត់​សកម្មភាព​បង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ​នេះ។

លោក​ថា​៖ «ដោយសារ​មាន​ជនខិលខូច​នៅពេល​យប់​គាត់​បង្ហូរ​ទៅ អាហ្នឹង [ទឹក​កខ្វក់] ទៅ​ផ្ទាល់​ហ្មង​ចូល​សមុទ្រ​ អត់​ចូល មក​កន្លែង​ប្រព័ន្ធ​ចម្រោះ​ទេ។ ​ខ្ញុំ​ក៏​សូម​អំពាវនាវ​ដែរ ទៅ​ម្ចាស់​សណ្ឋា​គារ។ល។ សូម​មេត្តា​កុំ​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ​ ត្រូវ​បង្ហូរ​តាម​ប្រព័ន្ធ​លូ​ឱ្យចូល​កន្លែង​យើង ​[ប្រព័ន្ធ​ចម្រោះ​ទឹក]​ សិន​ បើ​ទោះ​មិនអាច​កាត់បន្ថយ​អា​ជាតិគីមី​ ១០០% ​តែ​វា​ល្អ​ជាង​ការហូរ​ទៅ​សមុទ្រ​ផ្ទាល់​តែ​ម្ដង។ ដូច្នេះ​សូមកុំ​បំពាន​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ​ វា​ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន​ទឹក​សមុទ្រ​របស់​យើង»។

កាលពី​ចុងខែ​មីនា ​ឆ្នាំ​ ២០១៩ ​នេះ​ លោក ​ជា សុផារ៉ា ​រដ្ឋមន្ត្រី​ក្រសួងរៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់ ​និង​ជា​ប្រធាន​​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​កាលពី​ចុងខែ​មីនា បាន​ដឹកនាំ​មន្ត្រី​ក្រសួងរៀបចំ​ដែនដី​ជាង​ ៣ ពាន់​នាក់ ទៅ​សិក្សា​ឈ្វេង​យល់​អំពី​បរិស្ថាន​នៅតាម​តំបន់​ឆ្នេរ​សមុទ្រ​នៃ​ព្រះសីហនុ ​បន្ទាប់​ពី​ការបញ្ឈប់​ការបង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ​ និង​ក្រោយពី​មាន​ការ​ដាក់​ដំណើរការ​ស្ថានីយបូម​ទឹកកខ្វក់​ចំនួន​ ៤ ទីតាំង ​សម្រាប់​បូម​បង្វែរ​ទឹក​កខ្វក់​ដែល​ធ្លាប់​ចូល​សមុទ្រ​ឲ្យ​ទៅ​កាន់​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​វិញ។

លោក​ ស៊ុន ចាន់ថុល ​បាន​លើក​ឡើង​ទៀតថា ​មូលហេតុ​នាំឱ្យ​មានការ​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ​កាលពីពេល​កន្លង​នេះ​ គឺ​ដោយសារ​ខេត្ត​ព្រះសីហនុ​មាន​ការ​រីកចម្រើន​ខ្លាំង​ផ្នែក​សំណង់​លឿន​ពេក​ និង​ហួស​ពី​ការ​ស្មាន ទុក ហើយក៏​ជា​កំ​ហុស​របស់​ក្រសួង​សាធារណ​ការ​ដែល​ពុំបាន​សិក្សា​អំពី​ផែន​ការមេ​ជា​មុន​ដើម្បី​គ្រប់គ្រង​ទឹក​កខ្វក់។

លោក​បន្ថែមថា ​បច្ចុប្បន្ន​ខេត្ត​ជាប់មាត់​សមុទ្រ​នេះ​ ត្រូវការ​សាងសង់ប្រព័ន្ធ​លូ​សម្រាប់​​ បង្ហូរទឹក​កខ្វក់​ និង​ធ្វើការ​កែលម្អ ​និង​សាងសង់​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​បន្ថែម​ទៀត ​ដើម្បី​ការពារ​កុំឱ្យ​ទឹក​កខ្វក់​ហូរ​ចូល​សមុទ្រ​សាជា​ថ្មី។

បើតាម​លោក ​ស៊ុន ចាន់ថុល​ ទឹក​កខ្វក់​ដែល​ហូរ​ចូលមក​ប្រព័ន្ធ​ចម្រោះ​ទឹក​សព្វថ្ងៃនេះ​ គឺមាន​ចំនួន​ ៤ ម៉ឺន​ម៉ែត្រ​គុប​ក្នុង​ ១ ថ្ងៃ​ ប៉ុន្តែ​មាន​លទ្ធភាព​អាច​ចម្រោះ​បានតែ​ជាង ៧ ពាន់​ម៉ែត្រ​គុប​ប៉ុណ្ណោះ​ក្នុង​ ១ ថ្ងៃ ​ហើយ​ដែល​ត្រូវឱ្យ​ក្រសួង​រៀបចំ​ប្រព័ន្ធ​បន្ថែមទៀត​ ដើម្បី​អាច​ចម្រោះ​បាន​ទាំង ៤ ម៉ឺន​ម៉ែត្រ​គុប​ក្នុង ១ ថ្ងៃ។

រដ្ឋមន្ត្រី​ក្រសួង​សាធារ​ណ​​ការ​ដដែល​នេះ​បន្ថែមថា ​នៅ​ថ្ងៃទី ២១ ​ខែ ឧសភា​ នេះ ​លោក​ ជា សុផារ៉ា ​នឹង​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​មួយ​ ជាមួយ​ក្រ​សួង​​បរិស្ថាន ​ក្រសួង​សេដ្ឋកិច្ច ​និង​ក្រសួង​សាធារណការ​ ដើម្បី​ផ្ដោតលើ​វិធានការ​បន្ថែម​ទៀត​ ក្នុងការ​គ្រប់​គ្រងទឹក​កខ្វក់ ក្នុងនោះ​មាន​ដូចជា​ការទិញ​ម៉ាស៊ីន​ភ្លើង​បំពាក់​តាម​ស្ថានីយ បូមទឹក​កខ្វក់​ទាំង ៤​ ទីតាំង​ ដើម្បី​បង្ការ​ឱ្យ​ស្ថានីយ​ទាំង​នោះ​បន្ត​ដំណើរការ​នៅ​ពេល​ដាច់​ភ្លើង។

លោក​ ឃាង ភារម្យ ​មន្ត្រី​នាំពាក្យ​សាលា​ខេត្ត​ព្រះ​សីហនុ​បានលើកឡើង​ដែរ​ថា ​កន្លងមក ​អាជ្ញាធរ​ខេត្ត​ធ្លាប់​ចេញ​វិធាន​ការបិទ​ភោជនីយដ្ឋាន​មួយចំនួន​ជា​បណ្ដោះ​អាសន្ន​រួចហើយ ​បន្ទាប់ពី​ម្ចាស់​ទីតាំង​ទាំង​នោះបាន​លួច​បង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ។

លោកបានបញ្ជាក់​ថា​៖ «​អ៊ីចឹង​​បើសិនជា​កន្លែង​ខ្លះ​គាត់​នៅតែ​បន្ត​លួច​បូម​ ឬក៏​បង្ហូរ​ទឹកស្អុយ​ចូល​ទៅក្នុង​សមុទ្រ​បន្ត​ទៀត​ គឺ​យើង​នឹង​បិទ​អាជីវកម្ម​របស់​គាត់ ​ហើយ​ករណីខ្លះ ​យើង​នឹង​បញ្ជូន​ទៅ​តុលាការ​តែម្ដង»៕