
ស្លាកសញ្ញាចរាចរណ៍នៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស។ ហុង មិនា
ភ្នំពេញៈ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាឱ្យមន្ត្រីជំនាញចុះពិនិត្យ នៅតាមបណ្តាផ្លូវជាតិនានានៅទូទាំងប្រទេស ដែលមិនមានស្លាកសញ្ញាសំគាល់ចរាចរណ៍ ដោយកំណត់ឱ្យបញ្ចប់ត្រឹមខែកុម្ភៈនេះ ហើយត្រូវបំពាក់ឱ្យបានគ្រប់គ្រាន់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍។
លោក ស៊ុន ចាន់ថុល ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពីកាត់ខ្សែបូរសម្ពោធ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលបណ្តុះបណ្តាលសាលាបើកបរយានយន្តធុនធ្ងន់ នៅថ្ងៃព្រហស្បតិ៍ ទី ០៤ កុម្ភៈថា នៅកន្លែងមួយចំនួនមិនមានស្លាកសញ្ញាចរាចរណ៍គ្រប់គ្រាន់នោះទេ បន្ទាប់ពីលោកបានទទួលព័ត៌មានពីពលរដ្ឋ ចំពោះករណីដែលប៉ូលិសបានចាប់ផាកពិន័យយានយន្តរបស់ពួកគាត់ ខណៈផ្លូវមិនមានស្លាកសញ្ញាកំណត់ល្បឿន។
លោក ថ្លែងថា៖« ខ្ញុំទទួលស្គាល់កន្លែងមួយចំនួន វាខ្វះស្លាកសញ្ញាសម្តេចក្រឡាហោម ក៏បានលើកឡើងពីបញ្ហានេះដែរ ហើយនៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់ថ្នាក់ដឹងនាំក្រសួង ខ្ញុំបានណែនាំទៅឯកឧត្តម អគ្គនាយកក្រសួងសាធារណការ ឱ្យទៅធ្វើការឱ្យចប់នៅក្នុងខែនេះ តើស្លាកសញ្ញាអ្វីខ្លះដែលវាខ្វះ នៅតាមផ្លូវរបស់យើង»។
ក្រៅពីនេះ ត្រូវមើលថាតើគំនូស អ្វីខ្លះដែលវាខ្វះដើម្បីធ្វើទៅតាមលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់។ បើស្លាកសញ្ញាសម្គាល់ត្រូវដាក់ឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យពលរដ្ឋ បានដឹងថា កន្លែងហ្នឹងគេឱ្យបើក ៤០ ឬ ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រសួងកំពុងខិតខំស្វែងរកថវិកាដើម្បីដាក់ស្លាក និងគំនូសចរាចរណ៍ឱ្យបានត្រឹមត្រូវ។
ក្រៅពីនេះលោក ចាន់ថុល ក៏បានឲ្យដឹងដែរថា នៅពេលនេះក្រសួងក៏កំពុងរៀបចំធ្វើវិសធនកម្មច្បាប់និងពិភាក្សាលម្អិតជាមួយនឹងលោក ស ខេង ប្រធានគណៈកម្មសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើការកំណត់ល្បឿនឡើងវិញ នៅតាមផ្លូវមួយចំនួន តាមការស្នើសុំរបស់ប្រជាពលរដ្ឋ ព្រោះផ្លូវពីមុន មានពីរគន្លង ប៉ុន្តែ បច្ចុប្បន្ននេះ សាងសង់ផ្លូវថ្មីមាន ៤ គន្លង ដែលមានការចាក់ប្រភេទកៅស៊ូ AC។
លោក ឈួន វ៉ន អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកឱ្យដឹងថា ក្រុមការងារក្រសួងដោយសហការជាមួយនឹងមន្ទីរពាក់ព័ន្ធនៅទូទាំងប្រទេស បានកំពុងនិងចុះទៅពិនិត្យមើលស្លាកសញ្ញាចរាចរណ៍ឱ្យបានគ្រប់ផ្លូវ។
លោកថ្លែងថា ៖«សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា យើងនៅខ្វះស្លាកសញ្ញាចរាចរណ៍ច្រើន ហើយឯកឧត្តម ទេសចរណ៍រដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍កន្លងមកនេះ លោកបានណែនាំដល់អគ្គនាយកដ្ឋានសាធារណការ សហការជាមួយនឹងមន្ទីរដើម្បីបញ្ចប់នៅក្នុងខែកុម្ភៈនេះ»។
លោកគឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី មើលឃើញថា នៅតាមបណ្តោយផ្លូវមួយចំនួន គឺមានការខ្វះខាតស្លាកសញ្ញាចរាចរណ៍ពិតមែន ជាពិសេសស្លាកសញ្ញាកំណត់ល្បឿន នៅតាមតំបន់ដែលងាយគ្រោះថ្នាក់ ពីព្រោះការគ្មានស្លាកសញ្ញាអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។
លោកថ្លែងថា៖ «ទន្ទឹមគ្នានេះ នៅតាមតំបន់រោងចក្រក៏គួរបំពាក់ស្លាកសញ្ញាជូនដំណឹងពេលម៉ោងចេញ និងម៉ោងចូលធ្វើការរបស់កម្មករ»។
ក្រៅពីនេះនៅតាមតំបន់សាលាលរៀនក៏គួរបំពាក់ស្លាកសញ្ញាឱ្យបានច្រើនផងដែរ ដើម្បីឱ្យមានសុវត្ថិភាពដល់កុមារដោយកំណត់ល្បឿននៅម៉ោងចេញ និងម៉ោងចូលរបស់សិស្សានុសិស្សត្រឹម ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ពីព្រោះថា ក្មេងគាត់មានលក្ខណៈវិនិច្ឆ័យទាបជាងមនុស្សធំ៕