ភ្នំពេញ: លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យមន្ត្រីជំនាញចាត់វិធានការបិទយានដ្ឋានកែច្នៃដំឡើងយានយន្តខុសបច្ចេកទេស និងខុសច្បាប់នៅទូទាំងប្រទេសឲ្យអស់នៅចុងឆ្នាំង ២០១៩ នេះព្រោះយានយន្តទាំងនោះតែងតែបង្កគ្រោះថ្នាក់ និងបង្កឲ្យមានផលប៉ះពាល់សុវត្ថិភាពចរាចរណ៍។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល ១០ ខែ ឆ្នាំ ២០១៩ កាលពីថ្ងៃទី ៣ ខែធ្នូ នៅក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងទៅកាន់មន្ត្រីឲ្យដឹងថា អាជ្ញាធររាជធានីត្រូវសហការគ្នាជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ដ ត្រូវចុះត្រួតពិនិត្យឲ្យបានហ្មត់ចត់គ្រប់យានដ្ឋានជួសជុល និងដំឡើងរថយន្តទាំងអស់ឲ្យបាននៅដំណាច់ឆ្នាំ ២០១៩។
លោក ស៊ុន ចាន់ថុល បានថ្លែងថា៖ «នៅត្រឹមឆ្នាំ ២០២០ នេះគ្រប់យានដ្ឋានជួសជុល ឬយានដ្ឋានកែច្នៃដំឡើងយានយន្ដទាំងអស់គឺត្រូវតែមានច្បាប់ត្រឹមត្រូវ ហើយនៅពេលនេះយើងគួរតែគិតគូរបិទកន្លែងយានដ្ឋានជួសជុល និងកែច្នៃយានយន្ដឲ្យអស់តែម្ដងនៅក្នុងឆ្នាំនេះ យើងមិនចង់បានរបាយការណ៍ ឬរាយការណ៍មកថា នៅតែបន្ដមានយានដ្ឋានជួសជុល ឬយានដ្ឋានកែច្នៃដំឡើងយានយន្ដអត់ច្បាប់កើតមានឡើងតែដដែលៗនោះទេ»។
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាលបានថ្លែងថា កិច្ចការនេះលោក និងក្រុមការងារបាននិងកំពុងធ្វើជាហូរហែកន្លងមក ហើយកំពុងតែបន្តចុះបង្ក្រាបទៀត ព្រោះមានការគាំទ្រពីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរួមទាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន។
លោក យូឡេង ថ្លែងបន្តថា ការបង្ក្រាបយានដ្ឋានជួសជុល និងកែច្នៃយានយន្តខុសច្បាប់ និងការជួសជុលយានយន្តមិនត្រឹមត្រូវនៅខេត្តកណ្ដាលរហូតមកដល់ពេលនេះសម្រេចបានជិត ៩០ ភាគរយហើយ ដោយកំពុងស្រាវជ្រាវបន្តទៀត ដើម្បីឈានទៅលុបបំបាត់កន្លែងជួសជុល និងកែច្នៃយានយន្តខុសច្បាប់ទាំងស្រុង។
លោក យូឡេង ថ្លែងថា៖ «ខ្ញុំគាំទ្រប្រសាសន៍ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ហើយក៏កំពុងអនុវត្តយ៉ាងល្អដែរ។ កន្លងមកខ្ញុំបានសហការជាមួយសមត្ថកិច្ចជំនាញចុះបង្ក្រាបទីតាំងជួសជុល និងកែច្នៃយានយន្តខុសច្បាប់ ព្រោះការកែច្នៃខុសច្បាប់នេះ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរផ្សេងៗ ជាពិសេសកែច្នៃដឹកទំនិញឲ្យបានច្រើនធ្វើឲ្យខូចផ្លូវផងដែរ ដូច្នេះចំណាត់កាលនេះយើងត្រូវតែអនុវត្តជានិច្ច»។
លោក សេក ឈួន ម្ចាស់យានដ្ឋានជួសជុលរថយន្តឈ្មោះ សេក ឈួន នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុងបានថ្លែងថា លោកគាំទ្រចំណាត់ការរបស់សមត្ថកិច្ចដែលចាប់ផ្ដើមបង្ក្រាបយានដ្ឋានជួសជុលគ្មានច្បាប់ និងយានដ្ឋានកែច្នៃរថយន្តខុសច្បាប់ទូទាំងប្រទេស ដោយលោកជំរុញឲ្យចាត់វិធានការឲ្យមានតម្លាភាព ឬស្មើភាពគ្នា។
លោកបញ្ជាក់ថា៖ «យានដ្ឋានរបស់ខ្ញុំបានចុះបញ្ជីរួចរាល់ហើយ ដោយបម្រើសេវាកម្មផ្នែកជួសជុល តប្រព័ន្ធភ្លើង និងជួសជុលម៉ាស៊ីនត្រជាក់។ ខ្ញុំគាំទ្រឲ្យចាត់វិធានការចំពោះយានដ្ឋានដែលគ្មានច្បាប់ ឬការកាត់តរថយន្តខុសបច្ចេកទេសព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់នៅលើផ្លូវ»។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជាបានថ្លែងថា លោកគាំទ្រឲ្យមានការអនុវត្តច្បាប់ ដោយសាររថយន្តដែលបានកែច្នៃខុសលក្ខណៈបច្ចេកទេសភាគច្រើនងាយនឹងបង្កគ្រោះថ្នាក់ចរាចរណ៍ និងអាចមានហានិភ័យកើតឡើងនៅលើដងផ្លូវ។
លោកបញ្ជាក់ថា៖ «រឿងហ្នឹងយើងត្រូវតែចាត់វិធានការ ព្រោះបើកែច្នៃខុសលក្ខណៈបច្ចេកទេស វាបង្កគ្រោះថ្នាក់នានាដល់អ្នកធ្វើដំណើរផ្សេងៗទៀត ជាពិសេសដឹកលើសទម្ងន់បណ្ដាលឲ្យខូចផ្លូវដែរ ហើយប្រសាសន៍ឯកឧត្តមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នេះ គឺមិនមានអ្វីចម្លែកទេ បើមានអ្នកកែច្នៃរថយន្តខុសបច្ចេកទេសត្រូវតែដាក់ទោសតាមច្បាប់ បើមានអ្នកបើកយានដ្ឋាន មិនសុំច្បាប់ក៏ត្រូវតែដាក់ទោសដែរ ព្រោះវាជាច្បាប់បានកំណត់»។
តាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា បច្ចុប្បន្នយានដ្ឋានជួសជុល និងយានដ្ឋាន កែច្នៃដំឡើងយានយន្ដសរុបចំនួន ៣ ៥៥៦ កន្លែង មានច្បាប់អនុញ្ញាតចំនួន ២ ៧៩៥ កន្លែង និងគ្មានច្បាប់អនុញ្ញាតចំនួន ៧៦១ កន្លែង ក្នុងនោះយានដ្ឋានជួសជុលមានចំនួនសរុប ៣ ២៨១ កន្លែង មានច្បាប់អនុញ្ញាតចំនួន ២ ៥៤១ កន្លែង និងគ្មានច្បាប់ចំនួន ៧៤០ កន្លែង។ រីឯយានដ្ឋានកែច្នៃដំឡើងមានចំនួនសរុប ២៧៥ កន្លែង ដោយមានច្បាប់អនុញ្ញាតចំនួន ២៥៤ ខណៈគ្មានច្បាប់ចំនួន ២១ កន្លែង៕
វីដេអូ៖