
លោក ស ខេង ថ្លែងនៅខេត្តបាត់ដំបង កាលពីម្សិលមិញ។ សហការី
បាត់ដំបងៈ រដ្ឋាភិបាលកម្ពុជា កំពុងកសាងខ្លួនឲ្យក្លាយទៅជារដ្ឋាភិបាលឌីជីថល ដើម្បីគ្រប់គ្រងសង្គមតាមប្រព័ន្ធកុំព្យូទ័រទំនើប ដែលនេះធ្វើឲ្យមានតម្រូវការធនធានមនុស្សដែលមានជំនាញបន្ថែម ខណៈដែលបច្ចុប្បន្នកម្ពុជា មានសាលារៀនគ្រប់កម្រិត និងមានការងារសម្បូរបែប។ នេះជាការថ្លែងរបស់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក ស ខេង បានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយនិវត្តជន មន្ត្រីរាជការ និងអតីតយុទ្ធជនជាជនពិការជាង ២ ០០០ នាក់ ក្នុងខេត្ដបាត់ដំបង កាលពីថ្ងៃចន្ទម្សិលមិញថា បច្ចុប្បន្នប្រទេសកម្ពុជាមានសាលារៀនគ្រប់កម្រិតសិក្សាមានការងារសម្បូរបែប ទោះជាមានពលរដ្ឋខ្លះ បានធ្វើចំណាកស្រុកទៅធ្វើការនៅបរទេសក៏ដោយ ប៉ុន្ដែរាជរដ្ឋាភិបាលត្រូវការធនធានមនុស្ស ពិសេសយុវជនជំនាន់ក្រោយ ជាអ្នកមានទេពកោសល្យ មានជំនាញ ទៅលើមុខវិជ្ជាវិទ្យាសាស្រ្តមានគណិតវិទ្យា និងកំុព្យូទ័រជាដើម។
លោកបានបន្ដថា ប្រទេសមួយខ្លាំង លុះត្រាតែមានប្រជាពលរដ្ឋខ្លាំង។ ដូច្នេះទើបរាជរដ្ឋាភិបាលបានសម្រេចអនុម័តគោលនយោបាយក្នុងវិស័យអប់រំ ជាបន្ដបន្ទាប់ក្នុងនោះ រួមមានគោលនយោបាយសុខភាពសិក្សាដែលទើបសម្រេចអនុម័តកាលពីសប្ដាហ៍មុនផងដែរ។
លោកបញ្ជាក់ថា៖ «ឥឡូវ ខ្ញុំកំពុងតែរកអ្នកពូកែ (សិស្សពូកែ) ខាងគណិតវិទ្យា ពូកែខាងកុំព្យូទ័រ ព្រោះសព្វថ្ងៃនេះ យើងកំពុងខិតខំ កំណែទម្រង់ កសាងរដ្ឋាភិបាលទៅជារដ្ឋាភិបាលឌីជីថលដើម្បីគ្រប់គ្រងសង្គម»។
លោកបានពន្យល់ថា រដ្ឋាភិបាលឌីជីថលមានទម្រង់ដូចជា ការគ្រប់គ្រងមន្រ្ដីរាជការ ការគ្រប់គ្រងប្រជាពលរដ្ឋជាដើម គឺបានប្រមូលទិន្នន័យទាំងអស់ទៅក្នុងប្រព័ន្ធកុំព្យូទ័រ ដែលក្រសួងមហាផ្ទៃកំពុងអនុវត្ដនាពេលបច្ចុប្បន្ន។
លោកបន្ដថា៖ «ឧបមាថា ចុចរកឈ្មោះខ្ញុំ ស ខេង ចុចទៅឃើញនៅក្នុងស្រុកខ្មែរមាន ៣ នាក់ មានឈ្មោះដូចខ្ញុំអ៊ីចឹង តែមិនដែលស្គាល់គ្នាទេ ដែលនេះជាការគ្រប់គ្រងអត្ដសញ្ញាណមនុស្សដែលកាលពីសម័យ ប៉ុល ពត នោះគេបំផ្លាញអស់រលីង»។
លោកបន្ថែមថា៖ «យើងក៏កំពុងខិតខំអភិវឌ្ឍអត្ដសញ្ញាណប័ណ្ណឲ្យប្រើការបានច្រើនរហូតដល់ថា បើអាចដល់យកអត្ដសញ្ញាណប័ណ្ណជំនួសលិខិតឆ្លងដែន ឧទាហរណ៍ថា អ៊ីចឹង ឬក៏បើកលុយបាននៅក្នុងស្រុកយើង។ យកតែអត្ដសញ្ញាណប័ណ្ណហ្នឹងមកឲ្យតែដឹងលេខកូដ យើងដាក់តែកាតទៅ (អត្ដសញ្ញាណប័ណ្ណ) ចុចទៅនឹងចេញលុយយើងបាន។ អ៊ីចឹង យើងកំពុងតែខិតខំអភិវឌ្ឍវាទៅអ៊ីចឹង។ ហ្នឹងហើយ គឺហៅថា រដ្ឋាភិបាលឌីជីថល»។
លោក ស ខេង បានបន្ថែមទៀតថា ការគ្រប់គ្រងសេដ្ឋកិច្ចក៏ដូចគ្នានេះដែរ ដែលត្រូវធ្វើសមាហរណកម្មជាមួយគ្នា បញ្ចូលគ្នាទាំងអស់។
លោកបន្ដថា៖ «យើងត្រូវការណាស់ អ្នកទាំងនោះ (សិស្សពូកែគណិតវិទ្យា និងកុំព្យូទ័រ) អ៊ីចឹង សូមលើកទឹកចិត្ដឲ្យកូនខិតខំរៀនសូត្រ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា និងជាអ្នកវិភាគបញ្ហានយោបាយ និងសង្គម បានលើកឡើងថា រដ្ឋាភិបាលឌីជីថល ឬសេដ្ឋកិច្ចឌីជីថលនេះ មិនមែនជារឿងថ្មីទេសម្រាប់ពិភពលោក។ បច្ចុប្បន្ននិន្នាការឌីជីថលនេះ ពិភពលោកកំពុងតែដំណើរការ និងយកចិត្ដទុកដាក់គ្រប់គ្នា ចំណែកប្រទេសកម្ពុជា គឺកំពុងចេញដំណើរទៅកាន់សម័យកាលនេះដែរ។
លោកបានបន្ដថា៖ «យើងកំពុងចេញដំណើរហើយ ប៉ុន្ដែយើងត្រូវការពេលវេលាទៀត ដោយសារតែធនធានមនុស្សយើង និងប្រព័ន្ធនៃការដឹកនាំរបស់យើងមួយចំនួន យើងអត់ទាន់អាចវិវឌ្ឍខ្លួនទៅជាឌីជីថលបានទាំងស្រុងទេតែវាជាដំណើរការមួយដែលល្អ ដែលអាចវិវឌ្ឍពីស្ថានភាពបច្ចុប្បន្ន ទៅជាស្ថានភាពនៃរដ្ឋាភិបាលឌីជីថលពិតប្រាកដ»។
លោកបន្ថែមថា រដ្ឋាភិបាលឌីជីថល មានន័យថា អ្វីៗទាំងអស់គឺដំណើរការដោយភាពឆ្លាតវៃ ដូច្នេះរដ្ឋាភិបាលត្រូវតែមានការវិនិយោគបន្ថែមលើវិស័យធនធានមនុស្សផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យានេះ។
លោក គិន ភា ថា៖ «ដំបូងយើងត្រូវឲ្យយុវជនរបស់យើងយកចិត្ដទុកដាក់លើបញ្ហាបច្ចេកវិទ្យាបើមិនអ៊ីចឹងទេយើងអត់អាចវិវឌ្ឍខ្លួនទៅទាន់និន្នាការតំបន់ និងពិភពលោកបានទេ»។
លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាមើលឃើញថា ការកសាងរដ្ឋាភិបាលឌីជីថលនេះ គឺជាការគិតមួយក្នុងទស្សនវិស័យវែងឆ្ងាយសម្រាប់កម្ពុជា ប៉ុន្ដែអ្វីដែលរដ្ឋាភិបាលគួរធ្វើនោះ គឺគួរផ្ដោតទៅលើគោលដៅនីមួយៗឲ្យបានសម្រេចសិន ដូចអ្វីដែលរដ្ឋាភិបាលធ្លាប់កំណត់ពីមុនដូចជារដ្ឋាភិបាលអេឡិចត្រូនិកនោះ។
លោកបន្ដថា៖ «យើងចង់ឃើញទិសដៅនីមួយៗបានសម្រេចសិន ប៉ុន្ដែជាការល្អណាស់បើសិនជាមន្រ្ដីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានការយល់ដឹងពីប្រព័ន្ធឌីជីថល ដែលអាចឲ្យមន្រ្ដីនៅតាមភូមិ-ឃុំនីមួយៗ អាចឆ្លើយឆ្លងអីុមែលសម្រាប់បំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ»។
លោកបន្ថែមថា៖ «បើឃុំ ១ មានកុំព្យូទ័រ ១ គ្រឿង ភ្ជាប់អ៊ីនធឺណិត មានអ្នកឆ្លើយឆ្លងព័ត៌មានតាមរយៈអីុមែល ទៀងទាត់ជាមួយប្រជាពលរដ្ឋនោះ រឹតតែប្រសើរហើយ»៕