ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស ​អាល្លឺម៉ង់​ បាន​ថ្លែងថា កម្ពុជា​នៅតែ​ព្យាយាម​បើក​កិច្ចចរចា​ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប​និង GSP ពី​សហរដ្ឋអាមេរិក​។

ការថ្លែង​របស់​លោក​ ស ខេង ​ធ្វើ​ឡើង​នៅក្នុង​អំឡុងពេល​ដែល​លោក​កំពុង​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​ចាប់ពី​ថ្ងៃទី​ ២៤ កញ្ញា ដល់​ថ្ងៃទី​ ០១ ខែ​ តុលា​ ក្នុង​គោលបំណង ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ជាមួយ​សហព័ន្ធ​អាល្លឺម៉ង់ និង​ស្វែងយល់​ពី​ដំណើរការ​កំណែទម្រង់​​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​របស់​អាល្លឺម៉ង់​ព្រមទាំង​ពិភាក្សា​លើ​ប្រធានបទ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

លោក ស ខេង បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ក្នុង​ជំនួប​នៅ​សណ្ឋាគារ​ក្នុង​ក្រុង SCHW-ABISCH GMUND នៃ​រដ្ឋ​សហព័ន្ធ BADEN-WURTTEMBERG កាលពី​ថ្ងៃទី​ ២៨ ខែ​ កញ្ញា​ ថា កម្ពុជា​នៅ​តែ​ព្យាយាម​បើក​កិច្ចចរចា​ដើម្បី​រក្សា​ការអនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប និង GSP ពី​សហរដ្ឋអាមេរិក ហើយ​ថា​កម្ពុជា​នៅតែ​មាន​ជំហរ​បន្ត​ទំនាក់ទំនង​ការទូត​ល្អ​ជាមួយ​នឹង​អឺរ៉ុប និង​អាមេរិក​។

លោក​បាន​បញ្ជាក់ថា​៖ «​ពាក់ព័ន្ធ​នឹង​បញ្ហា​ការព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ (EBA) ​ពី​សហភាព​អឺរ៉ុប និង​ (GSP) ​ពី​សហរដ្ឋអាមេរិក​កម្ពុជា​នៅតែ​ព្យាយាម​បើក​កិច្ចចរចា ដើម្បី​រក្សា​ការអនុគ្រោះ​ពន្ធ​នេះ និង​មាន​ជំហរ​បន្ត​ទំនាក់ទំនង ការទូត​ល្អ​ជាមួយ​នឹង​អាមេរិក​ដដែល​»​។

ក្រៅពី​បញ្ហា EBA និង GSP លោក ស ខេង ក៏​បាន​ប្រាប់​ទៅ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ទីនោះ​ផងដែរ​ថា តាមរយៈ​វេទិកាសាធារណៈ​នៅ​គ្រប់​មូលដ្ឋាន ដែល​ត្រូវ​បាន​រៀបចំ​ដោយ​រាជរដ្ឋាភិបាល​គឺ​បាន​ជួយ​ដោះស្រាយ​បញ្ហា​ការលំបាក​ជាច្រើន​របស់​ប្រជាពលរដ្ឋ​។

លោក​បាន​បញ្ជាក់ថា​៖ «​វេទិកា​សាធារណៈ​ (​ត្រូវ​បាន​ធ្វើឡើង​) ​នៅ​គ្រប់​មូលដ្ឋាន ដើម្បី​ប្រមូលយក​មតិ​យោបល់ កង្វល់ និង​សំណូមពរ​នានា​ពី​ប្រជាពលរដ្ឋ ហើយ​តាមរយៈ​យន្តការ​នេះ អាជ្ញាធរ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​បាន​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​យ៉ាងច្រើន​ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​គាំទ្រ​ការ​ថ្លែង​របស់​លោក ស ខេង ដោយ​លោក​បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​ដឹង​ច្បាស់​ណាស់​ពី​ផលប្រយោជន៍​ពី EBA និង GSP ដូច្នេះ​ហើយ​រាជរដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុង​ការធ្វើឲ្យ​សហភាព​អឺរ៉ុប​រក្សា EBA និង​សហរដ្ឋអាមេរិក​រក្សា GSP សម្រាប់​ប្រទេស​កម្ពុជា ដោយសារ​តែ​វា​ជួយ​កម្ពុជា ក្នុង​ការប្រកួតប្រជែង​មួយ​ក្នុង​ការនាំចេញ​ទៅកាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​»​។

ប៉ុន្តែ​ទោះ​យ៉ាងណា​លោក​ គិន ភា ​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​មិន​អាច​ធ្វើ​សម្បទាន​ណាមួយ​ដែល​ប៉ះពាល់​ដល់​អធិបតេយ្យ និង​ឯករាជភាព​របស់​កម្ពុជា ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង GSP បាន​ឡើយ ដោយសារ​តែ​កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ និង​អធិបតេយ្យ​។

ទន្ទឹមនឹង​នេះដែរ​កាលពី​ដើម​សប្តាហ៍​មុន​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​ព្រមាន​ថា ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា វា​មិនមែន​គ្រាន់តែ​ធ្វើឲ្យ​ប៉ះពាល់ តែ​មក​លើ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​ធ្វើឲ្យ​អន្តរាយ​ដល់​ការវិនិយោគ​របស់​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​ធ្វើឲ្យ​ខូចខាត​ទៅ​ដល់​សហគមន៍​ធុរកិច្ច​សហភាព​អឺរ៉ុប និង​ថែមទាំង​ធ្វើឲ្យ​ខូច​ដល់​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍ​របស់​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​ផង​ដែរ​៕