The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ស ខេង៖ កម្ពុជា​មិន​ដែល​ហាម​លោក សម រង្ស៊ី មិន​ឲ្យ​ចូល​ស្រុក​ទេ តែ​រក្សា​សិទ្ធិ​ចាត់​វិធានការ​តាម​ច្បាប់

លោក ស ខេង៖ កម្ពុជា​មិន​ដែល​ហាម​លោក សម រង្ស៊ី មិន​ឲ្យ​ចូល​ស្រុក​ទេ តែ​រក្សា​សិទ្ធិ​ចាត់​វិធានការ​តាម​ច្បាប់

Content image - Phnom Penh Post
លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។​ AFP

លោក ស ខេង៖ កម្ពុជា​មិន​ដែល​ហាម​លោក សម រង្ស៊ី មិន​ឲ្យ​ចូល​ស្រុក​ទេ តែ​រក្សា​សិទ្ធិ​ចាត់​វិធានការ​តាម​ច្បាប់

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ម្សិលមិញ បាន​អះអាង​ថា កម្ពុជា​មិន​ដែល​ហាម​លោក សម រង្ស៊ី មិន​ឲ្យ​ចូល​ស្រុក​ម្តងណា​ឡើយ ហើយ​ថា​ការខកខាន​នេះ គឺជា​ចេតនា​លោក​ សម រង្ស៊ី ​ខ្លួនឯង។ ប៉ុន្តែ​ក្នុងនាម​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់ កម្ពុជាត្រូវតែ​រក្សា​សិទ្ធិ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ទង្វើ​ទាំងឡាយ​ដែល​ប៉ុនប៉ង​បំផ្លិចបំផ្លាញ​ដល់​ប្រទេស។

លោក ស ខេង បាន​ថ្លែង​នៅក្នុង​ទំព័រ​ហ្វេ​ស​បុក​របស់លោក​ថា៖ «ការវិលត្រឡប់​ចូល​ប្រទេស​របស់​ទណ្ឌិត សម រង្ស៊ី និង បក្សពួក ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​គឺ​ពុំមាន​អ្វី​រារាំង​ឡើយ។ ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ប្រកាស​ផងដែរ​ពី​ការរក្សា​សិទ្ធិ​ក្នុងការ​ចាត់វិធានការ​ច្បាប់​ចំពោះ​សកម្មភាព​ទាំងឡាយ​ដែល​ប៉ុនប៉ង​បំផ្លិចបំផ្លាញ​សន្តិភាព ស្ថិរភាព​សង្គម និង​សន្តិសុខ​នៃ​រដ្ឋ ដើម្បី​ធានា​ការពារ​ឲ្យ​បានជា​ដាច់ខាត​នូវ​សន្តិភាព សន្តិសុខ និង​សុវត្ថិភាព​សង្គម ជូន​ជាតិ​និង​ប្រជាជន​កម្ពុជា»។

ការអះអាង​យ៉ាង​ដូច្នេះ បាន​ឆ្លើយតប​នឹង​ទៅ​ការខកខាន​នៃ​ដំណើរ​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​របស់លោក សម រង្ស៊ី ដែល​គ្រោង​ចូលមក​កម្ពុជា នៅ​ថ្ងៃទី៩ ខែវិច្ឆិកា ខណៈ​បច្ចុប្បន្ននេះ លោក សម រង្ស៊ី កំពុងមាន​វត្ត​មាននៅ​ប្រទេស​ម៉ាឡេស៊ី។

លោក ស ខេង បាន​ថ្លែងថា ការវិវត្តន៍​ចុងក្រោយ​នេះ បានធ្វើ​ឲ្យ​មានការ​វិភាគ​វែកញែក​តាម​ទស្សនៈផ្សេងៗគ្នា​ជាច្រើន ខណៈ​ទស្សនៈ​ខ្លះ​បាន​ស្តីបន្ទោស​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ថា​បាន​ចាត់វិធានការ​ជាច្រើន រួមទាំង​ការប្រើប្រាស់​កងកម្លាំង ក្នុង​កិច្ច​រារាំង​ដំណើរ​វិលត្រឡប់​នេះ ។

លោក​បញ្ជាក់ចំពោះ​បញ្ហា​នេះ​ថា៖ «មិនមាន​អ្វីដែល​ត្រូវ​ប្រកែក​បានឡើយ ជាមួយនឹង​ការប្រកាស​វិលត្រឡប់​ចូល​មក​ក្នុង​​ប្រទេស​វិញ លោក សម រង្ស៊ី បាន​ថ្លែង​ជា​បន្តបន្ទាប់ និង​ធ្វើ​សកម្ម​ភាពមិន​ឈប់ឈរ តាម​មធ្យោបាយ និង​រូបភាពផ្សេងៗ ដោយបាន​បំផុសបំផុល​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជំនឿ​លើ​ខ្លួន ទាំង​ក្នុង និង​ក្រៅប្រទេស»។

លោក​បន្តថា ការបង្កើត​ឡើងជា​ចលនា​មហាជន​ដ៏​ធំ​មួយ​នេះ គឺមាន​ចេតនា​ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ តាមរយៈ​ការផ្តួលរំលំ​រាជរដ្ឋាភិបាល ការចាប់ខ្លួន​នាយករដ្ឋមន្ត្រី ព្រមទាំង​បានប្រកាស​ញុះ​ញ​ង​បំបែកបំបាក់​កងទ័ព​ជាតិ ដោយ​បង្កើត​មូលនិធិ​ចិញ្ចឹម​កងទ័ព ហើយ​ហ៊ាន​រហូតដល់​ប្រមាថ​ព្រះ​ចេស្តា​របស់​ព្រះមហាក្សត្រ​ផងដែរ។

ក្នុងនាម​ជា​អ្នកទទួលខុសត្រូវ​មួយរូប លើ​ការងារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម នៃ​រាជរដ្ឋាភិបាល​កម្ពុជា លោក ស ខេង បានបញ្ជាក់​ច្បាស់​ថា ការពង្រាយ​កងកម្លាំង​នៅតាម​បណ្តោយ​ព្រំដែន ជាពិសេស​ជាប់​នឹង​ប្រទេស​ថៃ​នោះ គឺជា​ការត្រៀម​អនុវត្តតាម​ដីកា​តុលាការ ដើម្បី​ចាប់ខ្លួន​សមាជិក​ក្រុម​ឧទ្ទាម និង​ដើម្បី​ថែរក្សា​សន្តិសុខ សណ្តាប់​សាធារណៈ និង​របៀបរៀបរយ​សាធារណៈ នៅតាម​តំបន់​ព្រំដែន គឺ​ពុំមែន​ជា​ការបិទច្រក​ព្រំដែន​នោះឡើយ។

លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែងថា បើសិនជា​លោក សម រង្ស៊ី​ ពិតជា​មានបំណង់​ពិតប្រាកដ​ចង់​ត្រឡប់មក​កម្ពុជា​មែន​នោះ មិនមាន​គ្មាន​វិធី​នោះទេ ប៉ុន្តែ ទាំងនេះ​គឺ​ចេតនា​របស់គាត់ ព្រោះ​រដ្ឋាភិបាល​មិនដែល​ប្រកាស​ហាម​លោក​នោះទេ។

លោក​បញ្ជាក់ថា៖ «គាត់​ជា​បុគ្គល​ត្រូវបាន​តុលាការ​យកមក​ផ្តន្ទាទោស​ផង គាត់​មិន​ហ៊ាន​ចូលមក​ហើយ​គាត់​ព្យាយាម​បង្កើត​ហេតុផលផ្សេងៗ ដើម្បី​បិទបាំង​ការខកខាន​របស់គាត់ ដែល​បាន​សន្យា​ជាមួយ​អ្នកគាំទ្រ​របស់គាត់។ ព្រោះ​បើ​គាត់​ចង់​ចូល អាចធ្វើ​ការហោះហើរ​ពី​តំបន់​ផ្សេង​មក​ត្រង់​បាន​តើ ព្រោះ​មានការ​ហោះហើរ​ត្រង់​ច្រើន ក្រៅតែពី​បណ្តា​ប្រទេសមួយ​ចំនួន​នៅ​អាស៊ាន»៕

អត្ថបទគួរចាប់អារម្មណ៍