The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ​ស ខេង​៖​​ ការ​​ជជែក​គ្នា​ត្រៀម​​ទទួល​អតីត​មេ​បក្ស​ប្រឆាំង​មក​ធ្វើ​បដិវត្តន៍​ពណ៌ វាជា​រឿង​ខុស

លោក ​ស ខេង​៖​​ ការ​​ជជែក​គ្នា​ត្រៀម​​ទទួល​អតីត​មេ​បក្ស​ប្រឆាំង​មក​ធ្វើ​បដិវត្តន៍​ពណ៌ វាជា​រឿង​ខុស

Content image - Phnom Penh Post
លោក​ឧបនាយក​រដ្ឋ​មន្ត្រី ស ខេង នៅ​ក្នុង​ពិធី​ពីម្សិល​មិញ​​​។ សហការី

លោក ​ស ខេង​៖​​ ការ​​ជជែក​គ្នា​ត្រៀម​​ទទួល​អតីត​មេ​បក្ស​ប្រឆាំង​មក​ធ្វើ​បដិវត្តន៍​ពណ៌ វាជា​រឿង​ខុស

ត្បូង​ឃ្មុំៈ លោក​ឧប​នាយកដ្ឋមន្ត្រី ស ខេង ថ្លែង​ថា ការ​ជួ​ប​​ជុំ​គ្នា​ទទួល​ទាន​នំ​បញ្ចុក​និយាយ​រឿង​នយោបាយ​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ជា​រឿង​ត្រឹម​ត្រូវ​តែ​បើ​ជជែក​គ្នា​ពីការ​ត្រៀម​ទៅ​ទទួល​អតីត​​មេ​ដឹកនាំ​​អតីត​គណបក្ស​ប្រឆាំង​ចូល​មក​ធ្វើ​បដិវត្តន៍​ពណ៌ វា​ជា​រឿង​ខុស។

លោក​រដ្ឋ​​មន្ត្រី​ក្រសួង​មហាផ្ទៃបាន​ថ្លែងដូច្នេះ​ ក្នុង​ពេល​លោក​ធ្វើ​ជា​អធិបតី​ក្នុង​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាច​រណ៍​លើក​ទី១២ នាព្រឹក​ថ្ងៃ​អង្គា​រ​ម្សិល​មិញនៅ​ស្រុក​ពញា​​ក្រែក ខេត្តត្បូង​ឃ្មុំ។ លោក​ថ្លែង​ថា ការ​ណែ​នាំ​ឲ្យ​មាន​ការ​រៀប​ចំ​ទិវា​ហូប​នំ​បញ្ចុក​របស់​លោ​ក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​ជា​នំ​បញ្ចុក​សាមគ្គី។ ប៉ុន្តែ​មាន​ក្រុ​ម​​ខ្លះ​បាន​ជួប​ជុំ​គ្នា​ និយាយ​រឿង​ផ្សេង​ ដែល​ប៉ះពាល់​ដល់​សន្តិភាព​ និង​ស្ថិរភាព​សង្គម។​

បើ​ទោះ​បី​ជា​លោក ស ខេង មិន​បាន​និយាយ​ចំឈ្មោះ​ក្រុម​ណា​មួយ ក៏​គេ​យល់​ថា លោក​និយាយ​សំដៅ​ទៅ​​ក្រុម​អ្នក​គាំ​ទ្រ​អតី​ត​គណបក្ស​សង្គ្រោះ​ជាតិ​ ខណៈ​ដែល​ក្រុម​នេះ​ក៏​បាន​រៀប​ចំ​ពិធី​​ជួប​ជុំ​គ្នា​ទទួល​ទាន​នំបញ្ចុក​​កាល​ពី​ថ្ងៃ​អាទិត្យ​ផងដែរ។

លោក​ ស ខេង ថ្លែង​ថា៖ «ក៏​​​ប៉ុន្តែ មាន​អ្នក​ខ្លះ​នោះ​ ហូប​នំ​បញ្ចុក គ្រាន់​តែ​យក​ឈ្មោះ​ថា ​នំបញ្ចុក​ទេ ប៉ុន្តែ​ធាតុពិតគឺ​ជា​ការ​ប្រជុំ។ ប្រជុំ​យើ​ង​ត្រូវ​ចែក​ឲ្យ​ដាច់​ជា ​២ ​ទៀត បើ​ប្រជុំ​រឿង​នយោបាយ តាម​គោល​ការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ ក៏​អត់​អីដែរ។ ចង់​និយាយ​ថា ប្រជុំ​ដើម្បី​រៀប​ចំ​ត្រៀម​ខ្លួន​បោះ​ឆ្នោ​ត​ឆ្នាំ​​ ២០២២ ឆ្នាំ​ ២០២៣ ក៏​អត់​អី​ទេ​ ល្អ ព្រោះ​ដើម្បី​ពង្រឹង​លទ្ធិ​​ប្រជាធិបតេយ្យ។ ប៉ុន្តែ​ការ​ហូប​នំ​បញ្ចុក​ ប្រជុំ​ដើម្បី​ប្រមូល​គ្នា​ ចាត់​តាំង​គ្នា​មក​ធ្វើ​បដិវត្តន៍​ព​ណ៌​ ផ្ដួល​រំលំ​រដ្ឋាភិបាល​អាហ្នឹង​ខុស​។ សុំ​ចែក​ឲ្យ​ដាច់​បញ្ហា​នេះ»។

លោកបន្ត​​ថា ក្រុម​ខ្លះ​ជ្រកក្រោម​ស្លាក​​​នំ​បញ្ចុក​ ប៉ុន្តែ​ពួកគេ​​មិន​មាន​​នំ​បញ្ចុក​ទេ​ ​ពួកគេ​ហូប​បាយ ឬ​បបរ។

លោក​ថា៖ «កន្លែង​មួយ​ចំនួន​នោះ​ រៀប​ចំ​ផែន​ការ​ប្រមូល​កម្លាំងទៅ​ទទួ​ល​មេ​ដឹក​នាំ​គេ មក​បំបះ​បំបោរ​ធ្វើ​ចលនា​បដិវត្តន៍​ពណ៌។ អានោះ​ដែល​ជា​បញ្ហា​យើង​ត្រូវ​យក​ចិត្តទុកដាក់ មិន​មែន​ថា យើង​មិន​ឲ្យ​គាត់​ធ្វើ​សកម្មភាព​នយោ​​​​​បាយ​ទេ អត់​ទេ។ ​អ្នក​ណា​ទៅហាម​ឃាត់​គាត់​ជំនុំ​គ្នា​ហូប​នំ​បញ្ចុក​ក្តី មិន​ត្រឹម​តែ​នំ​បញ្ចុក​ទេ​ គាត់​ជំនុំ​គ្នា​ ដើម្បី​រៀប​ចំ​កម្លាំ​ង​ត្រៀម​បោះ​ឆ្នោត ​២០​២២-២០​២៣ អត់​អី​ទេ យើង​គាំទ្រ​ទៅ​ទៀត។ ក៏​ប៉ុន្តែបើ​មក​បំផុស​ចលនា​ចលា​ចលផ្ដួល​រំលំ​រដ្ឋា​​ភិបាល​ ដែល​កើត​ចេញ​ពី​ការបោះ​ឆ្នោត​ តាម​រយៈបដិវត្តន៍​ពណ៌ អាហ្នឹង​ខុស សូម​ចាំ​ឲ្យ​ច្បាស់​ចំណុច​នេះ»។

លោក ស ខេង ថ្លែង​ថា​ ករ​ណី​មាន​ការ​ជួប​ជុំ​ជជែក​រឿង​ដែល​ខុស​នោះ លោក​មិន​ឲ្យ​សមត្ថ​កិ​ច្ច​ទៅ​ចាប់​ពួក​គាត់​ទេ ប៉ុន្តែ​ត្រូវ​ពន្យល់អប់​រំ និង​បក​ស្រាយ​ជូន​អ្នក​ដែល​ចូល​រួម​ទាំង​នោះ។​ លោ​ក​ថា ការ​ជួប​ជុំ​ដែល​អាច​នាំ​ឲ្យ​មាន​ចលាចល ឬ​បដិវត្តន៍​ពណ៌ ​គឺ​បំផ្លាញ​សន្តិភាព និង​ស្ថិរភាព​ប្រទេស។

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ទាំង​​សមាជិក​គណបក្ស​កាន់​អំណាច​គ្រប់​លំដាប់​ថ្នាក់​ បាន​ជួប​ជុំ​គ្នា​ទទួល​ទាន​នំ​បញ្ចុក​ តា​ម​ការ​ណែ​នាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ ការ​ទទួលទាន​នំ​បញ្ចុក​នេះ​​ ធ្វើ​ឡើងស្រប ពេល​ដែល​​សមាជិក​អតីត​​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​តាម​ខេត្ត​មួយ​ចំនួន ​ក៏បាន​ជួប​ជុំ​គ្នា​ទទួល​ទាន​នំ​បញ្ចុក​ដែរ។

ការ​ប្រកាស​ទទួល​ទាន​នំ​បញ្ចុ​ក​ របស់​សមាជិក​អតី​ត​គណ​បក្ស​ប្រឆាំង​​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មា​ន​ សកម្ម​ជន​ចំនួន ៣៥ ​នាក់ ​​នៅ​ខេត្ត​បាត់​ដំបង ដែល​ធ្លាប់​ជួប​ជុំ​គ្នា​ហូប​នំ​បញ្ចុក ត្រូវ​បាន​កោះហៅទៅ​សាក​សួរ​នៅ​តុលាការ ពាក់​ព័ន្ធ​នឹង​ការ​បំពាន​លើ​សាលដីកា​តុលាការ​កំពូល។

ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន​ អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរ​បាល​ជាតិ​បាន​ថ្លែង​ពី​ម្សិ​លមិញ​ថា អ្វី​ដែល​លោក​ ស ខេង បាន​លើក​ឡើង​ជា​រឿង​ត្រឹម​ត្រូវ។

លោក គឹមខឿន ពន្យល់​ថា៖ «​រឿង​ទី​១ គឺ​ពាក់​ព័ន្ធ​នឹង​ CNR​P​។ រឿង​ ១ ​ទៀត សម រង្ស៊ី ត្រឡប់​មក​វិញ​ ដឹង​គាត់​ជា​ស្អី​ទេ? គា​ត់​​ជា​ទណ្ឌិត ​ដែល​យើង​ប្រុង​ចាប់​ខ្លួន​។ អ៊ី​ចឹង​បើ​គាត់​ប្រជុំ​ជជែក​គ្នា​ប្រមូល​កម្លាំង​ប្រុង​នឹង​មក​គាំទ្រ​លោក សម រង្ស៊ី ស្មើ​នឹង​គាត់​មក​ប្រឆាំង​នឹង​សាល​ដីកា​ដែល​ស្នើ​ចាប់​ខ្លួន​ សម រង្ស៊ី អាហ្នឹង​ខុស​ច្បាប់​ហើយ។ បើ​គាត់​រៀប​ចំ​ផែន​ការ​អ៊ីចឹង បាន​ន័យ​ថា​ គាត់​រៀប​ចំផែន​ការ​បង្ក​ចលាចល​សង្គម»។

លោក​បន្ត​ថា៖ «អ៊ី​ចឹង​បើ​យើង​រក​ឃើញ​ភ័ស្តុតាង​អ៊ី​ចឹង​មែន បើ​ភ័ស្តុតាង​មិន​ច្បាស់​លាស់​យើង​ត្រូវ​អប់​រំណែ​នាំ​ដូច​​សម្ដេច​មាន​ប្រសាសន៍។ តែ​បើ​គាត់​មាន​ការ​មានះ ចចេសហើ​យ​​ធ្វើ​ឲ្យ​មាន​ភ័ស្តុតាង​ជាក់​ស្ដែង អាហ្នឹង​យើង​នឹង​រៀប​ចំ​សាច់​រឿ​ង ​បញ្ជូន​ទៅ​តុលាការ»។

លោក គឹមខឿន​ ថ្លែង​ថា លោ​ក​មិន​អាច​ប្រាប់​បាន​ទេ​ថា ​តើ​ការ​ជួបជុំ​គ្នា​ត្រៀម​រៀប​ចំ​ទៅទទួល​លោក សម រង្ស៊ី កើត​ឡើ​ងនៅ​កន្លែង​ណា​ខ្លះដោយ​លោក​គ្រា​ន់​តែ​បញ្ជាក់​ថា សមត្ថកិច្ច​មាន​តម្រុយ​ហើយ។

អ្នក​វិភាគ​នយោបាយ​ លោក ឯម សុវណ្ណារ៉ា​ ថ្លែង​ថា ទស្សនៈ​របស់​លោក ស ខេង មិន​អាក្រក់​ទេ។

ប៉ុន្តែ​លោក​ថា៖ «ការ​លើក​យក​ពាក្យ​បដិវត្តន៍​ពណ៌​ មក​លាប​ពណ៌​នោះបាន​ន័យ​ថា ​រល​​​ក​បដិវត្តន៍​ វា​មក​លង​អារម្ម​​ណ៍​អ្នក​នយោបាយ​យើង​វិញ​ទេ។ អ្វី​ដែល​យើង​ទទួល​ស្គាល់​ការ​ពិត​គឺ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​យើ​ង​ ផ្ដល់​សិទ្ធិ​សេរីភាព​ ដល់​ពលរដ្ឋ​នៅ​ក្នុង​ការ​បញ្ចេញ​មតិ សិទ្ធិ​នយោ​បាយរបស់​ខ្លួន​ អនុវត្ត​បា​ន​នៅក្នុង​សង្គម​ប្រជា​ធិបតេយ្យ កុំ​ឲ្យ​តែ​ការ​ធ្វើ​នយោ​បាយ​នោះ​វា​ខុស​គោល​ការណ៍​ច្បាប់។ ប៉ុន្តែ​កុំ​ឲ្យអ្នក​មាន​អំណាច ឬ​អ្នក នយោបាយប្រើ​គោល​ការណ៍​ច្បាប់​នេះ​ទៅ​គាប​សង្ក​ត់​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេរីភាព​ពលរដ្ឋ»៕

អត្ថបទគួរចាប់អារម្មណ៍