បាត់ដំបងៈ លោក ស ខេង រដ្ឋ​​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ បាន​ថ្លែង​​ជា​ថ្មី​ទៀត​ថា ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA នឹង​ធ្វើ​ឲ្យមាន​ការ​ប៉ះ​ពាល់​ដល់​កម្ពុ​ជា ក៏​ប៉ុន្តែ​វា​ក៏​ជា​ឱកាស​ឲ្យ​កម្ពុជា​ពង្រឹង​ខ្លួនឯង​ផង​ដែរ​ ខណៈ​ដែ​ល​លោក​ថា​​ ​បញ្ហា​ប្រឈម​មួយ​ទៀ​ត ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោះ​​ស្រា​យ​នោះ​គឺ​ការ​លាង​លុយ​កខ្វក់។

លោក​ ស ខេង បាន​ថ្លែង​បែ​ប​​នេះ ក្នុង​ពេល​ដែល​លោក​​ធ្វើ​ជា​អធិបតី​ក្នុងពិធី​ប្រកាស​ចូល​កាន់​តំណែង​នៃ​ក្រុម​ប្រឹក្សា​ខេត្ត​បាត់​ដំបង កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។ ​

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «EBA បើ​គេ​កាត់​ម្យ៉ាង វាប៉ះ​ពាល់​ម្យ៉ាង ប៉ុន្តែ​យើង​យក​ឱ​កាស​ហ្នឹង​ ដើម្បី​យើង​ពង្រឹង​ខ្លួន​យើង​ ទៅ​ជា​អ៊ីចឹង​វិញ​ក៏​ល្អ​ដែរ ប្រឹង​ប្រែង​ខ្លួនឯងកសាង​ស្រុក ព្រោះ​ដល់​ពេល​ណា​មួយ​ គេ​កាត់ដដែល​ទេ គ្រាន់​ថា ​បើ​គេ​កាត់​មុន​ហ្នឹង វា​ខាត​ ១ ​ឆ្នាំ​ជាង​ប៉ុណ្ណឹង។ ប៉ុន្តែ​ពេល​មួយ​ប្រទេស​យើង​សេដ្ឋកិច្ច​រីក​ចម្រើ​​ន គេ​កាត់​ដូចគ្នា»។

លោក​បន្ត​ថា​៖ «តែ​និយាយ​អ៊ីចឹង​ មិន​មែន​យើង​មិន​ស្ដាយ​ទេ យើង​ស្ដាយ ហើយ​កន្លង​ទៅ​យើង​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ ៥ ​ចំណុច លម្ហប្រជា​ធិបតេយ្យ​អី​នោះ ៥​ ចំណុច។ ខ្ញុំ​អ្នក​បាន​រៀប​ចំមា​ន ​៥​ ចំណុច​ មាន​ទាក់​ទង​បញ្ហា​គណ​​បក្ស​នយោបាយមាន ​២ ​ចំណុច ទាក់​ទង​នឹង​ NGOs ទាក់​ទង​នឹ​ង​សហជីព ទាក់​ទង​សារ​ព័ត៌មាន ទាក់​ទង​នឹង​ទំនាស់​ដី​ធ្លីយើង​បាន​ដោះ​ស្រាយ​បញ្ហា​ហ្នឹង​ច្រើន​ណាស់​ហើយ»។

​ជា​មួយ​គ្នា​នេះ លោក​ឧប​នាយ​ក​រដ្ឋ​មន្ត្រី ក៏​ថ្លែង​​ដែរ​ថា ​បញ្ហា​លុយ​កខ្វក់​គឺ​ជា​បញ្ហា​ដែ​ល​មាន​ការ​បារម្ភ ព្រោះ​ថា ​​​បើ​កាល​ណា​គេ​ចាត់​ទុក​ថា​ កម្ពុជា​ជា​ប្រទេស​លាង​លុយ​​នោះ ​«អា​ហ្នឹ​​ង​​អន្តរាយ​ធំ​ណាស់»។ លោក​ថា ប្រព័ន្ធ​ធនាគារ​ខូច​អស់​តែ​ម្ដង​ទាំ​ង​​ធនាគារ​ឯកជន និង​ធនាគារ​រដ្ឋ​ គឺ​ «គេ​អត់​ជឿទុក​ចិត្ត​បាន»។

លោក​បញ្ជាក់​​ថា៖ «អ៊ីចឹង​បញ្ហា​នេះ ​កុំ​មើល​ស្រាល។ អ្នក​ដែល​បាន​ផល​ប្រយោជន៍​ចេះ​តែ​លួច​​ធ្វើ​អ៊ីចឹង អត់​បាន​ទេ។ ជួន​អី​វា​យក​តាម​ព្រលានយន្ត​​ហោះ​មិន​បាន​ដោយ​សារ​យើង​ទប់ស្កាត់ វា​យក​តាម​ច្រក​ដីគោក ហើយ​មាន​វិធី​ផ្សេងៗ​ទៀត»។

កាល​ពី​ខែ​មេសា លោក ស ខេង បាន​ថ្លែង​ស្រដៀង​គ្នា​នេះ ពាក់​ព័ន្ធ​នឹង​ EBA ដោយ​លោក​ថា កម្ពុជា​មាន​ការ​សោក​ស្ដាយ​ បើ​សិន​វា​ត្រូវ​បាន​ដក ប៉ុន្តែ​ការសម្រេច​ដក​ ឬ​មិន​ដក​នោះ វា​ជា​សិទ្ធិ​របស់​សហភាព​អឺរ៉ុប ហើ​​យ​កម្ពុជា​មិន​មាន​ជម្រើស​អ្វី​ទេ។ «តែ​បើ​អ្នក​ឯង​កាត់​ហើ​យ ខ្ញុំ​មាន​តែ​ខ្ញុំ​ប្រឹង​ទេ ខ្ញុំ​ប្រឹង​ ប្រឹង​យ៉ាង​ម៉េច​គឺ​ប្រឹង​រក្សា​សន្តិភាព ស្ថិរភាព​ សន្តិសុខសណ្ដាប់​ធ្នាប់​សាធា​​រណៈ ការពារ​បូរណ​ភាព​ទឹក​ដី ការពារ​អធិបតេយ្យ​ភាព​ជាតិ មាន​តែ​ប៉ុណ្ណឹង ធ្វើ​អា​ហ្នឹង​ឲ្យ​បាន អាហ្នឹង​អ្វីៗ​វា​នឹង​បន្ត​រីក​ចម្រើន​ហើយ»។

សហភាព​អឺរ៉ុប​បាន​ចាប់​ផ្តើម​នីតិវិធី​ដែល​អាច​ឈាន​ដល់​ការ​ផ្អាក EBA ​កាល​ពី​ថ្ងៃ​ទី​ ១២ ខែ​ កុម្ភៈ។ កាល​ពី​សប្ដាហ៍​មុន ប្រតិភូ​ពី​សហភាព​អឺរ៉ុប ​បាន​មក​ជួប​មន្ត្រី​កម្ពុជា​ដែល​ពាក់​ព័ន្ធ និង​អង្គការ​សង្គម​ស៊ីវិល​ ដើម្បី​ប្រមូល​ព័ត៌មាន និង​ឃ្លាំ​មើល។ ដំណើរ​ការ​ឃ្លាំ​មើល​នេះ​នឹង​ត្រូវ​ប្រកាស​លទ្ធផល ​និង​​ធ្វើ​សេចក្តី​សន្និដ្ឋាន​នៅពាក់កណ្ដាល​ខែ​សីហា​ខាងមុខ។​

លោក​ មាស នី អ្នក​វិភាគ​បញ្ហា​សង្គម​ថ្លែង​ថា ការ​លើក​ឡើង​របស់​លោក ស ខេង ដែល​ថា​ ការ​បាត់​បង់​ EBA ជា​ឱកាស​ក្នុង​ការ​ធ្វើ​​ឲ្យ​កម្ពុជា​រឹងប៉ឹង​នោះ មិន​ខុស​ទេ ប៉ុន្តែ​លោក​ថា អ្វី​ដែល​កម្ពុជា​មិន​បា​ន​យក​ចិត្ត​ទុក​ដាក់​នោះ​គឺ ពង្រឹង​និង​ពង្រីក​ខ្លួន​មុន​ពេល​អ្វី​មួយ​បាត់បង់។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ កម្ពុជា​យើង​មាន​វប្បធម៌​មួយ​កាល​ណា​គេ​ជួយ​ហើយ យើ​ង​អត់​បាន​ត្រៀម​ខ្លួន​ជួយ​ខ្លួន​ឯង។ យើង​មើល​ឧទាហ​រ​ណ៍​​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ នៅ​ពេល​ដែ​ល​ប្រទេស ​ស្វ៊ីស តាម​រយៈ​លោក​ដុកទ័រ​ បេអាត​ រិចន័រ រយៈ​ពេល ​៣០ ​ឆ្នាំ​ ប៉ុន្តែ​កម្ពុជា​អត់​បាន​ពង្រី​ក​សេវា​កម្ម​ដូច​គ្នា​ នៅ​ក្នុង​ខេត្ត​ផ្សេង​ទៀត ​ដែល​មិន​ធ្វើ​ឲ្យ​ពលរដ្ឋ​លំបាក ក្នុង​ការ​យក​កូន​តូចៗ​សម្រុក​ទៅ​ខេត្ត​សៀមរាប ឬ​ទីក្រុង​ភ្នំពេញ​។ យើង​ឃើ​ញ​ថា​ ព្រឹកៗ​ឈរ​តម្រង់​ជួរ​គ្នា​ តាំង​ពី​ម៉ោង​ ៣ ​ម៉ោង​ ៤ យប់»។

លោក​បន្ត​ថា៖ «រឿង​នេះ​ស្រដៀ​ង​ EBA ដែរ​ ដែល​គេ​ឲ្យយើង​តាំង​ពី​ឆ្នាំ​ ២០០០ ជាង ជិត​ចូល ​២០ ​ឆ្នាំ​ហើយ តែ​យើង​ហាក់​ដូច​មិន​បាន​ពង្រឹង​ខ្លួន​ឯង​ថាតើ​ ជម្រើស​ត្រូវ​ទៅ​ផ្លូវ​ណា​ទៀត ដើម្បី​បន្ថែម​លើ​សហភាពអឺរ៉ុប។ អ៊ី​ចឹង​វា​ហាក់​ដូច​ថា ត្រង់​ណា​បាន​ឆ្ងាញ់​យើ​ង​​សម្ងំ​ដេក​ស៊ី​ដល់​ពេល​មាន​រឿ​ង​​បាន​នាំ​គ្នា​ផ្អើល។ អ៊ីចឹង​អ្វី​ដែល​សម្ដេច ស ខេង​ លើក​ឡើង​ជា​រឿង​ត្រឹម​ត្រូវ ជា​រឿង​មួយ​ដែល​ឲ្យ​ខ្មែរ​ត្រូវ​គិត»។

លោក​បន្តថា រាល់​ដំណាក់​កាល​នៃ​ការ​អភិវ​ឌ្ឍ​ប្រទេស​ជាតិ​ មិន​គួរ​មាន​គំនិត​ពឹងផ្អែក​លើ​អ្នក​ដទៃដោយ​ភ្លេ​ច​​គិត​ប្រឹង​ជួយ​ខ្លួនឯង​នោះ​ទេ៕