ភ្នំពេញៈ ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ស ខេង ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បាន​អះអាង​កាលពី​ម្សិលមិញ​ថា ការផ្ទេរ​មុខងារ​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅ​មាន​​ភាពយឺតយ៉ាវ​នៅ​ឡើយ ដែល​ជា​ហេតុ​ធ្វើឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពុំទាន់​មាន​តួនាទី សិទ្ធិ​អំណាច និង​ការទទួល​ខុសត្រូវ​ច្បាស់លាស់​ក្នុង​ការផ្តល់​សេវា​នានា​ជា​អ្វី​ដែល​សង្គម​ស៊ីវិល​ហៅ​ភាពស្ទាក់ស្ទើរ​នេះ​ថា ពាក់ព័ន្ធ​នឹង​តួនាទី និង​ផលប្រយោជន៍​។

ថ្លែង​នៅពេល​ចូលរួម​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​លើក​ទី​ ១៧ ​របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ (​គ.ជ.អ.ប​) ​នៅ​ក្រសួងមហាផ្ទៃ​កាលពី​ម្សិលមិញ​លោក ស ខេង លើកឡើង​ថា ការផ្ទេរ​មុខងារ​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​បើ​ទោះបី​ជា​លេខាធិការដ្ឋាន​ (​គ.ជ.អ.ប.) ​បាន​ខិតខំ​សម្របសម្រួល និង​ផ្តល់​ការគាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក៏ដោយ​ក៏​កិច្ចការ​នេះ​នៅតែ​មាន​ភាពយឺតយ៉ាវ​ និង​មិនទាន់​បាន​សម្រេច​នូវ​សមិទ្ធផល​ជា​ដុំកំភួន​ដូច​ដែល​បាន​​រំពឹង​ទុក​ឡើយ​។

លោក​បាន​បញ្ជាក់​ថា​៖ «​គិត​រហូត​មក​ដល់ពេល​នេះ​មាន​​មុខងារ​ជាក់លាក់​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​បាន​ផ្ទេរ​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ហើយ​ការផ្ទេរ​មុខងារ​ទាំងនោះ​ក៏​ពុំទាន់​មាន​លក្ខណៈ​ពេញលេញ​ស្រប​តាម​គោលការណ៍​វិមជ្ឈការ​ និង​បទប្បញ្ញត្តិ​នៃ​ច្បាប់​រៀបចំ​អង្គការ​នៅ​ឡើយ​។ ប្រការនេះ​បាន​ធ្វើឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅ​តែ​ពុំទាន់​មាន​តួនាទី សិទ្ធិ​អំណាច និង​ការទទួល​ខុសត្រូវ​ច្បាស់លាស់​ក្នុង​ការផ្តល់សេវា​ចាំបាច់​ជា​មូលដ្ឋាន​នានា​ជូន​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ស្របតាម​គោលការណ៍​វិមជ្ឈការ និង​វិសហមជ្ឈការ​របស់​​រាជរដ្ឋាភិបាល​»​។

ស្រដៀង​គ្នា​នេះដែរ តាម​របាយការណ៍​របស់​ (​គជអប​) ​ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​កិច្ចប្រជុំ​នោះ​បាន​បញ្ជាក់ថា ភាពយឺតយ៉ាវ​នៃ​ការរៀបចំ និង​អនុវត្ត​សេចក្តី​សម្រេច​រួម​រវាង គ.ជ.អ.ប​. និង​ស្ថាប័ន​អនុវត្ត​នានា​បាន​នាំឱ្យ​យឺតយ៉ាវ​ក្នុង​ការចាប់ផ្តើម​អនុវត្ត​​សកម្មភាព និង​យឺតយ៉ាវ​នៃ​ការរៀបចំ និង​ភាពទន់ខ្សោយ​នៃ​គណៈកម្មការ​ដឹកនាំ​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ (​គ.ដ.វ.វ.) ​នៅតាម​ក្រសួង​​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​ធ្វើ​ឱ្យ​មាន​ភាព​ចន្លោះ​ប្រហោង​ក្នុងការ​ដឹកនាំ​ការងារ​កំណែទម្រង់​ស្ថាប័ន​សាមី ។

របាយការណ៍​នេះ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា យន្តការ​នៃ​មូលនិធិ​កញ្ចប់​រួម​ (Trust Fund) ​សម្រាប់​ការគាំទ្រ​ការងារ​គណនេយ្យភាព​សង្គម​ក៏ពុំទាន់​មាន​ភាពច្បាស់លាស់ និង​មាន​ការខ្វះ​ថវិកា​សម្រាប់​អនុវត្ត​សកម្មភាព​នៅ​ថ្នាក់ក្រុង ស្រុក និង​ភាពយឺតយ៉ាវ​ក្នុង​ការស្វែងរក​ការឯកភាព​​គ្នា​លើ​បញ្ជី​មុខងារ​តាម​វិស័យ​មួយ​ចំនួន​ដែល​ត្រូវ​ផ្ទេរ​ទៅ​ឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ និង​ការត្រៀម​រៀបចំ​អនុវត្ត​អនុក្រឹត្យ​ក្រុង ស្រុក ខណ្ឌ ។

របាយការណ៍​បាន​បញ្ជាក់​ថា​៖ «​ជំរុញ​ការរៀបចំ និង​ការចុះ​ហត្ថលេខា​លើ​សេចក្តី​សម្រេច​រួម​នានា​ឱ្យ​បាន​ពី​ដើមឆ្នាំ​។ ពន្លឿន​ការរៀបចំ និង​បន្ត​ពង្រឹង​ការបំពេញ​តួនាទី​ភារកិច្ច និង​ការទទួលខុសត្រូវ​របស់ គ.ដ.វ.វ. នៅ​តាម​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ ​បន្ត​ការសម្របសម្រួល និង​ពិភាក្សា​ជាមួយ​ធនាគារ​ពិភពលោក​ដែល​ជា​​អ្នកគ្រប់គ្រង​ថវិកា​កញ្ចប់​រួម​នេះ និង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​នានា​ដើម្បី​អាច​មាន​លទ្ធភាព​ប្រើប្រាស់​ថវិកា​នេះ​ចាប់ពី​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៩ ​តទៅ​» ។

នៅក្នុង​កិច្ចប្រជុំ​លើក​ទី​ ១៧ ​នេះដែរ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ បាន​ពិនិត្យ​ពិភាក្សា និង​បានអនុម័ត​លើ​សេចក្តី​ព្រាង​ចំនួន​ ៣ ​ដែល​ក្នុងនោះ​មាន​អនុក្រឹត្យ​ស្តីពី​មុខងារ និង​រចនាសម្ព័ន្ធ​របស់​រដ្ឋបាល​ក្រុង អនុក្រឹត្យ​ស្តីពី​មុខងារ និង​រចនាសម្ព័ន្ធ​របស់​រដ្ឋបាល​ស្រុក និង​អនុក្រឹត្យ​ស្តីពី​មុខងារ និង​រចនាសម្ព័ន្ធ​របស់​រដ្ឋបាល​ខណ្ឌ​។

ទាក់ទិន​នឹង​ការបង្កើន​ថវិកា​ឃុំ សង្កាត់​នេះ​លោក ស ខេង ក៏បាន​លើកឡើង​ដែរ​ថា កិច្ចការ​ដែល​ត្រូវ​បន្ត​ផ្តោត​គឺ​ការពង្រឹង​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​សមត្ថភាព​ដល់​រដ្ឋបាល​ឃុំ- សង្កាត់ ដើម្បី​ធានា​ឱ្យបាន​ថា ​រដ្ឋបាល​ឃុំ សង្កាត់​នីមួយៗ អាច​គ្រប់គ្រង​ចាត់ចែង និង​ប្រើប្រាស់​ថវិកា​របស់ខ្លួន​ស្របតាម​គោលការណ៍ និង​នីតិវិធី​ជា​ធរមាន​ប្រកប​ដោយ​ប្រសិទ្ធភាព គណនេយ្យ​ភាពឆ្លើយតប​ទៅ​នឹង​តម្រូវការ​អភិវឌ្ឍន៍​ជាក់ស្តែង​នៅ​តាម​មូលដ្ឋាន​នីមួយៗ​។

លោក​បាន​បន្តថា គ.ជ.អ.ប បាន​ចំណាយ​ពេលវេលា​ជាច្រើន​​ក្នុងការ​សហការគ្នា​ពិនិត្យ ពិភាក្សា ពិគ្រោះ​យោបល់​ច្រើនលើក​ច្រើនសា ទាំង​ក្នុង​កម្រិត​មន្ត្រី​បច្ចេកទេស និង​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន និង​អ្នកពាក់ព័ន្ធ​នានា​ក្នុងការ​កែសម្រួល​រចនា​សម្ព័ន្ធ​គ្រប់គ្រង​នៅ​ថ្នាក់ក្រុង ស្រុក​​ខណ្ឌ​ទាំងនេះ​។ នេះ​ជា​ការកែទម្រង់​ជា​ប្រវត្តិសាស្ត្រ​នៃ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់ក្រុង ស្រុក ខណ្ឌ ដែល​ចាំបាច់​ត្រូវតែ​មាន​ការគិតគូរ​ឱ្យ​​បាន​ហ្មត់ចត់ និង​ច្បាស់លាស់​។

លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា បាន​រិះគន់​ការផ្ទេរ​មុខងារ និង​ធនធាន​ទៅ​ថ្នាក់​​ក្រោម​ជាតិ​ថា នៅតែមាន​ភាពស្ទាក់ស្ទើរ ព្រោះ​ជាការ​លះបង់​នូវ​ប្រព័ន្ធ​រដ្ឋបាល​ដោយ​ក្រសួង​ និង​ស្ថាប័ន​ខ្លះ​មាន​ការខ្លាច​បាត់បង់​តួនាទី និង​តំណែង និង​កិត្តិយស​ដែល​ខ្លួន​បាន និង​កំពុង​កាន់កាប់​។

លោក​ថា​៖ «​យើង​ចង់​ឲ្យ​មានការ​ផ្ទេរ​មុខងារ​ទៅ​រដ្ឋបាល​ថ្នាក់​​ក្រោម​ជាតិ​ដើម្បី​ឲ្យ​គោលនយោបាយ​ស្តីពី​វិមជ្ឈការ និង​វិសហមជ្ឈការ​កាន់តែ​មាន​ន័យ​ខ្លឹមសារ​ធំធេង​ត្រូវ​បាន​យកទៅ​អនុវត្ត ជាពិសេស​គោលនយោបាយ​អភិបាលកិច្ច​ល្អ​។ មូលហេតុ​ដែល​គេ​មិន​ចង់​ផ្ទេរ​ហ្នឹង​ពាក់ព័ន្ធ​ការចង់​ក្តោប​ក្តាប់​ធនធាន និង​ការ​ក្រសោប​នូវ​អំណាច​»​។

ពាក់ព័ន្ធ​នឹង​ការបង្កើន​មូលនិធិ​ឃុំ​សង្កាត់​កាលពី​ពេល​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ចុះ​ថ្ងៃទី​ ២១ ខែ​សីហា ឆ្នាំ​ ២០១៩ ស្តីពី​ការផ្ទេរ​ធនធាន​បន្ថែម​ពី​ថវិការដ្ឋ​ជូន​រដ្ឋបាល​ឃុំ-សង្កាត់​សម្រាប់​ចំណាយ​អភិវឌ្ឍមូលដ្ឋាន​ចាប់ពី​ឆ្នាំ​ ២០២០ ​តទៅ​ដោយ​ក្នុង​នោះ​រដ្ឋបាល​ឃុំ-សង្កាត់​នីមួយៗ​នឹង​ទទួល​បាន​ថវិកា​សរុប​ជា​មធ្យម​ចំនួន​ប្រមាណ ១២២ ០០០ ​ដុល្លារ​។

ក្នុង​នោះ​ថវិកា​ផ្នែក​អភិវឌ្ឍន៍​មូលដ្ឋាន​មាន​ចំនួន​ជា​មធ្យម​ប្រមាណ​ជាង​ ៧០ ០០០ ​ដុល្លារ ​ក្នុង​ឆ្នាំ​ ២០២០ (​កើនឡើង​ទ្វេដង​​ធៀប​នឹង​ឆ្នាំ​ ២០១៩)​។ ថវិកា​នេះ នឹង​កើនឡើង​ជា​បន្តបន្ទាប់​រៀងរាល់​ឆ្នាំ​ដែល​រហូត​ដល់​ឆ្នាំ​ ២០២៣ រដ្ឋបាល​ឃុំ សង្កាត់​នីមួយៗ​នឹង​ទទួល​បាន​ថវិកា​សរុប​ជា​មធ្យម​ប្រមាណ​ ១៩៣ ០០០ ​ដុល្លារ ​ដែល​ក្នុង​នោះ​ថវិកា​ផ្នែក​អភិវឌ្ឍន៍​មូលដ្ឋាន​មាន​ចំនួន​ជា​មធ្យម​ប្រមាណ​ជាង ១៣២ ០០០ ​ដុល្លារ​៕